រដ្ឋបាលរាជធានីភ្នំពេញ បានដាក់សង្កាត់យ៉ាងតិច៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជា«តំបន់ក្រហម» ដែលហាមប្រជាពលរដ្ឋក្នុងតំបន់ចេញពីផ្ទះដាច់ខាតនិងបិទសកម្មភាពលក់ម្ហូបអាហារក្នុងតំបន់នោះ។
នៅក្នុងសេចក្តីសម្រេច៣ផ្សេងគ្នា រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថាភូមិ១៤ ភូមិ១៦និង១៧នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ក្នុងខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ត្រូវកំណត់ជា«តំបន់ក្រហម»។
បើតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១៩ ខែមេសា នៅក្នុង«តំបន់ក្រហម» បុគ្គលគ្រប់រូបត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅខាងក្រៅទីលំនៅឋាន លើកលែងតែការធ្វើដំណើរដោយមានមូលហេតុសុខភាពបន្ទាន់និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ឬទៅចាក់វ៉ាក់សាំងការពារដូសទី២ នៅទីតាំងជិតបំផុតក្នុង«តំបន់ក្រហម» តាមការកំណត់និងអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីសម្រេចឲ្យដឹងទៀតថាផ្សារនិងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ រួមទាំងសកម្មភាពការងារ មុខរបរនិងអាជីវកម្មទាំងអស់ ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងសកម្មភាពការងារដែលត្រូវបានអនុញ្ញាតឲ្យដំណើរការជាធម្មតា ដូចជាទីតាំងផលិតនិងផ្គត់ផ្គង់មី សេវាផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខាពេទ្យ និងសេវាប្រមូលនិងដឹកជញ្ជូនសំរាម សំណង់រឹង សេវាអគ្គិសនីនិងទឹកស្អាតជាដើម។
សេចក្តីសម្រេចបញ្ជាក់ដែរថាហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញចូល ឬឆ្លងកាត់«តំបន់ក្រហម»។
បើតាមសេចក្តីសម្រេច បុគ្គលដែលល្មើសនឹងការហាមឃាត់នេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០នៃច្បាប់កូវីដ១៩ថ្មី។
មាត្រា១០ចែងអំពីបទមិនគោរពវិធានការដ្ឋបាល ដែលនឹងត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល។ ហើយបើអំពើខាងលើនាំឲ្យឆ្លងជំងឺកូវីដ១៩ដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។
បើតាមសេចក្តីណែនាំមួយរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមេសា ក្រសួងពាណិជ្ជកម្មត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូននិងចែកចាយស្បៀងរួមមានអង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រីនិងទឹកសុទ្ធ ព្រមទាំងគ្រឿងឧបភោគដែលចាំបាច់ផ្សេងៗ ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅក្នុង«តំបន់ក្រហម» ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងដឹកជញ្ជូនចែកចាយដល់ខាងមុខផ្ទះ។
ចំណែកអាជ្ញាធរតាមមូលដ្ឋានត្រូវចាត់ចែងជាបន្ទាន់ ដើម្បីចែកនូវជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋក្រីក្រនិងមានការលំបាកក្នុងជីវភាពក្នុង«តំបន់ក្រហម»។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល។
ក្នុងការបិទខ្ទប់ទីក្រុងដែលមានដែលមានរយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់មួយចំនួនដូចជាផ្សារធំៗ រួមមានផ្សារដើមគ និងផ្សារកណ្តាល ក៏ត្រូវបានបិទជាបណ្តោះអាសន្ន។ ការបិទនេះនាំឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះពិបាកក្នុងការទិញបន្លែត្រីសាច់ផ្សេងៗ។
នៅរសៀលថ្ងៃអង្គារនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានយកអំណោចមួយចំនួន ក្នុងនោះមានអង្ករ២៥គីឡូ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងមីមួយកេស ទៅចែកជូនប្រជាពលរដ្ឋមួយចំនួននៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ដែលជា«តំបន់ក្រហម»។
លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថាអំណោចនេះមានកម្រិត ដូច្នេះលោកសំណូមពរប្រជាពលរដ្ឋដែលមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពរបស់ពួកគេក្នុងរយៈពេលរាំងខ្ទប់នេះ ផ្តល់ឱកាសទទួលអំណោយនេះដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថានៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Green Tradeរបស់ក្រសួងពាណិជ្ជកម្មបានរៀបចំរថយន្តចល័ត៥គ្រឿង ដោយដឹកទំនិញមួយចំនួនដូចជាអង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ ដែលមានតម្លៃទាបជាងទីផ្សារ ទៅលក់នៅទីតាំងទាំង៧កន្លែងនៃ«តំបន់ក្រហម»ក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។
លោកបន្តថាក្រសួងកំពុងរៀបចំឲ្យមានទំនិញផ្សេងទៀត ដូចជាត្រីងៀត ត្រីឆ្អើរ ឆៃប៉ូវ និងអាហារទុកបានយូរផ្សេងទៀត។ ប៉ុន្តែលោកថាវាលំបាកបន្តិចក្នុងការរៀបចំលក់បន្លែ ដោយសារវាឆាប់ខូច។
បើតាមអ្នកនាំពាក្យរូបនោះ រថយន្តនឹងឈប់នៅត្រឹមមុខរនាំងនៃការបិទខ្ទប់ ហើយទទួលការបញ្ជាទិញតាមទូរស័ព្ទ តាមរយៈកិច្ចសហការរបស់អាជ្ញាធរ។ លោកបន្ថែមថានឹងមានត្រីចក្រយានយន្ត ឬទោចក្រយានយន្តដឹកទំនិញដែលទទួលការបញ្ជាទិញទៅដល់ខាងមុខទ្វារផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។
លោកប្រាប់VOAនៅថ្ងៃអង្គារថា៖ «គឺអត់ឲ្យប្រជាជន គាត់ចេញមកទិញរហេតរហូតដល់ឡានរបស់យើងទេ ព្រោះយើងត្រូវចូលរួមអនុវត្តវិធានការបិទខ្ទប់នៅក្នុងតំបន់ក្រហម ដែលយើងមិនអនុញ្ញាតឲ្យប្រជាជនចេញពីផ្ទះ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថាការបិទខ្ទប់ទីក្រុងនេះ ជួយដល់ការកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែកម្រិតនៃការខ្វះស្បៀងអាហារ ក៏កំពុងចាប់ផ្តើមមានផងដែរ ជាពិសេសអ្នករស់នៅក្នុង«តំបន់ក្រហម»។
លោកមានប្រសាសន៍ថា៖ «អភិបាលកិច្ចនៃស្បៀងអាហារនេះ គឺជាចំណុចមួយដែលត្រូវមានការដាក់ផែនការឲ្យបានស៊ីជម្រៅ ហើយនិងរបៀបនៃការឆ្លើយតបជាមួយនឹងតម្រូវការដ៏ច្រើនរបស់ប្រជាពលរដ្ឋ។ នៅពេលដែលទីផ្សារនៅក្នុងតំបន់ក្រហមត្រូវបានបិទ ការប្រឈមនិងការខ្វះខាតម្ហូបអាហារ ក៏បានចាប់ផ្តើមដែរ»។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសថាមនុស្សប្រមាណ៤៣០នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបចាប់ពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួនប្រមាណ៦.៩០០នាក់។ ចំណែកករណីស្លាប់មានចំនួន៤៩នាក់។
គួរបញ្ជាក់ថាការបន្តឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ ស្របពេលដែលទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបិទខ្ទប់ទាំងស្រុង ក្នុងរយៈពេល២សប្តាហ៍ គឺរហូតដល់ថ្ងៃទី២៨ ខែមេសា។ រដ្ឋាភិបាលប្រកាសថាអាចនឹងបន្តរយៈពេលនៃការរាំងខ្ទប់ទៀត ប្រសិនបើករណីឆ្លងមិនថមថយ៕