លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅថ្ងៃពុធនេះបានប្រកាស«កុំឲ្យយកការសន្និដ្ឋានឆាប់ពេក»លើដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះ។
លោកហ៊ុន សែនមេដឹកនាំកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២នេះកំពុងបង្ហាញការព្យាយាមសម្រួលស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាដែលលោកMin Aung Hlaingមេដឹកនាំយោធាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំប្រជាធិបតេយ្យកាលពីដើមខែកុម្ភៈឆ្នាំ២០២១។
នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាករដណ្តើមបានមេដាយមាសពិភពលោកលោកហ៊ុន សែនថ្លែងថាសូមកុំទុកចិត្តពេកលើប្រធានអាស៊ាន ប៉ុន្តែក៏កុំទាន់អាលបន្ទោសដែរ។លោកបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកនឹងមិនមានការពិភាក្សាអ្វីឃ្លាតឆ្ងាយពីកុងសង់ស៊ីស៥ចំណុចដែលប្រទេសសមាជិកអាស៊ានទាំង១០បានឯកភាពកាលពីខែមេសាឆ្នាំ២០២១និងធម្មនុញ្ញអាស៊ានឡើយ។ លោកបន្ថែមថាប្រជាពលរដ្ឋមីយ៉ាន់ម៉ានឹងទទួលបានផលប្រយោជន៍ពីការខិតខំរបស់រដ្ឋជាសមាជិកអាស៊ាននៅពេលប្រទេសវិលត្រឡប់ទៅកាន់ដំណើរការប្រជាធិបតេយ្យឡើងវិញ។
លោកហ៊ុន សែនថ្លែងថា៖«អ៊ីចឹងទេបងប្អូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ាតើអ្នកចង់ឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពិតប្រាកដឬក៏ចង់ដោះស្រាយ?ការដោះស្រាយនេះគឺតួនាទីត្រូវបានផ្តល់មកឲ្យបណ្តាប្រទេសអាស៊ានហើយអាស៊ានបានឯកភាពគ្នារាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯងគឺបានព្រមព្រៀងលើអាកុងសង់ស៊ីស៥ចំណុចហ្នឹងហើយតែមិនទាន់បានអនុវត្ត»។
លោកបន្ថែមថា៖ «អ៊ីចឹងទេការដែលខ្ញុំទៅនេះគោលបំណងខ្ញុំគ្មានផលប្រយោជន៍អីទេ។ប្រទេសកម្ពុជាតូចជាងមីយ៉ាន់ម៉ាច្រើនដងហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង។តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ»។
លោកហ៊ុន សែនឲ្យដឹងទៀតថា សភាពការណ៍នៅមីយ៉ាន់ម៉ា«វាមិនសាមញ្ញ»ដូច្នេះវាត្រូវប្រើ«វិធានការមិនសាមញ្ញ»ដែរ។ទោះជាយ៉ាងណាលោកនាយករដ្ឋមន្រ្តីមិនបានពន្យល់បន្ថែមឡើយ។
នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីថ្ងៃអង្គារ លោកJoko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីឲ្យដឹងនៅលើទំព័រTwitterរបស់លោកថា លោកបានលើកឡើងជាថ្មីនិងច្បាស់លាស់អំពីជំហររបស់ឥណ្ឌូណេស៊ីទៅលើចំណុចកុងសង់ស៊ីសចំនួន៥ដើម្បីនាំមកនូវប្រជាធិបតេយ្យដល់ប្រទេសមីយ៉ាន់ម៉ាតាមរយៈការពិភាក្សាដែលមានការចូលរួមពីគ្រប់ភាគី។
កាលពីខែតុលាឆ្នាំ២០២១ មេដឹកនាំអាស៊ានបានសម្រេចមិនឲ្យមេដឹកនាំយោធាភូមាចូលរួមក្នុងជំនួបកំពូលឡើយដែលនាំឲ្យមានភាពចម្រូងចម្រាស។ លោកហ៊ុន សែនបានបង្ហាញបំណងរបស់លោកចង់ឲ្យអាស៊ានត្រឡប់ទៅកិច្ចប្រជុំដែលមាន១០ប្រទេសវិញ។
គួរបញ្ជាក់ថា កាលពីខែមេសាមេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាភូមាផងដែរបានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ហើយគ្រប់ភាគីត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ទី៥ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕