រដ្ឋអាជ្ញា​ស្វះស្វែង​រក​ការ​ចោទ​ប្រកាន់​ថ្មី​លើ​លោក Hunter Biden មុន​ដំណាច់​ខែ​កញ្ញា

រូបឯកសារ៖ លោក Hunter Biden កូនប្រុសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដើរចេញពីតុលាការ នៅក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។

រដ្ឋអាជ្ញា​សហព័ន្ធ​គ្រោង​នឹង​ស្វះស្វែង​រក​ការ​ចោទ​ប្រកាន់​ពី​មហា​គណៈវិនិច្ឆ័យ​លើ​កូន​ប្រុស​លោក​ប្រធានាធិបតី​ Joe Biden គឺ​លោក Hunter Biden មុន​ដំណាច់​ខែ​នេះ។ នេះ​បើ​យោង​តាម​ឯកសារ​ក្នុង​សំណុំ​រឿង​ក្តី​ ​ដាក់​ជូន​តុលាការ​កាល​ពី​ថ្ងៃពុធ ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ការ​ដាក់​ឯកសារ​នេះ ធ្វើ​ឡើង​ក្នុង​សំណុំ​រឿង​កាន់កាប់​កាំភ្លើង ដែល​លោក Hunter Biden ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​កាំភ្លើង​ក្នុង​អំឡុង​ពេល​លោកប្រើប្រាស់​គ្រឿងញៀន ទោះបី​ជា​ក្រុម​រដ្ឋអាជ្ញា​មិន​បាន​និយាយ​ចំ​ថា ​តើ​ពួកគេ​នឹង​ស្វែងរក​បទ​ចោទ​ណាមួយ​ឱ្យ​ពិតប្រាកដ​ក៏ដោយ។ លោក Hunter កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ក្រុម​រដ្ឋអាជ្ញា​សហព័ន្ធ​ចំពោះ​ការ​ធ្វើ​ជំនួញ​របស់​លោក។

ក្រុម​រដ្ឋអាជ្ញា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋអាជ្ញា​អម​សាលា​ដំបូង​ថ្នាក់​ជាតិ​ប្រចាំ​រដ្ឋ Delaware លោក David Weiss ដែល​ទើប​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស ឱ្យ​កាន់​សំណុំ​រឿង​ក្តី​នេះ បាន​និយាយ​ថា ​ពួកគេ​រំពឹង​ថា ​នឹង​មាន​ការ​ចោទប្រកាន់​មួយ​នៅ​មុន​ថ្ងៃ​ទី ២៩ ​ខែ​កញ្ញា​នេះ។

តែ​ក្រុម​មេធាវី​របស់​លោក Hunter Biden បាន​លើក​ទឡ្ហីករណ៍​ថា ​រដ្ឋអាជ្ញា​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចោទប្រកាន់​បន្ថែម ដោយសារ​តែ​មាន​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ​ក្នុង​សំណុំ​រឿង​ក្តី​ទាក់ទង​នឹង​កាំភ្លើង​នេះ។ ការ​ព្រមព្រៀងគ្នា​នេះ មាន​លក្ខខណ្ឌ​មួយ​ឱ្យរួច​ផុត​ពី​ការ​ចោទប្រកាន់​សហព័ន្ធ​ចំពោះ​លទ្ធភាព​នៃ​បទឧក្រិដ្ឋ​ផ្សេងទៀត។

មេធាវី​ការពារ​ក្តី​គឺ​លោក Abbe Lowell និយាយ​ថា ​លោក Hunter Biden បាន​គោរព​លក្ខខណ្ឌ​នៃ​ការ​ព្រមព្រៀង​គ្នា​នោះ រួម​ទាំង​ការ​ចុះ​មក​ពិនិត្យ​ជា​ទៀងទាត់​ពី​ការិយាល័យ​ព្យួរទោស​សាកល្បង​ផង​ដែរ៕