ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានធ្វើឲ្យអ្នកវិភាគមួយចំនួនមើលឃើញថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងលែងជាគណបក្សមួយតំណាងឲ្យកម្លាំងអ្នកគាំទ្រខ្សែរាជវង្ស តែនឹងនៅជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចទៅថ្ងៃក្រោយ។
អ្នកវិភាគនយោបាយ លោក សេង សារី និយាយថា ការបាត់បង់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងប្រែក្លាយជាក្តីអស់សង្ឃឹមសម្រាប់អ្នករាជានិយម ដោយសារព្រះអង្គ គឺជាឥស្សរជននយោបាយស្នូល តំណាងឲ្យកម្លាំងរាជានិយម ដែលជាញឹកញាប់ហែកហួរដោយជម្លោះផ្ទៃក្នុង។
«ការសោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះ គឺជាការបាត់បង់នូវពន្លឺនៃអ្នកតស៊ូបែបរាជានិយមនៅប្រទេសកម្ពុជា។ កន្លងមកយើងឃើញថា ទោះបីជាអ្នករាជានិយមមានការបែកបាក់រប៉ាត់រប៉ាយក៏ដោយ ក៏ប៉ុន្តែក៏យើងនៅមាន … យើងនៅមាន គេហៅថា ជាអត្តសញ្ញាណ ជាជនបង្គោលនៃរាជានិយម គឺសម្តេចក្រុមព្រះ។ ប៉ុន្តែ ដល់នេះ ការបាត់បង់ជីវិតរបស់ព្រះអង្គ គឺជាការអស់សង្ឃឹមរបស់អ្នករាជានិយម ហើយប្រហែលជាអាចដល់ពេលវេលាមួយនៃការបិទបញ្ចប់ អ្នករាជានិយម ឬក៏អ្នកនយោបាយរាជានិយមនៅប្រទេសកម្ពុជាតែម្តង»។
«ហ៊្វុនស៊ិនប៉ិច» ដែលមានឈ្មោះពេញថា «រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ» គឺជាស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨១។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបំពេញតួនាទីតំណាងជាន់ខ្ពស់ផ្ទាល់នៃព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៣ ដើម្បីត្រួតពិនិត្យទំនាក់ទំនងនយោបាយ និងការទូតរបស់ហ៊្វុនស៊ិនប៉ិចនៅក្នុងតំបន់អាស៊ី ហើយក្រោយមកនៅខែមករា ឆ្នាំ១៩៨៦ ព្រះអង្គបានក្លាយជានាយអគ្គសេនាធិការ និងជាអគ្គមេបញ្ជាការនៃកងទ័ពជាតិសីហនុនិយម។ ព្រះអង្គម្ចាស់ បានក្លាយជាអគ្គលេខាធិការរណសិរ្សហ៊្វុនស៊ិនប៉ិច នៅខែសីហា ឆ្នាំ១៩៨៩ នៅពេលព្រះបាទនរោត្តមសីហនុ លាលែងជាព្រះប្រធាន។
ក្រោយមកទៀត នៅឆ្នាំ១៩៨៩ ដដែល បន្ទាប់ពីទទួលបានការគាំទ្រពីសម្តេចចក្រី ញឹក ជូឡុង និងសមាជិករបស់ហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ ក៏បានក្លាយជាប្រធានហ៊្វុនស៊ិនប៉ិច ដែលក្រោយមកកា្លយជាគណបក្សនយោបាយនៅឆ្នាំ១៩៩២ ហើយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានក្លាយជាព្រះប្រធានគណបក្ស។
បន្ទាប់ពីការប្រែក្លាយពីរណសិរ្ស មកជាគណបក្សនយោបាយនៅឆ្នាំ១៩៩២ ហ៊្វុនស៊ិនប៉ិចបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលភាគីខ្មែរក្រហម បដិសេធមិនចូលរួម។ នេះ បើតាមអតីតក្រុមមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច។
នៅឆ្នាំ១៩៨២ រណសិរ្សហ៊្វុនស៊ិនប៉ិចបានចូលរួម ជាមួយភាគីពីរផ្សេងទៀត គឺក្រុមខ្មែរក្រហម និងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោក សឺន សាន ដើម្បីបង្កើតជារដ្ឋាភិបាលចម្រុះនៃកម្ពុជាប្រជាធិបតេយ្យដែលមានការគាំទ្រពីសហរដ្ឋអាមេរិក អង់គ្លេស បារំាង ចិន និងអាស៊ាន ហើយដែលបានទទួលអាសនៈតំណាងឲ្យប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិ។
ហ៊្វុនស៊ិនប៉ិច ដែលក្រោយមកក្លាយជាគណបក្សនយោបាយនោះ ក៏ជាម្ចាស់ហត្ថលេខីមួយក្នុងភាគីបួនរបស់ប្រទេសកម្ពុជាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលបានបើកផ្លូវឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ។
នៅពេលដែលគណបក្សរាជានិយមនេះ ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានសម្រុះសម្រួលបញ្ចប់វិវាទ ដោយយល់ព្រមតាមព្រះបិតាព្រះអង្គចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជា និងបានបង្កើតរដ្ឋាភិបាលមួយមាននាយករដ្ឋមន្ត្រីពីរ។ ពេលនោះ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជាសហនាយករដ្ឋមន្ត្រីទីមួយ។
Your browser doesn’t support HTML5
ក្នុងបទសម្ភាសន៍ជាមួយវីអូអេនាពេលថ្មីៗនេះ លោក ចាប ញ៉ាលីវុធ ជាប្អូនប្រុសម្តាយតែមួយជាមួយនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងជាអនុប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានកោតសរសើរការដឹកនាំរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបាននាំមកនូវការអភិវឌ្ឍដល់ប្រទេសកម្ពុជាក្នុងរដ្ឋាភិបាលអាណត្តិទីមួយ ក្នុងនោះមានការបង្កើតក្រសួងរដ្ឋមួយចំនួន ដូចជាក្រសួងកិច្ចការនារី និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម។
លោកបន្ថែមថា គណបក្សហ៊្វុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបើកឲ្យមានការរៀបចំឡើងវិញនៃការប្រឡងបាក់ឌុប ឬទុតិយភូមិ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដំណាលគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
ក៏ប៉ុន្តែ ព្រះអង្គម្ចាស់ត្រូវទម្លាក់ចេញពីតំណែងជាសហនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារបង្ហូរឈាមមួយ ដោយកងទ័ពដែលមានភក្ដីភាពជាមួយហ៊្វុនស៊ិនប៉ិច បានប្រយុទ្ធចាញ់កងទ័ពដែលស្មោះស្ម័គ្រជាមួយលោក ហ៊ុន សែន ដែលកាលណោះជាសហនាយករដ្ឋមន្ត្រីទីពីរ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ត្រូវគេមើលឃើញថា មានជំហរទន់ខ្សោយនៃការប្រើប្រាស់អំណាចរបស់ព្រះអង្គដើម្បីយកប្រៀបលើគូប្រជែង គឺគណបក្សប្រជាជនកម្ពុជា ដែលពេលនេះស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់លោក ហ៊ុន សែន ដែលជាអតីតសហនាយករដ្ឋមន្ត្រីទីពីរ ក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣។
អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona លោក អៀ សុផល ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានឈ្នះការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌ គ្រាន់បើដែរ តែនៅទីបញ្ចប់ព្រះអង្គនៅតែត្រូវបានដកចេញពីតំណែង«ដោយភាពប៉ិនប្រសប់»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកអធិប្បាយតាមន័យដើមថា៖ «គាត់អាចជាគូប្រជែងម្នាក់។ គាត់អាចប្រែក្លាយប្រទេសកម្ពុជា ប៉ុន្តែគាត់បែរជានៅទីបំផុតក្លាយជាជនរងគ្រោះម្នាក់របស់គណបក្សកាន់អំណាចទៅវិញ។ ដោយចាញ់ភាពប៉ិនប្រសប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិតច្បាប់រូបនេះ ត្រូវបានដកចេញពីអំណាចនៅឆ្នាំ១៩៩៧ អំឡុងពេលនៃព្រឹត្តិការណ៍ថ្ងៃទី៥ និង៦ ខែកក្កដា»។
លោក ចាប ញ៉ាលីវុធ ដែលជាអតីតអភិបាលខេត្តសៀមរាប ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនមែនជាអ្នកនយោបាយទន់ខ្សោយទេ តែទ្រង់ជាអ្នកស្នេហាជាតិ ជាអ្នកនយោបាយប្រជាធិបតេយ្យនិយម និងជាអ្នកផ្តល់តម្លៃដល់ការបង្រួបបង្រួមជាតិ ហេតុដូច្នេះ ការបែងចែកអំណាចរបស់ទ្រង់ គឺជាព្រះរាជតម្រិះត្រឹមត្រូវ និងដើម្បីប្រយោជន៍ជាតិ។
«នៅពេលណាដែលយើងថា ចែកអំណាច យើងអត់ចែកអំណាច តើទៅដល់ណា? តើយើងអាចមានសន្តិភាព ឬអត់? បើអត់មានសន្តិភាព តើប្រជានុរាស្ត្រយើងមានសន្តិសុខ ឬអត់? ហើយមានការអភិវឌ្ឍ ឬអត់? ក្រោយមកទៀត លោកជ្រាបស្រេចហើយ វាមានព្រឹត្តិការណ៍ឆ្នាំ១៩៩៧ ហើយបន្ទាប់ៗមកទៀត»។
គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានការគាំទ្រដោយសំឡេងច្រើនលើសលប់នៅក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៨នៃអាសនៈសភា សរុបចំនួន១២០។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះ បានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ និងការបោះឆ្នោតជាតិចុង ក្រោយឆ្នាំ២០១៨ ដោយសារគណបក្សនេះ បានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ និងកម្សោយនៃការដឹកនាំរបស់បក្ស។
ព្រឹត្តិការណ៍ប៉ះទង្គិចយោធាថ្ងៃទី៥ និង៦ កក្កដាឆ្នាំ១៩៩៧ ជាចំណុចចាប់ផ្តើមនៃការស្រុតចុះឥទ្ធិពលនយោបាយរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ នេះបើតាមការបញ្ជាក់របស់អតីតមេបញ្ជាការកងទ័ពហ៊្វុនស៊ិនប៉ិច គឺលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ។
លោក ញ៉ឹក ប៊ុនឆៃ ដែលជាអតីតបុគ្គលជំនិតរបស់សម្តេចក្រុមព្រះ ប្រាប់វីអូអេកាលពេលថ្មីៗនេះថា៖«ចំណុចដែលធំ គឺព្រឹត្តិការណ៍១៩៩៧ហ្នឹង។ ហើយ ក្រោយមានព្រឹត្តិការណ៍១៩៩៧ ហ៊្វុនស៊ិនប៉ិច បែកខ្ញែកហ្នឹង។ ឆ្នាំ១៩៩៨ បោះឆ្នោតនោះ ក៏បែកគ្នា បង្កើតបក្ស ដូចដែលសព្វថ្ងៃដែលគណបក្សសង្គ្រោះជាតិហ្នុង បែកប្រាំពីរប្រាំបី។ បើហ៊្វុនស៊ិនប៉ិច បែកច្រើនជាងនោះ ដូចជា១០ ឬ១១ឯណោះ»។
លោកបន្ថែមថា៖ «រហូតដល់មកចុងក្រោយនេះ គឺបាត់អាសនៈសភាអីអស់ហ្នឹង គឺដោយសារកត្តាធំ គឺការបែកបាក់ ហើយទីពីរ គឺការដឹកនាំការគ្រប់គ្រងរបស់យើងវាមិនបានល្អ… បានសេចក្តីថា នៅក្នុងផ្ទៃក្នុង វាចេះតែរកាំរកូសរហូត។ មានបញ្ហាខ្លះៗដូចជាភាពអយុត្តិធម៌អីខ្លះ។ អ៊ីចឹងទៅ មានការបែងចែកគ្នា ជាបក្សជាពួក ….ដល់ចឹងទៅ វាធ្វើឲ្យការបែកបាក់មានបន្តបន្ទាប់គ្នាមក»។
បើតាមលោក ញ៉ឹក ប៊ុនឆៃ កម្លាំងរាជានិយម បានព្យាយាមបង្រួបបង្រួមគ្នាជាច្រើនដង ដើម្បីឲ្យក្លាយជាកម្លាំងនយោបាយស្នូលមួយក្នុងការប្រកួតប្រជែងយកជ័យជម្នះក្នុងពេលបោះឆ្នោត ក៏ប៉ុន្តែការបង្រួបបង្រួមនោះ មិនបានជោគជ័យ ដោយសារមានការខ្វែងគំនិតគ្នាទៅនឹងគោលជំហររបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
យ៉ាងណាក៏ដោយ លោកនៅមានជំនឿថា អតីតមន្ត្រីចាស់ៗរបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងពិគ្រោះយោបល់គ្នា ក្នុងការថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិចឲ្យនៅជាកម្លាំងនយោបាយមួយនៅកម្ពុជា។
«បញ្ហាសំខាន់ហ្នឹងតើ អ្នកដែលដឹកនាំសល់ប៉ុន្មានហ្នឹង តើយើង… យើងគិតម៉េច? តើយើងទុកឲ្យគណបក្សរលត់រលាយបាត់ពីនយោបាយនៅ ស្រុកខ្មែរ? ឬក៏យើងនាំគ្នាឈប់លាបពណ៌ ឈប់ប្រកាន់បក្ខ ឈប់ប្រកាន់ពួកគ្នាទៅ មករួបរួមសាមគ្គីគ្នា ដើម្បីកសាងកេរ្តិ៍ឈ្មោះ កិត្តិយសគណបក្សឡើងវិញ កុំឲ្យវាបាត់បង់ពីនយោបាយនៅក្នុងស្រុកយើងយ៉ាងម៉េច?»
លោកបន្ថែមថា ការជួបពិគ្រោះគ្នារវាងមន្ត្រីបក្សចាស់ៗ អាចនឹងធ្វើឡើងក្រោយព្រះរាជពិធីបុណ្យព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក ចាប ញ៉ាលីវុធ ក៏បានបង្ហាញសុទិដ្ឋិនិយមថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងបន្តស្ថិតនៅជាជម្រើសរបស់ប្រជាជនកម្ពុជា ព្រោះនៅមុនពេលសោយទិវង្គត ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះរាជបន្ទូលឲ្យអ្នករាជានិយមរក្សាទុកគណបក្សហ៊្វុនស៊ិនប៉ិចឲ្យគង់នៅជាកម្លាំងនយោបាយរបស់ក្រុមអ្នករាជានិយមនៃព្រះរាជាណាចក្រទីពីរ។
លោកប្រាប់វីអូអេយ៉ាងដូច្នេះ៖ «ខ្ញុំជឿថា គណបក្សយើងមិនរលត់រលំ មិនសូន្យ មិនដូចថាអត់ឈ្មោះនៅក្នុងសំណុំនៃគណបក្សនយោបាយនៅប្រទេសកម្ពុជានោះបាទ»។
បើតាមអត្ថបទបញ្ចេញមតិក្នុងកាសែត Khmer Times របស់លោក ពូ សុធីរៈ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយការរៀបចំសមាជកាលពីថ្ងៃទី២៧ និង២៨ខែកុម្ភៈ ឆ្នាំ១៩៩២ នៅក្នុងភូមិត្រុំ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ចលនានយោបាយហ៊្វុនស៊ិនប៉ិច ត្រូវបានប្រែក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិច ដោយមានព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ត្រូវបានបោះឆ្នោតជាឯកច្ឆន្ទឲ្យធ្វើជាព្រះប្រធាន។
លោក ពូ សុធីរៈ ដែលធ្លាប់ជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតឯកអគ្គរាជទូតមួយរូបផងនោះ ប្រាប់វីអូអេបន្ថែមកាលពីពេលថ្មីៗថា ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បង្ហាញពីភាពកាន់តែទ្រុឌទ្រោមនៃគណបក្សរាជានិយម។
«ដោយសារព្រះអង្គក្រុមព្រះ លោកសុគតទៅហ្នឹង រូបរាងផ្ទះ ដែលដាក់ព្រលឹង spiritរបស់ហ៊្វុនស៊ិនប៉ិចហ្នឹង រង្គោះរង្គើហើយ ការបាត់បង់ព្រះអង្គក្រុមព្រះហ្នឹង គឺធំធេងណាស់។ ដូចដឹងស្រាប់នៅស្រុកខ្មែរ ដែលគណបក្សនយោបាយមួយៗហ្នឹង វាភ្ជាប់គ្នាជិតស្និទ្ធណាស់ជាមួយនឹងអ្នកដឹកនាំ។ ហើយព្រះអង្គក្រុមព្រះ ជាអ្នកដឹកនាំប្រវត្តិសាស្ត្រ ដូចខ្ញុំនិយាយអ៊ីចឹង national leader [មេដឹកនាំជាតិ]...ដូច្នេះ សំខាន់ណាស់បាត់លោកទៅហ្នឹង គឺថា ផ្ទះហ្នឹងបាក់បែក ទ្រុឌទ្រោមបាក់បែក។ ប៉ុន្តែព្រលឹងមិនទៅណាទេតាមយោបល់ខ្ញុំ spirit នៅហ្នឹងនៅឡើយទេ»។
លោកសង្ឃឹមថា អ្នកជំនាន់ក្រោយអាចនឹងសិក្សាពីមនោគមន៍វិជ្ជាសីហនុនិយម ដើម្បីអាចបង្កើតបានជាចលនារាជានិយមមួយផ្សេងទៀត ដែលស្រដៀងគ្នាទៅនឹងព្រលឹងរបស់គណបក្សហ៊្វុនស៊ិនប៉ិចទៅថ្ងៃអនាគត។
«បើសិនជាយុវជនខ្មែរជំនាន់ក្រោយគេចាប់អារម្មណ៍ ព្រលឹងហ្នឹង អាចទៅនៅផ្ទះអីថ្មី។ យល់ខ្ញុំថាទេ? អាចមានរូបរាងអីថ្មីទៀត»។
គណបក្សហ៊្វុនស៊ិនប៉ិច បានចាប់ផ្តើមធ្លាក់ចុះអាសនៈពី៤៣អាសនៈនៅក្នុងរដ្ឋសភាក្នុងបោះឆ្នោតឆ្នាំ១៩៩៨ មកនៅត្រឹម២៤អាសនៈក្នុងពេលបោះឆ្នោតឆ្នាំ២០០៣ និងបានទទួលតែ២អាសនៈក្នុងការបោះ ឆ្នោតនៅឆ្នាំ២០០៨ ជាពេលដែលគណបក្សនេះប្រឈមមុខនឹងការបែកខ្ញែកគ្នាខ្លាំងរវាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ញ៉ឹក ប៊ុនឆៃ។ ហើយនៅឆ្នាំ២០១៣ គណបក្សនេះ មិនទទួលបានសូម្បីតែមួយអាសនៈ។
អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច គឺនៅក្រោយការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានគេរិះគន់ចំពោះការគាំទ្ររបស់ទ្រង់ក្នុងការដាក់ពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សច្របាច់បញ្ចូលគ្នានៃគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី។ គណបក្សសង្គ្រោះជាតិក្រោយមកត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់«រៀបគម្រោងដណ្តើមយកអំណាច»ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោក អៀ សុផល ជាអ្នកតាមដាននយោបាយកម្ពុជាពីក្រៅប្រទេស លើកឡើងថា វាមិនប្រាកដថា នយោបាយរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានគេទិញដូរ នៅក្នុងឆាកជីវិតបន្តបន្ទាប់របស់ព្រះអង្គនោះទេ។ ប៉ុន្តែលោកថា៖ «ការណ៍ដែលត្រូវបានគេធ្វើឲ្យព្រះអង្គអស់តម្លៃនោះ ព្រះអង្គក៏បានធ្វើអ្វីៗ ដើម្បីរស់តាមផ្លូវនយោបាយ សូម្បីតែត្រូវធ្វើជាកូនអុកមួយក៏ដោយ»។
បើតាមលោក អៀ សុផល គណបក្សហ៊្វុនស៊ិនប៉ិច គ្រាន់តែជាស្រមោលនៃអតីតកាលរបស់ខ្លួនតែប៉ុណ្ណោះ ហើយគណបក្សនេះ នឹងនៅតែជាគណបក្សដែលមានភាពច្របូកច្របល់ និងយកជាការមិនបាន។ លោកអធិប្បាយតាមន័យដើមថា៖ «មិនស្លាប់ ហើយក៏មិនរស់។ គណបក្សអាចនៅតែជាឧបករណ៍ដែលមានប្រយោជន៍ ឬក៏ជាត្លុករបស់គណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាច។ ជាការណ៍ពិត ការរក្សាបក្សនេះឲ្យនៅរស់ នឹងមានប្រយោជន៍សម្រាប់គណបក្សកាន់អំណាចក្នុងការប្រើប្រាស់»។
ប៉ុន្តែលោក ញ៉ឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ និយាយថា គណបក្សរាជានិយម មិនមែនជាបក្សរណបបក្សមួយផ្សេងទៀតទេ បើយោងទៅលើគោលនយោបាយបង្រួបបង្រួម និងសហប្រតិបត្តិការរបស់គណបក្ស។
«យើងរួបរួមជាតិ។ យើងសហប្រតិបត្តិការ ហើយមិនមែនតែសហប្រតិបត្តិការតែជាមួយគណបក្សប្រជាជនឯណា! យើង ក៏ធ្លាប់ធ្វើសហប្រតិបត្តិការជាមួយគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ដែលចេញពីហ៊្វុនស៊ិនប៉ិចឆ្នាំ១៩៩៥មក។ យើងសហប្រតិបត្តិការគ្រប់តែគណបក្ស។ អាហ្នឹងជាគោលជំហរ ជានយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែខាងប្រឆាំងហ្នឹង ចេះតែលើកថា យើងរណប យើងអីចេះ យើងអីចុះទៅ។ ធាតុពិត វាមិនមែនអ៊ីចឹងទេ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា គ្មាននរណាអាចព្យាករបាននូវជោគវាសនារបស់គណបក្សហ៊្វុនស៊ិនប៉ិចទេ ដោយលោកលើកហេតុផលថា ការបន្តដំណើររបស់គណបក្សនេះនៅពេលអនាគត ប្រព្រឹត្តទៅយ៉ាងណា គឺអាស្រ័យលើផ្ទៃក្នុងបក្សដែលត្រូវរៀបចំ តែថា គណបក្សរាជានិយមមួយនេះ នឹងមិនមែនជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចទៅថ្ងៃក្រោយទេ។
«អ្នកវិភាគហ្នឹងមិនមែនជាអង្គការចាត់តាំងទេ។ អង្គការចាត់តាំងគេប្រមូលផ្តុំមនុស្សមួយក្រុមដែលមាននិន្នាការនយោបាយដូចគ្នា ស្របគ្នា ឯកភាពគ្នាធ្វើទៅលើសកម្មភាពអីមួយស្របទៅតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់។ ហើយបើអ្នកវិភាគទេ មួយនិយាយឆ្វេង មួយនិយាយស្តាំ ដោយសារការយល់ឃើញរបស់ខ្លួន។ អាហ្នឹងជាគ្រូទាយទេបាទ»។
យ៉ាងណាក៏ដោយ លោក សេង សារី អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា យល់ថា គណបក្សហ៊្វុនស៊ិនប៉ិច បានបាត់បង់ប្រជាប្រិយភាពទាំងស្រុងរួចទៅហើយ។ នេះមានន័យថា គណបក្សរាជានិយមមួយនេះ បានស្លាប់មុនការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
«គណបក្សហ៊្វុនស៊ិនប៉ិចនេះ គឺបាត់បង់ប្រជាប្រិយភាពទាំងស្រុងតែម្តង។ អ៊ីចឹងសឹងតែ តាមពិតទៅគណបក្សហ៊្វុនស៊ិនប៉ិចហ្នឹង គឺស្លាប់មុនការចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៀតបាទ។ ដូច្នេះហើយ វាពិតជាពិបាកនៅក្នុងការស្តារនូវប្រជាប្រិយភាពរបស់អ្នករាជានិយមឡើងវិញ ហើយមកដល់ពេលនេះ គឺអ្នកបន្តវេនរបស់អ្នករាជានិយមហ្នឹង គឺមិនទាន់ឃើញ មិនមានសមាសភាពណាលេចធ្លោ ដែលអាចទាក់ទាញការគាំទ្រដូចសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលដូចកាលពីឆ្នាំ១៩៩៣ទេបាទ»៕