លោក​ ប្រាក់ សុខុន​ បញ្ជាក់​ជា​ថ្មី​ពី​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ភ្នំពេញ — អំឡុង​ពេល​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន​ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​ប្រាប់​ប្រមុខ​ការទូត​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ត្រង់ៗ​ថា ការ​បោះឆ្នោត​បែបពហុបក្ស​ ដែល​ត្រូវ​បាន​ធ្វើឡើង​ជា​ប្រចាំ​ ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​ មក​នៅ​កម្ពុជា​នោះ​ គឺ​ត្រូវ​បាន​វាយតម្លៃ​ថា ​ភាព​សេរី​និង​យុត្តិធម៌​ ដោយ​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស។​

ការ​អត្ថាធិប្បាយ​បែប​នេះ​ ត្រូវបាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ស្តី​ពី​ជំនួប​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​រវាង​លោក​ ប្រាក់ សុខុន និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ​ ២០២២។

ស្ថាបនិក​នៃ​គណបក្ស​ «កែទម្រង់កម្ពុជា» លោក ​អ៊ូ ច័ន្ទរ័ត្ន ទទួល​ស្គាល់​ថា ខណៈ​ពេល​មាន​ការ​បោះឆ្នោត​ជា​រៀង​រាល់​អាណត្តិ​នៅ​កម្ពុជា​ក៏​ពិតមែន ក៏​ប៉ុន្តែ​លោក​ថា ​មាន​ការ​បោះឆ្នោត​ខ្លះ «មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ» នោះ​ទេ ដោយបាន​សំដៅទៅលើការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៨ នៅ​ពេល​ដែល​គណបក្ស​សង្រ្គោះជាតិមិន​អាច​ចូលរួម​ប្រកួត​ប្រជែង​បាន។

លោក​សង្កេត​ឃើញ​ថា រាល់​ការ​បោះឆ្នោត គេ​តែងតែ​ឃើញ​មាន​ការ​តវ៉ា​ពី​មជ្ឈដ្ឋាន​សង្គមស៊ីវិល ​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដោយសារ​ការមិន​មានជំនឿ​ទុក​ចិត្ត​ពេញលេញ​លើគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប)។

លោក​បាន​ថ្លែង​ថា៖ «ក្រៅ​ពី​នោះ​ យើង​សង្កេត​ឃើញ​ថា មាន​ការ​សង្ស័យ​ មាន​ការ​ចោទប្រកាន់​ទៅ​លើ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជា​ដើម មាន​ការ​ទិញដូរ​ជា​ដើម​ហ្នឹង​ វា​ច្រើន។ មិនមែន​តែ​មតិ​ជាតិ​ទេ មតិ​អន្តរជាតិ​ក៏​គេ​នៅ​តែ​ជំរុញ​ក្នុង​ការ​បោះឆ្នោត​ឱ្យមាន​ភាព​សេរី និង​យុត្តិធម៌​នោះ»។

រូបឯកសារ៖ ព្រះសង្ឃមួយអង្គកំពុងបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

ដំណាល​គ្នា​នេះ​ដែរ អតីត​តំណាងស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បាន​ជំរុញ​ឱ្យមាន​ការ​កែទម្រង់គ.ជ.ប ពាក់ព័ន្ធ​នឹង​វត្តមាន​របស់អតីត​មន្រ្តី​ជាន់​ខ្ពស់ពី​គណបក្ស​នយោបាយ​ក្នុង​ស្ថាប័ន​បោះឆ្នោត​ជាតិ​មួយ​នេះ។​

បើ​តាមលោក​ អ៊ូ ច័ន្ទរ័ត្ន​ មន្រ្តី​ទាំង​នោះ​ទំនង​ជា​អាច​មាន​និន្នាការ​ ឬ​ចេតនាជួយ​ដល់​គណបក្ស​នយោបាយ​ ដែល​ខ្លួន​ធ្លាប់​បាន​បម្រើការ​កាល​ពី​ពេល​មុន​មក។ ​លោក​ក៏​បានស្នើឱ្យមាន​ការ​កែ​តម្រូវ​ច្បាប់​បោះឆ្នោត​ និង​ច្បាប់​ស្តី​ពីគណបក្ស​នយោបាយ ជា​ពិសេស​ច្បាប់​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​នយោបាយ​ផង​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​និយាយ​ថា រាល់​ការ​រក​ឃើញ​ផ្សេងៗពី​អង្គការ​សង្គមស៊ីវិល​ ជុំវិញ​ភាព​មិន​ប្រក្រតី​នានាអំឡុង​ពេល​ការ​បោះឆ្នោត​ ជា​រឿយៗ​ ត្រូវ​បានច្រានចោល​ដោយ​មន្ត្រី​រដ្ឋាភិបាល។

លោក​បាន​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់នៃ​ការ​ផ្តោត​លើលក្ខខណ្ឌ​ ៦ ចំណុច​ស្នើដោយ​អង្គការ​សង្គមស៊ីវិល​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​ក្នុង​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។

លោក​បាន​ថ្លែង​ថា៖ «បើ​សិន​ជា​ដំណើរការ​កន្លង​មក​ បោះឆ្នោត​ហ្នឹង​ វា​មាន​ភាព​ឯករាជ្យ​ មាន​អី​ទាំងអស់​ហ្នឹង​ គឺ​អាច​យក​ ៦​ ចំណុច​ហ្នឹង​ វាយ​តម្លៃ​ទៅ​ឯករាជ្យភាព​ប៉ុណ្ណា អាស្រ័យ​លើ​ការ​វាយតម្លៃ របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ឬ​ក៏​សាធារណជន គេ​អាច​មើល​ឃើញ​បាន ហើយ​គេ​អាច​ឱ្យតម្លៃ​បាន»។

មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ជំរុញ​ឱ្យមាន​ជំនឿ​ទុក​ចិត្ត​ឡើង​វិញ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ​ និង​អន្តរជាតិ ដោយ​ធានាថា ការ​បោះឆ្នោត​គឺ ត្រូវ​រៀបចំ​ឡើង​ប្រកប​ដោយ​ឯករាជ្យភាព សេរី និង​យុត្តិធម៌​ពិតប្រាកដ ក៏​ដូច​ជា ការ​ស្នើឱ្យមាន​ការ​ចូលរួម​របស់​សហគមន៍​ ឬ​អង្គការ​អន្តរជាតិ​ ដែល​មាន​បច្ចេកទេស និង​ជំនាញ​សមស្របក្នុង​ការ​សង្កេតការណ៍​ការ​បោះឆ្នោត។

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចុះ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា​ បាន​ឱ្យដឹង​ថា ក្នុង​ជំនួបក្រៅ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន នោះ​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយដែល​ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ដោយ​ហេតុផល​នយោបាយ​ប្រឆាំង​នឹង​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូលរួម​ដោយ​សេរី​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ផង​ដែរ៕