កិច្ចប្រជុំដំបូងរបស់អាស៊ានដែលគ្រោងធ្វើនៅក្នុងខេត្តសៀមរាប នៅសប្តាហ៍ក្រោយ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ មិនអាចកើតមានឡើង។ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធ បានប្រកាសលើកពេល ដោយបញ្ជាក់ថាសមាជិកអាស៊ានភាគច្រើនរវល់។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រព័ន្ធតេឡេក្រាម (Telegram) កាលពីថ្ងៃពុធថា «កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។ ការលើកពេលនេះ ដោយមូលហេតុរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ»។
វីអូអេ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក កុយ គួង បាននៅឡើយទេ។
ប៉ុន្តែការលើកពេលនេះ កើតឡើងស្របពេលមានភាពចម្រូងចម្រាសទៅលើវត្តមានរបស់តំណាងមីយ៉ាន់ម៉ា ដែលជារដ្ឋមន្រ្តីការបរទេស តែងតាំងដោយមេដឹកនាំយោធា។ អ្នកវិភាគយល់ថា ការលើកឡើងថា រវល់ គ្រាន់តែជាលេសមួយ ដោយសារពួកគេមិនចង់ចូលរួមប្រជុំអាស៊ាន ដែលនឹងមានវត្តមានរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍ថា នេះ មិនមែនជាការពហិការផ្លូវការឡើយ ប៉ុន្តែ ពួកគេបង្កើតនូវលេសមួយចំនួនថា មិនបានចូលរួមកិច្ចប្រជុំ។
លោកថ្លែងថា៖ «វាជាមធ្យោបាយគួរសមនៃការនិយាយថា សុំទោស ខ្ញុំមិនបានចូលរួម»។
លោកបន្ថែមថា បើទោះបីកម្ពុជាគិតថា វាដោយសារបញ្ហាកាលវិភាគ ប៉ុន្តែ «វាមិនអាចប្រកែកបានឡើយថា ពួកគេ មិនអាចសូម្បីតែរៀបចំនូវកិច្ចប្រជុំមួយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថា វាងាយនឹងការធ្វើឲ្យរាំងស្ទះសម្រាប់ការរៀបចំកិច្ចប្រជុំ ដោយសារគោលការណ៍កុងសង់ស៊ីស(មូលមតិ)របស់អាស៊ាន គឺត្រូវមានការឯកភាពគ្នាទាំង១០ប្រទេស។ លោកបន្ថែមថា កម្ពុជាចាំបាច់ត្រូវ«សម្របសម្រួល»គ្នា គឺជជែកគ្នាឲ្យយល់ប្រសិនបើបញ្ហានៅមីយ៉ាន់ម៉ា នាំឲ្យមិនអាចចូលរួមកិច្ចប្រជុំបាន។ លោកបន្តថា ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២នេះ នឹងជួបការលំបាកច្រើន។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វាជារឿងលំបាកច្រើន។ លំបាកទីមួយ បើសិនជាករណីភូមា ជាករណីយកហេតុផលសម្រាប់ខ្ទាស់គ្នា ខ្ញុំគិតថា មួយឆ្នាំហ្នឹង យើងមានការខ្ទាស់គ្នាច្រើន ប្រសិនបើសមាជិកអាស៊ានដទៃទៀត ត្រូវតែប្រកាន់ជំហរ ត្រូវតែមានវឌ្ឍនភាពជាដុំកំភួននូវចំណុចកុងសង់ស៊ីសទាំង៥ចំណុចដែលបានព្រមព្រៀងហ្នឹងហើយកម្ពុជានៅតែប្រកាន់ជំហរមួយថា ត្រូវតែមានវត្តមានតំណាងជាន់ខ្ពស់របស់ភូមា»។
កាលពីកន្លងទៅ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានឲ្យដឹងនៅលើទំព័រ Twitter របស់លោកថា ប្រសិនបើមិនមានវិវឌ្ឍនភាពគួរឲ្យកត់សម្គាល់ទៅលើ៥ចំណុចដែលបានឯកភាពគ្នាទេ តំណាងរបស់ប្រទេសមីយ៉ាន់ម៉ា អាចចូលរួមប្រជុំអាស៊ានបាន តែក្នុងកម្រិតមិនមែននយោបាយតែប៉ុណ្ណោះ។
ការលើកពេលកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ដោយមិនទាន់កំណត់ពេលនេះ ធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដែលរងការរិះគន់អំពីការទទួលស្គាល់មេដឹកនាំយោធាមីយ៉ាន់ម៉ា។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសន្ទនាការងារតាមប្រព័ន្ធវីដេអូជាមួយបេសកជនពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា គឺអ្នកស្រី Noeleen Hayzer។
បើតាមសារនៅលើហ្វេសប៊ុករបស់លោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ប្រាប់បេសកជនថ្មីរបស់អង្គការសហប្រជាជាតិថា ដំណើរទស្សនកិច្ចការងាររបស់លោកទៅប្រទេសមីយ៉ាន់ម៉ា គឺសំខាន់មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន និងចំណុចដែលបានឯកភាពគ្នាចំនួន៥ នោះទេ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ គឺ«ចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់ (បញ្ចប់ការបាញ់គ្នា) ដែលជាកត្តាសំខាន់ដែលស្ថិតនៅក្នុងចំណុចទាំង ៥ ដែលអាស៊ានបានលើកឡើង»។
សេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើគេហទំព័ររបស់អង្គការសហប្រជាជាតិ អ្នកស្រី Noeleen Hayzer ដែលជាបេសកជនរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា អ្នកស្រី«ត្រៀមខ្លួនរួចរាល់ដើម្បីជួយពង្រឹងកិច្ចប្រឹងប្រែងថ្នាក់តំបន់សម្រាប់ការអនុវត្តជាបន្ទាន់ និងមានប្រសិទ្ធភាពនូវចំណុចឯកភាពទាំង៥»។
អ្នកស្រីថា នឹងធ្វើការជាមួយប្រធានអាស៊ាន និងសមាជិក ក្នុងការអនុវត្តចំណុចកុងសង់ស៊ីសទាំង៥ ដែលជា«ជំហានសំខាន់»មួយ។ អ្នកស្រីបញ្ជាក់ថា នឹងធ្វើការជិតសិទ្ធិជាមួយប្រេសិតពិសេសរបស់អាស៊ាន គឺរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ផងដែរ៕