សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ត្រូវ​បាន​ចងចាំ​ចំពោះ​ការ​នាំ​សុខ​សន្តិភាព​និង​ការ​ដឹកនាំ​ប្រកប​ដោយ​មេត្តាធម៌​

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ប្រធាន​​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច មាន​​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​​ ក្នុង​អំឡុង​ការ​ជួប​ប្រជុំ​គ្នា​​មួយ​នៅ​​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០០២។ (AFP)

ជា​ព្រះអង្គម្ចាស់​ជាអ្នក​នយោបាយ​និង​ជា​អតីត​មេដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​ការឈ្លានពាន​បរទេស​នៅ​ប្រទេស​កម្ពុជា​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ គឺ​ជា​ព្រះរាជបុត្រា​មួយ​អង្គ​របស់​ព្រះបាទ​នរោត្តម សីហនុ ​ដែល​ទទួល​បាន​ជោគជ័យ​ជាង​គេ​បំផុត។

សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ​ បាន​ស្នង​តំណែង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​ព្រះបិតា​ហើយ​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាព្រះ​ប្រធាន​រដ្ឋសភា​និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រមុន​ពេល​ដែល​ព្រះអង្គ​បាន​យាង​សោយទិវង្គត​ក្នុង​ព្រះជន្មាយុ​៧៧​ព្រះវស្សា​កាល​ពី​ថ្ងៃទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​នៅ​ប្រទេស​បារាំង​ដោយ​រោគាពាធ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ដោយ​បាន​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​គ្រប់គ្រង​ប្រទេស​តាំងពី​ខែមករា​ឆ្នាំ​១៩៧៩។ នោះ​គឺ​ជា​ការបោះឆ្នោត​ជាតិ​លើក​ទី​មួយដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​និង​ចាប់តាំង​ពីមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ដែល​បញ្ចប់​ជម្លោះ​រវាង​ភាគី​កម្ពុជា​នានា​ដែល​ក្នុង​នោះ​គណបក្ស​រាជានិយម​នេះ​ក៏​ជា​រណសិរ្ស​តស៊ូ​មួយ​ដែរ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម។​

ក្រោយ​ពី​ឈ្នះឆ្នោត​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​បាន​ប្រឈម​នឹង​ជម្រើស​ដ៏​លំបាក​មួយ​គឺ​ត្រូវចែក​អំណាច​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ព្រះ​អង្គ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី១​និង​លោកហ៊ុន សែន​ដែល​ពេលនោះ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី២។

លោក ​ចាប ញ៉ាលីវុធ ជា​ប្អូនប្រុស​ម្តាយ​តែមួយ​ជាមួយ​នឹង​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ និង​ជាអនុ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ (ផ្តល់​ឱ្យ​ដោយ​លោក ចាប ញ៉ាលីវុធ)

លោក ចាប ញ៉ាលីវុធ​ អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និងជា​ប្អូនប្រុស​ម្តាយ​ជាមួយ​របស់​សម្តេច​ក្រុមព្រះ​បាន​រៀបរាប់​ក្នុង​បទសម្ភាសន៍​ពិសេស​ជាមួយ​វីអូអេ​ខេមភាសា​ថា៖ «នៅ​ពេល​ឈ្នះ​ឆ្នោត​ហើយ​យើង​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា​អបគមន៍​ក៏​ប៉ុន្តែ​សម្តេច​ក្រុមព្រះ​លោក​មាន​ព្រះបន្ទូល​ប្រាប់​យើង​ខ្ញុំ​ថា​សម្តេច​ឪ​ព្រះបិតា​របស់​លោក​បាន​ប្រទាន​នូវ​ឱវាទ​ថា​តើ​កូន​តស៊ូ​នេះ​ដើម្បី​អ្វី? គឺ​ដើម្បី​រក​សន្តិភាព​ហើយ​នឹង​ការ​បង្រួបបង្រួម​ផ្សះផ្សារ​ជាតិជូន​ប្រជារាស្ត្រ​ខ្មែរ ជូន​ជាតិ​បើកូន​មិន​ចែក​រំលែក​អំណាច​ទេ​កូន​អាច​ធ្វើ​នាយករដ្ឋមន្ត្រី​នៅតែ​តំបន់​រំដោះ​ទេ»។

រដ្ឋាភិបាល​ថ្មី​បាន​ស្តារ​ឡើងវិញ​នូវ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​បន្ទាប់​ពី​ត្រូវបាន​រំលាយ​ក្រោយ​រដ្ឋប្រហារ​ដោយ​លោក​សេនាប្រមុខ​លន់ នល់​ក្នុង​ខែមីនា​ឆ្នាំ​១៩៧០​និង​ប្រែក្លាយ​កម្ពុជា​ជា​របប​សាធារណរដ្ឋ។

លោក ចាប ញ៉ាលីវុធ​ ​បាន​សរសើរ​ថា​នេះ​គឺជា​ការចូលរួម​ចំណែក​មួយ​ដ៏ធំ​របស់​សម្តេច​ក្រុមព្រះ៖ «នៅក្នុង​ពិភពលោក​ពី​ដើមមក​ខ្ញុំ​មិនដែល​ឃើញ​ថា​ប្រទេស​ណាមួយ​ដែល​ពីដើម​មាន​ស្តេច​ហើយ​ដល់​ពេល​ធ្លាក់​ម្តងហើយ​រួច​ហើយ​បាន​ឡើង​មកវិញ​ដូច​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង​ទេ»។

លោក ចាប ញ៉ាលីវុធ​ ក៏​បាន​រៀបរាប់​បន្ថែម​ថា​សម្តេច​ក្រុមព្រះក៏​ផ្តោត​ព្រះទ័យ​ខ្លាំង​លើវិស័យ​អប់រំ​វិស័យ​សុខាភិបាល​ និង​អភិវឌ្ឍន៍​ជនបទ។ បន្ថែម​មួយ​ទៀត​គឺ​ការ​លើក​កម្ពស់​ស្ត្រី។ ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​មួយនោះបាន​បង្កើត​ក្រសួង​កិច្ចការ​នារី​និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

ចុចស្តាប់បទ​សម្ភាសន៍​ទាំង​ស្រុង​ជាមួយ​លោក ចាប ញ៉ាលីវុធ៖

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក ​ចាប ញ៉ាលីវុធ​ រំឭក​ពី​ស្នាព្រះហស្ថ​និង​ការ​ដឹកនាំ​ប្រកប​ដោយ​មេត្តា​ករុណា​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ​

ទោះជា​ពេលនេះ​ស្ថិតនៅ​ក្នុង​គណបក្ស​នយោបាយ​ផ្សេង​តែអ្នកស្រី​ មូរ សុខហួរ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ដែល​ជាកូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ពេលនោះបាន​រំឭក​អំពី​ការ​ដឹកនាំ​របស់​សម្តេច​ក្រុមព្រះ​ថា៖ «រឿង​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិស្ត្រី​តម្លៃ​ស្ត្រី​និង​កិត្តិយស​ស្ត្រី​គឺ​យើង​នៅ​ក្នុង​ក្រសួង​តែង​តែ​មាន​ការ​លើក​សរសើរ​និង​មាន​តែការ​ជំរុញ​ឲ្យ​យើង​ធ្វើ​កិច្ចការ​ហ្នឹង។ ព្រះទ័យ​របស់​ព្រះអង្គ​គឺ​ជាអ្នក​ប្រជាធិបតេយ្យ។ ជារួម​លោក​ជា​អ្នកប្រជាធិបតេយ្យ​ដូច្នេះ​រឿង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​និង​សិទ្ធិ​កុមារ​លោក​មាន​ទឹកព្រះទ័យ​ទូលំ​ទូលាយ​ណាស់»។

សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ ត្រូវ​បាន​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​រដ្ឋប្រហារ​នៅ​ខែកក្កដា​ឆ្នាំ​១៩៩៧។ ការវាយ​ប្រយុទ្ធ​គ្នាដ៏ខ្លី​ប៉ុន្តែ​យ៉ាងប្រល័យ​មួយរវាង​កងទ័ព​ដែល​ឈរ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ទី២​បានកើត​មាន​ឡើង​និង​បាន​បង្ខំ​ឱ្យ​ព្រះអង្គ​និរទេស​ព្រះកាយ​ទៅ​ក្រៅប្រទេស។ នៅ​ខែ​បន្ទាប់ ​ព្រះអង្គ​ត្រូវ​បាន​ទម្លាក់ចេញ​ពីតំណែង​ជា​នាយករដ្ឋមន្ត្រី​ទី១។

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន ដែល​ជា​សហ​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មិន​គ្រោង​ទុក​មួយ​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ១៩៩៧ ដើម្បី​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ប៉ុល ពត។ (AFP)

សម្តេច​ក្រុមព្រះ​បាន​យាង​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​ខែមីនា​ឆ្នាំ១៩៩៨​ហើយ​បាន​ដឹកនាំ​គណបក្ស​ចូលរួម​ក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ១៩៩៨។ នៅ​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ បាន​ក្លាយជា​ប្រធាន​រដ្ឋសភា​នៅ​ខែវិច្ឆិកា ឆ្នាំ ១៩៩៨។

លោក ចាប ញ៉ាលីវុធ ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​សម្តេច​ក្រុមព្រះ​នៅ​ពេល​ដែល​លោក​បាន​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋសភា​ជាតិ​លោក​តែងតែ​មាន​ព្រះ​បន្ទូល​ប្រាប់​យើងខ្ញុំ​ថា​តំណាងរាស្ត្រ​ទាំងអស់​ជា​តំណាង​របស់​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា​ដូច្នេះ​អស់លោក​ឯកឧត្តម​ទាំងអស់​ជា​អ្នក​តំណាងរាស្ត្រ​គឺ​ត្រូវ​បម្រើ​រាស្ត្រ​ត្រូវ​យល់​អំពី​រាស្ត្រ​ដូច្នេះ​នៅពេល​មាន​កិច្ចការ​អ្វី​ត្រូវ​យក​មកបកស្រាយ​នៅ​ក្នុង​អង្គ​ប្រជុំ​នៃ​រដ្ឋសភា​ជាតិ។ លោក​បាន​ប្រទាន​សិទ្ធិ​ទាំងអស់​គណបក្ស​ណា​ក៏​មាន​សិទ្ធិ​ឡើង​អត្ថាធិប្បាយ​ផ្តល់​នូវ​យោបល់​ ផ្តល់​នូវ​ព័ត៌មាន។ លោក​អត់មាន​បាន​ហាមឃាត់​អ្នកណា​ម្នាក់»។​

នៅ​ខែមីនា ឆ្នាំ​២០០៦ ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ បានលាលែង​ពី​តំណែង​ជា​ប្រធាន​រដ្ឋសភា​ហើយ​នៅខែតុលា ឆ្នាំ២០០៦​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ជាព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដោយសារ​បក្ស​ប្រហារ​មួយ។ នៅខែ​បន្ទាប់​ព្រះអង្គ​បានបង្កើត​គណបក្ស​នរោត្តម រណឫទ្ធិ (NRP)។ ការ​ចោទប្រកាន់​និង​ការផ្ដន្ទាទោស​ពី​បទកេងបន្លំ​ប្រាក់​ដែល​មាន​លក្ខណៈ​នយោបាយ​បានធ្វើ​ឲ្យ​ព្រះអង្គ​ត្រូវ​និរទេស​ព្រះកាយ​ម្ដង​ទៀត។ ប៉ុន្តែ​ព្រះអង្គ​បានត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​ត្រូវ​បាន​លើកលែង​ទោស​នៅ​ខែកញ្ញា​ឆ្នាំ២០០៨​ ហើយ​បាន​ចូលនិវត្តន៍​ពីនយោបាយ។ ចន្លោះ​ឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ​ព្រះអង្គ​បាន​ព្យាយាម​បញ្ចូល​គណបក្ស ​នរោត្តម រណឫទ្ធិ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និងបានយាង​ត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាថ្មី​ក្នុង​ខែមករា​ឆ្នាំ២០១៥។

រូប​ឯកសារ៖ អ្នក​គាំទ្រ​ម្នាក់​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ របស់​សម្តេច​ក្រុម​ព្រះ ពរ​កូន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០០៧។ (Reuters)

លោក ចាប ញ៉ាលីវុធ​ បាន​ថ្លែង​ពី​ទឹកព្រះទ័យ​របស់​សម្តេច​ក្រុមព្រះ​ក្នុង​ការយោគយល់​និង​អនុគ្រោះ​ដល់​អ្នកដែល​តាម​ដង្ហែ​ព្រះអង្គ​ថា៖ «យើង​កាន់​លទ្ធិ​សេរី​មិន​កាន់​លទ្ធិ​ផ្តាច់ការ។ ដូច្នេះ​តែងតែ​មាន​យោបល់​ខុសគ្នា​ហើយ​ព្រះអង្គ​លោក​មិនដែល​បន្ទោស​អ្នកណា​ថា​ចេញ​ពី​បក្ស​នេះ​ទៅ​បក្ស​នោះ នោះ​ទេ ស្រេច​តែ​អស់​លោក​ជាសិទ្ធិ​របស់​អស់​លោក​ទៅបក្ស​ណា​អញ្ជើញ​ទៅ​ចុះ​លោក​អត់​ជំទាស់​អ្វី​ទេ​លោក​ប្រទាន។ អ្នកខ្លះ​ចេញទៅហើយ​សុំ​ចូល​មកវិញ​ក៏​លោក​ប្រទាន​ឲ្យ​ទៀត។ លោក​ជា​ស្តេច​មាន​មេត្តា​ករុណា​ធម៌​គឺ​កូនចៅ​នៅតែ​កូនចៅ»។​

បើ​ទោះបី​ជា​ឆាក​ជីវិត​នយោបាយ​របស់​សម្តេច​ក្រុមព្រះ​មាន​ការឡើងចុះ​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​ក្នុង​សៀវភៅ​ដែលនិពន្ធដោយ​លោក Harish C. Mehta ដែល​មាន​ចំណង​ជើងថា​«Warrior Prince: Norodom Ranariddh, Son of King Sihanouk of Cambodia» (ព្រះអង្គម្ចាស់​អ្នកប្រយុទ្ធ៖​នរោត្តម រណឫទ្ធិ​ព្រះរាជបុត្រា​ព្រះបាទ​សីហនុ​នៃ​កម្ពុជា)​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០០១​អ្នកនិពន្ធ​បាន​ចាត់ទុក​ថា​ព្រះ​អង្គ​គឺ​ជា​បុត្រ​ដែល​មាន​ជោគជ័យ​បំផុត​របស់​ព្រះបាទ​នរោត្តម​សីហនុ។

រូប​ឯកសារ៖ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក្រោយ​យាង​ចូលរួម​សមាជ​មួយ​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥។ (AP)

ការ​យាង​សោយទិវង្គត​នៃ​ព្រះអង្គម្ចាស់​អ្នកប្រយុទ្ធ៖

ការ​យាងសោយ​ទិវង្គត​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​ដោយ​ព្រះរោគា​បាន​នាំ​ឲ្យ​មាន​ការនឹក​ស្រណោះ​ពីមជ្ឈដ្ឋាន​ជាច្រើន។

លោក ​កែវ រ៉េមី​ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រចាំ​មណ្ឌល​ភ្នំពេញបាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​មេដឹកនាំ​នៃ​គណបក្ស​ដែល​បាន​ផ្តល់​កំណើត​នយោបាយ​ដល់​លោក។

លោក​កែវ រ៉េមី​បាន​រំឭក​ពី​សម្តេច​ក្រុមព្រះ​ប្រាប់​វីអូអេ​ថា៖​ «សណ្តានចិត្ត​លោក លោក​មាន​លក្ខណៈ​ទន់ភ្លន់​ល្អ​ក៏​ប៉ុន្តែគ្រាន់តែ​ថា​យើង​មាន​ទស្សនៈ​ខុសគ្នា​នៅ​ក្នុង​ការធ្វើ​នយោបាយ​អីចឹង​ខ្ញុំ​អត់​ចង់​ឈ្លោះ​ជាមួយ​នឹង​លោក​ច្រើន​ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​គណបក្ស​ដើម។ គណបក្ស​ដែល​មាន​ឫសគល់​មាន​អនុស្សាវរីយ៍​ផង​មានភាព​ជូរចត់​ជាមួយ​លោក​ផង»។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល

លោក​ កែវ រ៉េមី​ បាន​សម្តែង​ក្តី​គោរព​ដឹងគុណ​ព្រះអង្គ​ដោយ​លោក​បាន​ជួយ​ជ្រោម​ជ្រែងឲ្យ​សម្តេច​ក្រុមព្រះបានវិល​ត្រឡប់​ពី​ការនិរទេស​ព្រះកាយចូលមក​បោះឆ្នោត​ឆ្នាំ​១៩៩៨​ដោយ​ខិតខំ​ធ្វើការងារ​ការទូត​នៅ​ក្រៅ​ប្រទេស​ជាពិសេស​នៅ​អង្គការ​សហប្រជាជាតិ​និង​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។​ក្រោយមកបើទោះបីជា​លោក​បាន​ចាកចេញ​ពី​បក្ស​ហើយ​ក៏​ដោយ​ក៏​លោក​នៅ​បន្ត​ជួយ​ពីក្រោយ​ឆាក​នៅ​ពេល​ដែល​សម្តេច​ក្រុមព្រះ​បាន​និរទេស​ព្រះកាយ​ជាលើក​ទី២​ដោយ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បី​ឲ្យ​ព្រះអង្គ​បានយាង​ត្រឡប់​ចូល​ប្រទេស​វិញ។

លោក ​កែវ រ៉េមី​ បាន​បន្ថែម​ដោយ​អួល​ដើម​ក​ថា៖​ «អ្វី​ក៏ដោយ​គ្រាន់តែ​ជា​ការគោរព​ជូនពរ​សម្តែង​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ។​សូម​ឲ្យ​ព្រះអង្គ​ទៅ​កាន់​ព្រះ​បរមសុខ​ហើយ​អ្វី​ក៏ដោយ​គឺ​ទូលព្រះ​បង្គំ​បាន​សងគុណ​ព្រះអង្គ​ដោយ​ទឹកចិត្ត​ស្មោះស​មិន​ដែល​មាន​ទឹកចិត្ត​ស្អប់​ខ្ពើម​ទោះ​បី​ជា​យើង​មាន​ទស្សនៈ​ផ្ទុយគ្នា​យ៉ាង​ណាក៏ដោយ»។

បច្ចុប្បន្ន​លោក ​កែវ រ៉េមី​ ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​និង​ជាមន្ត្រីនៃ​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​ទោះបីជា​មាន​ការ​ខ្វែង​ទស្សនៈគ្នា​និង​គោលនយោបាយ​និង​បាន​ប្រកួតប្រជែង​គ្នា​បង្ហូរ​ឈាម​ក៏​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​សារ​ប្រកប​ដោយ​ការគោរព​ចំពោះ​ព្រះសព​របស់​សម្តេច​ក្រុមព្រះ​ដែរ។

នៅក្នុង​សារ​ចូលរួម​រំលែក​ទុក​លោក ​ហ៊ុន សែន​ បាន​សរសេរ​ថា៖​«ការបាត់បង់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​គឺជា​ការបាត់បង់​ព្រះរាជ​ឥស្សរជន​ក្នុង​ព្រះរាជវង្ស​ដ៏​ល្អ​ឆ្នើម​មួយ​ព្រះអង្គ​ដែល​ទ្រង់​ពេញ​ព្រះហឫទ័យ​ស្នេហា​ជាតិ​ សាសនា​ព្រះមហាក្សត្រ​ប្រកប​ដោយ​ព្រះឆន្ទៈ​មនសិការ​មោះមុត​និង​វាងវៃ​ជាអតិបរមា»។

ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ដែល​មាន​ដូចជា​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​ស្ថានទូត​ជប៉ុន​បាន​រំឭក​ដល់​ស្នា​ព្រះហស្ថ​របស់​ព្រះ​អង្គ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ក្រោយ​ភាគី​ខ្មែរ​បាន​បញ្ចប់​សង្គ្រាម​ហែកហួរ​គ្នា។

រូបឯកសារ៖ ក្បួន​ដង្ហែ​ឃោស​នារកសំឡេងឆ្នោត​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ សម្រាកក្រោយអាហារ​ថ្ងៃ​ត្រង់​ នៅ​លើ​មហា​វិថី​តេជោ​ហ៊ុន​សែន ឬផ្លូវ​៦០​ ម៉ែត្រ​ មុននឹង​បន្តដង្ហែ​ក្បួនរថយន្តនាពេល​រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/វីអូអេ)

អនាគត​គណបក្ស​ហ៊្វុនស៊ិនប៉ិច៖

សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​បាន​បន្សល់​ទុក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ដែល​ធ្លាប់​តែ​ខ្លាំង​មក​ដល់​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​និង​បច្ចុប្បន្ន​ក៏​កំពុង​តែ​មាន​ទំនាស់​ផ្ទៃក្នុង​លើ​ការសម្រេចចិត្ត​អំពីថ្នាក់​ដឹកនាំ​និង​បន្ទាត់​នយោបាយ​ក្នុង​ពេល​ខាង​មុខ។

អតីត​មន្ត្រី​បក្ស​គឺ​អ្នកស្រី​មូរ សុខហួរ​យល់​ថា​សម្តេច​ក្រុមព្រះ​មិន​បាន​ប្រើប្រាស់​អំណាច​និង​ឥទ្ធិពល​របស់​គណបក្ស​ឲ្យ​បាន​ល្អ​ដើម្បី​យក​ប្រៀប​លើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទេ។ ដូច្នេះ​ហើយ​បាន​ជា​អ្នកស្រី​លាឈប់​ពី​គណបក្សក្នុង​ឆ្នាំ​២០០៤។

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ

អ្នកស្រី​មូរ សុខហួរ​បាន​បន្ថែម​ទៀតថា៖ «អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដោយសារ​ខ្ញុំ​មើល​ឃើញ​ថា​ចុងក្រោយ​នេះ​នៅ​ពេល​ដែល​មាន​ការប្រឈម​មុខ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​និង​អំណាច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ការ​ឈ្វេង​យល់​របស់​ព្រះអង្គ​នៅ​តែ​មិន​សូវ​ច្បាស់​លាស់​មិនសូវ​ការពារ​គោលការណ៍​ប្រជាធិបតេយ្យ»។

បច្ចុប្បន្ន​អ្នកស្រី​មូរ សុខហួរ​បាន​ចូលរួម​នយោបាយ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ។

លោក ​ចាប ញ៉ាលីវុធ ​អនុប្រធាន​គណបក្ស​បាន​សម្តែង​សុទ្ទិដ្ឋិនិយម​ថា​គណបក្ស​រាជា​និយម​មួយ​នេះ​នឹង​មិន​បាត់បង់​ចេញ​ពី​ឆាក​នយោបាយ​ឡើយ។ លោក​មាន​ជំនឿ​លើ​ស្មារតី​ស្រឡាញ់​របប​រាជានិយម​របស់​ពលរដ្ឋ​កម្ពុជា។

លោក ​ចាប ញ៉ាលីវុធ​ បាន​ថ្លែងរំឭក​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ក្រុមព្រះ​ថា៖​ «លោក​មាន​ព្រះ​បន្ទូល​ថា​បើ​សិន​ជា​អត់​លោក​គឺ​បងប្អូន​ត្រូវ​ធ្វើ​ម៉េច​រក្សា​ការពារ​គណបក្ស​រាជា​និយម​មួយ​ដែល​ជា​គណបក្ស​រាជានិយម​ដឹកនាំ​ជា​ឧទាហរណ៍​រណសិរ្ស​បង្កើត​ឡើង​ដោយ​សម្តេចឪ​យើង​ហើយ​បន្ត​មក​ទៀត​ព្រះអង្គ​លោក​ស្នង។​ ដូច្នេះ​ខ្ញុំ​ជឿ​ថា​គណបក្ស​យើង​មិន​រលត់​រលំ​មិន​សូន្យ​មិន​អត់​ឈ្មោះ​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ទេ»៕