កាលពីពេលថ្មីៗនេះ ភាពយន្តដែលផលិតដោយផលិតករខ្មែរឈ្មោះ «ម៉ែក្រឡាភ្លើង» ឬហៅថា The Dark Mother ដែលជាខ្សែភាពយន្តរបស់ផលិតកម្មសាស្រ្តាហ្វៀម (Sastra Film) កំពុងមានភាពចម្រូងចម្រាសក្នុងចំណោមជនជាតិថៃមួយចំនួន ដោយមានការអំពាវនាវមិនឱ្យទៅទស្សនា។
ភាពយន្តដែលផលិតដោយជនជាតិខ្មែរមួយនេះត្រូវបាននាំចូលទៅចាក់បញ្ចាំងក្នុងប្រទេសថៃ ប៉ុន្តែការចាក់បញ្ចាំងនេះហាក់មិនទទួលបានជោគជ័យឡើយ ស្របពេលមានការអំពាវនាវកុំឱ្យទៅទស្សនា ដោយសារជនជាតិថៃមួយចំនួនយល់ថា ភាពយន្តនេះចម្លងពីភាពយន្តថៃ។ ជម្លោះនៃការចម្លងវប្បធម៌រវាងកម្ពុជានិងថៃតែងតែកើតឡើងរវាងប្រជាជននៃប្រទេសទាំងពីរ។
អគ្គនាយិកានៃក្រុមហ៊ុនសាស្រ្តាហ្វៀម អ្នកស្រី ប៊ុន ចាន់និមល បានសម្តែងការសោកស្តាយ ខណៈការនាំភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើង»ទៅបញ្ចាំងក្នុងប្រទេសថៃបានបរាជ័យ ដោយសារចំនួនអ្នកចូលទស្សនាតិចតួច ខុសពីការរំពឹងទុក។
ថ្លែងក្នុងការឡាយផ្ទាល់លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ អ្នកស្រី ប៊ុន ចាន់និមល បានឱ្យដឹងថា ភាពយន្ត«ម៉ែក្រឡាភ្លើង»នេះមិនត្រូវបានដាក់បញ្ចាំងនៅរោងភាពយន្តច្រើនក្នុងប្រទេសថៃឡើយ ហើយរោងភាពយន្តទាំងនោះភាគច្រើនមិនស្ថិតនៅក្នុងទីក្រុងទៀត។
អ្នកស្រីថ្លែងថា៖ «នាងខ្ញុំមានអារម្មណ៍ថា Unfair [មិនយុត្តិធម៌] ក្នុងនាមជាប្រទេសទីផ្សារសេរី ជាប្រទេសភូមិផងរបង ហើយមានសហប្រតិបត្តិការជាមួយគ្នាហ្នឹង ខាងអ្នកធ្វើអាជីវកម្មផ្នែករោងភាពយន្តថៃ មិនគួរបំបិទរឿងរបស់យើង មុនពេលការចាក់បញ្ចាំង។ ហេតុអីបានខ្ញុំនិយាយអ៊ីចឹង ព្រោះការផ្តល់ Show ចាក់បញ្ចាំងហ្នឹង គឺផ្តល់ឱ្យតិចមែនទែន ដោយសារនៅរោងភាពយន្តប្រទេសថៃមានជាង ២០០ ទីតាំង តែដោយឡែក Show ដែលផ្តល់ឱ្យយើង គឺប្រហែល ២០ ទីតាំងទេ នៅតំបន់ដែលមិនជាទីពេញនិយមច្រើនសម្រាប់អ្នកភាពយន្តទេ»។
អគ្គនាយិកានៃនៃក្រុមហ៊ុនសាស្រ្តាហ្វៀមរូបនោះបន្ថែមថា ជនជាតិថៃមួយចំនួនបានប្រតិកម្មនឹងរឿងនេះ ហើយមានការអំពាវនាវមិនឱ្យទៅទស្សនា។
អ្នកស្រីបញ្ជាក់ថា៖ «មិនត្រឹមតែប៉ុណ្ណោះ មតិដែលព្យាយាមដែលគេហៅថា ខំមិន[យោបល់]បែបវៃប្រហារខំមិនបែបគំរាមមិនឱ្យមានការទៅទស្សនាអីហ្នឹង គឺព្យាយាមមិនឱ្យមានអ្នកទៅទស្សនារឿងហ្នឹងតែម្តង»។
បើតាមអ្នកនិពន្ធនិងអគ្គនាយិកានៃក្រុមហ៊ុន Sastra Film រូបនោះ ភាពយន្ត«ម៉ែក្រឡាភ្លើង»ជាស្នាដៃរបស់កូនខ្មែរដែលត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសអាស៊ីច្រើនដែរ។ អ្នកស្រីថា ការយកទៅចាក់បញ្ចាំងនៅប្រទេសថៃមានគោលបំណង ដើម្បីបង្កើតទំនាក់ទំនងល្អរវាងប្រទេសដែលនៅជាប់គ្នា។ អ្នកស្រីបញ្ជាក់ថា ភាពយន្តនេះបង្ហាញពីការរស់នៅ និងបង្ហាញអំពីអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ហើយក៏មិនបានចម្លងពីភាគីណាដែរ។
អ្នកស្រីក៏អំពាវនាវឱ្យអ្នកធ្វើអាជីវកម្មភាពយន្តនៅប្រទេសថៃគួរតែពិនិត្យមើលឡើងវិញជុំវិញការចាក់បញ្ចាំងភាពយន្តខ្មែរ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យអ្នកធ្វើ Business [ជំនួញ]ផ្នែករោងភាពយន្តនៅថៃពិចារណាឡើងវិញ វាNot Fair [មិនយុត្តិធម៌] ហេតុអីប្រទេសខ្ញុំស្វាគមន៍ភាពយន្តរបស់អ្នកបានរាល់សប្តាហ៍ ក្នុងមួយសប្តាហ៍ភាពយន្តថៃចូលក្នុងប្រទេសយើងយ៉ាងតិចក៏៣ចំណងជើងដែរ។ យើង Support[គាំទ្រ]សព្វគ្រប់បែបយ៉ាងទាំងអស់ទាំងការផ្សព្វផ្សាយពីរោងកុនអីទាំងអស់ តែហេតុអីភាពយន្តរបស់យើងក្នុងទម្រង់ជាខ្មែរចំ គឺការរស់នៅសាច់រឿង ផ្ទៃសាច់រឿងវាបង្ហាញពីជំនឿនិង Culture [វប្បធម៌]របស់ខ្មែរ ហេតុអីបានត្រូវមិនចាក់បញ្ចាំងភាពយន្តយើងឱ្យទូលំទូលាយដូចដែលយើងស្វាគមន៍ភាពយន្តរបស់គេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Hollywood Thailand ដែលនាំចូលរឿង«ម៉ែក្រឡាភ្លើង»ទៅបញ្ចាំងនៅប្រទេសថៃបាននៅឡើយទេ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅកម្ពុជាបានដែរ។
ភាពយន្ដ«ម៉ែក្រឡាភ្លើង»ត្រូវបានសម្ពោធដាក់បញ្ចាំងគ្រប់រោងភាពយន្ដក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ សាច់រឿងបានឆ្លុះបញ្ចាំងពីអបិយជំនឿខ្មែរ រួមទាំងទឹកចិត្តមហិមារបស់ម្តាយនៅតែតាមថែរក្សាកូនទោះបីជាស្លាប់ទៅជាខ្មោចហើយក៏ដោយ។
ខណៈមានភាពចម្រូងចម្រាសលើខ្សែភាពយន្តមួយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលជាជនជាតិខ្មែរ ក៏បានអំពាវនាវកុំឱ្យទៅទស្សនាភាពយន្តថៃនៅតាមបណ្តារោងកុនក្នុងប្រទេសកម្ពុជាផងដែរ។
អគ្គនាយកនៃផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកធ្លាប់នាំយកភាពយន្តខ្មែររឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ឬហៅថា The Memories of New Year ដែលជាសាច់រឿងបង្ហាញពីទំនៀមទម្លាប់ប្រពៃណីក្នុងថ្ងៃចូលឆ្នាំរវាងប្រទេសកម្ពុជា ថៃ និងឡាវ ទៅចាក់បញ្ចាំងនៅទីផ្សារប្រទេសអាស៊ី កាលពីឆ្នាំ ២០១៨។ លោកបន្ថែមថា ការនាំយកភាពយន្តរឿងខ្មែរទៅចាក់បញ្ចាំងនៅទីផ្សារប្រទេសក្នុងអាស៊ីដូចជាថៃ ឡាវ វៀតណាម គឺមានភាពលំបាកដោយសារតែទីផ្សារភាពយន្តនៅបណ្តាប្រទេសទាំងនោះមានភាពរីកចម្រើនលឿន។
លោកថ្លែងថា៖ «ចំពោះខ្ញុំការយកទៅបញ្ចាំងគឺមានការលំបាក លំបាកអី? គឺដោយសារមានការចំណាយច្រើន ហើយចំណូលយើងក៏មិនសូវជាបានច្រើនទេ ដោយសាររឿងជាលក្ខណៈប្រពៃណីទំនៀមទម្លាប់។...ប៉ុន្តែបញ្ហាចម្បងហ្នឹងគឺទីផ្សារនៅប្រទេសថៃ ដូចជាវៀតណាមគឺមានការចង្អៀតខ្លាំង ព្រោះគេត្រូវការរឿងដែលគុណភាពខ្ពស់បំផុត។ ដូច្នេះទាំងសាច់រឿង តួសម្តែង ទាំងដឹក ទាំងការផលិតហ្នឹងគឺត្រូវការគុណភាពខ្ពស់ ហើយដោយសារតែប្រទេសជិតខាងយើងវិស័យកុនគេរៀងដើរទៅមុនយើងរៀងឆ្ងាយដែរ ហើយយើងប្រកួតប្រជែងជាមួយគេរៀងយ៉ាប់»។
លោកបន្ថែមថា បើទោះបីជាវិស័យភាពយន្តខ្មែរឥឡូវនៅមានកម្រិត ប៉ុន្តែលោកនៅតែខិតខំពង្រឹងគុណភាពភាពយន្តខ្មែរឱ្យកាន់តែល្អប្រសើរបន្តទៀត ដើម្បីទាក់ទាញទឹកចិត្តអ្នកទស្សនា និងដើម្បីប្រកួតប្រជែងជាមួយទីផ្សារភាគហ៊ុនល្បីៗដទៃទៀត។
ទាក់ទងនឹងជម្លោះចោទប្រកាន់ចម្លងវប្បធម៌រវាងប្រជាជនថៃ និងកម្ពុជា លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ប្រាប់វីអូអេថា ទំនៀមទម្លាប់និងវប្បធម៌នៃប្រទេសកម្ពុជានិងថៃប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមាន«ជាតិនិយមជ្រុល» ដូច្នេះហើយទើបបង្កនូវភាពតានតឹងលើបញ្ហាទាំងនេះ។
លោកប្រាប់វីអូអេថា៖ «ទស្សនៈរបស់ខ្ញុំគឺត្រូវសិក្សាពីហេតុ និងផល អ៊ីចឹងប្រទេសទាំងពីរហ្នឹងឱ្យតែនិយាយពីរឿងវប្បធម៌ តែងតែនិយាយថានេះរបស់អញ នោះរបស់អញ ខ្មែរក៏ថារបស់អញ ថៃក៏ថារបស់អញ អ៊ីចឹងទាំងពីរនាក់តែងគិតថារបស់អញដូចគ្នា ដោយសារប្រភពដែលកើតឡើងហ្នឹងអត់ច្បាស់លាស់ កង្វះខ្លួនឯងមិនសិក្សាឱ្យពិតប្រាកដ ជាពិសេសពេលវេលា និងកាលបរិច្ឆេទ»។
បើតាមសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ការសិក្សាប្រវត្តិសាស្ត្រមួយចំនួនតែងតែមានការពន្លើសដែលបង្កឱ្យស្មារតីជាតិនិយមជ្រុល និងយល់ថា អ្វីទាំងអស់គឺសុទ្ធសឹងតែជារបស់ក្នុងប្រទេសខ្លួន ហើយមិនគួរចែករំលែកឡើយ។ យ៉ាងណាមិញ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ក៏ជំរុញឱ្យមានការសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗឱ្យបានច្បាស់លាស់មុននឹងមានប្រតិកម្មលើអ្វីមួយ។
លោក Viroj Suttisima គ្រូឧទ្ទេសផ្នែកសិល្បៈទំនាក់ទំនងនៃសាកលវិទ្យាល័យបាងកក ប្រាប់វីអូអេថា ភាពយន្តផលិតដោយផលិតករក្នុងប្រទេសកម្ពុជាឬឡាវ កម្រមានវត្តមានក្នុងទីផ្សារថៃណាស់ ហើយវាអាចបង្កជាភាពចម្រូងចម្រាស នៅពេលភាពយន្តទាំងនោះមានលក្ខណៈវប្បធម៌រួមគ្នា ឬក៏ពាក់ព័ន្ធនឹងមោទនភាពជាតិ ដូចជារឿង «ម៉ែក្រឡាភ្លើង» ជាដើម។
លោកបន្តថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានឫសគល់វប្បធម៌និងមូលដ្ឋានស្រដៀងគ្នាយូរមកហើយ ដូច្នេះវាពិបាកក្នុងការកំណត់ថា តើអ្នកណាជាម្ចាស់ដើម ហើយអ្នកណាជាអ្នកចម្លង។
លោកបញ្ជាក់ថា៖ «ដូច្នេះជម្លោះទៅជម្លោះមកដើម្បីក្លាយជាម្ចាស់ដើមអាចបង្កជាម្លោះដែលមិនមានប្រយោជន៍សម្រាប់អ្នកណាឡើយ ហើយវាជាឧបសគ្គសម្រាប់ការរីកចម្រើនវប្បធម៌»៕