ព្យុះដ៏ខ្លាំងក្លាមួយបានបក់បោកនៅក្នុងរដ្ឋ California ដោយបានបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំង ហើយនាំឲ្យមានការជម្លៀសមនុស្សចេញពីផ្ទះសម្បែងជាង២០០ខ្នង ដែលស្ថិតនៅភាគខាងកើតទីក្រុង Los Angeles។
ព្យុះនេះគឺជាព្យុះចុងក្រោយគេហើយនៅក្នុងរដូវភ្លៀងប៉ុន្មានខែនេះ ដែលបានជួយច្រើនដល់គ្រោះរាំងស្ងួតជាច្រើនឆ្នាំនៅក្នុងរដ្ឋ California។ ព្យុះនេះមិនត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងនៃរដ្ឋនេះនោះទេ ជាទីដែលផ្លូវទឹកនៃទំនប់ដ៏ធំបំផុតរបស់អាមេរិកបានរងការខូចខាត ដែលបានបង្កឲ្យមានការជម្លៀសមនុស្ស ១៨៨.០០០នាក់។
ក្រុមមន្ត្រីត្រួតពិនិត្យនៅឯទំនប់ Oroville បានថ្លែងថា ពួកគេជឿជាក់ថា អាងស្តុកទឹកនេះអាចទប់ទល់ជាមួយនឹងព្យុះនេះបាន ដោយសារតែពួកគេបានបន្ទាបកម្រិតនៃទំនប់នេះ តាំងពីពេលដែលផ្លូវទឹកនៃទំនប់នេះបានរងការខូចខាតកាលពីសប្តាហ៍មុនមក៕