អតីត​តំណាង​អ.ស.ប.​នៅ​កម្ពុជា៖ ​ការ​សម្លាប់​រង្គាល​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជា​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់

បណ្ឌិត ប៊ែននី វីដយ៉ូ័ណូ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Connecticut និង​ជា​អតីត​តំណាង​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅកម្ពុជា​ក្នុង​អំឡុង​ដើម​ទសវត្ស​១៩៩០ កំពុង​ធ្វើ​បទ​ឧទ្ទេសនាម​ស្តីពី​«សោក​នាដកម្ម​នៃ​ការ​សម្លាប់​រង្គាល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ត្រជាក់នៅក្នុង​ប្រទេស​កម្ពុជា​​និងឥណ្ឌូនេស៊ី» នៅ​ឯ​សាកល​វិទ្យាល័យRutgers-Newark ក្នុង​រដ្ឋ​ New Jersey សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​៥ ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៥។ (សាយ មុន្នី/VOA Khmer)

មូលហេតុ​នៃ​សោកនាដ​កម្ម​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​ខ្មែរ​ក្រហម​នោះបណ្ដាល​មក​ពី​សង្គ្រាម​ត្រជាក់​រវាង​ប្រទេស​មហា​អំណាច​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ចិន និង​សហ​រដ្ឋ​អាមេរិក​ជាដើម។

អតីត​អ្នក​តំណាង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​មួយ​រូប បាន​ថ្លែង​ថា ​មូលហេតុ​នៃ​សោកនាដ​កម្ម​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​កម្ពុជា​ នា​សម័យ​ខ្មែរ​ក្រហម​នោះ​ គឺ​បណ្ដាល​មក​ពី​សង្គ្រាម​ត្រជាក់​រវាង​ប្រទេស​មហា​អំណាច​សំខាន់ៗ​មួយ​ចំនួន ​ដែល​រួម​មាន​ចិន និង​សហ​រដ្ឋ​អាមេរិក​ជាដើម។​

លោក​បណ្ឌិត ​ប៊ែននី វីដយ៉ូណូ (Benny Widyono)​ ដែល​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ ហើយ​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Connecticut (University of Connecticut) ​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ ​បាន​រងគ្រោះ​ដោយសារ​តែ​មនោគម​វិជ្ជា​របស់​មហា​អំណាច​ក្នុង​ប្លុក​សេរី ​និង​ប្លុក​កម្មុយនិស្ត។​

«​[ប្រធានាធិបតី​អាមេរិក]​ អៃសិនហៅវរ ​(Eisenhower) ​និង ​លីនដុន ចនសុន​ (Lyndon Johnson)​ចង់​កម្ចាត់​[ប្រធានាធិបតី​ឥណ្ឌូនេស៊ី] ​ស៊ូកាណូ ​នៅ​ឥណ្ឌូនេស៊ី ពី​ព្រោះ​ពួកគេ​ចង់​កម្ចាត់​ពួក​កុម្មុយនិស្ត​ចោល។ ​ដូច្នេះ ​នៅ​ឥណ្ឌូនេស៊ី ​ពួក​គេ​ចង់​កម្ចាត់​លោក​ស៊ូកាណូ ​ដោយសារ​គាត់​ទោរទន់​ទៅ​រក​ពួក​កុម្មុយនិស្ត​ខ្លាំង​ពេក។ ចំណែក​នៅ​កម្ពុជា​វិញ ​ក៏​មាន​សមាសធាតុនៃ​សង្គ្រាម​ត្រជាក់​ដែរ​ ដោយសារ​ ​ក្រុម​ខ្មែរ​ក្រហម​ត្រូវ​បាន​គាំទ្រដោយ​ប្រទេស​ចិន​ ហើយ​អាមេរិក​គាំទ្រ​ លន់ នល់។​ ហេតុ​ដូច្នេះ​ហើយ ​ទាំង​កម្ពុជា ​ទាំង​ឥណ្ឌូនេស៊ី​សុទ្ធ​តែ​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ត្រជាក់»។​

រូបឯកសារ៖ ផែនទី​វាលពិឃាត​របស់​កម្ពុជា៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ប្រើ​កម្មវិធី​ផ្កាយ​រណប​កំណត់​ទី​តាំង​ភូមិសាស្ត្រ​ដោយ​រួម​បញ្ចូល​ទិន្នន័យ​ពី​ការ​ស្រាវជ្រាវ​នៅ​នឹង​កន្លែង​ដែល​មាន​ការ​កត់​ត្រា​អំពី​ទី​តាំង​វាលពិឃាត​របស់​ខ្មែរក្រហម។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក ​វីដយ៉ូណូ (Widyono)​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ ​បន្ទាប់​ពី​លោក​ធ្វើ​បទ​ឧទ្ទេសនាម​មួយ​ស្តី​ពី​សោកនាដកម្ម​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​ពីរ​គឺ​ឥណ្ឌូនេស៊ី​ និង​កម្ពុជា។ ​បទ​ឧទ្ទេសនាម​នេះ​ត្រូវ​បាន​រៀបចំឡើង​នៅ​ឯ​សាកលវិទ្យា​ល័យ ​រ៉ាត់ហ្គើ (Rutgers) ​ក្នុងរដ្ឋ​ញួជើស៊ី ​(New Jersey) ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

«ខ្ញុំ​ក៏​បាន​ធ្វើ​បទ​ឧទ្ទេសនាម​ជាច្រើន​នៅ​ក្នុងទីក្រុង​ភ្នំពេញ​ដែរ។ ​គេ​សួរ​ខ្ញុំ​ តើ​យើង​គួរ​តែ​ដាក់ទោស​ទៅលើ​ប្រទេស​ចិន​ទេ​ ហើយ​គេ​អាច​និយាយ​នៅ​ថ្ងៃ​នេះ​ដែរ​ថា​ ​អាមេរិក​ក៏​គួរ​តែ​ត្រូវ​បាន​កាត់​ទោស​ផង​ដែរ។​ ​ប៉ុន្តែ​អ្នក​ដឹង​ហើយ​ថា​ យើង​ជា​ប្រទេស​តូច។​ កម្ពុជា​មិន​អាច​និយាយ​ថា៖ តោះ! ​យក​ប្រទេស​មហា​អំណាច​ទាំង​នោះ​ទៅ​កាត់ទោស បាន​ទេ។​ វា​មិន​អាច​ទៅ​រួច​ទេ​នៅ​លើ​លោក​នេះ។ ​ប្រទេស​ធំៗ ​អាច​និយាយ​អញ្ចឹង​បាន​ ប៉ុន្តែ​ប្រទេស​តូចតាច​មិន​អាច​ធ្វើ​បាន​ទេ»។​

លោក ​វីដយ៉ូណូ (Widyono) ​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៥ឆ្នាំ​ ដោយ​ចាប់​ផ្តើម​ធ្វើ​ជា​អភិបាល​ខេត្ត​សៀមរាប​ក្នុង​សម័យអន្តរកាល​អ៊ុនតាក់ (UNTAC)​ពី​ឆ្នាំ​១៩៩២​ដល់​១៩៩៣។ ហើយក្រោយ​មក ​លោកក៏​ក្លាយ​ទៅ​ជា​តំណាង​របស់​លោកអគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩៤​ដល់​១៩៩៧។​

អ្នកនាង ​សុខ ម៉ូនីការ ​អ្នក​ចូលរួម​ស្ដាប់​បទ​ឧទ្ទេសនាម​របស់​លោក ​វីដយ៉ូណូ (Widyono)​ ​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍ជាមួយ​ VOA ថា ​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដឹង​អំពី​បុព្វហេតុ​ និងតួអង្គ​ដែល​ពាក់ព័ន្ធ​នៅក្នុង​សោកនាដ​កម្ម​នៃ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«វា​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ក្នុង​ការ​ដែល​ប្រទេស​មួយ​ព្យាយាម​ស្ថិត​នៅ​អព្យាក្រឹត្យ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច ​ដែល​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ត្រជាក់​នោះ។ ​ប្រទេស​ដែល​ចង់​ស្ថិត​នៅ​អព្យាក្រឹត្យត្រូវ​បាន​ជាន់​ឈ្លី​ដោយ​មហា​អំណាច​ ​ហើយ​ពួកគេ​គ្មាន​សិទ្ធិ​និយាយ​ស្តី​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្លួន​ និង​ប្រជាជន​របស់​ខ្លួន​ឯង​ឡើយ»។​

រូបឯកសារ៖ ពិព័រណ៍ ‍«ខ្ញុំត្រូវការ​យុត្តិធម៌» ដែល​ស៊ើបអង្កេតកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ​របប​ដ៍សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ (ទែន សុខស្រីនិត/VOA Khmer)

ប្រទេស​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​បរមរតន​កោដ្ឋ ​សម្តេច​នរោត្តម​ សីហនុ ​បាន​ព្យាយាម​ស្ថិត​នៅ​ជា​ប្រទេស​អព្យាក្រឹត្យ​ មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ​នៅ​ពេល​បណ្តា​ប្រទេស​មហា​អំណាច​ក្នុង​ប្លុក​កុម្មុយនិស្ត និង​ប្លុកសេរី​វាយ​ប្រយុទ្ធ​គ្នា​ ដោយសារ​ការ​ប្រកាន់​យក​មនោគម​វិជ្ជា​ផ្សេង​គ្នា។​

អ្នកនាង​ ម៉ូនីការ ​ដែល​កើត​នៅ​អាមេរិក​នេះ​ បន្ថែមថា ​បទ​ឧទ្ទេសនាម​របស់​លោក​ វីដយ៉ូណូ (Widyono) ​ពិត​ជា​មាន​តម្លៃ​សម្រាប់​នាង ​នៅពេល​នាងបាន​ដឹង​ថា​ ​សហ​រដ្ឋ​អាមេរិក​ក៏​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ក្នុង​ការ​រុញ​ក្រុម​ខ្មែរ​ក្រហមឲ្យ​ឡើង​កាន់​អំណាច ​ដោយ​សារ​តែ​ការ​ទម្លាក់​គ្រាប់​បែក​ជា​សម្ងាត់របស់​អាមេរិក​នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ទសវត្សរ៍​១៩៦០ ​និង​នៅដើម​ទសវត្សរ៍ ១៩៧០។​

ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម​ ចន្លោះពី​ឆ្នាំ​១៩៧៥​ដល់​ដើម​ឆ្នាំ​១៩៧៩ ​បាន​បន្សល់​ទុក​នូវ​ការ​ឈឺចាប់​ខ្លោច​ផ្សា​ជាច្រើន ​ដោយ​រួម​ទាំង​ការ​បាត់បង់​អាយុ​ជីវិត​ប្រជាជន​ប្រមាណ​១,៧​លាន​នាក់​ផង។​

បណ្ឌិត​ ​Martha Stroud ​បញ្ញ​វន្ត​ឯករាជ្យ​ ដែល​សិក្សា​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ ​ បាន​និយាយ​ថា ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក ​វីដយ៉ូណូ (Widyono) ​អំពី​សោកនាដ​កម្ម​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​ប្រទេស​កម្ពុជា​ បាន​រួម​ចំណែក​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

«រាល់​ពេល​ដែល​ខ្ញុំ​ស្ដាប់​បទ​ឧទ្ទេស​នាម​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ ខ្ញុំ​តែង​តែ​មាន​សេចក្តី​សង្វេគ​កាន់តែ​ខ្លាំង​ចំពោះ​ប្រជាជន​កម្ពុជា។​ ​ប៉ុន្តែ​ការ​ដោះស្រាយ​ទុក្ខវេទនា​ដែល​ពួកគេ​បាន​ឆ្លងកាត់​ និង​ការ​ស្វែងរក​យុត្តិធម៌​របស់​ពួក​គេ ​ពិតជា​ធ្វើឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ណាស់។ ​ខ្ញុំ​គិត​ថា​ ​បទ​ឧទ្ទេសនាម​របស់​លោក វីដយ៉ូណូ (Widyono)​ ពិត​ជា​បាន​នាំ​ឲ្យ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​នេះ​ទៅ​កាន់​ប្រទេស​កម្ពុជា»។​

មេ​ដឹកនាំ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ឬ​សម័យ​ខ្មែរក្រហម ​ដែល​ប្រទេស​ចិន​គាំទ្រ​ បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ ​លន់ នល់ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា​ ឆ្នាំ​១៩៧៥។ ពេល​កាន់​អំណាច ​ក្រុម​ខ្មែរក្រហម​បាន​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​មនោគម​វិជ្ជា​កុម្មុយនិស្ត​ផ្តាច់​ការ​រហូតដល់​ដើម​ឆ្នាំ​១៩៧៩។​

កញ្ញា ​ភូល ស្រីនាថ ​តំណាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​សាកល​វិទ្យាល័យ​រ៉ាត់ហ្គើ​ (Rutgers)​ ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​នៃ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​ បាន​និយាយ​ថា ​បទ​ឧទ្ទេសនាម​របស់​លោក ​វីដយ៉ូណូ (Widyono)​ នឹង​ជួយ​ពន្យល់​ដល់​ប្រជាជន​កម្ពុជា ​ដែល​មិន​ទាន់​យល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​នៅពី​ក្រោយសោកនាដ​កម្ម​នៃ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នោះ​គឺថា​ ​ជនជាតិ​ខ្មែរ ​ដែល​មក​ស្តាប់​បទ​ឧទ្ទេសនាម​នេះ​ នឹង​ដឹង​ថា៖ ​អូ!​ យើង​បាន​ស្ថិត​នៅ​ក្នុង​សោកនាដ​កម្ម​មួយ​ដែល​កើត​ឡើង​នៅក្នុង​ប្រព័ន្ធ​សង្គ្រាម​ត្រជាក់ ​ប៉ុន្តែ​យើង​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ ​ហើយ​យើង​ក៏​កំពុង​តែ​កសាងខ្លួន​ឯង​ឡើងវិញ​ដែរ»។​

ប៉ុន្តែ​អ្នក​ចូលរួម​ខ្លះ ​ដែល​ជា​ជនជាតិ​ខ្មែរ​ នៅតែ​មិន​អាច​ជម្រះ​មន្ទិល​របស់​ខ្លួន​អំពី​មូលហេតុ​នៃ​សោកនាដ​កម្ម​ការ​សម្លាប់​រង្គាល​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។​

អ្នកនាង ​ពៅ ទុយ​ គឺ​ជា​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត​ ដែល​បាន​មក​ស្តាប់​បទ​ឧទ្ទេសនាម​របស់​លោក ​វីដយ៉ូណូ (Widyono) ​ដែរ។​ ​នាង​បាន​និយាយ​ថា​ ​មូលហេតុ​នៃ​សោកនាដ​កម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ការ​កាប់​សម្លាប់​រង្គាល​នៅ​កម្ពុជា​នោះ​នៅតែ​ជា​បញ្ហា​ដ៏​សាំញ៉ាំ​ ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ពិបាក​យល់​ឲ្យ​បាន​ច្បាស់​លាស់​ណាស់។​

«ខ្ញុំ​មាន​អារម្មណ៍​ថា​ ​មាន​រឿង​លាក់​កំបាំង ​និង​មាន​អារម្មណ៍​ផ្សេងៗ​ជាច្រើន​ ជុំវិញ​ប្រធានបទ​នេះ។ ​វា​បាន​បង្ក​ការ​ឈឺចាប់​ជាច្រើន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ និង​អ្នក​ដែល​មិន​ពាក់ព័ន្ធ​ដែល​ជា​ជន​ជំនាន់​ក្រោយ ​ដែល​ដឹង​ថា ឪពុក​ម្តាយ​របស់​ខ្លួន​ បាន​ឆ្លង​កាត់​របប​នោះ​ ប៉ុន្តែ​ពួក​គេ​មិន​និយាយ​អំពី​រឿង​នោះ»។​ ​

យ៉ាងណាក៏​ដោយ​ ​ពៅ ទុយ ​បាន​បន្ថែម​ថា​ ​នាង​បាន​រក​ឃើញ​មធ្យោបាយ​មួយ​សម្រាប់​ខ្លួន​នាង ​ដើម្បី​ដើរ​ឆ្ពោះ​ទៅមុខ​ ដោយ​ផ្តល់​យោបល់​ថា​ ជន​ទាំង​ឡាយ​ដែល​បាន​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​សោកនាដ​កម្ម​ការ​សម្លាប់​រង្គាល​នោះ ​នឹង​មិន​បំភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ ​ប៉ុន្តែ​ពួក​គេ​អាច​អត់​ឱន​ឲ្យ​អ្នក​ដទៃ​ និង​ខ្លួន​ឯង​បាន ​ដើម្បី​ធ្វើ​ឲ្យខ្លួន​ឯង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ដំណើរការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​ខ្លួន​ឯង៕