ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានឱ្យដឹងថា ចំណាត់ការជាបន្ទាន់គឺត្រូវការដើម្បីដោះស្រាយការរីករាលដាលនៃការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាចារកម្ម។ របាយការណ៍នេះកត់សម្គាល់ថា រដ្ឋាភិបាលមួយចំនួនកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាបណ្តាញទំនើប ដើម្បីតាមដាន គ្រប់គ្រង និងរឹតត្បិតលើពលរដ្ឋរបស់ខ្លួន។
អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សអ្នកស្រី Liz Throssell និយាយថា របាយការណ៍ខាងលើបញ្ជាក់លម្អិតពីការណ៍ដែលបច្ចេកវិទ្យាតាមដានដូចជា កម្មវិធីកុំព្យូទ័រឈ្មោះ «Pegasus» អាចផ្លាស់ប្តូរទូរសព្ទស្មាតហ្វូនទៅជាឧបករណ៍តាមដានពេញ ២៤ ម៉ោងបាន។ អ្នកស្រីបន្តថា ការបំពានទៅលើឯកជនភាពរបស់ពលរដ្ឋដូចនេះគឺពិតជារឿងគួរឲ្យព្រួយបារម្ភណាស់។
អ្នកស្រីថ្លែងថា៖ «ជាឧទាហរណ៍ ទូរសព្ទស្មាតហ្វូនដែលមនុស្សទូទៅមាន អាចត្រូវបានប្រើប្រាស់ជាឧបករណ៍ផ្តល់ព័ត៌មានអំពីអ្វីដែលពួកគេធ្វើ ទីកន្លែងដែលពួកគេធ្វើដំណើរទៅ មនុស្សដែលពួកគេជួបជាមួយ និងអំពីអ្វីដែលពួកគេនិយាយ។ វាពិតជាឧបករណ៍ដ៏មានអំណាចខ្លាំងណាស់ ហើយនេះជាហេតុផលជំរុញឲ្យយើងធ្វើការអំពាវនាវឱ្យមានជាចំណាត់ការផ្សេងៗនៅក្នុងរបាយការណ៍ថ្ងៃនេះ»។
អង្គការគាំពារសិទ្ធិមនុស្សនានាបានចោទប្រកាន់ប្រទេសមួយចំនួនដូចជា ចិន ជុំវិញការបង្កើតប្រព័ន្ធតាមដាននិងប្រព័ន្ធសន្តិសុខដ៏ធំមួយ ដើម្បីអាចតាមដានយ៉ាងជិតដិតលើពលរដ្ឋរបស់ខ្លួន។
របាយការណ៍អង្គការសហប្រជាជាតិនេះមិនបានបញ្ជាក់ឈ្មោះប្រទេស ដែលប្រើប្រាស់បច្ចេកវិទ្យាតាមដានតាមប្រព័ន្ធឌីជីថលនោះទេ។ ប៉ុន្តែអ្នកស្រី Throssell កត់សម្គាល់ថា ក្រុមហ៊ុនជាង ៥០០ ត្រូវបានរាយការណ៍ថា បានបង្កើត ធ្វើទីផ្សារ និងលក់កម្មវិធីបច្ចេកវិទ្យាចារកម្មរបៀបនេះទៅឱ្យរដ្ឋាភិបាលនានា។ អ្នកស្រីបន្តថា អាជ្ញាធររដ្ឋាភិបាលទាំងនោះជារឿយៗតែងប្រើប្រាស់ហេតុផលបំភ្លៃការពិតដើម្បីទទួលបានបច្ចេកវិទ្យាឌីជីថលនេះ។
អ្នកស្រីថ្លែងថា៖ «ស្របពេលកម្មវិធីបច្ចេកវិទ្យាចារកម្មត្រូវបានប្រើប្រាស់ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្ម កម្មវិធីទាំងនេះជារឿយៗក៏ត្រូវបានប្រើប្រាស់សម្រាប់ហេតុផលខុសច្បាប់ផងដែរ។ ឧទាហរណ៍ដូចជា ប្រើប្រាស់ដើម្បីបង្រ្កាបលើមតិរិះគន់ ឬប្រឆាំង និងទៅលើអ្នកដែលបញ្ចេញមតិទាំងនោះរួមមាន អ្នកសារព័ត៌មាន អ្នកនយោបាយប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សជាដើម»។
មន្រ្តីអង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យមានការដាក់កំហិតលើការប្រើប្រាស់ និងការលក់កម្មវិធីបច្ចេកវិទ្យាលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ រហូតទាល់តែមានយន្តការគ្រប់គ្រាន់ដើម្បីការពារសិទ្ធិមនុស្ស។ ពួកគេព្រមានថា សិទ្ធិឯកជនភាពគឺកាន់តែប្រឈមនឹងហានិភ័យនាពេលឥឡូវនេះ ជាងពេលណាទាំងអស់ ហើយចំណាត់ការផ្សេងៗគឺត្រូវការដើម្បីបញ្ឈប់ការរំលោភបំពានផ្សេងៗ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
ឯកជនភាពរងការគំរាមកំហែង ខណៈរដ្ឋាភិបាលកាន់តែច្រើនប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាចារកម្មដើម្បីតាមដានពលរដ្ឋខ្លួន
ហ្សឺណែវ —