អ្នកបោះឆ្នោត​ទាមទារ​ភាពត្រឹមត្រូវ​ក្នុងការ​ជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង

បាតុករ​ប្រមូលផ្តុំគ្នា ទាមទារ​ភាពត្រឹមត្រូវ​ក្នុងការ​ជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង នៅមុខ​សាលាក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២១។

អ្នកគាំទ្រ​លោក ​នួន វាសនា​ ដែល​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ Lowell ​បួន​អាណត្តិ​មក​ហើយ​នោះ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​សាលា​ក្រុង​ទាមទារ​ឱ្យ​ក្រុង​ប្រឹក្សា​ក្រុង​នេះ​ ជ្រើស​តាំង​លោក ​នួន វាសនា​ ជាអភិបាល​ក្រុង​នេះ​ នៅ​ពេល​ប្រឹក្សា​ក្រុង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​អភិបាល​ក្រុង​ដែល​គ្រោង​ធ្វើ​នៅដើម​ខែមករា ​ឆ្នាំ​២០២២។​ ពួក​គេ​បាន​ប្រកាស​ប្រឆាំង​គម្រោង​មិន​ផ្លូវការ​ជ្រើសតាំង​លោក ​ចៅ សុខារី​ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ដែល​ទើប​ជាប់​នៅ​អាណត្តិ​ទី​២​ពីមណ្ឌល​សង្កាត់​លេខ​៦​ ធ្វើ​ជា​អភិបាល​ក្រុង​នេះ​ ហើយ​អាច​នឹង​ក្លាយ​ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង​ទីមួយដែលក្លាយ​ជា​អភិបាល​ក្រុង​នៅ​សហ​រដ្ឋ​អាមេរិក។​

អ្នកស្រី ​ពៅ បុប្ផា ​អ្នក​តវ៉ា មាន​វោហាស័ព្ទ​ឡើង​ប្រកាស​ថា៖​

«ជាបឋម​ខ្ញុំសូម​អរគុណ​អ្នកបោះឆ្នោត​និង​អ្នក​គាំទ្រ​លោក ​នួន វាសនា​ ទាំងអស់​ដែល​មកទីនេះ ​នៅថ្ងៃនេះ។ ទោះបី​ជាត្រជាក់ តែ​យើង​ក្តៅក្នុង​ចិត្ត​របស់​យើង​ណាស់ ​ពីព្រោះ​វា​មិន​ប្រជា​ធិបតេយ្យ​សោះ​ និងជាការឃុបឃិត​អាក្រក់​ណាស់»។

Your browser doesn’t support HTML5

អ្នកបោះឆ្នោត​ទាមទារ​ភាពត្រឹមត្រូវ​ក្នុងការ​ជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង


ដោយ​យោងតាម​ចំនួន​អាណត្តិ​ និង​ចំនួន​សន្លឹក​ឆ្នោត​ដែល​លោក​ នួន វាសនា​ ទទួល​បាន​ ៦១៧៩​ សំឡេង ​និង​លោក​ ចៅ​ សុខារី​ ទទួល​បាន​៧៥៨​សំឡេង​ អ្នកស្រី​បន្ត​ថា៖​

«សូម្បី​តែក្មេង​ក៏អាច​ដឹង​ថា​ ចំនួន​ណា​ច្រើនចំនួន​ណាតិចដែរ។ ​ហេតុអ្វី​សមាជិកក្រុម​ប្រឹក្សា​៩ ​ឬ៨​នាក់​នេះ​ បោះឆ្នោត​ មិន​មើល​សំឡេង​ឆ្នោត? សូម្បីក្មេង​ ក៏យល់ ​ក្មេង​ក៏​យក​ចំនួន​ច្រើន​ដែរ។ ​តើ​អ្នក​ឯង​ពន្យល់​រឿង​នេះ​ប្រាប់​កូន​ថាម៉េច នៅពេល​អ្នក​ប្រព្រឹត្ត​អយុត្តិធម៌​ចំពោះ​អ្នក​ណាម្នាក់។​ តើ​អ្នក​ធ្វើ​ជាអ្នកដឹក​នាំយ៉ាងម៉េច?»​

វីអូអេ​ព្យាយាម​ទាក់​ទង​លោក ​ចៅ សុខារី ​តាម​ទូរស័ព្ទ​ តែ​មិន​អាច​ទាក់​ទង​បាន​ រួម​ទាំង​សារ​តាម​ទូរស័ព្ទ​ផង។ ​វីអូអេ​ ក៏បាន​ព្យាយាម​ទាក់​ទង​លោក ​យ៉ែម ផលរដ្ឋា ​ដែល​ជាប់​ជាក្រុម​ប្រឹក្សា​អាណត្តិ​ទី១​ ​ហើយក៏​មិន​អាច​ទាក់​ទង​បានដែរ។ ​ក្រោយ​មក​អ្នក​ជួយ​លោក​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ប្រាប់​វីអូអេ​ថា​ លោក​មិន​ស្រួល​ខ្លួន។​

លោក​ ខឹម ច័ន្ទថា​ ដែល​មិន​បាន​ចូល​រួម​ ហើយ​ក៏​មិន​ប្រឆាំង​ការតវ៉ា​នេះ​ បាន​ប្រាប់​វីអូអេថា ​ការ​ទាមទារ​នេះ ​អាច​នឹង​ពិបាក​ទទួល​បាន​លទ្ធផល​ ព្រោះ​ក្រុម​ប្រឹក្សា​ទាំង​នោះ​ មាន​សិទ្ធិ​សម្រេច​តាម​ច្បាប់​បោះឆ្នោត។ ​លោក​និយាយ​ថា ​បាតុកម្ម ​អាច​មាន​លទ្ធផល​ បើ​ទាមទារ​ឱ្យ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ជ្រើសរើស​អភិបាល​ក្រុង​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ។​

វិចិត្រករ​ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោណ​នយោបាយ​ដោយ​សារ​លោក​គូរ​គំនូរ​រិះគន់​វិសមភាព​សង្គម​នៅ​ប្រទេស​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា​ លោក​ដឹង​តាំង​ពី​មុន​មក​ហើយ​ថា ការ​មិន​សាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ នឹង​នាំ​ឱ្យ​មាន​បញ្ហា​នេះ។​

«ខ្ញុំ​ក៏​បាន​ជួយ​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​ដែរ​ ហើយ​យើង​ឃើញថា ​ខ្មែរ​យើង​ជាប់បីនាក់​ហ្នឹង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ​ហើយ​ខ្ញុំ​ក៏បាន​ជូន​យោបល់​ដោយសារខ្ញុំ​ខ្លាច​បាត់បង់​ឱកាស​ ហើយ​ខ្ញុំ​មើល​ឃើញ​ថា​ នឹង​មាន​បញ្ហា​ហ្នឹង​កើត​ឡើង។ ​ហើយ​ខ្ញុំ​បានជូន​យោបល់​ថា​ យើង​គួរតែជុំគ្នា​បាយទឹក​ជាមួយគ្នា ​ចរចាគ្នាទៅ ​ហើយ​យើង​ប្តូរ​វេន​គ្នា​ក្នុងការ​ធ្វើ​កិច្ចការ​ហ្នឹងទៅ។​ ឧទាហរណ៍​ថា ​អាណត្តិនេះ​ បង​វាសនា​គាត់​ចាស់ជាង​ឱ្យ​គាត់​ធ្វើ​មុនទៅ ​ឬក៏​សុខារី​ធ្វើ​មុន ឬ​បង​រដ្ឋាធ្វើ​មុន។​ យើង​ជជែងគ្នា​ទៅណា៎។ ប៉ុន្តែគ្រាន់​តែ​វាមិន​បាន​ជោគជ័យ»។​

ក្រុម​អ្នក​តវា​ប្រកាស​ថា នឹង​ធ្វើ​ការ​តវ៉ា​ម្តង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ទី​២​ ខែ​មករា​ ឆ្នាំ​២០២២​ មុនក្រុម​ប្រឹក្សា​ក្រុង​នេះ​ ធ្វើ​ការ​សម្រេច​ជ្រើសតាំង​អភិបាល​ក្រុង​ជា​ផ្លូវការ​នៅដើមឆ្នាំក្រោយ។​

វីអូអេ​នឹង​ព្យាយាម​ជាថ្មី​ទៀត ​សុំការ​ឆ្លើយតប​ពី​លោក​ ចៅ​ សុខារី​ និង​ក្រុម​ប្រឹក្សា​ក្រុង ​ក្រោយពី​មាន​ការ​សម្រេច​ជាផ្លូវ​ការ​ជ្រើសរើសអភិបាល​ក្រុង​នេះ៕​