កីឡា​អូឡាំពិក​ក្រុងតូក្យូ​ដែល​ត្រូវ​ចំណាយ​ច្រើន ជំរុញ​ការទាមទារ​កាន់តែ​ខ្លាំង​ឲ្យ​មាន​កំណែទម្រង់​ព្រឹត្តិការណ៍​នេះ

រូបឯកសារ៖ មនុស្សម្នា ដើរក្បែរ​កងរង្វង់​អូឡាំពិក​ដ៏​ធំ​នៅ​ក្នុង​ទីក្រុងតូក្យូ​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

នៅ​ពេល​ក្រុង​តូក្យូ​ ទទួលបាន​សិទ្ធិធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០ ក្រុម​អ្នក​រៀបចំ​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ព្រឹត្តិការណ៍​នេះ​ នឹង​ជួយ​ផ្សព្វផ្សាយ​ទៅ​កាន់​សាធារណជន​ទូទៅ ដោយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា ជប៉ុន​បាន​ជម្នះស្ថានភាព​ឱនភាពសេដ្ឋកិច្ច​រយៈពេល​វែង ហើយនឹងភាព​អាម៉ាស់​បង្ក​ឡើង​ដោយ​គ្រោះមហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ Fukushima។

ប៉ុន្តែ​អ្វីៗ​មិន​បាន​ដើរ​ដោយ​រលូន​ដូច​ការ​គ្រោង​ទុក​នោះ​ទេ ហើយ​នេះ​មិនមែន​ត្រឹម​តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ប៉ុណ្ណោះ​ទេ​ ដែល​បាន​បង្ខំ​ឲ្យ​មាន​ការ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រយៈ​ពេល​មួយ​ឆ្នាំ។

ទីមួយ ​គឺសំណើ​សាងសង់កីឡាដ្ឋាន​អូឡាំពិក​ចម្បង​នៅ​រាជធានី​តូក្យូ​ត្រូវ​ចំណាយយ៉ាង​សន្ធឹកសន្ធាប់ ដែល​គម្រោងសាង់សង់​នេះ​ ត្រូវ​បាន​បោះបង់​ចោលក្រោយ​ពីរង​ការចម្អក​ជា​ទូទៅ​ថា​ កីឡាដ្ឋាន​មាន​រូបរាងស្រដៀង​នឹង​មួក​សម្រាប់អ្នក​ជិះកង់​ដែល​មាន​ទំហំ​ធំ​ជ្រុល និង​ដូច​ជា​យាន​អវកាស​ឆ្លង​កាឡាក់ស៊ី​មួយ​ ឬ​ដូច​ជា«អណ្តើក​ដែលរង់ចាំ​ជប៉ុន​លិចលង់ ដើម្បី​អាច​ហែលចេញ​រួច»។

ទីពីរ​ គឺ​និមិត្តសញ្ញ​តំណាង​ ឬឡូហ្គោ​ដើម​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​ដែល​ត្រូវ​បាន​លុប​ចោល បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា លួច​ចម្លង​និមិត្តសញ្ញាមហោស្រព​មួយ​នៅ​ប្រទេស​ប៊ែលហ្ស៊ិក។ ​

លើស​ពីនេះ​ទៀត កាលពីថ្ងៃសុក្រទី១២ ខែកុម្ភៈ កន្លងទៅនេះ​ ប្រធាន​គណៈកម្មាធិការរៀបចំ​កីឡាអូឡាំពិក​តូក្យូ លោក Yoshiro Mori បានលាលែង​ពី​តំណែង​ បន្ទាប់​ពី​មាន​ការ​ខឹង​សម្បារ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ដែល​ថា ក្រុម​ស្រ្តី​និយាយ​ច្រើន​អំឡុង​ពេល​កិច្ចប្រជុំនានា​របស់​ក្រុមប្រឹក្សា។

លោក Yoshiro Mori ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ឆ្នាំ២០២០ បានលាលែងពីតំណែងនេះ កាលពីថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

ហើយ​ពិតណាស់ កត្តា​មួយ​ទៀត​ដែលធ្វើ​ឱ្យ​ចំណាយ​ច្រើន​នោះ​ គឺ​ការ​ពន្យារ​ពេល​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​ក្រុម​អ្នក​រៀបចំ​និយាយ​ថា នឹង​នាំ​ឲ្យ​មាន​ការខាតបង់​ជិត​បី​ពាន់លាន​ដុល្លារ។

យោងទៅ​តាម​ការ​ប៉ាន់ប្រមាណ​មួយ​ចំនួន ជប៉ុន​នឹង​ត្រូវ​ចំណាយ​រហូត​ដល់ ៣៥.០០០លាន​ដុល្លារ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាអូឡាំពិក ដោយ​មាន​លើសកំណត់ត្រា​កញ្ចប់​ថវិកា​ដើមដែល​មាន​តម្លៃ​ត្រឹម​ ៧.៥០០​លាន​ដុល្លារ។ ក្រុម​អ្នក​រៀបចំ​បាន​ប្រកែក​នឹង​តួលេខ​ចំណាយ​ដ៏ធំ​ជាងមុន​នេះ ដោយ​និយាយ​ថា ការ​ចំណាយ​មួយ​ចំនួន​ក្នុង​នោះ​ គឺ​សម្រាប់​គម្រោង​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធដោយ​ផ្ទាល់​នឹង​កីឡា​អូឡាំពិក​នោះ​ទេ។ ​

មនុស្ស​មួយ​ចំនួន​នៅ​ជប៉ុន ​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​រឿង​នេះ។ យោង​ទៅ​តាម​ការ​ស្ទង់មតិ​មួយ​ចំនួន ពលរដ្ឋ​ជប៉ុន​ភាគច្រើន ឥឡូវ​នេះ ចង់​ឲ្យ​មាន​ការ​លុបចោល ឬ​ពន្យារ​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ ដោយ​មួយ​ចំនួន​ភ័យខ្លាច​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែលអាច​កើត​ចេញពី​ព្រឹត្តិការណ៍​[អន្តរជាតិ​មួយ]​នេះ។

លោក Victor Matheson អ្នក​សេដ្ឋកិច្ច​ខាង​កីឡា​ដែល​ផ្តោត​លើ​កីឡា​អូឡាំពិក​ បាន​និយាយ​ថា៖ «[ព្រឹត្តិការណ៍​អូឡាំពិក​នេះ] មាន​បញ្ហា​ធ្ងន់ធ្ងរតាំង​ពី​ដំបូងរួច​ទៅ​ហើយ គឺ​តាំង​ពី​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ម៉្លេះ»។

ស្ថានភាពបញ្ហា​ច្រើន​ក្នុង​ការ​រៀបចំ​កីឡា​អូឡាំពិក​នៅ​តូក្យូ​នេះ​ បាន​ជំរុញ​កាន់​តែ​ខ្លាំង​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​ពី​បែបផែន​ដែល​ទីក្រុងនានាធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក។ មនុស្សជា​ច្រើនឥឡូវ​នេះ​យល់​ឃើញ​ថា កីឡា​អូឡាំពិក​ជា​អន្ទាក់​បំណុល​មួយ​សម្រាប់​ទី​ក្រុង​ជា​ម្ចាស់​ផ្ទះ ដោយ​បន្សល់​ទុក​នូវ​កីឡាដ្ឋាន និង​អគារ​ផ្សេងៗ​ ដែល​ជា​រឿយៗ​នៅ​ទទេ​ស្អាត ឬ​មិន​ត្រូវ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ពេល​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​បាន​បញ្ចប់។

លោក Matheson ដែល​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​ Holy Cross ក្នុង​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា៖ «[ក្រុងតូក្យូ] គឺ​ពិត​ណាស់ជា​ឧទាហរណ៍​មួយ​ទៀត​ដែលបង្ហាញ​ពី​បរាជ័យនៃ​របៀប​ដែល​កីឡាអូឡាំពិក​ត្រូវ​គេរៀបចំ​ឡើង​ក្នុង​ពេល​កន្លង​មក។ ប៉ុន្តែ​ការ​ខាតបង់​នៅ​ជប៉ុន​នេះធ្ងន់ធ្ងរ​ណាស់ គឺ​ដូច​បាន​ជីក​កប់​ខ្លួន​ឯងយ៉ាង​ល្អ​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​អញ្ចឹង»។

កីឡា​អូឡាំពិក​តែង​ចាយ​លើស​ពី​កញ្ចប់​ថវិកា

យោង​ទៅ​តាម​ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​របស់សាកលវិទ្យាល័យ​ Oxford នៅ​ចក្រភព​អង់គ្លេស កីឡា​អូឡាំពិក​ក្រុង​តូក្យូ ​គឺ​ជា​ព្រឹត្តិការណ៍​កីឡា​រដូវក្តៅ​ដែល​ត្រូវ​ចំណាយ​ច្រើន​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន។

​ប៉ុន្តែ​សូម្បី​តែ​នៅ​ពេល​ប្រទេស​ម្ចាស់ផ្ទះ​មិនប្រឈម​នឹង​បញ្ហា​ការ​ត្រូវរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ក្នុង​អំឡុង​ពេល​មានការ​រាតត្បាត​ជំងឺ​ជា​សាកល​នោះ​ ក៏​ការ​ចំណាយ​នៅ​តែកើន​ឡើង​យ៉ាងខ្លាំង​ហួសហេតុដែរ។ ​

ការ​សិក្សា​ដោយ​សាកលវិទ្យាល័យ Oxford នេះ​រក​ឃើញ​ថា រាល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទាំង​អស់​ចាប់​តាំង​ពី​ឆ្នាំ ១៩៦០​មក សុទ្ធ​តែបាន​ចាយលើស​ពី​ថវិកា​កំណត់ ជា​មធ្យម​ចំនួន ១៧២​ភាគរយ។

ឧទារណ៍​មាន​ដូចជា៖

  • នៅឆ្នាំ ១៩៧៦ ទីក្រុង Montreal ប្រទេស​កាណាដា បាន​ចំណាយ​លើស​ថវិកា​ដើម​របស់​ខ្លួន​ចំនួន ៧២០​ភាគរយ និង​បាន​ចំណាយ​ពេល​បី​ទសវត្សរ៍ក្រោយ​មក​ដើម្បី​សងការ​ចំណាយ​ទាំង​អស់​នោះ​រួច។ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​ដោយសាកលវិទ្យាល័យ Oxford។
  • ​ កីឡា​អូឡាំពិក​រដូវក្តៅ​ក្រុង​អាថែន​ ប្រទេស​ក្រិក ​នៅ​ឆ្នាំ ២០០៤ កើន​លើស​ថវិកា​ដើម​ទ្វេ​ដង ហើយ​ត្រូវ​បាន​លើកឡើង​ជា​ញឹកញយ​ថា​ រួមចំណែក ឬ​យ៉ាង​ហោច​ណាស់រួម​ចំណែក​ដោយ​ផ្នែក ដល់វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ក្រិក។ ​
  • កីឡា​អូឡាំពិក​នៅ​ក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល ឆ្នាំ​២០១៦ ប្រព្រឹត្ត​ឡើង​អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​រហូត​អភិបាល​ក្រុង Rio ត្រូវប្រកាស​ស្ថានភាព​អាសន្ន​ដើម្បី​សុំហិរញ្ញប្បទាន​គ្រប់គ្រាន់សម្រាប់​ព្រឹត្តិការណ៍​នេះ។

ប្រទេសតិច​ជាង​មុន​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ

រឿងរ៉ាវ​ផ្សេងៗ​ដូចខាង​លើនេះ​ ជួយ​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ចំនួន​ប្រទេស​ដែល​ដេញ​ថ្លៃ​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក។ ​

ចំនួន​ធ្លាក់​ចុះ​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល៖ ខណៈ​កីឡា​អូឡាំពិក​ឆ្នាំ ២០០៤ បាន​ទាក់ទាញ​ប្រទេស​ដេញ​ថ្លៃ​ចំនួន​ ១១ ចំនួន​នេះ​ បាន​ថយចុះ​មក​ត្រឹម​ ៥ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ ២០២០។ សម្រាប់​កីឡា​អូឡាំពិក​ឆ្នាំ ២០២៦ មាន​តែ​ប្រទេស​ដេញ​ថ្លៃ​ចំនួន​ពីរ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​បាន​ដកខ្លួន​ចេញ​ពី​ការ​ដេញ​ថ្លៃ។

ការ​ថយចុះ​នៃ​ចំនួន​ប្រទេស​ដេញថ្លៃ​គឺ​មាន​ភាព​ធ្ងន់ធ្ងរខ្លាំង រហូត​ដល់​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​ (IOC) ត្រូវប្រកាស​ពី​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​ប្រចាំ​ឆ្នាំ ២០២៤ និង​២០២៨ ក្នុងពេលជាមួយ​គ្នា។

លោក Matheson និយាយ​ថា៖ «ពួកគេមាន​ការ​ព្រួយបារម្ភ​ដោយ​សមហេតុផល​ ខ្លាច​ថា មិន​មាន​ប្រទេស​ណានឹង​ដេញ​ថ្លៃ​សម្រាប់​កីឡាអូឡាំពិក​ឆ្នាំ ២០២៨​នោះ​ទេ»។

វិបត្តិ​បំណុល​ដោយសារ​ជំងឺ​កូវី១៩

វិបត្តិ​ពាក់ព័ន្ធ​នឹង​ការ​ដេញថ្លៃ​នេះ​ ប្រហែល​នឹង​មិន​សាប​រលត់​នា​ពេល​ឆាប់ៗនេះ​នោះ​ទេ ជាពិសេស​នៅ​ពេល​រដ្ឋាភិបាលតាម​បណ្តា​ប្រទេស​នានា​ត្រូវ​ដោះស្រាយ​បញ្ហាបំណុល​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជំងឺកូវីដ១៩ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

វិបត្តិ​បំណុល​ពិភពលោក ​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន ខណៈ​រដ្ឋាភិបាល​ព្យាយាម​ពង្រីកការ​ចំណាយ​ជំរុញ​សេដ្ឋកិច្ច​ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ដោយ​សារ​ការ​រាតត្បាត​ជំងឺ។ យោង​ទៅ​តាម​ការ​ប៉ាន់​ប្រមាណ​មួយ​ដោយ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ បំណុល​ពិភពលោក ​បាន​កើន​ឡើង​ជាង ១៧​លាន​លាន​ដុល្លារ​ មក​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មានចំនួន ២៧៥​ លាន​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​សិក្សា​របស់​សាកលវិទ្យាល័យ Oxford បាន​កត់សម្គាល់​ថា ​នៅ​ពេល​ការ​ចំណាយ​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូវីដ១៩បាន​ថមថយ រដ្ឋាភិបាល​ប្រហែល​មាន​ភាព​សន្សំសំចៃ​ជាង​មុន។

របាយការណ៍​បាន​សន្និដ្ឋាន​ថា៖ «សម័យកាល​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ចំណង់​ និង​លទ្ធភាព​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ជាប់​បំណុល​បន្ថែម ឬ​បង់ថ្លៃ​សម្រាប់​ហិរញ្ញប្បទាន​កីឡា​អូឡាំពិក​ នឹង​ទំនង​មិន​មាន​ច្រើន​នោះ​ទេ ហើយ​សម្ពាធ​ដើម្បី​រក្សា​ការ​ចំណាយ​ឲ្យ​នៅ​ទាប ​គឺ​ទំនង​មាន​ខ្ពស់»។

ការ​ផ្លាស់ប្តូរ​ផ្សេងៗ​ដែល​អាច​មាន​

​ដូច្នេះ​ តើមាន​អ្វី​ខ្លះ​ គេអាច​ធ្វើ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?​

បុគ្គល​មួយ​រូប​ដែល​មាន​មតិ​យោបល់អំពី​រឿង​នេះ​ គឺ​លោក Andrew Zimbalist អ្នក​និពន្ធ​សៀវភៅ Circus Maximus៖ ការ​ប្រថុយប្រថាន​ផ្នែក​សេដ្ឋកិច្ច​នៅ​ពី​ក្រោយ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក និង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក។

លោក Zimbalist សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច លើក​ឡើង​ពីការ​កំណត់​យក​ទី​ក្រុង​មួយ​ចំនួនធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​អចិន្ត្រៃយ៍​សម្រាប់​កីឡាអូឡាំពិក​រដូវក្តៅ និង​រដូវ​រងា ឬ​ប្រសិន​បើ​មិន​អាច​ទៅ​រួច ចាត់តាំង​នូវ​ទីក្រុង​មួយ​ចំនួន​ដែល​ត្រូវ​ផ្លាស់វេន​គ្នា។

លោក​និយាយ​ថា៖ «ធ្វើ​របៀប​នេះ អ្នក​មិន​ចាំបាច់​ទៅ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​អូឡាំពិក​រាល់​បួន​ឆ្នាំ​ម្តង​នៅកន្លែងដទៃមួយ​ទៀត​នៅ​លើ​ពិភពលោក​ទេ ដែល​នេះ​ត្រូវចំណាយ​ខ្ពស់ និង​ប៉ះពាល់​បរិស្ថាន​ខ្លាំង​នោះ»។

លោក Zimbalist ក៏​បាន​និយាយ​ថា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ គួរ​រួមចំណែក​ជា​ថវិកា​បន្ថែម​ទៅ​កាន់​ទីក្រុង​ដែល​ធ្វើជា​ម្ចាស់​ផ្ទះ។

សម្រាប់​ក្រុង​តូក្យូ ការ​រ៉ាប់រង​ចំណាយ​ភាគច្រើន​នឹង​ធ្លាក់​ទៅ​លើ​ពលរដ្ឋ​ជប៉ុន​ដែល​ជា​អ្នក​បង់ពន្ធ។ កញ្ចប់​ថវិកា​ប្រមាណ ៥.៦០០​លានដុល្លារ គឺ​ជា​ថវិកា​ឯកជន ដែល​ក្នុង​នោះ​ ១.៣០០​លាន​ដុល្លារ ​គឺបាន​មក​ពី​គណៈកម្មាធិការ​កីឡាអូឡាំពិក។ គណៈកម្មាធិការ​នេះ ​ក៏​បាន​ប្តេជ្ញា​ផ្តល់​ប្រាក់ ៦៥០​លាន​ដុល្លារ​បន្ថែម​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការ​ពន្យារ​ពេល​កីឡាអូឡាំពិក​ផង​ដែរ។

យោង​ទៅ​តាម​ក្រុម​អ្នក​វិភាគ កំណែទម្រង់​មួយ​ទៀតដែល​អាច​ធ្វើ​ឡើង​គឺ​ចំពោះ​ប្រាក់​ចំណូល​ពី​ការ​ផ្សាយផ្ទាល់​តាមទូរទស្សន៍​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​ថវិកា​ភាគច្រើន​ចូល​ទៅ​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ។

លោក Zimbalist និយាយ​ថា៖ «ពី​មុន​មក​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​បាន​ចែក​រំលែក​ប្រាក់​ចំណូល​ទទួល​បាន​ពី​ការ​ផ្សាយ​តាម​ទូរទស្សន៍​ជាមួយ​នឹង​ប្រទេស​ម្ចាស់​ផ្ទះ​ ប្រមាណ​៧០ ទៅ​៨០​ភាគរយ។ ប៉ុន្តែ​សព្វថ្ងៃ ពួកគេ​ចែករំលែក​តែ​ជិត​២០​ភាគរយ​ប៉ុណ្ណោះ»។

ខណៈ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ក្រុម​អ្នក​រៀបចំ​កីឡាអូឡាំពិក​ជប៉ុន​លក់​សំបុត្រ​ចូល​ទស្សនា។ ប៉ុន្តែ​ការណ៍​នេះ​ មិន​បាន​ជួយ​ដល់​ប្រទេស​ជប៉ុន​ច្រើន​នោះ​ទេ ជា​ពិសេស​ ប្រសិន​បើ​ដូច​ការ​រំពឹង​ទុក អ្នក​គាំទ្រ​ចំនួន​តិច ឬ​មិន​មាន​អ្នកគាំទ្រណា​ម្នាក់​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មើល​ព្រឹត្តិការណ៍​កីឡា​នេះ​នោះ​ទេ។

ការ​ឆ្លើយ​តប​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ

នៅ​ក្នុង​អ៊ីម៉ែល​មួយ គណៈកម្មាការ​អូឡាំពិក​អន្តរជាតិ ​បាន​ការពារចំណាត់ការ​របស់​ខ្លួន ដោយ​ចង្អុល​បង្ហាញ​ពី​កំណែទម្រង់​នា​ពេល​ថ្មីៗ​នេះ​ ដែល​មាន​គោលដៅ​មួយ​ផ្នែកដើម្បីរារាំង​ប្រទេស​ម្ចាស់​ផ្ទះ​ពី​ការ​សាងសង់​កីឡាដ្ឋាន​អូឡាំពិក​ដែលមិន​ចាំបាច់។ ​

អ៊ីម៉ែល​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​សរសេរ​ថា៖ «ជំនួស​ឱ្យ​វិញ ការ​ប្រកួត​គួរ​តែ​ធ្វើ​ឡើង​នៅ​តាម​អគារ​សមស្រប​បំផុត​ដែល​មាន​ស្រាប់ ទោះ​បី​ជា​នេះ​មាន​ន័យ​ថា ព្រឹត្តិការណ៍​អូឡាំពិក​អាច​ធ្វើ​ឡើង​នៅ​ទីក្រុង តំបន់ ឬ​ប្រទេស​ច្រើនផ្សេង​គ្នា​ក៏​ដោយ»។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរ​ថា ​សម្រាប់ព្រឹត្តិការណ៍កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ ឆ្នាំ​២០២៦ និង​ឆ្នាំ​២០២៨ ជាង៩០​ភាគរយ​នៃ​កន្លែង​ប្រកួត នឹង​ជា​កីឡាដ្ឋាន​ដែល​មាន​ស្រាប់ ឬ​បណ្តោះអាសន្ន។

​សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា៖ «ពីព្រោះ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ គឺ​ជា​អង្គការ​មិនមែន​ស្វែងរក​ប្រាក់​ចំណេញ ៩០​ភាគរយ​នៃ​ប្រាក់​ចំណូល​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ​គឺ​សម្រាប់​ការ​អភិវឌ្ឍ​កីឡា និង​កីឡាករ»។

លោក Zimbalist និយាយ​ថា សម្រាប់​ក្រុង​តូក្យូ​ នេះ​ប្រហែល​យឺតពេល​ហើយ។

​លោក​បាន​ថ្លែងថា៖ «ពួកគេ​សង្ឃឹម​ថា ទទួល​បាន​ការជំរុញផ្សព្វផ្សាយ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡាអូឡាំពិក​នេះ។ ប្រហែល​ពួកគេ​អាច​ស្រោចស្រង់​ដើមបាន​ខ្លះ» ដោយ​លោក​បាន​បន្ថែម​ថា៖ «ច្បាស់​ណាស់​ថា ការ​វិនិយោគ ៣០ ទៅ​៣៥ពាន់លានដុល្លារ​ នឹង​ត្រូវ​ខាត​បង់ជា​មិន​ខាន។ ហើយ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ ​ដែល​ពួកគេ​អាច​ធ្វើ​នៅ​ពេល​នេះ»៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា