កសិករ​នៅ​ខេត្ត​ព្រៃវែង​ងាកពី​ការ​ធ្វើស្រែ​ទៅ​ចិញ្ចឹម​ត្រី ​ចំពេល​ចិន​បើក​ទីផ្សារ

លោក ឈុន ភីរុំ​ អ្នក​ចិញ្ចឹមត្រី ឈរ​នៅ​ពី​មុខ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ក្នុងភូមិបាទី ​ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ក្នុង​ភូមិ​សាស្ត្រ​នៃ​ស្រុក​ពាមរក៍ ​ខេត្ត​ព្រៃវែង​នេះ ​ទិដ្ឋភាព​ដែល​មាន​វាលស្រែ​វាល​ស្រូវ​ ដុះ​ខៀវ​ស្រងាត់ ​មិន​ខុស​អី​ពី​ភូមិដ្ឋាន​ជន​បទ​នានា​នៃ​ប្រទេស​កម្ពុជា​ឡើយ ​ដែល​ប្រជា​កសិករ​ប្រកប​របរ​ធ្វើស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​ និង​លក់​ខ្លះ។​ ប៉ុន្តែ​វាលស្រែ​ទាំងនេះ​អម​ដោយ​ស្រះ​ចិញ្ចឹម​ត្រី​មួយ​ប្លង់ៗ ​ដែល​ទើប​នឹង​ជីក​ថ្មីៗ ​ត្រង់​នេះ​មួយ​ដុំ ​ត្រង់​នោះ​មួយ​ដុំ។​

លោក​ ឈុំ ភីរុំ ​អាយុ​២៦​ឆ្នាំ ​កំពុង​ទម្រេត​សម្រាក​ក្នុង​អង្រឹង​ក្រោម​កូន​ផ្ទះ​តូច​មួយ​ប្រប​នឹង​មាត់​ផ្លូវ​លំ​មួយ​ក្នុង​ភូមិ​បាទី ​ឃុំ​ពាមរក៍ ​ស្រុក​ពាមរក៍។​យូរៗ​ម្ដង​លោក​ក្រឡេក​មើល​ស្រះ​ត្រី​ធំៗ​ចំនួន​ពីរ​ ដែល​ជីក​នៅ​ក្រោយ​ផ្ទះ​របស់​លោក​នោះ។ ​កាល​ពី​ដើម​ឆ្នាំ​២០២០​នេះ ​ ក្រុម​គ្រួសារ​របស់​លោក​បាន​បោះបង់​ការ​ធ្វើ​ស្រែ​ ហើយ​ងាក​មក​ចាប់​របរ​ចិញ្ចឹម​ត្រី​នេះ​វិញ។​

លោក​ថ្លែង​ប្រាប់​VOA​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ ​«ពី​មុន​ដី​ខ្ញុំ ​វា​តូច​ដែរ​ ហើយ​យើង​ធ្វើ​ស្រូវ​ទៅ​វា​ហត់​ ចំណេញ។​វា​បាន​តិច។​ដល់​ពេល​អ៊ីចឹង​ ឃើញ​គេ​ជីក​ស្រះ​អស់​អ៊ីចឹង​ យើង​ជីក​ស្រះ​តាម​គេ​ចិញ្ចឹម​[ត្រី]​ទៅ។​ តែ​លក្ខណៈ​យើង​ដឹង​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដែរ»។

បញ្ហា​អាកាសធាតុថ្លៃ​ដើម​ខ្ពស់​និង​តម្លៃ​ទីផ្សារ​មិន​មាន​លំនឹង​ ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក ​ភីរុំ ដែល​មាន​ឪពុក​ម្ដាយ​និង​កូន​ប្រុសស្រី​៤​នាក់​ សម្រេច​ប្ដូរ​មក​ចិញ្ចឹម​ត្រី​វិញ។​ បច្ចុប្បន្ន​ស្រះ​ទាំង​ពីរ​ដែល​ត្រូវ​បាន​បាំង​បិទ​ដោយ​ទំនប់​ដី​យ៉ាង​មាំទាំ ​មាន​ប្រភេទ​ត្រី​ប្រា​តូច​ធំ​ប្រមាណ​២​ម៉ឺន​ក្បាល។​

ការ​ផ្លាស់​ប្តូរ​មក​ចិញ្ចឹម​ត្រី​កំពុង​កើត​ឡើង​ជា​បណ្ដើរៗ​នៅ​ក្នុង​ស្រុក​ពាមរក៍​នេះ ​ដែល​ជា​ភូមិសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វារី​វប្បកម្ម​ដ៏​ធំ​មួយ​របស់​រដ្ឋ​តាំង​ពី​ឆ្នាំ​១៩៨៨​មក​ម្ល៉េះ។​

ពលរដ្ឋ​នៅ​ទីនេះ​បាន​បោះបង់​ការ​ធ្វើ​ស្រែ​របស់​ពួកគេ​ ហើយ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ ​កម្មករ​រោង​ចក្រ ​និង​អ្នក​ខ្លះ​ទៀត​ផ្សង​សំណាង​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។​

លោក ឈុន ភីរុំ​ អាយុ២៦ឆ្នាំ​ អ្នកចិញ្ចឹមត្រី​ ក្នុង​ភូមិបាទី ​ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋាភិបាល​បាន​កត់​សម្គាល់​ថា​ របរ​កសិកម្ម​ដែល​បច្ចុប្បន្ន​ធ្លាក់​បរិមាណ​មក​នៅ​ត្រឹម​តែ​១៦%​នៃ​ផលិត​ផល​ជាតិ​សរុប​ បាន​រួញ​ស្រុញ​មិន​លូត​លាស់​នឹង​គេ​ ដោយសារ​តែ​ការ​វិនិយោគ​មាន​កម្រិត​ទាប ​ ថ្លៃ​ដើម​ខ្ពស់ ​ បញ្ហា​រំខាន​បំផ្លាញ​ដោយ​អាកាសធាតុ​មិន​ថេរ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ទីផ្សារ​នៅ​ទន់​ខ្សោយ។ អំឡុង​ពេល​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ថ្នាក់​ជាតិ ​ដោយសារ​ជំងឺ​កូវីដ១៩ ​ដែល​នាំ​ឲ្យ​មនុស្ស​រាប់​សិប​ម៉ឺន​នាក់​បាត់​បង់​ការងារក្នុង​វិស័យ​កាត់​ដេរ ​វិស័យ​ទេសចរណ៍ ​នោះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ងាក​មក​រក​វិស័យ​កសិកម្ម ​ដាំ​ដុះ ​ចិញ្ចឹម​សត្វ​វិញ។​

លោក​ ហ៊ុន សែន​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​វារី​វប្បកម្ម​ខាង​លើ ​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ​ហើយ​ក៏​បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​ការ​ចិញ្ចឹម​ត្រី។​

ព្រម​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​ឈាន​ទៅ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​មួយ​ប្រទេស​ចិន​ ដែល​គ្រោង​នឹង​ចុះ​ហត្ថលេខា​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ។ ​ កម្ពុជា​មាន​ឱនភាព​ពាណិជ្ជ​កម្ម​ជាមួយ​ចិន​ ដោយ​នាំ​ចូល​ពី​ចិន​មាន​ទំហំ​ធំធេង​ច្រើន​ជាង​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ចិន។​

Your browser doesn’t support HTML5

កសិករ​នៅ​ខេត្ត​ព្រៃវែង​ងាក​ពី​ការធ្វើ​ស្រែ​ទៅ​ចិញ្ចឹម​ត្រី ចំពេល​ចិន​បើក​ទីផ្សារ

តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​មន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា ​ ខ្លួន​រំពឹង​ថា​ នឹង​អាច​ស្វះ​ស្វែង​រក​ការ​វិនិយោគ​បន្ថែម​មក​លើ​វិស័យ​កសិកម្ម​ និង​ជំរុញ​ការ​ផលិត​ក្នុង​វិស័យ​នេះ​ឆ្ពោះ​តម្រង់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ដែល​មាន​ប្រជាជន​ប្រមាណ​១៣០០​លាន​នាក់។​ក្នុង​នោះ ​ត្រី​ក៏​ជា​មុខ​ទំនិញ​គោល​ដៅ ​ដើម្បី​នាំ​ចេញ​ផង​ដែរ។ ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ផលិត​ត្រី​បាន​ច្រើន​នៅ​ឡើយ​ទេ ​ខណៈ​ត្រី​ក្នុង​បឹង​ធម្មជាតិ​ក៏​មិន​សូវ​មាន​ដូច​មុន​ដែរ។​

លោក ​វង្សី វិស្សុទ្ធ ​រដ្ឋ​លេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី៧​ ខែ​កក្កដា​ ថា ​ចិន​បាន​ប្រាប់​កម្ពុជា​ថា​ ត្រី​កម្ពុជា​អាច​មាន​សក្តានុពល​នាំ​ទៅ​ប្រទេស​ចិន។

លោក​មាន​ប្រសាសន៍​ថា៖ ​«ជា​ពិសេស​ត្រី។ ​ចិន​ថា ​ត្រី​នៅ​កម្ពុជា​មាន ​Potential ​(សក្តានុពល)​ខ្ពស់​ណាស់​ក្នុង​ការ​នាំ​ចេញ​ទៅ​ចិន ​ព្រោះត្រី​នៅ​ស្រុក​យើង​នៅ​ថោក​នៅ​ឡើយ​ទេ ​ធៀប​នឹង​ចិន»។​

ក្នុង​ភូមិ​បាទី​ស្រុក​ពាមរក៍​ឯ​នេះ​វិញ​លោក​ គង់ គឹមហុន​ អាយុ​៤០​ឆ្នាំ ​កំពុង​ចិញ្ចឹម​ត្រី​ប្រា​និង​ត្រី​ពោ​ ក្នុង​ស្រះ​ចំនួន​ពីរ​របស់​លោក។​ស្រះ​ទាំង​ពីរ​ ដែល​មួយៗ​មាន​ទទឹង​ប្រមាណ​៣០​ម៉ែត្រ ​និង​បណ្តោយ​៧០​ម៉ែត្រ មាន​ចិញ្ចឹម​ត្រី​ប្រា ​និង​ត្រីពោ​រួមគ្នា ​ដែល​សរុប​ទៅ​ប្រហែល​១៧​ម៉ឺន​ក្បាល។​

លោក ​គង់ គឹមហុន​ អាយុ​៤០ឆ្នាំ​ អ្នក​ចិញ្ចឹមត្រី​នៅ​ភូមិបាទី ​ស្រុកពាមរក៍​ ខេត្តព្រៃវែង ​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (ហ៊ាន​ សុជាតា​/វីអូអេ)​

លោក ​គឹមហុន​ ដែល​មាន​កូន​២​នាក់ ​ថ្លែង​ប្រាប់​VOA​ថា​ មន្រ្តី​ជំនាញ​ខាង​កសិកម្ម​ បាន​ចុះ​មក​ពិនិត្យ​ត្រី​របស់​លោក​កាល​ពី​ដើម​ខែ​កក្កដា​នេះ ​ ដើម្បី​ធ្វើ​តេស្ត​ថា​ តើ​ត្រី​មាន​គុណភាព​អាច​នាំ​ទៅ​ក្រៅ​ប្រទេស​បាន​ឬ​យ៉ាង​ណា។ ​ប៉ុន្តែ​លោក​មិន​ដឹង​ថា​ ទៅ​ប្រទេស​ណា​នោះ​ទេ។​

នៅ​ឯ​ផ្ទះ​តូច​មួយ​កន្លែង​ដែល​លោក​សម្រាក​យាម​ត្រី​ លោក​ថ្លែង​ថា៖ ​«សុំ​មក​ថត​យក​ត្រី ។​ គេ​យក​ទៅ​ធ្វើ​តេស្ត​ ដើម្បី​គេ​យក​ទៅ​ប្រទេស​ក្រៅ ​ តែ​យើង​មិន​បាន​សួរ​ថា ​ប្រទេស​មួយ​ណា​ទេ។ ​ឲ្យ​តែ​បាន​នាំ​ចេញ​ យើង​វា​ធូរធារ​ហើយ។​កសិករ​ចិញ្ចឹម​នៅ​ទី​ហ្នឹង​ គាត់​ចូល​ចិត្ត ​ឲ្យ​តែ​បាន​នាំ​ចេញ ​បាន​ថ្លៃ។ ​ វា​ចំណេញ​ច្រើន។ ​ម្នាក់ៗ​អរ​គ្រប់​គ្នា​ ចាំ​ដំណឹង​ តែ​មិន​ដឹង​យ៉ាង​ម៉េច»។​

កសិករ​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​ពាមរក៍​នេះ​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា​ការ​ផ្គត់ផ្គង់​ប្រភេទ​ត្រី​ទឹក​សាប​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ផង​ ហើយ​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយត្រី​ប្រា​ចិញ្ចឹម​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ថែម​ទៀត។​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ត្រូវ​នាំ​ចូល​ពី​វៀតណាម ​ដែល​នាំ​ឱ្យ​ត្រី​ប្រា​ដែល​ចិញ្ចឹម​ធំធាត់​នៅ​ទី​នេះ​ថ្លៃ​ជាង​ត្រី​វៀតណាម ​ព្រោះ​ចំណាយ​ខ្ពស់​ជាង។​

សហគ្រាស​តូច​ធំ​និង​កសិករ​វៀតណាម​ចិញ្ចឹម​ប្រភេទ​ត្រី​ប្រា​និង​ត្រី​ទឹក​សាប​នានា​ក្នុង​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​ភាគ​ខាង​ត្បូង​ និង​បាន​នាំ​ចេញ​ដោយ​ គ្រាន់​តែ​ត្រីប្រា​មួយ​មុខ​លក់​បាន​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ​កាល​ពី​ឆ្នាំ​២០១៩ ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក ​និង​គ្រោង​នាំ​ទៅ​អឺរ៉ុប។​នេះ​ជា​ការ​ចុះ​ផ្សាយ​ដោយ​កាសែត​«ប្រជាជន»របស់​វៀតណាម។​

កសិករ​ចិញ្ចឹម​ត្រី​នៅ​ស្រុក​ពាមរក៍​ លោក​គង់ គឹមហុន​បន្ថែម​ថា៖​ «នៅ​វៀតណាម ​គេ​និយាយ​ថា​ ត្រី​ប្រា​ហ្នឹង នាំ​ទៅ​ចិន។​ចិន​វា​ស៊ី​ត្រី​ប្រា​ហ្នឹង​ច្រើន។​យើង​នៅ​នេះ​ អត់​ដឹង។​លក់​តែ​ក្រឡឹងៗ​នៅ​ហ្នឹង! អត់​សូវ​ដឹង​ទេ»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ឈុំ ភីរុំ​ ដែល​ស្រះ​ចិញ្ចឹម​ត្រី​របស់​លោក​នៅ​ក្បែរ​ខាង​ស្រះ​របស់​លោក​គង់ គឹមហុន​ បាន​ឱ្យ​ដឹង​ថា​ដូចគ្នា​នឹង​ការ​ធ្វើស្រែ​ដែរ​តម្លៃ​ត្រី​ក៏​នៅ​មិន​ទាន់​មាន​លំនឹង​ហើយ​ចំនួន​អ្នក​ចិញ្ចឹម​ចេះ​តែ​កើន​ឡើង។​តម្លៃ​ត្រីប្រា​ធំ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​ស្រះ​គិត​ត្រឹម​ដំណាច់​ខែ​កក្កដា​នេះ​មាន​តម្លៃ​ត្រឹម​៤១០០៛​ក្នុង​មួយ​គីឡូ​ក្រាម។​

លោក​និយាយ​ថា៖ ​«បើ​សិន​ថា​មាន​ខាង​ពួក​ចិន ​ពួក​អី​ ចុះ​កិច្ច​ព្រម​ព្រៀង ​ចុះ​មក​ទិញ​(ត្រី) ទិញ​អី​អ៊ីចឹង ​ ពួក​ខ្ញុំ​កាន់​តែ​អរ ​ ព្រោះ​អី​បាន​ទីផ្សារ​រាង​ថ្លៃ​ហើយ​មាន​អ្នក​ទិញ​ច្រើន​ទៀត ​កាន់​តែ​អរ ព្រោះ​សព្វ​ថ្ងៃ​ហ្នឹង អត់​សូវ​មាន​អ្នក​ទិញ ​មាន​តែ​អ្នក​ចិញ្ចឹម ​ដល់​ពេល​អ៊ីចឹង​ទៅ​ពិបាក»។​

លោក​ ខៃ ហេង​ អ្នក​ចិញ្ចឹម​ត្រី​ម្នាក់​ទៀត​ អាយុ​៦០​ឆ្នាំ ​ឱ្យ​ដឹង​ថា​ លោក​បាន​បោះបង់​ការ​ធ្វើ​ស្រែ​ចម្ការ ​លក់​ដី​ស្រែ​ទាំង​អស់​៨​ហិកតា ​តាំង​តែ​ពី​១០​ឆ្នាំ​មុន ​ ហើយ​ងាក​មក​ចិញ្ចឹម​ត្រី​ប្រា​វិញ ​ដោយ​លោក​ថា​ ទទួល​បាន​ចំណូល​សមរម្យ​ក្នុង​មួយ​ខែ ​មិន​ក្រោម​១​ពាន់​ដុល្លារ​នោះ​ទេ។​

លោក ខៃ ហេង​ វ័យ​៦០ឆ្នាំ​ ជា​អ្នកចិញ្ចឹមត្រី​ ក្នុងភូមិជោគជ័យ​ ឃុំបាបោង​ ស្រុកពាមរក៍ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០២០។​ (អូន ឆេងប៉រ/វីអូអេ)

លោក​ ខៃ ហេង​ ដែល​កំពុង​ចិញ្ចឹម​ត្រី​ប្រា​ប្រមាណ​៣​ម៉ឺន​ក្បាលដែល​ពាក់​កណ្តាល​នឹង​អាច​លក់​បាន​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បាន​បន្ត​ថា​លោក​ទទួល​បាន​ព័ត៌មាន​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​ចិន​ ហើយ​លោក​សង្ឃឹម​ថា​នឹង​អាច​ជួយ​ដល់​កសិករ​ខ្មែរ​ដែល​ធ្វើស្រែ​និង​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ឃុំ​របស់​លោក។​

លោក ​ខៃ ហេង ​ប្រាប់​VOA​ថា៖​ «ខ្ញុំ​យល់​ថា​ ល្អ​ មាន​ការ​ត្រេក​អរ។ ​ បើ​បាន​នាំ​ចេញ​ទៅ​ក្រៅ ​ដឹង​តែ​ស្ថិរ​ភាព​តម្លៃ ​និង​ការ​ចិញ្ចឹម ​នឹង​បាន​ចំណេញ​ច្រើន​ព្រោះ​តម្លៃ​មាន​ការ​នាំ​ចេញ ​មិន​អាច​ស្រុត​ចុះ​ទេ»។​

លោក​ខៃ ហេង​ និង​អ្នក​ភូមិ​ដទៃ​ទៀត​បាន​លើក​ឡើង​ថា ​ មិន​ថា​ធ្វើស្រែឬ​ចិញ្ចឹម​ត្រី​ទេ​ គឺ​សុទ្ធ​តែ​ទាមទារ​ឱ្យ​មាន​ការ​គាំពារ​ អនុគ្រោះ​ដើម្បី​ធានា​និរន្តរភាព​ រួមមាន​ការ​ផ្ដល់​ទុន​វិនិយោគ​ក្រោម​កម្ចី​មាន​ការ​ប្រាក់​ទាប ការ​ជួយ​ទំនុក​បម្រុង​ផ្នែក​ចំណេះ​ដឹង​បច្ចេកទេស​ធ្វើស្រែ​និង​ចិញ្ចឹម​ត្រី ​និង​ការ​ធានា​ទីផ្សារ​សម្រាប់​ប្រជា​កសិករ។​

ជនជាតិ​ចិន​ប្រហែល​ចូល​ចិត្ត​ត្រី​ប្រា​របស់​កម្ពុជា ​ដែល​អាច​ធ្វើ​ជា​ត្រីងៀត​ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន។​នេះ​ជា​ការ​រំពឹង​ទុក​របស់​លោក​ ខៃ ហេង​ ដែល​ជា​អ្នក​ចិញ្ចឹម​ត្រី​ជាង​១០​ឆ្នាំ​មក​ហើយ​ហើយ​លោក​តែង​យក​កន្ទក់​ដែល​បាន​មក​ពី​ការ​កិន​ស្រូវ​នៅ​ផ្ទះ​របស់​លោក​ ធ្វើ​ជា​ចំណី​ត្រី ​ដែល​ជា​ការ​សន្សំ​សំចៃ​មួយ​លើ​ការ​ចំណាយ​សម្រាប់​ចំណី​ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម។​

«[ចិន]​ចូល​ចិត្ត​[ត្រីប្រា]។ ​នៅ​ស្រុក​គេ ​ក្រ​ត្រី​ចង់​ងាប់​ហើយ!»​

អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​ក្នុង​នាម​ជា​សហ​ប្រធាន​ជាមួយ​លោក ​Wang Yi ​រដ្ឋមន្ត្រី​ការ​បរទេសចិន ​បាន​ដឹកនាំ​ប្រជុំ​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន ​កាល​ពី​ថ្ងៃ​ទី​២៣​ខែក​ក្កដា ​គឺ​បី​ថ្ងៃ​បន្ទាប់​ពី​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​បូក​សរុប​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី ​ត្រៀម​រួច​រាល់​សម្រាប់​ចុះ​ហត្ថលេខា។ ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​រូប​នេះ​ឱ្យ​ដឹង​ថា​ភាគី​ចិន​ក៏​បាន​សន្យា​ថា​ នឹង​ជួយ​កម្ពុជា​«ជា​បន្ទាន់​និង​ជា​អាទិភាព»​លើ​ការ​ស្ថាបនា​ផ្លូវ ​ធ្វើ​ប្រព័ន្ធ​ទឹក ​រោងចក្រ​ស្តុក​និង​សម្ងួត​ស្រូវ​ និង​ការ​បន្ត​ពង្រីក​ទីផ្សារ​កសិផល​កម្ពុជា​ រួម​មាន​ស្រូវ ​ស្វាយ ​ចេក​ ទុរេន ផ្លែ​មៀនប៉ៃលិន ​កៅស៊ូ​ ម្សៅ​ដំឡូង​មី ​និង​ទឹក​មាត់​ត្រចៀកកាំ​ជា​ដើម។​

«ទីមួយ​ គាត់​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​រៀបចំ​ផែន​ការ​បន្ទាន់​បំផុត។ ​ ទីមួយ​ផែន​ការ​អភិវឌ្ឍន៍​ទំនើប​កម្ម​កសិកម្ម។ ​ទីពីរ​ធ្វើ​សួន​កសិ-ឧស្សាហ​កម្ម ​ដោយសារ​កសិកម្ម​យើង​វា​អាច​ក្លាយ​ជា​កសិ​ឧស្សាហ​កម្ម​ហើយ»។​

ព័ត៌មាន​ទាក់ទង៖ ចិន​ឲ្យ​កម្ពុជា​បង្កើត​សួន​កសិឧស្សាហ​កម្ម ​ខណៈ​ប្រទេស​ទាំង​ពីរ​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី ​មុន​ថ្ងៃ​EBA ​ត្រូវ​ដក

បើ​មិន​មាន​ការ​ប្រែ​ប្រួល​ទេ ​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ខាង​មុខ​នេះ​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​រួច​ពន្ធ​ធំ​បំផុត​សម្រាប់​ទំនិញ​របស់​កម្ពុជា​ នឹង​ដក​ហូត​ឋានៈ​អនុ​គ្រោះ​ពន្ធ​២០%​ ជា​ការ​ឆ្លើយតប​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ហោ ណាំហុង ​ថ្លែង​ថា​ លោក​ហ៊ុន សែន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា-ចិន​ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១២​ ខែ​សីហា​នេះ ​ដែល​សហភាព​អឺរ៉ុប​ចាប់​ផ្ដើម​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ។​

លោក​ហោ ណាំហុង ​ថ្លែង​ថា​ មិត្តភាព​រវាង​កម្ពុជា​និង​ចិន​បាន​ឈាន​«ដល់​កម្រិត​ខ្ពស់បំ​ផុត»។ ​ លោក​មាន​ប្រសាសន៍​ថា៖​«ពី​មុន​មក​ចិន​តែង​តែ​និយាយ​ថា​ ប្រទេស​ចិន​ជួយ​កម្ពុជា​តាម​លទ្ធភាព​របស់​ចិន។​ប៉ុន្តែ​ឥឡូវ​នេះ ​ថ្នាក់​ដឹកនាំ​ចិន​បាន​និយាយ​ថា​ ប្រទេស​ចិន​ជួយ​កម្ពុជាយើង​តាម​ការ​ត្រូវ​ការ​របស់​កម្ពុជា។​នេះ​មាន​ន័យ​ខ្ពស់​ណាស់»។​

ការ​ផ្លាស់ប្ដូរ​និង​ការ​ចាប់​យក​ទីផ្សារ​ដែល​មិន​ងាយ​ស្រួល​

ផ្លាស់​ប្ដូរៗ​ តែ​មិន​មែន​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ជនបទ​ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម ​ពោល​គឺ​ត្រូវ​នាំ​ពូជ ​ជី រ​ថ្នាំ​កសិកម្ម ពី​វៀតណាម​ហើយ​ការ​លក់​ចេញ​ទៀត​សោត ​ក៏​ពឹង​ផ្អែក​លើ​ឈ្មួញ​វៀតណាម ​ដែល​ជា​អ្នក​កំណត់​ថ្លៃ។ ​ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពាមរក៍ ​ខេត្ត​ព្រៃ​វែង។​

អ្នក​ភូមិ​ខ្លះ​ទៀត​មិន​មាន​ក្ដី​រំពឹង​ពេក​ទេ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ចិន​ និង​ការ​ផ្លាស់​ប្ដូរ​មក​ចិញ្ចឹម​ត្រី ​ដូចជា​លោក​សុខ ខ្នា​ អាយុ​៥២​ឆ្នាំ ​ដែល​កំពុង​បង្ក​បង្កើន​ផល​ស្រូវ​ប្រភេទ​អ៊ិចអូ​ ដែល​ជា​ប្រភេទ​ស្រូវ​បាយ​ទន់ ​លើ​ទំហំ​ដី​ស្រែ​ជិត​៦​ហិកតា​ក្នុង​ឃុំ​ពាមរក៍។ ​ លោក​ថា​ លោក​កំពុង​ព្រួយ​បារម្ភ​អំពី​តម្លៃ​ស្រូវ​លើ​ទី​ផ្សារ ​នៅ​ពេល​ប្រមូល​ផល​នៅ​ចុង​ខែ​កក្កដា​នេះ។ ​ លោក​ថា​ការ​បើក​ទីផ្សារ​ចូល​ទៅ​ប្រទេស​ចិន​ ជា​ការ​បង្កើន​ជម្រើស​ទីផ្សារ​លក់​ចេញ។​

នៅ​ក្បែរ​វាល​ស្រែ​របស់​លោក ​លោក​សុខ​ខ្នា ​ថ្លែង​ថា៖​ «រឿង​ហ្នឹង​[កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន] ​សង្ឃឹម​ដែរ​តែ​មិន​ជា​សង្ឃឹម​ណាស់​ណា​ពេក​ទេ ។ ​ ចាំ​មើល​បន្ដិច​ទៀត​សិន​មើល៍​ ថា ​តើ​វា​អាច​ទៅ​ដល់​តំបន់​យើង​មែន​ឬ​ក៏​អត់»។​

លោក សុខ ខ្នា ​អាយុ៥២ឆ្នាំ​ ជា​កសិករ​ ក្នុង​ស្រុកពាមរក៍ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០២០។​ (អូន ឆេងប៉រ/វីអូអេ)

លោក សុខ ខ្នា ​អាយុ៥២ឆ្នាំ​ ជា​កសិករ​ កំពុង​ដើរ​ពិនិត្យ​មើល​ស្រូវ​ក្នុងស្រែ​របស់​លោក​ ក្នុង​ស្រុកពាមរក៍ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០២០។​ (អូន ឆេងប៉រ/វីអូអេ)

លោក​ សុខ ខ្នា​ បាន​លើក​ឡើង​ថា ​ ការ​ផ្លាស់​ប្ដូរ​ពី​ធ្វើស្រែ​ទៅ​ចិញ្ចឹម​ត្រី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​លោក​នោះ​ទេ ​ បើ​ទោះ​លោក​ធ្លាប់​នឹក​គិត​បោះបង់​ស្រែ​របស់​លោក​ នៅ​ពេល​ជួប​ការ​លំបាក​ម្តងៗ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​ប្រហែល​ជា​មិន​អាច​មាន​ជំនាញ​ទេ​មើល​ទៅ ​ ដោយសារ​តែ​បើ​យើង​ចិញ្ចឹម​ត្រី​ ចិញ្ចឹម​អី​អ៊ីចឹង​ទៅ ​ យើង​ត្រូវ​ការ​នៅ​ថែ​រក្សា​វា​ជាប់​ជាង​ស្រូវ​ ​ដល់​អ៊ីចឹង​យើង​ពិបាក​ដក​ឃ្លា​ទៅ​រក​មុខ​របរ​ផ្សេង​ទៀត។​ គេ​ចិញ្ចឹម​ត្រី​ទាល់​តែ​គេ​កាន់​ជាប់​របស់​គេ»។​

រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ លោក​សុខ សុភ័ក្រ្ត ​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​កំណត់​កូតា​អង្ករ​របស់​កម្ពុជា​រហូត​ដល់​៥០​ម៉ឺនតោន​ដោយ​មិន​យក​ពន្ធ។​តែ​បើ​នាំ​ចេញ​លើស​ពី​៥០​ម៉ឺនតោន ​នឹង​មាន​ការ​យក​ពន្ធ​៧៥​ភាគរយ។​ចំណែក​ការ​នាំ​ចេញ​សាច់​ត្រី​ និង​សាច់​សត្វ​ផ្សេងៗ​ នឹង​មិន​យក​ពន្ធ​នោះ​ទេ។​

ប៉ុន្តែ​កសិករ​នៅ​ខេត្ត​ព្រៃវែង ​ដែល​ស្រូវ​របស់​ពួក​គេ​លក់​ទៅ​ប្រទេស​វៀតណាម​ ហាក់​មិន​សង្ឃឹម​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​ដោយសារ​ពួក​គេ​ធ្វើ​ស្រែ​អង្ករ​បាយ​រឹង​ ដែល​ពួក​គេ​យល់​ថា​ មិន​អាច​លក់​ទៅ​ប្រទេស​ចិន​នោះ​ទេ។​

អ្នកស្រី​ថោង បុប្ផា ​អាយុ​៣០​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​ចាក់​ខ្លាញ់ ​ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​ ដែល​ធ្វើ​ស្រែ​លើ​ដី​អ្នក​ស្រី​ចំនួន​៤​ហិកតា​ ហើយ​ស្រូវ​នោះ​នាំ​ទៅ​ប្រទេស​វៀតណាម។ ​ អ្នកស្រី​ដែល​ធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​និង​ជា​ប្រភេទ​ស្រូវ​បាយ​រឹង ​បារម្ភ​ថា​ ដី​នោះ​មិន​អាច​ធ្វើស្រែ​ពូជ​ស្រូវ​នាំ​ទៅ​ប្រទេស​ចិន​បាន​ទេ។​

អ្នកនាង​ ថោង បុប្ផា​ អាយុ​៣០ឆ្នាំ​ កសិករ​ដាំ​ស្រូវ​ នៅក្នុងភូមិ​ចាក់ខ្លាញ់​ ឃុំពាមរក៍​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០២០។​ (ហ៊ាន សុជាតា/វីអូអេ)

កសិករ​ដែល​មាន​កូន​ពីរ​នាក់​នេះ​បាន​ថ្លែង​ថា៖ ​«ចំពោះ​ខ្ញុំ​ការ​បារម្ភ​ហ្នឹង​ ក្រែង​អា​អង្ករ​យើង​ផលិត​ហើយ​ គេ​ហូប​មិន​កើត​ព្រោះ​អង្ករ​យើង​ធ្វើ​តម្រូវ​តែ​ទៅ​ខាង​វៀតណាម​ព្រោះ​យើង​យក​ពូជ​ក៏​មក​ពី​វៀតណាម ​លក់​ចេញ​ក៏​ឲ្យ​វៀតណាម​វិញ។ ​ ដល់​ពេល​ទៅ​ខាង​ចិនមិន​ដឹង​ជា​តម្រូវ​ការ​គេ ត្រូវ​ការ​អង្ករ​ខាង​អី​ បាយ​ទន់ បាយ​រឹង​អីអ៊ីចឹង។​ ហើយ​មិន​ដឹង​ផល​ប្រយោជន៍​បាន​ធ្លាក់​មក​លើ​យើង​ឬអត់»។​

មេ​ឃុំ​ពាមរក៍ ​លោក​អឿ លុច្ស ​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​ជា​ឱកាស​ល្អ​សម្រាប់​ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​តែ​លោក​បារម្ភ​អំពី​គុណភាព​ស្រូវ​និង​ត្រី​នាំ​ចេញ​ពី​ឃុំ​របស់​លោក​ ព្រោះ​មិន​ដឹង​ថា គ្រប់​លក្ខណៈ​ស្ដង់ដារ​អាច​ចូល​ទៅ​ទីផ្សារ​ចិន​បាន​ឬ​អត់។​ក្នុង​ឃុំ​ពាមរក៍​នេះ​ ​ ពលរដ្ឋ​មាន​ចំនួន​ជាង​៨​ពាន់​នាក់​ ហើយ​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រមាណ​១២០​ស្រះ។ ​នេះ​បើ​យោង​តាម​លោក​អឿ លុច្ស។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រឹង​យ៉ាង​ម៉េច ​ ប្រឹង​ធ្វើ​ម៉េច​ឲ្យ​បាន​គុណភាព​ក្នុង​ការ​ចិញ្ចឹម​(ត្រី) ​ក្នុង​ការ​បង្ក​បង្កើន​ផល​កសិកម្ម ។ ​ធ្វើ​ម៉េច​ឲ្យ​មាន​គុណភាព។ ​ ការ​ប្រឡង​ប្រជែង​គ្នា បើ​យើង​ខ្វះ​គុណភាព​អា​ហ្នឹង​អត់​បាន​ទេ»។​

លោក​អឿ លុច្ស ​មេឃុំ​ពាមរក៍ ​និយាយ​ថា​ លោក​នឹង​បង្កើត​សហគមន៍​នៃ​ការ​ចិញ្ចឹម​ត្រី ​តាម​ការ​ជំរុញ​របស់​នាយក​រដ្ឋមន្រ្តី​ក្នុង​ការ​ពង្រីក​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អ្នក​ជំនាញ​បច្ចេកទេស​មក​ជួយ​អប់រំ​ប្រជា​ពលរដ្ឋ​ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើស្រែ​និង​ការ​ចិញ្ចឹម​ត្រី​ មាន​គុណ​ភាព។​

លោក អឿ លុច្ស គឺ​ជា​មេឃុំ​ពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃ​ទី២២​ ខែកក្កដា​ ឆ្នាំ២០២០។​ (ហ៊ាន សុជាតា/វីអូអេ)

លោក​បណ្ឌិត​ យ៉ង សាំងកុមារ​ អ្នក​ជំនាញ​ខាង​កសិកម្ម​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ថ្លែង​ប្រាប់​VOA​ថា​ ​បច្ចុប្បន្ន​នេះ ​កម្ពុជា​ពឹង​ផ្អែក​លើការ​នាំត្រី​ចូល​ពី​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ។ ​ដូច្នេះ​លោក​ថា​កម្ពុជា​មិន​ទាន់​អាច​នាំ​ត្រី​ចេញ​បាន​នោះ​ទេ។​

លោក​ថ្លែង​ប្រាប់​VOA​ថា៖ ​«បញ្ហា​នៅ​តែ​ដដែល​ហ្នឹង!​ដូច​សព្វ​ថ្ងៃ​របស់​វៀតណាម​នៅ​តែ​ហូរ​ចូល។​ សំខាន់​យើង​បង្កើន​ការ​ផលិត​សម្រាប់​នាំ​ចេញ​ផង​សម្រាប់​ជំនួស​ការ​នាំ​ចូល​ផង»។​

លោក​បន្ថែម​ថា៖ ​«ហើយ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ចិន​ វា​មិន​មែន​មាន​ន័យ​ថា​ យើង​ធ្វើ​អី​សេរី​បាន​ទេ។ ឥឡូវ​ខ្ញុំ​សួរ​សំណួរ​សំខាន់​មួយ​ថា​ តើ​ចិន​ហ៊ាន​បើក​ឲ្យ​ខ្មែរ​នាំ​អង្ករ​ចេញ​ទៅ​ចិន​ ដោយ​សេរី​ឬអត់។ ​ក្នុង​ពាណិជ្ជ​កម្ម​សេរី​មាន​ចែង​អំពី​អាហ្នឹង​អត់? ​ឬ​ក៏​នៅ​កំណត់​កូតា​ដដែល?»​

លោក​យ៉ង សាំង​កុមារ​បញ្ជាក់​បន្ថែម​ថា៖​ «ការ​ចរចា​ពាណិជ្ជ​កម្ម​សេរី ​ វា​មិន​មែន​ជា​ឱសថ​ទិព្វ​អី ​ដែល​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ខ្មែរ​ទេ។​វា​អាច​ជា​ថ្នាំ​ពុល​ដែរ។ ​វា​អាច​ជា​ឱសថ​ផង ​ជា​ថ្នាំ​ពុល​ផង។ តែ​សំខាន់​លើ​យើង​ទេ ​ថា​ យើង​ខ្លួន​យើង​មាន​ស្អី ​ដែល​យើង​គិត​ថា ​ទាមទារ​ឲ្យ​យើង​នាំ​ចូល​ស្រុក​គេ​ដោយ​សេរី។​ អាហ្នឹង​មាន​ឬ​នៅ ​ឬ​គ្រាន់​តែ​ជា​ផែន​ការ​ទេ?»​

ការ​វិនិយោគ​ពី​ចិន​

ខណៈ​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ មាន​ទំនាក់​ទំនង​ល្អ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ចិន​កុម្មុយ​និស្ដ ​ ​ការ​វិនិយោគ​ពី​ចិន​ដី​គោក​ក៏​កំពុង​ឈរ​លំដាប់​លើ​គេ​ផង​ដែរ​ ក្នុង​ចំណោម​ទំហំ​ទុន​វិនិយោគ​ពី​បរទេស​ចូល​មក​ប្រទេស​កម្ពុជា។​គ្រាន់​តែ​ចន្លោះ​ពី​ឆ្នាំ​២០១៦​មក​ឆ្នាំ​២០១៩ ​ ប្រទេស​ចិន​បាន​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​៨​ពាន់​លាន​ដុល្លារ​អាមេរិក។​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹង​បន្ថែម​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​នឹង​បង្កើត​ការងារ​ដល់​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​វិនិយោគ​របស់​ចិន​មក​កាន់​ប្រទេស​កម្ពុជា។​តែ​ការ​នាំ​មក​នូវ​វិនិយោគ​ពី​ចិន​កន្លង​មក ក៏​មក​ព្រម​គ្នា​ជាមួយ​ភាព​ចម្រូង​ចម្រាស​ត្រង់​ចំណុច​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ការ​វិនិយោគ​យ៉ាង​គំហុក​នៅ​ខេត្ត​ព្រះ​សីហនុ។​

អ្នកស្រី ប្រាក់ សារី​ អាយុ៤០ឆ្នាំ​ រស់នៅ​ក្នុង​ស្រុកពាមរក៍​ ខេត្តព្រៃវែង ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ២០២០។​ (ហ៊ាន​ សុជាតា​/វីអូអេ)

អ្នកស្រី ​ប្រាក់ សារី​ រស់​នៅ​ក្នុង​ឃុំ​ពាមរក៍​ខេត្ត​ព្រៃវែង​ រំពឹង​ថា​ ការ​វិនិយោគ​បន្ថែម​ពី​ចិន​ អាច​នឹង​នាំ​ឲ្យ​មាន​ការងារ​ធ្វើ​បន្ថែម​សម្រាប់​កូន​ប្រុស​ស្រី​របស់​អ្នកស្រី​ទាំង​បួន​នាក់​ផង​ដែរ​ ទៅ​ថ្ងៃ​អនាគត។​តែ​អ្នកស្រី​ក៏​បារម្ភ​ផង​ដែរ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​ឮ​តាម​ទូរទស្សន៍​ តាម​(ប្រព័ន្ធ​សង្គម)​ទូរស័ព្ទ​អី គេ​ថា​ ចិន​មក​អ៊ីចេះ​អ៊ីចុះ​…​ចេះ​តែ​ខ្លាច។ ​ ប៉ុន្តែ​ជា​ការណ៍​ពិត​ អត់​ដឹង​ថា​យ៉ាង​ម៉េច​ទេ។​អាហ្នឹង​ក្រែង​លោ​គេ​ចេះ​តែ​បំផុស​បំផុល។​ ឃើញ​តែ​គេ​បង្ហោះ ​ក្រែង​លោ​មក​ធ្វើ​បាប​ខ្មែរ»។​

យ៉ាង​ណា​ក៏​ដោយ​អ្នក​លក់​គ្រឿងទេស​នៅ​មុខ​វត្ត​ចាក់​ខ្លាញ់​ វ័យ​៤០​ឆ្នាំ​រូប​នេះ ​លើក​ឡើង​ថា ​ការ​វិនិយោគ​ពី​ចិន​មាន​សារៈ​សំខាន់។​

«បើ​អត់​ពី​ចិន​ក៏​ពិបាក​ដែរ។​ ការងារ​យើង​ភាគ​ច្រើន​ធ្វើ​ការ​ជាមួយ​ចិន​ទាំង​អស់​ អ្នក​រោងចក្រ»៕