ភាពក្រីក្រ​រារាំង​កម្ពុជា​មិន​ឱ្យ​សម្រេច​បាន​គោលដៅ​អប់រំ​ទាំងស្រុង

អ្នក​លក់​រុញ​រទេះ​នៅ​តាម​ផ្លូវ​នៅ​មុខ​អគារ​ប៊ូលឌីង​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

គោលដៅ​ក្នុង​ការ​ខិតខំប្រឹងប្រែង​ឱ្យ​សម្រេច​បាន​ការអប់​រំ​បឋម​សិក្សា​និង​ការចេះ​អាន​នៅ​កម្ពុជាមាន​សញ្ញា​ល្អ​ខ្លះ​ បន្ទាប់​ពីបានកែសម្រួល​តួលេខទម្លាក់​គោលដៅ​ទាប​ជាងមុន។ ​ប៉ុន្តែ​អត្រា​បោះបង់​ការសិក្សា​នៅ​មានកម្រិតខ្ពស់​ដោយ​សារតែភាព​ក្រីក្រ ​ហើយ​បាន​នាំឱ្យ​ការបញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​ទី៩ មិន​អាច​សម្រេចបាន​តាម​ផែនការ។

ការធ្វើ​ឱ្យ​សម្រេច​បាន​សកលកម្ម​អក្ខរកម្ម​និង​ការអប់​រំ​បឋម​សិក្សាគឺ​ជា​គោល​ដៅ​ទីពីរ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​មាន​ចំណុចដៅ​និង​សូចនាករ​ជាក់​លាក់​ដែល​ត្រូវ​សម្រេច​ឱ្យ​បាននៅ​មុន​ពេល​រាយការណ៍​ទៅមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៥។

លោក​ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ បាន​ពន្យល់​ថា៖

«ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ក្នុង​គោលដៅ​ទីពីរ​នេះ​គឺ​មាន​តែ​សូច​នាករ​មួយ​ទេ​ដែល​យើង​អាច​មិន​សម្រេច​បាន​គឺ​អត្រា​រួម​នៃ​ការ​សិក្សា​មធ្យម​សិក្សា​បឋមភូមិ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​៧៤ភាគរយ។ ដោយឡែក​សូចនាករ​ផ្សេង​ទៀត​ដូច​ជា​អក្ខរភាព​ អត្រា​ពិត​នៃ​ការ​សិក្សា​កម្រិត​បឋម​សិក្សា​ក្តី​និង​សមភាព​នៃ​យេន​ឌ័រក្តី​គឺ​ថា​យើង​សម្រេច​បាន»។​

មូលហេតុ​នៃ​ការ​មិន​អាច​ឱ្យ​កម្ពុជា​សម្រេច​បាន​លើ​ចំណុច​ដៅ​នៃ​ការ​សិក្សាមធ្យម​សិក្សាបឋម​ភូមិ​នៅ ឆ្នាំ​២០១៥​នេះត្រូវ​បាន​លោក​រដ្ឋ​មន្ត្រី​ពន្យល់​ថា៖

«ចាប់​តាំងពីឆ្នាំ​២០០៨​មក​គឺសិស្ស​ដែល​សិក្សា​នៅ កម្រិត​មធ្យម​សិក្សា​ហ្នឹង​ជាពិសេស​គឺ​មធ្យម​សិក្សា​បឋម​ភូមិគឺ​សិស្ស​ជាច្រើន​បាន​បោះបង់​ចោល​ការសិក្សា​ដើម្បី​ទៅធ្វើការ​នៅតាម​រោងចក្រ​ក្តី​ឬក៏​ចំណាកស្រុក​ដើម្បី​ទៅរកការងារ​ទាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ក្រៅ​ប្រទេស​កម្ពុជា‍»។

ក្រសួង​ការងារ​បាន​ឱ្យ​ដឹង​ថា​មាន​ពលករ​កម្ពុជា​ចំនួន​ជាង​មួយលានពីរសែននាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ទាំងស្រប​ច្បាប់​និង​មិន​ស្របច្បាប់​នៅ ប្រទេស​ថៃ​ ម៉ាឡេស៊ី កូរ៉េ​និង​ប្រទេសមួយ​ចំនួន​ទៀត​ក្នុង​តំបន់។

យោងតាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជាចេញផ្សាយ​ឆ្នាំ​២០១៤​បាន​ឱ្យ​ដឹងថាគោលដៅ​សម្រាប់​អត្រា​បញ្ចប់​ការសិក្សា​នៅ​កម្រិតមធ្យមសិក្សា​បឋម​ភូមិ​(ឬ​ថ្នាក់​ទី​៩) ​ត្រូវ​សម្រេច​ឱ្យ​បាននៅ​ឆ្នាំ​២០១៥​គឺ​មាន៥៧ភាគរយ។​

​ប៉ុន្តែ​គិត​មក​ដល់​ឆ្នាំ​សិក្សា​២០១២និង​២០១៣ គឺ​សម្រេច​បាន​តែ​៤០,៦​ភាគរយប៉ុណ្ណោះ​។ តួលេខ​នេះ​អន់​ជាង​ឆ្នាំ​សិក្សា​២០០៨-២០០៩​ដែល​មាន​សិស្ស​បញ្ចប់ការសិក្សា​ចំនួន​៤៩,១ភាគរយ​ដែល​ជា​តួលេខខ្ពស់​បំផុត​។ ចាប់​ពីនោះ​ម​ក​គឺ​លទ្ធផល​សម្រេចបានពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំកាន់​តែតិច​ជាងមុន​ទៅៗ។

ហើយ​បើគេធ្វើ​ការ​ប្រៀបធៀប​ចំនួន​សិស្ស​ដែលបញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​បឋម​សិក្សា​ទាំងអស់ដែល​សុខចិត្ត​មក​រៀន​បន្តគឺ​មាន​សិស្ស​តែ​ជាង​ពាក់​កណ្តាលបន្តិច គឺ​៥៣,៦ភាគរយ​ទេ​ដែលមកបន្ត​ការ​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​ឬហៅ​ថា​នៅ​ថ្នាក់​អនុវិទ្យាល័យ​នេះ។​

កម្ពុជាក៏បាន​ខកខាន​មិន​អាច​សម្រេច​បាន​តាម​ចំណុច​ដៅ​នៃ​ការបង្កើន​អត្រា​ពិត​នៃ​ការ​សិក្សា​នៅ​បឋម​សិក្សា​ឱ្យ​ដល់​១០០ភាគរយ​នៅ​ឆ្នាំ​២០១០ទេ​ ​ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​អប់​រំ យល់​ថានៅឆ្នាំ​២០១៥​នេះ​គឺ​ចំណុច​ដៅ​នេះ​នឹង​សម្រេច​បាន​។​

ទោះជា​យ៉ាងនេះក៏​នៅមាន​ក្រុម​កុមារ​មួយ​ចំនួន​ដែលអង្គការ​យូនីសេហ្វ​យល់​ឃើញ​ថានៅ មិន​ទាន់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​នៅឡើយនោះ​គឺ​៖

«កូនចៅ​របស់​ក្រុម​គ្រួសារ​ក្រីក្រ​ ជនជាតិ​ភាគតិច និង​អ្នក​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​មិន​ត្រូវបានយក​ចិត្ត​ទុកដាក់​នៅ​គ្រប់​លទ្ធផល​នៃ​ការអប់​រំ​ទាំង​អស់ តម្រូវ​ការ​ចាំបាច់​របស់​ពួកគេ​ ការផ្តល់​សេវាជូន​ និង​ឧបសគ្គ​សង្គម»។​

លោកស្រី​ធីតា ឃឹះ​ នាយិកា​នៃ​អង្គការ​សីលការដែល​តាម​ដាន​ការវិវត្តន៍​នៃ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​បាន​ពន្យល់​ពី​ការ​មិន​សម្រេច​បាន​តាម​គោលដៅ​ក្នុង​ផ្នែក​អប់​រំនេះ​ថា៖

«មាន​បញ្ហា​រឿង​គ្រប់​គ្រង​គ្រូផង​រឿងគ្រូ​បង្រៀន​មិន​គ្រប់​ម៉ោង​ពេល​ផង​ហើយ​គ្រូ​មិន​ចង់​ទៅ​បង្រៀន​នៅតាម​ជន​បទ​ផងហើយ​ការ​គ្រប់​គ្រង​សាលា​ក៏ មាន​បញ្ហា​ ហើយ​សម្ភារៈ​រៀន​សូត្រ​ក៏មាន​បញ្ហា​។ ដូច្នេះ​ចំពោះ​កុមារ​ដែល​នៅ​ជនបទ​ឆ្ងាយ​ដាច់​ស្រយ៉ាល​ជាពិសេស​កុមារ​ដែល​ជា​ជន​ជាតិ​ភាគតិច​គឺ​គ្នា​ទៅ​សាលា​អត់​មាន​គ្រូ​។ ភាគច្រើន​ទៅ​តែ​ពីរបីដង​អត់​មាន​គ្រូ​រត់​ចោល​សាលា​បាត់​ហើយ​លែង​ចូល​ទៀតហើយ‍»។

របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ឆ្នាំ​២០១៤​ក៏​បាន​បង្ហាញ​ដែរ​ថា​ខេត្ត​ដែល​សម្រេច​បានលទ្ធផល​សិក្សា​ទាប​ជាងគេ​គឺ​ខេត្ត​ស្ទឹងត្រែង ​រតនគិរី មណ្ឌលគិរី ក្រចេះ ឧត្តរមានជ័យ​និង​ខេត្ត​ប៉ៃលិន។ របាយការណ៍​ដដែល​នេះ​ក៏ ទទួលស្គាល់ដែរ​ថា​ចំនួន​សាលារៀន​នៅ​កម្រិត​បឋម​សិក្សា​និង​មធ្យម​សិក្សា​ក៏​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ។

អត្រា​អក្ខរភាព​សម្រាប់​ប្រជាជន​អាយុ​ពី​១៥​ដល់​២៤ឆ្នាំ​ត្រូវ​បាន​លោក​រដ្ឋ​មន្ត្រី​អះអាង​ថា​នឹង​សម្រេច​បាន​តាម​គោល​ដៅ​ដែល​កំណត់​ចំនួន​ ៩៤,៥ភាគរយ​នៅ​ឆ្នាំ​២០១៥នេះ។ ប៉ុន្តែ​នេះ​គឺ​ជា​ការបន្ទាប​ចុះ​ទាប​ជាង​គោល​ដៅ​ដើម​ដែល​បាន​កំណត់​ថា​ត្រូវ​សម្រេច​ឱ្យ​បាន​ចំនួន​១០០​ភាគរយ​នៅឆ្នាំ​២០១៥​នេះ។

លោករ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​រិះគន់​ដល់​តួ​លេខ​ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​។ លោក​ថា​តួលេខ​ទាំងនេះ​មិន​ឆ្លុះ​បញ្ចាំង​ពីការពិត​ដែល​មាន​នៅ​ក្នុង​មូលដ្ឋាន​ទេ។

លោក​បាន​បន្ថែម​ថា៖

«ការអប់​រំនៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​អត្រា​នៃ​ការ​បោះបង់​សាលាចោល​ហ្នឹង​ក៏​ស្ថិតនៅ​ក្នុង​កម្រិត​ខ្ពស់​ដដែល​។ បើ​សិន​ជាយើង​ចង់​បាន​ការ​អប់​រំ មួយ​ប្រកប​ដោយ​ជោគជ័យ​ឬ​ក៏​ការអប់រំ​សម្រាប់​ទាំងអស់​គ្នា​ប្រកបដោយ​ជោគជ័យ​វាទាល់​តែ​ត្រូវ​តែ​កាត់​បន្ថយ​លុប​បំបាត់​នូវ​ភាព​ក្រី​ក្រ​។ ទីពីត្រូវ​តែ​លុបបំបាត់​នូវ​អំពើ​ពុករលួយ‍»។​

លោក​រ៉ុង ឈុន​ក៏​សង្កត់​ធ្ងន់​ដែរ​ថា​កត្តា​ដែល​ក្រុម​គ្រួសារ​សម្រេច​ចិត្ត​បង្ខំ​ឱ្យ​កូនៗ​ឈប់​រៀន​នៅ​ពី តូច​នេះ​គឺ​ដោយ​សារ​ស្ថានភាព​ការងារ​សម្រាប់​អ្នក​ដែល​រៀន​សូត្រ​ខ្ពស់​មិន​សូវ​ជាល្អ​ទេ​ដែល​ធ្វើឱ្យ​ពួកគាត់​ពិបាក​នឹង​ត្រូវ​វិនិយោគ​លើ​ការសិក្សា​របស់​ពួកកូនៗ។

«ឪពុក​ម្តាយ​គាត់​ឃើញ​រៀមច្បងដែល​រៀន​ទៅ ហើយ​មិន​មាន​ការងារ​ធ្វើ​ បើ​មាន​ការងារ​ធ្វើ​ក៏ ប្រាក់​ខែ​ប្រាក់​ឈ្នួល​តិចតួច​ដូច្នេះ​ហើយ​គាត់​បង្ខំ​ចិត្ត​ដក​កូនចៅ​គាត់​ឱ្យទៅរក​ការងារ​ធ្វើ​តែម្តង​ដើម្បី​បង្កើន​នូវ​ជីវភាព​ប្រចាំ​គ្រួសារ​របស់​គាត់‍»។

យ៉ាង​ណា​ក៏ដោយ​កម្ពុជា​បាន​ទទួល​ជោគជ័យ​លើ​ការធ្វើ​ឱ្យ​ចំនួន​សិស្ស​ស្រី​និង​សិស្ស​ប្រុស​មាន​ចំនួន​ស្មើគ្នា​នៅ​កម្រិត​បឋម​សិក្សា​និង​មធ្យមសិក្សា។​

សម្រាប់​យុទ្ធសាស្រ្ត​រយៈ​ពេល​វែង​នៅ ហួស​ពី​ឆ្នាំ​២០១៥​ប្រទេស​កម្ពុជា​នឹង​ផ្តោត​លើ​ការបង្កើន​ការអាននៅ​កម្រិត​បឋម​សិក្សា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ហង់ ជួន​ណារ៉ុន។​

លោក​បាន​បន្ថែម​ថា៖

«អញ្ចឹង​បើ​សិនសិស្សហ្នឹង​គាត់​ចេះ​អាន​តាំង​នៅ​កម្រិត​បឋម​ ពេល​គាត់​មាន​មូលដ្ឋានគ្រឹះ​ល្អ​ឡើង​ទៅ​លើ​គឺ​ថា​គាត់​ច្បាស់​ជាមិន​បោះបង់​ចោល​ការសិក្សាទេ‍»។​

យុទ្ធសាស្រ្ត​មួយ​ទៀត​គឺ​បន្ថយ​ចំនួន​សិស្ស​ដែល​ចូល​សិក្សាលើសអាយុ​ ជំរុញ​សិស្ស​ឱ្យ​ចូលរៀន​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា​ ការផ្តល់​អាហារូបករណ៍ ​និង​អាហារូបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ៕