កម្មករ​សំណង់​ស្ត្រី​នៅ​កម្ពុជា​ប្រឈម​បញ្ហា​ជា​ច្រើន

ការដាក់តាំង​បង្ហាញ​រូបថត និង​សាច់រឿង​អំពី​កម្មការិនី​សំណង់ នៅក្នុង​សិក្ខាសាលា​ស្តីពី​កិច្ចគាំពារ​សម្រាប់​កម្មការិនី​សំណង់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

នៅ​កម្ពុជា​ មាន​កម្មករ​សំណង់​ប្រមាណ​ជា​ជិត​២០ម៉ឺន​នាក់។​ ក្នុង​នោះ​ មាន​កម្មការិនី​សំណង់​ប្រមាណ​ជាង​៣០%​ ហើយ​​ពួកគេ​​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​មក​ពី​ជនបទ​ និង​មិន​ចេះ​អក្សរ​។​

កម្មករ​សំណង់​ក្នុង​ប្រទេស​កម្ពុជា ​ជាង​៣០%​ ជា​ស្ត្រី​។ ​ក៏​ប៉ុន្តែ​ពួកគេ មិន​ទាន់​ទទួល​បាន​បរិយាកាស​ការងារ​ ដែល​មាន​សុខមាលភាព​នៅឡើយ​នោះ​ទេ​។​ ពួកគេ​ នៅ​តែ​រង​ការ​រើសអើង​ ការ​បៀត​បៀន​ផ្លូវភេទ​នៅ​កន្លែង​ការងារ​ ការ​ខ្វះ​ខាតការ​ការពារ​ពីគ្រោះថ្នាក់ និង​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ជាង​បុរស។

​ក្តី​បារម្ភ​ខ្លាច​បាត់បង់​ការងារ ការ​ទទួល​បាន​ប្រាក់ឈ្នួល​តិច​ជាង​បុរស​ កង្វះ​ការ​យល់​ដឹង​អំពី​សិទ្ធិ​ និង​ផលប្រយោជន៍​កំណត់​ដោយ​ច្បាប់ ​ការ​បៀត​បៀន​ផ្លូវភេទ​នៅ​កន្លែង​ការងារ​ ពុំ​មាន​កំណត់អតីត​ភាព​ការងារ ​និង​ប្រាក់​ខែ​គោល​ ព្រមទាំងការ​ចង​ជា​សហជីព​នៅ​មាន​តិច​តួច​ គឺ​ជា​បញ្ហា​ចំបងៗ ដែលស្រ្តី​ធ្វើការក្នុងវិស័យ​សំណង់​កំពុង​ប្រឈម​។ នេះ​បើ​យោង​តាម​កិច្ច​ពិភាក្សា​មួយ​ស្តី​ពីកិច្ច​គាំពារ​សម្រាប់​កម្មការិនី​សំណង់ ​រៀប​ចំ​ដោយ​អង្គការ​ឃែរ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​

កិច្ចពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​កម្មការិនី​សំណង់​ ក្នុង​សិក្ខាសាលា​ស្តីពី​កិច្ចគាំពារ​សម្រាប់​កម្មការិនី​សំណង់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។(ហ៊ាន សុជាតា/ VOA)

ថ្លែង​នៅ​ក្នុងសិក្ខា​សាលា​ ស្តី​ពីកិច្ច​គាំពារ​សម្រាប់​កម្មការិនី​សំណង់ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក​ ហ៊ុយ​ ហាន​សុង​ រដ្ឋលេខា​ធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា​ជាទូទៅ​នៅ​ក្នុង​ច្បាប់​ការងារ​កំណត់​ពី​ភាព​ស្មើគ្នា​រវាង​បុរស​ និង​ស្ត្រី។ ក៏ប៉ុន្តែ​លោកថា​ ក្នុង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការងារ​ស្ត្រី​មាន​ការ​លំបាកជាង និង​ទទួល​បាន​ការ​រើសអើង​ច្រើន​ជាងបុរស។​

«​គិត​អំពី​សិទ្ធិ​របស់កម្មការិនី​ក្នុង​ផ្នែក​សំណង់​នេះ​ ​ មាន​ន័យ​ថា​ស្ត្រី​ក្នុង​ផ្នែក​នេះ​ជួប​វិបត្តិ​ហើយ ​គាត់​មិន​ទាន់​ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់​ដែល​ចែង​ក្នុង​ច្បាប់​។ នៅក្នុង​ច្បាប់​ការងារមិន​បាន​បែង​ចែក​ស្រ្តី ឬ​បុរស​ទេ​ តែ​បើ​អនុវត្ត​ជាក់ស្តែង​នោះ​ស្ត្រី​នៅក្នុង​ផ្នែក​សំណង់គឺ​យ៉ាប់​ជាង​បុរស​ ការងារ​ដូច​គ្នា​ប្រាក់ខែតិច​ជាង។ នេះ​មិន​ទាន់​និយាយ​ពីអ្វី​ដែល​នារី​ត្រូវ​ជួប​ គាត់អាច​នឹង​ជួប​នឹង​អំពើ​បៀតបៀន ​អំពើហិង្សា​»។

​លោក ​ឡេង តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​ ឲ្យ​ដឹង​ថា​ទន្ទឹម​នឹង​ការ​អនុវត្ត​ច្បាប់​ការងារ​ហើយ​នោះ​ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​ប្រកាស​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​ធានា​នូវ​សុខមាលភាព​ការងារ​សម្រាប់​កម្មករ​ការដ្ឋាន​សំណង់​ និង​ទាមទារ​នូវការទទួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់ជាង​មុន​ពី​និយោជក​នៃ​សហគ្រាស​សំណង់​។ ក៏​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ ការ​អនុវត្ត​ច្បាប់​ទាំង​នោះ​ នៅ​មិន​ទាន់​ពេញ​លេញ​នោះ​ទេ ដោយសារ​ខ្វះ​ការ​សហការ​ពីភាគី​និយោជក​នៃ​សហគ្រាស​សំណង់​។

«យើងឃើញ​ហើយ​ពេល​ដែល​មាន​វិបត្តិ​កើត​ឡើង​ អ្នក​ណា​ខ្លះ​ខាត​ ម្ចាស់​សំណង់​ខ្លួន​ឯងក៏ខាត។​ យើង​បាត់បង់​ធនធាន​មនុស្ស​ ចឹង​សង្វាក់​ផលិតកម្មក៏ប៉ះពាល់ ​យើង​ត្រូវ​សង ត្រូវ​ខូចឈ្មោះទៀត។ ដូច​ដូច​ស្រុកគេ​ គេ​បិទ​សហគ្រាស​ហ្នឹង​ទៀត។ ហើយ​និយោជក​ទទួល​ខុសត្រូវ​ បើសិនគ្រោះ​ហ្នឹង​កើត​ដោយសារ​គាត់ គាត់​អាច​ជាប់​គុក​ទៀត​។ នៅ​យើង​ ឲ្យ​តែ​មាន​គ្រោះ​កើត​ឡើង​ យើង​ថា​មក​ពី​កម្មករ​ប្រហែស​។ តែ​ការ​ពិត​មិន​មែន​ទេ វា​ជា​ការ​ទទួល​ខុស​ត្រូវរបស់​និយោជក​ទាំង​អស់»។​

ឯកសារ​ទាក់ទងនឹង​ស្ថានភាព​កម្មការិនី​សំណង់​ ដាក់តាំង​បង្ហាញ​នៅក្នុង​សិក្ខាសាលា​ស្តីពី​កិច្ចគាំពារ​សម្រាប់​កម្មការិនី​សំណង់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​ឃែរ​ស្តី​ពី​«ស្ថានភាព​ការងារ​របស់​ស្រ្តី​ក្នុង​ឧស្សាហកម្មសំណង់»​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ដដែលនេះ​ បង្ហាញ​ថានៅ​កម្ពុជា​ មាន​កម្មករ​សំណង់​ប្រមាណ​ជា​ជិត​២០ម៉ឺន​នាក់។​ ក្នុង​នោះ​ មាន​កម្មការិនី​សំណង់​ប្រមាណ​ជាង​៣០%​ ហើយពួកគេភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​មក​ពី​ជនបទ​ និង​មិន​ចេះ​អក្សរ​។​

របាយការណ៍​នេះ​ ទទូច​ឲ្យ​មាន​ការ​ចាប់​ផ្តើម​លើក​កម្ពស់​ចំណេះដឹង​នៃ​សិទ្ធិ ​កម្មការិនី​សំណង់​ ដើម្បី​អាច​ឲ្យកម្មការិនី​សំណង់​អាច​ទទួល​បាន​លក្ខខណ្ឌ​ការងារដែល​មាន​សុវត្ថិភាព​ជាង​មុន​។

លោកស្រី​ រ័ត្ន​ កល្យាណ​ ប្រធាន​គម្រោង​នៃ​អង្គការ​ឃែរ​កម្ពុជា​ មើល​ឃើញថា​ ផ្នត់​គំនិត​យេនឌ័រ​បាន​បង្ខំឲ្យ​ស្ត្រី​ធ្វើការ​ក្នុង​វិស័យ​សំណង់​ បំពេញ​ការងារ​ដែល​មាន​ជំនាញ​ទាប​ និង​ទទួល​បាន​ប្រាក់​កម្រៃ​ទាប។​ បន្ថែម​ពី​លើ​នេះ​ ការ​ទទួល​បានវគ្គ​បណ្តុះ​បណ្តាល​ និង​ការ​តំឡើង​ដំណែង​របស់​កម្មការិនី​សំណង់​ ក៏​នៅ​មាន​តិចតួច បើ​ធៀប​នឹង​បុរស។

ការដាក់តាំង​បង្ហាញ​គ្រឿង​ប្រដាប់​ការពារ​សុវត្ថិភាព​សម្រាប់​ការងារ​សំណង់​ នៅក្នុង​សិក្ខាសាលា​ស្តីពី​កិច្ចគាំពារ​សម្រាប់​កម្មការិនី​សំណង់ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

«ការងារ​ធ្ងន់ៗ​គេ​ទុក​ឲ្យ​បុរស​ ដូចជា​ចូក​ខ្សាច់ ចូកស៊ីម៉ង់​ កាត់​ដែក ចាក់គ្រឹះ​ ជញ្ចូន​សម្ភារៈធ្ងន់ៗ​ការងារ​បុរស។ ការងារ​ស្ត្រី​ធ្វើការងារ​ស្រាល​ ល្អិតៗ​អត់ធ្មត់​ច្រើន​ ដូចជា​ជញ្ជូន​ឥដ្ឋ​ បៀករង​ ការងារ​សម្អាត​។ នៅត្រង់​នេះ​ ការ​ផ្តល់​តម្លៃ​នៃ​ប្រាក់ឈ្នួល​ គឺ​អាស្រ័យ​លើ​ទិដ្ឋភាព​យេន​ដ័រ​នៃបុគ្គល​។​ នៅក្នុង​ការងារ​សំណង់​ ស្ត្រី​ទទួល​បាន​ប្រាក់ឈ្នួល​តិច​ជា​ង​បុរស​ប្រមាណជា​ ១ ទៅ៣​ ដុល្លារ​ បើទោះ​ជា​គាត់ធ្វើការ​ដូចគ្នា​ក៏ដោយ»។

អង្គការ​ឃែរ​កម្ពុជា​ សហការ​ជាមួយភាគី​ពាក់ព័ន្ធ ​បាន​ដាក់​ចេញ​គម្រោង​ថ្មី​មួយ​រយៈពេល​៣ឆ្នាំ​ ឆ្នាំ​២០១៦~២០១៨ ​ដើម្បីរួម​ចំណែក​លើក​កម្ពស់​សុខមាលភាព​ការងារ​របស់​កម្មការិនី​សំណង់​នៅ​កម្ពុជា​។ គម្រោង​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹងជំរុញ​ការយល់​ដឹង​អំពី​សិទ្ធិ​ ​ចំណេះ​ដឹង​ផ្នែក​ច្បាប់ និង​នីតិវិធី​សុវត្ថិភាព​ការងារ ដើម្បី​ឲ្យ​កម្មការិនីសំណង់ខ្លួន​ឯង​ដឹង​ថា​ ខ្លួន​ត្រូវ​បាន​គាំពា​រដោយ​ច្បាប់ ​ព្រមទាំង​ធ្វើ​ឲ្យ​និយោជកសហគ្រាស​សំណង់​ឲ្យ​តម្លៃ​ដល់​កម្មការិនី​សំណង់ដូច​បុរស​ដែរ៕​