ឈាន​ចូល​និវត្តន៍​​ អ្នកស្រី​រស់​សុភាព​នៃ​អង្គការ​ហ្គេតស៊ី​លែង​ចង់​ឃើញ​ផ្នត់​គំនិត​«ស្ត្រី​​គ្រាន់​តែ​​ជា​ធនធាន​អភិវឌ្ឍ​បន្ទាប់​បន្សំ»​​​​​​

អ្នកស្រី រស់ សុភាព​ នាយក​ប្រតិបត្តិ​​ អង្គការ​យេន​ឌ័រ​និងអភិវឌ្ឍន៍ដើម្បី​កម្ពុជា​ នៅ​ក្នុង​គេហដ្ឋានរបស់​អ្នកស្រី នៅ​ថ្ងៃឈប់​សម្រាកពីការងារ​ដើម្បី​រៀបចំ​ការងារ​​ផ្ទាល់​ខ្លួន​ក្រោយ​​ចូលនិវត្តន៍ នៅរាជធានី​ភ្នំពេញ​ ​ខែកក្កដា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ​/វីអូអេ)

​អ្នកស្រី ​រស់​ សុភាព​ នាយិកា​ប្រតិបត្តិ​អង្គការ​«សម​ភាព​យេន​ឌ័រ និង​អភិវឌ្ឍន៍​ដើម្បីកម្ពុជា»​បាន​ប្រឡូក​ក្នុងវិស័យ​សង្គម​ស៊ីវិល​និង​តស៊ូ​មតិ​លើ​ការ​លើក​កម្ពស់​យេន​ឌ័រ​ប្រមាណ​ជិត​៣០​ឆ្នាំ។ នៅ​ចុង​ឆ្នាំ​២០២១​ នេះ​អ្នកស្រី​ រស់​ សុភាព ដែល​មាន​វ័យ​៦០​ឆ្នាំ​នឹង​ផ្ទេរ​ការដឹក​នាំ​របស់​ខ្លួន​ទៅដល់​អ្នក​ជំនាន់​ថ្មី។​

កាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​ អ្នកស្រី រស់​ សុភាព​ បាន​ដាក់​ច្បាប់​សម្រាក​ពី​ការងារដោយ​មាន​បំណងចំណាយ​ពេលវេលា​នេះ​គិតគូរ​អំពី​កិច្ច​ការងារ​ផ្ទាល់ខ្លួន។ ​អ្នកស្រី​សំដៅ​ការងារ​ផ្ទាល់ខ្លួន​នេះ​ថា​ជា​ការរៀប​ចំ​ជីវិត​ចូល​និវត្តន៍​របស់​អ្នកស្រីដែល​នៅ​សល់​មិន​ដល់កន្លះ​ឆ្នាំ​ផង។

នាយិកា​ប្រតិបត្តិ​អង្គការ​ «យេន​ឌ័រ និង​អភិវឌ្ឍ​ន៍ដើម្បីកម្ពុជា»​ ឬ GADC​ អ្នកស្រី​ រស់​ សុភាព សម្រេច​ចិត្ត​ផ្ទេរ​ការ​ទទួល​ខុសត្រូវ​និង​តួនាទីដឹក​នាំ​អង្គការ​មួយ​ដែល​មាន​ចំណាស់​ជិត២៤ឆ្នាំ​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ។​

«ចូល​និវត្ត​ន៍ហើយ...»​ អ្នកស្រី​និយាយ​ពី​ចំងាយ​ចេញ​ពី​ក្នុង​ផ្ទះបាយ៖ «ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ម្តង»។

ក្រោយ​ចំណាយ​ពេល​ជិត​ពាក់​កណ្តាល​ជីវិត​លើ​វិថី​យេនឌ័រ​វិស័យ​នេះ​បាន​ក្លាយ​ទៅ​ជា​អត្តសញ្ញាណ​នៃ​ការដឹកនាំ​ផ្នែក​សង្គម​ស៊ីវិល​របស់​អ្នកស្រី​ទៅ​ហើយ។​ អ្នក​ស្រី​ រស់ សុភាព​ វ័យ​៦០ឆ្នាំ​ មើល​ឃើញ​ថាកម្ពុជា​ត្រូវ​ការ​ការ​វិនិយោគ​បន្ថែម​លើ​ផ្នែក​អប់រំ​ដល់ក្មេង​ស្រីបង្កើន​បរិមាណ​ចូលរួម​របស់​ស្ត្រី​ក្នុង​តួនាទីអ្នក​ដឹកនាំ​និង​លុប​បំបាត់​និទណ្ឌភាព។

នៅ​ក្នុ​ង​ផ្ទះ​បាយ​អ្នក​ស្រី​ដាំទឹក​មួយ​កំសៀវ​ដើម្បី​ឆុង​តែខ្ញី​និង​ឆ្លៀត​ទៅយក​ក្រូចឆ្មារ​ចិត​ជា​ចំណិតៗ​ដាក់លើ​ចាន​ប៉ាត​ថ្ម​ព​ណ៌​ស​មាន​ក្បាច់​នៅ​គែមៗ​ពណ៌ខៀវ​ ហើយ​អ្នកស្រី​ប្រាប់​វីអូអេ​ថារយៈ​ពេល​៣០​ឆ្នាំ​ក្នុង​អាជីព​ជា​អ្នកដឹក​នាំ​អង្គការ​សង្គមស៊ីវិល​មួយ​អ្នកស្រី​បាន​ស្តាប់​ឮ​រឿង​ជាច្រើន​ពី​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​ស្រាវជ្រាវ​និងការ​ជួប​ជជែក​ដោយ​ផ្ទាល់។

អ្នក​ស្រី​សង្ខេប​ថា​ គំនាប​វប្បធម៌ និង​បទដ្ឋាន​សង្គម​ជា​ឫសគល់​នៃ​អំពើ​ហិង្សា។​អំពើហិង្សា​នេះ​បណ្តាល​ឲ្យមាន​វិសម​ភាព​យេនឌ័រ​និងជា​រនាំងឃាំង​ស្ត្រីនៅ​តាមទី​ជន​បទ​ជាច្រើន​ឲ្យ​បន្ត​ទទួល​រង​អំពើ​រំលោភ​បំពាន​ដោយ​មិន​ទទួល​បាន​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។ អ្នកស្រី​ថា​ថ្វីបើ​ការ​ចូលរួម​ក្នុង​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​មាន​ការ​រីក​ចម្រើន​ច្រើន​ប៉ុន្តែ​ផ្នត់​គំនិត​សង្គម​នៅ​បន្ត​ជា​ឧបសគ្គ​រារាំងសមត្ថភាព​និង​ឱកាស​របស់​ស្ត្រីក្នុង​ការ​ចូលរួម​ការងារ​ដែល​មាន​ជំនាញ​ឬ​តួនាទី​សំខាន់ៗ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ហើយ​ដល់ពេល​មីងធ្វើការ​រឿង​យេន​ឌ័រ​ហ្នឹង​មីង​យល់កាន់​តែ​ស៊ី​ជម្រៅទៀតថា​ធនធាន​មនុស្ស​ស្រី​មាន​ច្រើន​ប៉ុន្តែ​មិនត្រូវ​បាន​គេ​មើលឃើញ​ទេ​ដោយសារ​តែ​វប្បធម៌​និង​ការ​មិន​ទទួល​ស្គាល់ថា​ស្ត្រី​គឺជា​មនុស្ស​សម្រាប់​អភិវឌ្ឍ​ដ៏​ចប្បង»។

អ្នកស្រី​បញ្ជាក់៖ «ហើយគេ​គិតថា​ស្ត្រី​ជាធន​ធាន​សម្រាប់​អភិវឌ្ឍ​បន្ទាប់​បន្សំ​ហ្នឹង​ឯង»។

Your browser doesn’t support HTML5

វិស័យ​យេនឌ័រ​ក្លាយ​ជា​អត្តសញ្ញាណ​អ្នកស្រី រស់ សុភាព មុន​ចូល​និវត្តន៍

ប្រឡូកក្នុង​វិស័យ​អភិវឌ្ឍ​សមភាពយេនឌ័រ

ដំបូងឡើយ​អ្នកស្រី ​រស់​ សុភាព​មិនបានដឹង​ច្បាស់ទេ​ថា​អ្វី​ទៅ​ជា​ការតស៊ូមតិ​យេនឌ័​រ ហើយ​អ្នកស្រី​ក៏ពុំ​បាន​គិតថា​វា​ជា​ប្រធាន​បទ​ដែលសាធារណជន​ជាតិ​និង​អន្តរជា​តិ​ចាប់​អារម្មណ៍ខ្លាំង​ដូច​សព្វថ្ងៃនេះ។​

ជាង​ពីរ​ទសវត្ស​រ៍ក្រោយមក​នៅ​ឆ្នាំ​២០១៩​ អ្នកស្រី​រស់​ សុភាព​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ស្ត្រីដ៏​មាន​ឥទ្ធិពល​ក្នុង​ចំណោម​មនុស្ស​១០០​នាក់​ក្នុង​គោល​នយោបាយ​សាកល​ផ្នែកសមភាព​យេនឌ័រដោយ​Apolitical ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​និង​ធ្វើការងារជំរុញ​ឲ្យរដ្ឋាភិបាល​ជុំវិញ​ពិភពលោកដោះ​ស្រាយ​បញ្ហា​សង្គមសំខាន់ៗ។​ក្នុង​ចំណោម​នោះ​ក៏​មានមេដឹកនាំ​ស្ត្រីល្បីៗ​ជុំ​វិញ​ពិភព​លោកផងដែរ។​

ប៉ុន្តែ​មុន​នឹង​ដើរដល់នេះជាង​ពីរ​ទសវត្សរ៍កន្លង​ទៅ​ដំណើរ​ជីវិត​របស់​អ្នកស្រី​រស់​ សុភាព​ចេញ​ពីការចង់​ស្រាយ​ចម្ងល់​ថា​តើ​ហេតុអ្វី​បាន​ជាមាន​អំពើហិង្សា​ក្នុង​គ្រួសារ? ហើយ​ការ​អភិវឌ្ឍ​ន៍សមភាព​យេន​ឌ័រ​មាន​សារ:សំខាន់​បែប​ណា​ក្នុងការ​អភិវឌ្ឍន៍​សង្គម?​

កាល​ពី​ឆ្នាំ១៩៩៥អ្នក​ស្រី​ រស់ សុភាព មាន​វ័យ​៣៥​ឆ្នាំ​បានចូលរួមជាមួយ​អង្គការ​ក្នុងស្រុក​មួយ​ឈ្មោះ​អង្គការ​ប្រឆាំង​អំពើ​ហិង្សាក្នុង​គ្រួសារ​ក្នុងនាម​ជាអ្នក​សម្រប​សម្រួល​ការស្រាវជ្រាវ​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅកម្ពុជា។​គ្រា​នោះ​ សុភាព​ បាន​កាន់ប៊ិក​និង​សៀវភៅ​ ដើរ​ចុះ​ប្រមូល​ព័ត៌មាននៅ​តាម​ខេត្ត​ដោយ​ការ​សម្ភាសន៍​ប្រជាជន។

​អ្នកស្រី​ថ្លែង​ថា៖ «យើង​ចង់​ដឹង​ថា​ស្ត្រី​ជួប​ប្រទះ​អីគេខ្លះ។​ពេល​ហ្នឹង​នៅ​ក្មេង​មីង​ចេះ​តែ​មាន​អារម្មណ៍​ថាឆ្ងល់​ដែរ​ហេតុ​អី​បាន​ស្ត្រី​ចេះ​តែ​ទ្រាំ​ឲ្យ​ប្តី​វាយហើយ​អំពើ​ហិង្សា​កាល​ពី​នៅក្មេង​ធ្លាប់ឃើញ​អ្នក​ជិត​ខាង​វាយ​[ប្រពន្ធ]​ហេតុ​អី​បាន​គាត់​មិន​រត់​? ហេតុ​អី​បាន​គាត់​មិន​លែង?​ ហេតុ​អី​បាន​ចេះ​តែ​នៅ​ទ្រាំ?​មាន​សំណួរ​ជា​ច្រើន​នៅ​ក្នុង​អារម្មណ៍ ​របស់​មីង»។​

រូបថត​របស់អ្នកស្រី​ រស់​ សុភាព បង្ហាញ​ពី​ជីវិត​របស់​អ្នកស្រី​កាល​ពី​យុវវ័យ។ (ខាន់ សុគុំមនោ​/វីអូអេ)

អ្នកស្រី​ព្យាយាមបកស្រាយ​ចម្ងល់​ខ្លួនឯង​បន្តិច​ម្តងៗ​ជួនកាល​មាន​អត់​ធ្មត់ ហើយ​ជួនកាល​ក៏​អន្ទះសា។អ្នកស្រី​ចំណាយ​ពេល​ជា​ច្រើន​អង្កេតមើល​ការ​ស់​នៅ​ជាក់ស្តែងរបស់អ្នក​ភូមិ។​អ្នកស្រី​ឲ្យ​ដឹង​ថាកាល​នោះ​ ស្ត្រី​កម្ពុជា​ភាគច្រើន​ពុំ​បាន​ដឹង​ទេ​ថា​អ្វី​ទៅ​ជា​អំពើហិង្សា​ក្នុង​គ្រួសារ ថាតើពួកគេ​មាន​សិទ្ធិ​អ្វី​ខ្លះនិង​គួរ​ធ្វើ​អ្វី​នៅ​ពេលមាន​អំពើ​ហិង្សា​កើត​ឡើង។​

​ការ​រក្សា​កិត្តិយស​គ្រួសារ​តម្រូវ​ការ​សេដ្ឋកិច្ច​កត្តា​សុវត្ថិភាព​និង​ជំនួយ​កម្លាំ​ង​ពលកម្ម​ពី​ខាង​បុរស​គឺ​ជា​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ហាក់​ខ្វះ​អំណាច​សម្រេច​ចិត្ត​និង​ទ្រាំ​ទទួល​យក​អំពើ​ហិង្សា។​ នេះ​បើតាម​ការ​លើកឡើង​របស់​អ្នកស្រី​ រស់ សុភាព។​

អ្នកស្រី​ថ្លែង​ថា៖ «ពេល​សួរ​គាត់​បើសួរ​មិន​ស្រួល​គាត់​ថា​គាត់​អត់​មាន​[រង​អំពើ​ហិង្សា​]ទេ​តែ​ដល់​យើង​សម្រាក​ស្នាក់​នៅ​ជាមួយ​គាត់ នៅ​ក្នុង​ភូមិ​គាត់។​ គាត់​និយាយ​រឿង​ប្រាប់​យើង។​ និយាយ​ពី​ការ​លំបាក​និយាយ​ពី​លែង​គ្នា​មិនបាន​និយាយ​អំពី​គេ​មើលងាយ​គាត់​គ្មាន​សុវត្ថិភាព​និង​និយាយ​អំពី​[ខ្វះ​]កម្លាំ​ង​ពលកម្ម»។

អ្នកស្រី​បន្ត​ថា៖​ «បាន​សិក្សា​មួយ​កម្រិត​ទៀតថា​ស្ត្រី​មិន​អាច​លែង​បាន។ ទីមួយ​ អ្នក​នៅ​ជិត​ខ្លួន​គាត់​គ្មាន​អ្នក​ណា​គាំទ្រ​គាត់។ ហើយ​បើលែង​ទៅ​ផ្ទះ​គាត់​អត់​សុវត្ថិភាព​ទេ ព្រោះ​អ្នក​ផ្សេង​នឹង​មក​បៀត​បៀន​គាត់។​ថ្ងៃ​ឡើង​គេ​ចំអក​យប់​ឡើង​គេ​មក​អញ្ចឹង​ទៅគាត់​ខ្លាច​ កូន​នៅ​តូច​ចឹង​ទៅ។ទី២​ កម្លាំង​ពលកម្ម​ជា​កត្តា​មួយ​សំខាន់​ដូចជា​ព្យួរស្រែ​ កាប់ឆ្ការ​កាប់​ឬ​លើក​ដើម​ឈើ​ធំៗ​យក​មកធ្វើ​ផ្ទះ។ អញ្ចឹង​គាត់​មិន​អាច​ខ្វះ​កម្លាំង​អញ្ចឹង​បានទេ»។

រូបថត​របស់អ្នកស្រី​ រស់​ សុភាព បង្ហាញ​ពី​ជីវិត​របស់​អ្នកស្រី​កាល​ពី​យុវវ័យ។ (ខាន់ សុគុំមនោ​/វីអូអេ)

​នៅ​ឆ្នាំ​១៩៩៧​ស្ថិតក្នុង​វ័យ​៣៧​ឆ្នាំ​អ្នកស្រី​ រស់ សុភាព ​បាន​ចូល​ធ្វើ​ការ​ជាមួយ​ហ្គេតស៊ី​ដែល​ជា​កម្មវិធី​ធ្វើការ​ផ្នែក​យេនឌ័រ​រយៈពេល​បី​ឆ្នាំ។​ ក្រោយ​មក​ដោយ​មើល​ឃើញ​ថា​យេនឌ័រ​ជា​បញ្ហាចាំបាច់​នៅ​កម្ពុជា​ម្ចាស់​ជំនួយ​និង​ក្រុម​ប្រឹក្សាភិបាល​ហ្គេតស៊ី​ក៏សម្រេច​លើក​គម្រោង​កម្មវិធី​បីឆ្នាំ​នេះ​មក​ជា​អង្គការ​ហ្គេតស៊ី​រួច​ចាត់​តាំង​ អ្នក​ស្រី រស់ សុភាព​ ជា​នាយិកា​ប្រត្តិបត្តិ។

អ្នកស្រី​ថា​ចំណេះដឹង​ សមត្ថភាព​ភាសា​អង់គ្លេសភាព​សកម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែកយេនឌ័រ​កន្លង​មកហើយជា​ពិសេស​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​យេនឌ័រ​«ដោយ​ចេញ​ពី​បេះដូង» ជា​លក្ខណៈ​សម្បត្តិ​ពិសេស​មួយដែលគេ​ឃើញ​ថា​អ្នកស្រី​អាចកាន់​តំណែង​ដ៏​សំខាន់​របស់​ស្ថាប័ន​មួយ​នេះបាន។

អ្នកស្រីថា៖​ «បើ​និយាយ​ចំណេះ​ដឹងពី​ជំនាន់​ហ្នឹង​ធនធាន​ដូច​មីង​ចឹង​កម្រ​ណាស់។​ ទីមួយ​ ចេះ​អង់គ្លេស​ ​ទី២​មាន​ថាមពល​ និង​ឆន្ទៈ»។​

អង្គការ​ហ្គេតស៊ីបាន​ក្លាយ​ជា​ស្ថាប័ន​នាំ​មុខ​គេ​មួយ​ក្នុង​ការ​ចូលរួមបង្កើត​គោល​នយោបាយ​សាធារណៈនិង​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​យេនឌ័រ​រួមមានច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ចការពារ​ជនរង​គ្រោះ។

អង្គការ​នេះ​ក៏បាន​បណ្តុះ​បណ្តាល​ធនធាន​មនុស្សពង្រឹង​សមត្ថភាព​ និង​ការ​តស៊ូមតិ​ដើម្បី​សមភាព​យេនឌ័រ ព្រម​ទាំង​ចងក្រង​ឯក​សារ​យេនឌ័រ​ជា​ភាសាខ្មែរ​ជាដើម។ បន្ថែម​ពី​នេះ​ ហ្គេតស៊ី​ក៏បាន​ចូលរួម​ការ​ដាក់បញ្ចូល​ទស្សនៈ​យេនឌ័រ ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ផងដែរ។

អ្នកស្រី​ថ្លែង​ថា៖ «មុន​អង្គការ​ហ្នឹង​កើត​ឡើង​គ្មាន​ទេ​ឯកសារ​និយាយ​ជា​ភាសា​ខ្មែរ​និយាយ​ពី​យេនឌ័រ។​ទី​២​ បើ​គេ​សួរ​នៅ​ស្រុក​ខ្មែរ​អង្គការ​ណានាំ​មុខ​គេ​ពី​រឿងយេនឌ័រ គឺ​គេ​និយាយ​សំដៅ​ហ្គេតស៊ី​ហ្នឹង​ហើយ។ ហើយ​ទី​៣​ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ហ្គេតស៊ី​បាន​បណ្តុះ​បណ្តា​ល​ធនធានផ្នែក​យេន​ឌ័រ​យ៉ាង​ច្រើន»។

Your browser doesn’t support HTML5

បទសម្ភាសន៍៖​ អ្នកស្រី រស់ សុភាព ចែក​រំលែក​បទពិសោធន៍​ជាង ៣០​ឆ្នាំ​ក្នុង​វិស័យ​សមភាព​យេនឌ័រ

ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​និង​នយោបាយ

​នៅ​ក្នុង​សភា​ជាតិ​កម្ពុជា​បច្ចុប្បន្ន​បេក្ខភាព​ស្ត្រី​មាន​ចំនួន​២៥​នាក់​ក្នុង​ចំណោម​តំណាងរាស្ត្រ​១២៥​រូប ឬ​ស្មើ​នឹង​២០%។ ចំនួន​នេះ​ កើន​ពី​ជិត​៦%​បើ​ធៀប​នឹង​ការ​បោះ​ឆ្នោត​ដំបូង​ក្នុង​ឆ្នាំ​១៩៩៣។ គិត​ត្រឹម​ឆ្នាំ​២០១៩​ស្ត្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រី​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​មាន​ចំនួន​២១%​ រីឯ​នៅ​កម្រិត​មូលដ្ឋានស្ត្រី​កាន់​តួនាទី​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ចំនួន​ជិត​១៧%។ ។

អ្នកស្រី​ រស់ សុភាព​ ពន្យល់​ថាចំនួន​ស្ត្រី​ទទួល​បាន​មុខ​តំណែង​ក្នុង​ការ​សម្រេច​ចិត្ត​ជា​សាធារណៈ​មាន​ការ​កើន​ឡើង​សន្សឹមៗ​ប៉ុន្តែ​ដើម្បី​សម្រេច​ឲ្យ​បាន​តុល្យភាព​យេនឌ័រ​នៅ​គ្រប់​វិស័យកម្ពុជាត្រូវ​ផ្តោត​អាទិភាព​ដល់ការ​អភិវឌ្ឍន៍​សមត្ថភាព​ដល់​ស្ត្រី និង​ក្មេង​ស្រី។ ការ​អភិវឌ្ឍ​នេះ​គិតទាំង​សមភាព​នៃ​ឱកាស​អប់រំ​និង​ការងារ​ដើម្បី​ពួកគេ​មាន​ភាព​អង់អាច​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​ជីវិតចូលរួម​ទីផ្សារ​ការងារ​ស្រប​តាម​ទេពកោសល្យ​និង​អនុវត្ត​តួនាទី​ដឹកនាំ​បាន​ពេញលេញ។

អ្នកស្រី​ថ្លែង​ថា៖ «សម្រាប់​ស្ត្រី​វ័យ​ក្មេង​គឺ​ថា​ការ​អប់រំ​ គឺ​ជា​កត្តា​សំខាន់។​ហើយ​ការ​អប់រំ​វា​មិនមែន​ត្រឹម​តែ​នៅ​សាលា​ទេ​ត្រូវ​មាន​ការ​គាំទ្រ​ពីគ្រួសារ​និង​មិត្តភ័ក្តិ​គាត់។ មួយ​ទៀត រដ្ឋាភិបាល​គួរ​គិត​គូរ​ពី​ធនធាន​របស់ស្ត្រី​និង​ស្ត្រីវ័យ​ក្មេង​ដែល​ជា​ធនធាន​មាន​សក្តានុពលក្នុង​ការ​កសាង​សង្គម​មួយ​ឈាន​ទៅ​ដល់​ការ​លុបបំបាត់​អំពើ​ហិង្សា»។

អ្នកស្រី​បន្ថែម​ថា​ ​យេនឌ័រ និង​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​មាន​នៅ​ក្នុង​គោល​នយោបាយ​កម្ពុជា​ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​ពិត​ប្រាកដ​គឺ​កង្វះថវិកា​និង​យន្តការ​គាំទ្រ​សម្រាប់​ការ​អនុវត្ត​ន៍​ជាក់ស្តែង។​

អ្នកស្រី​ថ្លែង​ថា៖ «នៅ​កម្រិត​គោល​នយោបាយ​គាត់​គាំទ្រ​ដោយសារ​តែ​មាន​គោល​នយោបាយ​ទេ​ថា​ឲ្យចេញពី​ឆន្ទៈ​ពិត​ប្រាកដ​មីង​គិត​ថា​នៅ​តែ​មាន​គម្លាត​ដដែល។​ការ​យល់ពិត​ប្រាកដ​ទៅលើ​តួនាទីស្រ្តី​ក្នុង​ការ​សម្រេច​ចិត្ត​លើ​គោល​នយោបាយ​ការ​សម្រេច​ចិត្ត​លើ​តួនាទីដឹក​នាំ​មាន​តែ​ក្នុង​គោលនយោបាយ​ប៉ុន្តែ​អត់​មាន​លុយ​ទេ។​ម្នាក់ៗ​ សប្បាយ​ចឹត្ត​នឹង​ធ្វើ​គោល​នយោបាយ​ហើយ​ប៉ុន្តែ​សួរ​ថា​ផែនការ​សកម្មភាព​មាន​អីខ្លះ?​ធ្វើ​បែប​ណា?​ក្រសួង​ណា​ធ្វើ​អី?​យើង​មាន​រចនា​សម្ព័ន្ធ​ប៉ុន្តែ​វា​អត់ដើរ»។

ស្ថាន​ភាព​យុត្តិធម៌​យេនឌ័រ​និង​អំពើ​ហិង្សា​លើស្ត្រី​

គោល​នយោបាយ​នារី​រតនៈរបស់​ក្រសួងកិច្ចការនារី ឲ្យ​ដឹង​ថា អំពើ​ហិង្សា​លើស្ត្រីគឺ​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​មាន​វិ​សមភាព​យេនឌ័រ​នៅ​កម្ពុជា។​តួលេខ​ ឆ្នាំ​២០១៦​ របស់​ក្រសួង​បង្ហាញ​ថា​ យ៉ាង​ហោច​ណាស់​ស្ត្រី​៣០%​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា។​ ចំនួន​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ការ​ថយចុះ​មកត្រឹម​២៨%​នៅ​ឆ្នាំ​២០២៣​ខាងមុខ​ដោយសារ​ការកើន​ឡើង​នៃ​ការ​យល់​ដឹង​ពីសិទ្ធិ​ស្ត្រី​ទម្រង់​នៃ​អំពើ​ហិង្សា​និង​យេនឌ័រ។​

រូបថត​របស់អ្នកស្រី​ រស់​ សុភាព បង្ហាញ​ពី​ជីវិត​របស់​អ្នកស្រី​កាល​ពី​យុវវ័យ។ (ខាន់ សុគុំមនោ​/វីអូអេ)

​យ៉ាង​ណា​ក៏ដោយ​អ្នក​ស្រី​ រស់​ សុភាព​ មើល​ឃើញ​ពីភាព​ចម្រូង​ចម្រាស​រវាង​ច្បាប់​និង​ការ​អនុវត្ត​ជាក់ស្តែង​ជុំវិញ​ការ​ដោះស្រាយ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី។​

អ្នកស្រី​ថ្លែង​ថា៖ «ច្បាប់​អំពើ​ហិង្សា និង​កិច្ច​គាំ​ពាជន​រងគ្រោះអនុម័ត​ឆ្នាំ​២០០៥​និយាយ​ថាបើ​មាន​អំពើ​ហិង្សា​កើត​ឡើងត្រូវ​តែ​ទៅ​រាយការណ៍​ហើយ​អ្នក​ដែល​មើលឃើញ​អំពើ​ហិង្សា​ហើយ​មិន​រាយការណ៍​ស្មើ​នឹង​អ្នក​ប្រព្រឹត្ត​ខណៈ​ដែល​ច្បាប់​ស្រី​បាន​និយាយ​ថា​បើ​ខឹង​ម្តេច​ម្តា​ត្រូវ​ចូល​ដំណេក​គិត​សិន​កុំ​ត​នៅ​ពេល​ប្តី​ខឹង។​អញ្ចឹង​វប្បធម៌​មិន​ឲ្យ​យើង​ទៅ​រាយការណ៍។​ កាលណា​ យើង​រាយការណ៍​គេ​ថា​យើង​ស្រី​មិន​ល្អ​អញ្ចឹង​អនុវត្ត​ដូច​រាល់​ថ្ងៃ​នេះ​ឯង»។​

កាល​ពី​ប៉ុន្មាន​ខែ​មុនមាន​ករណី​អំពើ​ហិង្សា​និង​ការ​រំលោភ​បំពានលើ​ស្ត្រី​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​ពី​សាធារណជន។​មួយ​ក្នុង​ចំណោម​នោះ​គឺ​ករណី​អតីត​ឧកញ៉ា​ ឌួង ឆាយ​ បាន​ប្រើ​ប្រាស់​អំពើហិង្សា​លើ​អតីត​ភរិយាខ្លួន​បាន​បួសជា​ព្រះសង្ឃ​ក្រោយ​ត្រូវ​បាន​បញ្ចប់​គោរមងារ​ជាឧកញ៉ា។ ការ​បួស​នេះ​ត្រូវ​បាន​មើល​ឃើញថា​ដើម្បី​គេច​ពី​ការ​ហៅ​សួរ ឬ​ចាប់​ខ្លួន​របស់​តុលាការ។​ករណីទី២គឺ​សំណុំ​រឿង​ចម្រូង​ចម្រាស​រវាង​លោក​ឧកញ៉ា ហេង​ សៀ និង​ពិធីការិនី​ទូរទស្សន៍ ជុំវិញ​ការ​ចោទប្រកាន់​ពីការ​បំពាន​លើ​ស្ត្រីកាល​ពី​ខែឧសភា​កន្លងទៅ។ ករណី​ទាំង​ពីរ​នេះ​គេ​ក៏​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ជាក់លាក់​ណាមួយ​ត្រូវបាន​អនុវត្តនៅ​ឡើយ។

អ្នក​ស្រី​រស់ សុភាព​បង្ហាញ​ការ​សោកស្តាយ និង​ព្រួយ​បារម្ភចំពោះ​វប្បធម៌និទណ្ឌភាព​នៅ​កម្ពុជា​ដែល​ជា​រឿយៗ​កើតឡើង​នៅ​ពេល​មានវិសមភាព​អំណាច។​

អ្នកស្រី​ថ្លែង​ថា៖​ «ច្បាប់អនុវត្ត​ស្តង់ដា​ពីរ។ ស្តង់ដា​ពីរ​ហ្នឹងហើយដែល​ធ្វើឲ្យ​អ្នក​មាន​អំណាច​និង​ចង់​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​តែ​បន្ត។ គួរឲ្យ​ស្តាយ​ណាស់​ដែល​យើង​មាន​ច្បាប់ហើយ យើង​មិន​អនុវត្ត​ច្បាប់»។

អ្នកស្រី​បន្តថា៖​ «ហេតុ​អី​បាន​និទណ្ឌភាព​ដោយសារ​ការ​អនុវត្ត​ន៍ច្បាប់មិន​ស្មើភាព​គ្នា។​ [...] ទៅជា​ទុក​បន្លាយ​រឿង​ហ្នឹង​ទៅជា​ជ្រក​ក្រោម​នៅក្រោម​សាសនា។និទណ្ឌភាព បិទបាំង [ការពារ] អំពើអ្នកមាន​អំណាច។​អំណាច​សេដ្ឋកិច្ច​ និង​អំណាច​តួនាទី។ អំណាចនៃ​ការ​គ្រប់គ្រង​វា​ស្ថិត​នៅ​លើ​បុណ្យសក្តិ វា​ពាក់ព័ន្ធ​ទៅ​លើ​សេដ្ឋកិច្ច​អញ្ចឹង​វា​ធ្វើ​ឲ្យអ្នកមាន​អំណាច​ហ្នឹង​មាន​អំណាច​ទៅលើ​អ្នក​ទន់ខ្សោយ»។

កុមារភាពការ​អប់រំ​ និង​គ្រួសារ​របស់​អ្នក​ស្រី រស់ សុភាព​

ជា​កូន​ទោល​ក្នុង​គ្រួសារ​កសិករភូមិ​រោទ៍​ ស្រុក​កំពង់​រោទ៍​ឃុំ​កំពង់ញរ​ ​ខេត្ត​ស្វាយរៀងឪពុក​ម្តាយ​របស់​សុភាព​បាន​លាចាក​លោក​តាំងពីមុន​ពេល​សុភាព​ចូល​រៀន​បឋមសិក្សា​ម្ល៉េះ។ ម្តាយ​មីង​របស់​សុភាព​ជា​អ្នក​ចឹញ្ចឹម​បីបាច់​សុភាព​ ឲ្យ​ធំធាត់​និង​ទទួល​បាន​ការ​អប់រំ។​ ការ​សិក្សា​របស់​អ្នកស្រី​រស់ សុភាព​ ត្រូវបាន​រំខាន​ដោយ​របប​ខ្មែរ​ក្រហម។​គ្រា​នោះ​ សុភាព​ មាន​វ័យ​១៥ឆ្នាំ។​

រូបថត​របស់អ្នកស្រី​ រស់​ សុភាព បង្ហាញ​ពី​ជីវិត​របស់​អ្នកស្រី​កាល​ពី​យុវវ័យ។ (ខាន់ សុគុំមនោ​/វីអូអេ)

រូបថត​របស់អ្នកស្រី​ រស់​ សុភាព បង្ហាញ​ពី​ជីវិត​របស់​អ្នកស្រី​កាល​ពី​យុវវ័យ។ (ខាន់ សុគុំមនោ​/វីអូអេ)

រូបថតរបស់ អ្នកស្រី​ រស់​ សុភាព និង​មិត្ត​រួម​ជំនាន់ នៅ​គ្រា​ដែលពួកគេ​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​វិទ្យាស្ថាន​ភាសា​បរទេស​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។ (ខាន់ សុគុំមនោ​/វីអូអេ)

អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ភាសាអង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ឆ្នាំ​១៩៩៤។​ មុន​ពេល​អ្នកស្រី​ឈាន​ជើង​ចូល​ក្នុង​វិស័យ​យេនឌ័រ​នេះ​អ្នក​ស្រី​ធ្លាប់​ធ្វើការ​ជា​មន្ត្រី​ផ្នែក​ព័ត៌មាន​នៅក្រសួង​ព័ត៌មាន​អ្នក​បកប្រែ​ឲ្យ​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា​ឬ​ហៅ​ថា​អ៊ុនតាក់ អ្នកស្រាវជ្រាវ​និងអ្នកសម្រប​សម្រួល​កម្មវិធី​សម្រាប់​អង្គការ​អន្តជាតិ​នានាព្រម​ទាំង​ជា​អ្នក​ថតរូប និងអ្នកជំនាញ​ផ្នែក​បច្ចេកទេស​ផ្តិតរូប​ពណ៌​ផង​ដែរ។​

ដូច​ជាស្ត្រី​ផ្សេង​ទៀត​នៅ​កម្ពុជា​ដែរសុភាព​ត្រូវ​បាន​ចិញ្ចឹម​និង​បណ្តុះផ្នត់​គំនិត​ស្រប​តាម«ច្បាប់ស្រី»​តាំង​តែ​ពី​ខ្លួន​នៅ​តូច។​ថ្វី​បើ​បរិបទ​សង្គម​មាន​ការ​ប្រែ​ប្រួល​អត្ថន័យ​នៃ​ច្បាប់​ស្រី​នៅ​បន្ត​អនុវត្ត​និង​ដាក់​គំនាប​មក​លើ​មនុស្ស​ស្រី។​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី​រស់​ សុភាព។

អ្នកស្រី​ថ្លែង​ថា៖​ «ដល់​ពេល​មក​ធ្វើ​ការ​យេនឌ័រ​នេះ​បាន​គិត​ត្រឡប់​ទៅ​វិញ​បាន​យល់ថា​នេះ​ហើយ​ជា​តួនាទី​យេនឌ័រ​ដែលសង្គមខ្មែរ​បាន​កំណត់ដោយ​ទម្លាប់​នៃ​ការ​អនុវត្ត»។

អ្នកស្រី​បន្ថែម​ថា៖​«មីង​និយាយ​នេះ​មិន​មែន​ទៅ​ទិតៀន​អ្នក​ចេះ​ដឹង​ជំនាន់​អ្នក​ប្រាជ្ញ​ពី​ដើម​នោះ​ទេ​ប៉ុន្តែ​យើង​អត់​អាច​អនុវត្ត​ក្នុង​ពេល​ឥឡូវ​នេះ​បាន​ចឹង​យើង​ត្រូវ​គិត​ឡើង​វិញ​ព្រោះ​គាត់​កាល​ជំនាន់​នោះ​វា​ត្រូវ​នឹង​បរិបទ ​ជំនាន់​នោះ​តែ​ឥឡូវ​អត់​ត្រូវ​ទេ»។

អ្នកស្រី ​រស់ សុភាព​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ស្វាមី​ លោក ឆាយ​ គឹមស័រ នៅ​ឆ្នាំ​១៩៩៩ ក្នុង​វ័យ​៣៩ឆ្នាំ។​ស្វាមី​អ្នកស្រីគឺ​ជា​អតីតមន្ត្រី​សិទ្ធិ​មនុស្ស​ជាមួយ​អង្គការ​សហប្រជាជាតិ​ជា​ស្ថាបនិក​បណ្តាញ​បុរស​ហើយ​ចុង​ក្រោយ​លោក​បាន​បំពេញ​ការងារ​នៅ​អង្គការ​ហ្គេតស៊ី​ជាមួយ​អ្នកស្រី​មុន​ពេល​លោក​ចូល​និវត្តន៍​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។​

រូបថត​អ្នកស្រី​ រស់​ សុភាព​ និង​ស្វាមី​ គឺលោក ឆាយ​ គឹម​ស័រ។ (ខាន់ សុគុំមនោ​/វីអូអេ)

រូបគំនូរ​តំណាង​គ្រួសារ​របស់អ្នកស្រី​ រស់​ សុភាព​ ជាកាដូ​ពីក្រុម​បុគ្គលិក​នៃ​អង្គការ​យេន​ឌ័រ​ និងអភិវឌ្ឍន៍ដើម្បី​កម្ពុជា​ ​តាំងនៅគេហ​ដ្ឋាន​របស់​អ្នកស្រី​។ (ខាន់ សុគុំមនោ​/វីអូអេ)

ថ្វី​បើ​សុភាព​ មាន​ឆន្ទៈ​និង​បេសកកម្ម​បង្កើន​សមភាព​យេនឌ័រអស់​រយៈពេល​ច្រើន​ទសវត្សរ៍​ក៏​ពិត​មែនប៉ុន្តែ​សុភាព​ទទួល​ស្គាល់​ថា​តួនាទី​ ឬ​អត្តសញ្ញាណ​ភេទ​ដែល​សង្គមបាន​កំណត់នោះ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​និង​នៅ​បន្ត​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​ខ្លួន។​

​ជាម្តាយ​នៃ​កូន​ប្រុស​ពីរ​រូប​ដែល​មាន​អាយុ​២១​ និង​១៧​ឆ្នាំ​ថ្លែង​ថា៖ «ដោយសារ​មីង​ធ្វើ​ការ​ផ្នែក​យេនឌ័រ​អញ្ចឹង​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មីង​១០០%​ភ្លឺស្វាង​ទេ។​មីង​នៅ​មាន​កម្អែល​ខ្លះ។​ឧទាហរណ៍​ កូន​ប្រុស​ខ្ញុំ​គាត់​ចូលចិត្ត​ទុកសក់​វែង​គាត់​ខ្ចិល​ទៅ​កាត់​អីចឹង។​មីង​ក៏​ច្រឡំ​មាត់​ថា​កូន​ឯង​ទុក​សក់​វែង​អញ្ចឹង​ដូច​ស្រី​អញ្ចឹង»។​

អ្នកស្រី​ សុភាព​ ដែល​មាន​សម្បុរ​ស្រអែម​មាឌ​មាំ​ សក់​រួញ​ ចម្រុះ​ពណ៌​ប្រផេះ​និង​ខ្មៅ​ លើក​ឡើង​ថា៖ «ហើយ​មីង​គិត​ថា​មាតាបិតា​ ទាំងអស់​នៅ​ក្នុង​ពិភព​លោក​បើ​ដាក់​ចិត្ត​នៅ​ក្នុងការ​រៀន​សូត្រ​ពី​កូន​វិញ​ល្អ​ណាស់។ តែ​មនុស្ស​ចាស់​ភាគ​ច្រើន​មិន​ទាំងអស់​ទេ​ច្រើន​តែ​គិត​ថា​គាត់​ជា​អ្នក​កើត​មុនគាត់​មើល​ឃើញ​ពន្លឺ​ថ្ងៃ​មុន​គាត់​មាន​បទ​ពិសោធន៍​មុន»។​

គម្រោង​ក្រោយ​ចូល​និវត្តន៍

​នៅក្នុង​គេហដ្ឋាន​ដ៏​ត្រជាក់​រហឹម​រៀប​ចំ​លក្ខណ:​ខ្មែរ​បុរាណពេល​ទំនេរ​ក្រៅ​ពី​ការងារ​ដ៏​មមាញឹក​ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំផ្នែកយេនឌ័រ​អ្នកស្រី​សុភាព ​ចូលចិត្ត​ធ្វើ​ម្ហូប​ដើម្បី​រំសាយ​អារម្មណ៍​និង​ភាព​តាន​តឹង។ សម្រាប់​អ្នកស្រី​រស់​ សុភាព​ ការ​ច្នៃ​មុខម្ហូប​គឺ​ជា​សិល្បៈ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​ដក​ចិត្ត​ចេញ​ពី​បញ្ហា​សង្គម។​

ក្រោយចូល​និវត្តន៍​បន្ទាប់ចំណាយ​ពេល​ជិត​ពាក់​កណ្តាល​ជីវិត​ក្នុង​វិស័យ​យេនឌ័រអ្នកស្រី​ រស់​ សុភាព​មាន​គម្រោង​សរសេរ​សៀវភៅ​ដែលឆ្លុះ​បញ្ចាំង​ពី​ការ​វិវឌ្ឍ​ស្ថានភាព​យេនឌ័រ​នៅ​កម្ពុជា​ក្រោម​ការ​យល់ឃើញ​និង​បទពិសោធន៍​ផ្ទាល់​របស់​អ្នកស្រី​រយៈ​ពេល​ជិត​៣០ឆ្នាំ​កន្លង​មក​នេះ។​

«ឈើ​កោង​ធ្វើ​កង់​ឈើ​ត្រង់​ធ្វើ​ទូក» គឺ​ជា​សុភាសិតដែល​អ្នក​ស្រី​ រស់​ សុភាព​ បាន​ប្រើប្រាស់​សម្រាប់​ការដឹកនាំ​និងជីវិត​ផ្ទាល់ខ្លួន។ ដូច​គ្នា​ទៅ​នឹងការ​ត្រៀម​ចូល​និវត្តន៍​ដែរនាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ​រូប​នេះ​ ថ្លែង​ថា​អ្នក​ដឹកនាំបន្ទាប់​នឹង​ជ្រើសរើសរូបមន្ត​ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះស្រប​តាម​បរិបទ​សង្គម​ថ្មី​និង​របៀប​ធ្វើ​ការ​រៀង​ខ្លួន៕​