ទោះបីលោក Joe Biden កាលពីថ្ងៃសៅរ៍ ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធីបតីអាមេរិកឆ្នាំ ២០២០ ក្តី ក៏ការរាប់សន្លឹកឆ្នោតដែលនៅសេសសល់ និងប្រទាញប្រទង់គ្នា នៅតែបន្ត។
នៅមុនការព្យាករណ៍ចុងក្រោយនេះ មន្ត្រីរៀបចំការបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិកបន្តអំពាវនាវកាន់តែខ្លាំងឡើងដល់ប៉ូលិសនិងភ្នាក់ងារពង្រឹងច្បាប់សហព័ន្ធ ឲ្យជួយរក្សាសន្តិភាពនៅពេលដែលចំនួនសន្លឹកឆ្នោត ដែលត្រូវបានរាប់ជិតដល់ទីបញ្ចប់។
ចាប់តាំងពីទីក្រុង Philadelphia ដល់ទីក្រុង Phoenix មានការដាក់ពង្រាយមន្ត្រីប៉ូលិស ដើម្បីរក្សាគម្លាតពីគ្នារវាងពួកអ្នកគាំទ្រគណបក្ស និងបាតុករពីក្រុមអ្នករាប់សន្លឹកឆ្នោត នៅខាងក្នុងអគារនិងកន្លែងសំខាន់ៗទៀត។
រហូតមកទល់ពេលនេះ ការប្រមូលផ្តុំទាំងនោះ បានធ្វើឡើងដោយសន្តិវិធី។ ក៏ប៉ុន្តែក្រុមមន្ត្រីបានព្រមានថា ការតានតឹងកំពុងពុះកញ្ជ្រោល នៅមុនប្រទេសជាតិបានប្រកាសអ្នកឈ្នះបោះឆ្នោត កាលពីថ្ងៃសៅរ៍នោះ។
លោក Joe Gloria អ្នកកាន់បញ្ជីបោះឆ្នោតនៅក្នុងស្រុក Clark នៃរដ្ឋ Nevada បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រ ដោយបានសម្តែងនូវការព្រួយកង្វល់នៅថ្ងៃទី ២ ជាប់ៗគ្នាថា៖ «ការណ៍នេះកំពុងធ្វើឲ្យមានបញ្ហាដល់បុគ្គលិករបស់ខ្ញុំ។ ខ្ញុំមានបុគ្គលិកដែលមានការភ័យខ្លាចចាកចេញពីអគារនៅពេលឥឡូវនេះ»។
លោកបាននិយាយសរសើរពីការឆ្លើយតបរបស់កម្លាំងសន្តិសុខថា ជាការល្អបំផុតថា៖ «យើងមានកងកម្លាំងពង្រឹង ច្បាប់ដ៏ធំបូកផ្សំជាមួយកងសន្តិសុខនៅក្នុងស្រុករបស់យើង ដែលបានស្ថិតនៅទីនេះ»។
ក៏ប៉ុន្តែ មិនមែនគ្រប់កន្លែងប្រព្រឹត្តទៅរលូនទេ។
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump និងក្រុមអ្នកគាំទ្រលោក Joe Biden គូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក បានប៉ះទង្គិចគ្នាមួយសន្ទុះក្នុងអំឡុងពេលនៃបាតុកម្ម កាលពីយប់ថ្ងៃព្រហស្បតិ៍ ចូលព្រឹកថ្ងៃសុក្រ នៅខាងក្រៅអគាររាប់សន្លឹកឆ្នោតរបស់សង្កាត់ Maricopa ក្នុងក្រុង Phoenix រដ្ឋ Arizona។
ហើយនៅក្រុង Philadelphia រដ្ឋ Pennsylvania មន្ត្រីកាលពីថ្ងៃសុក្រ បានចាប់ខ្លួនបុរសពីរនាក់មកពីរដ្ឋ Virginia ដែលមានកាន់កាំភ្លើងខ្លី នៅខាងក្រៅមជ្ឈមណ្ឌលសន្និបាតដែលសន្លឹកឆ្នោតត្រូវបានរាប់នៅទីនោះ។
លទ្ធផលរាប់សន្លឹកឆ្នោតចុងក្រោយពីរដ្ឋ Pennsylvania នេះ បាននាំឲ្យមានការព្យាករណ៍ថា លោក Biden ឈ្នះនៅក្នុងរដ្ឋនេះ ហើយដែលធ្វើឲ្យគេព្យាករណ៍ថា លោកបានឈ្នះឆ្នោតជាប្រធានាធិបតី៕