ព្រះសព​របស់​ព្រះអង្គម្ចាស់ នរោត្តម​ រណឫទ្ធិ ត្រូវបាន​បូជា​ដោយ​មាន​ការកាន់​ទុក្ខ​ទូទាំង​ប្រទេស

ពិធី​បូជា​ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ​ ​នរោត្តម​ រណឫទ្ធិ​ នៅ​វាល​ព្រះមេរុ ​មុខ​​វត្តបុទមវតី​ រាជធានី​ភ្នំពេញ​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា/វីអូអេ)

​ព្រះ​សព​របស់​ព្រះអង្គ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ​ អតីត​សហ​នាយក​រដ្ឋមន្ត្រី​កាល​ពី​ជិត​២០​ឆ្នាំ​មុន ​ត្រូវ​បាន​បូជា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ នៅ​វាល​ព្រះ​មេរុ ​ខាង​មុខ​វត្ត​បទុមវតី​ ដោយ​មាន​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​និង​ព្រះ​មាតា​ព្រះអង្គ​ គឺ​សម្តេច​ព្រះ​មហា​ក្សត្រីយានី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រម​ទាំង​ក្រុម​មេ​ដឹកនាំ​ប្រទេស​ និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​សំខាន់ៗ​ផ្សេង​ទៀត។​

ព្រះ​សព​របស់​សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ ​ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទីមួយ​ ក្រោយ​ការ​បោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ ​ត្រូវ​បាន​បញ្ជូន​មក​ដល់​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​

កម្រង​រូបភាព៖​ ទិដ្ឋភាព​ទទួល​ព្រះ​សព​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ

កម្រង​រូបភាព៖ ពិធី​បូជា​ព្រះសព​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ


ក្នុង​ព្រះ​រាជពិធី​បូជា​ព្រះសព​នោះ ​ព្រះ​មហេសី​ព្រះអង្គ​ គឺ​អ្នកម្នាង​ ម៉ារី រណឫទ្ធិ​ មាន​ព្រះ​រាជ​បន្ទូល​ថ្លែង​អំណរគុណ​ដល់​ក្រុម​មេ​ដឹកនាំ​ និង​មន្ត្រី​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​បូជា​ព្រះសព​ និង​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ជួយ​ទំនុកបម្រុង​ក្នុង​ការ​ព្យាបាល​ព្រះកាយ​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ។​

«សូម​គោរព​ថ្លែង​អំណរ​គុណ​សម្តេច​អគ្គ​មហា​សេនាបតី​តេជា ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជា​ទី​គោរព​ដ៏ខ្ពង់​ខ្ពស់​ ដែល​សម្តេច​អញ្ជើញ​ចូល​មក​គោរព​វិញ្ញាណ​ក្ខន្ធ​ដោយ​ផ្ទាល់​ និង​អញ្ជើញ​ជា​គណៈ​អធិបតី​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ថ្វាយ​ព្រះភ្លើង​ ព្រះសព​ និង​បាន​ជួយ​ជ្រោម​ជ្រែង​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ព្យាបាល​ព្រះ​រោគ​ និង​រៀបចំ​ព្រះ​ពិធី​បុណ្យ​ព្រះ​សព​ប្រកប​ដោយ​ភាព​ឱឡារិក​ឧត្តុង្គ​ឧត្តម​នាពេល​នេះ»។​

ព្រះ​ភ្លើង​បូជា​ ត្រូវ​បាន​ព្រះ​រាជទាន​ដោយ​ព្រះ​មហា​ក្សត្រ ​នរោត្តម​សីហមុនី​ ដែល​ត្រូវ​ជា​ព្រះ​អនុជ​របស់​ព្រះ​អង្គ។​

អំឡុង​ពេល​នៃ​ការ​រៀបចំ​ព្រះ​រាជពិធី​បូជា​ព្រះ​សព​ ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​ ​ ប្រជា​ពលរដ្ឋ​ និង​ស្ថាប័ន​រដ្ឋ​នានា​បាន​ចូល​រួម​កាន់​ព្រះ​មរណទុក្ខ​នៅ​ទូទាំង​ប្រទេស ​ដោយ​មាន​ការ​បង្ហូត​ទង់ជាតិ​ពាក់​កណ្តាល​នៅ​តាម​ទីសាធារណៈ​ ផ្សារ​ គ្រឹះស្ថាន​ អប់រំ​ និង​ក្រុមហ៊ុន​ឯកជន។ ​ទីកន្លែង​កម្សាន្ត​ក៏ត្រូវ​បាន​ហាម​ឃាត់​លក់​គ្រឿង​ស្រវឹង។​ នេះ​បើ​យោង​តាម​សារាចរ​របស់​រដ្ឋាភិបាល។​

ទង់ជាតិ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ទម្លាក់​ចុះ​ពាក់​កណ្តាល ជា​ការកាន់​ព្រះរាជ​មរណទុក្ខ​នៃ​ការយាង​សោយ​ទិវង្គត​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​ទម្លាក់​ចុះ​ពាក់​កណ្តាល ជា​ការកាន់​ព្រះរាជ​មរណទុក្ខ​នៃ​ការយាង​សោយ​ទិវង្គត​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ឯ​ពិធី​បូជា​ព្រះ​សព​សម្តេច​ក្រុមព្រះ​នរោត្តម​ រណឫទិ្ធ​ ក៏​មាន​ការ​ចូលរួម​ពី​មន្ត្រី​អង្គទូត​នានា​ប្រចាំ​កម្ពុជា​ផង​ដែរ។

ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ W. Patrick Murphy​ បាន​ចូល​រួម​រំលែក​ទុក្ខ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ ដោយ​លោក​បាន​អធិប្បាយ​លើ​ប្រព័ន្ធ​ Twitter ​របស់​លោក ​កាល​ពី​ថ្ងៃ​២៨​ ខែ​វិច្ឆិកា​ថា៖​ «យើង​បាន​ទទួល​ដំណឹង​ក្រៀមក្រំ​នៃ​ការ​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះ​វស្សា​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ ដែល​ចូល​រួម​បម្រើ​សេវា​សាធារណៈ ​រួមមាន​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ទីមួយ​របស់​កម្ពុជា​ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​១៩៩៧»។​

អ្នក​វិភាគ​នយោបាយ​ លោក ​ឡៅ ម៉ុងហៃ​ លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៦​ ​ខែធ្នូ​ថា​ ក្នុង​ការ​បំពេញ​ករណីយ​កិច្ច​បម្រើជាតិ​របស់​ព្រះអង្គ​សម្តេច​ក្រុមព្រះ ​នរោត្តម​ រណឫទ្ធិ​បាន​ជួប​ការ​លំបាក​ច្រើន​ណាស់​ ដោយ​លោក​ត្រូវ​ប្រើប្រាស់​អំណាច​ដែល​លោក​ទទួល​បាន​ពីប្រជា​ពលរដ្ឋ​នៅ​ឆ្នាំ​១៩៩៣​ តាម​រយៈ​ស្ថាប័ន​រដ្ឋ​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ដែល​ជាក់ស្តែង​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ព្រះអង្គ​ទេ។​

លោក​អធិប្បាយ​បន្ថែម​ថា៖​ «រដ្ឋ​សភា ​គួរ​មាន​រូប​ចម្លាក់​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ ដាក់​តាំង​ជា​មួយ​រូប​ចម្លាក់​សម្តេច​ប្រធាន​រដ្ឋ​សភា ​ជា ​ស៊ីម ​នៅ​លម្ហ​ក្បែរ​ព្រះពុទ្ធ​បដិមា​នៅ​ជាន់​ទីមួយ​នៃ​វិមាន​រដ្ឋ​សភា»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផាន​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា​រដ្ឋាភិបាល​នឹង​មិន​អាច​ត្រូវ​ធ្វើ​អ្វី​ទៀត​ ជូន​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ដោយ​លោក​លើក​ហេតុផល​ថា​ ទ្រង់​គ្រាន់​តែ​ធ្លាប់​មាន​ព្រះ​រាជ​តួនាទី​ជា​សហ​នាយក​រដ្ឋមន្ត្រី។​

«អ្វី​ដែល​ជា​ផ្លូវការ​ធំ​ហ្នឹង​ គឺ​ជា​អតីត​នាយករដ្ឋ​មន្ត្រី​ ប៉ុន្តែ​ការងារ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ជារឿង​ សួរ​ទៅ​ក្រសួង​ព្រះ​បរម​រាជវាំង។​ លោក​អាច​មាន​ធ្វើ​ជារូប​ចម្លាក់​អី ។​ លោក​ព្រះ​រាជវង្ស។​ ​អា​ហ្នឹង​យើង​អត់​ដឹង​ទេ»។​

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក ​ចាប ញ៉ាលីវុធ​ រំឭក​ពី​ស្នាព្រះហស្ថ​និង​ការ​ដឹកនាំ​ប្រកប​ដោយ​មេត្តា​ករុណា​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​


ក្នុង​បទ​សម្ភាសន៍​ជាមួយ​សំឡេង​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ លោក​ ចាប ញ៉ាលីវុធ ​ជា​ប្អូន​ប្រុស​ម្តាយ​តែ​មួយ​ជាមួយ​នឹង​សម្តេច​ក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ និង​ជា​អនុ​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ បាន​ថ្លែង​ថា​ ក្រុម​អ្នក​រាជានិយម​អាច​កសាង​ព្រះ​រូប​ចម្លាក់​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះអង្គ​ ដែល​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​បាន​ធ្វើ​ឧទ្ទិស​ថ្វាយ​អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ​សម្តេច​ នរោត្តម​ សីហនុ ​ដែល​បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំង ​កាលពីខែ​តុលា​ឆ្នាំ​២០១២។​

នៅ​មុន​ពេល​យាង​ចូល​ទិវង្គត​ នៅ​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​២៨​ខែ​វិច្ឆិកាព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ធ្លាប់​បំពេញ​តួនាទី​សំខាន់ៗ​ក្នុង​ចលនា​នយោបាយ​ដើម្បី​ប្រឆាំង​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​រហូត​មាន​ការ​បង្កើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ព្រះអង្គ​ជា​ព្រះ​ប្រធាន​ និង​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គូ​ប្រជែង​ដ៏​សំខាន់។​

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ដែល​ទើប​ទម្លាក់​ពី​តំណែង និង​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង ស្ដាប់​សំណួរ​ដែល​អ្នក​ចូលរួម​សួរ​នៅ​ក្លឹប​អ្នក​កាសែត​ថៃ (Foriegn Correspondants Club of Thailand (FCCT)) ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧។

មុន​ពេល​ក្លាយ​ជា​សហ​នាយក​រដ្ឋមន្ត្រី​ទីមួយ​ នៅ​ឆ្នាំ​១៩៩៣ ​ព្រះ​អង្គ​បាន​បំពេញ​តួនាទី​តំណាង​ជាន់​ខ្ពស់​ផ្ទាល់​នៃ​ព្រះ​មហា​ក្សត្រ​ព្រះបាទ​នរោត្តម​សីហនុ​នៅ​ឆ្នាំ​១៩៨៣​ដើម្បី​ត្រួត​ពិនិត្យ​ទំនាក់​ទំនង​នយោបាយ​ និង​ការទូត​របស់​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​តំបន់​អាស៊ី​ ហើយ​ក្រោយ​មក​នៅ​ខែ​មករា​ ឆ្នាំ​១៩៨៦ ព្រះ​អង្គ​បាន​ក្លាយ​ជា​នាយ​អគ្គ​សេនាធិការ​ និង​ជា​អគ្គ​មេបញ្ជាការ​នៃ​កងទ័ព​ជាតិ​សីហនុ​និយម។ ​ ព្រះអង្គ​បាន​ក្លាយ​ជា​អគ្គ​លេខាធិការ​រណសិរ្សហ៊្វុនស៊ិនប៉ិច​នៅ​ខែ​សីហា​ ឆ្នាំ​១៩៨៩​ នៅ​ពេល​ព្រះបាទ​នរោត្តម​សីហនុ​ លា​លែង​ជា​ព្រះ​ប្រធាន។​

នៅ​ពេល​ដែល​គណបក្ស​រាជានិយម​ឈ្នះ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ​ ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​បាន​សម្រុះ​សម្រួល​បញ្ចប់​វិវាទ​ ដោយ​យល់ព្រម​តាម​ព្រះបិតា​ព្រះអង្គ​ចែក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បាន ​បង្កើត​រដ្ឋាភិបាល​មួយ​មាន​នាយក​រដ្ឋ​មន្ត្រីពីរ។​ ពេល​នោះ​ គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ ជា​សហ​នាយក​រដ្ឋមន្ត្រី​ទី១។​

ព្រះ​អង្គម្ចាស់​ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង​ជា​សហ​នាយករដ្ឋ​មន្ត្រី​ នៅ​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ ​កាលពី​ថ្ងៃ​ទី​៥ ​និង​៦​ខែ​កក្កដា​ ឆ្នាំ​១៩៩៧​ ដោយ​កងទ័ព​ដែល​មាន​ភក្ដីភាព​ជាមួយ​ហ៊្វុនស៊ិនប៉ិច​បាន​ប្រយុទ្ធ​ចាញ់​កងទ័ព​ដែល​ស្មោះ​ស្ម័គ្រ​ជា​មួយ​លោក ​ហ៊ុន សែន ​សហ​នាយក​រដ្ឋមន្ត្រី​ទី​ពីរ។ ​ក៏​ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៦​ ព្រះអង្គ​បាន​គង់​ធ្វើ​ជា​ព្រះ​ប្រធាន​រដ្ឋ​សភា ​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​រដ្ឋ​ប្រហារ​យោធា​នោះ។​

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ដែល​ជា​សហ​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មិន​គ្រោង​ទុក​មួយ​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ១៩៩៧ ដើម្បី​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ប៉ុល ពត។

ព្រឹត្តិ​ការណ៍​ប៉ះ​ទង្គិច​យោធា​ក្នុង​ឆ្នាំ​១៩៩៧ ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ស្រុត​ចុះ​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច។​ នេះ​បើ​តាម​អតីត​មេ​បញ្ជាការ​កងទ័ព​ហ៊្វុនស៊ិនប៉ិច​ គឺ​លោក​ឧត្តម​សេនីយ៍​ញ៉ឹក ប៊ុនឆៃ​ ដែល​បាន​ថ្លែង​ប្រាប់​សំឡេង​សហ​រដ្ឋ​អាមេរិក​ក្រោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​សោយ​ទិវង្គត​បាន​ប៉ុន្មាន​ថ្ងៃ។​

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ទទួល​បាន​ការ​គាំទ្រ​ដោយ​សំឡេង​ច្រើន​លើស​លប់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨​នៃ​អាសនៈ​សរុប​ចំនួន​១២០។​ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជា​និយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ជាតិ​ចុងក្រោយ​ឆ្នាំ​២០១៨​ ដោយ​សារ​គណបក្ស​នេះ​បាន​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ​ និង​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​បក្ស។​

បើ​តាម​លោក​ ញ៉ឹក ប៊ុន​ឆៃ​ កម្លាំង​រាជា​និយម​បាន​ព្យាយាម​បង្រួប​បង្រួម​គ្នា​ជា​ច្រើន​ដង​ ដើម្បី​ឲ្យ​ក្លាយ​ជា​កម្លាំង​នយោបាយ​ស្នូល​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ជ័យជម្នះ​ក្នុង​ពេល​បោះឆ្នោត​ ​ ក៏​ប៉ុន្តែ​ការ​បង្រួប​បង្រួម​នោះ​មិន​បាន​ជោគ​ជ័យ​ ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​គោល​ជំហរ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ។​

គួរ​កត់​សម្គាល់​ផង​ដែរ​ថា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣​និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​គាំទ្រ​របស់​ទ្រង់​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ និង​គណបក្ស​សម រង្ស៊ី​របស់​លោក ​សម រង្ស៊ី។​ គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ក្រោម​បទ​ចោទ​ប្រកាន់​«រៀបចំ​គម្រោង​ដណ្តើម​យក​អំណាច​ពី​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន»៕​