IMF ព្រមាន​ថា ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ បើ​បាត់​បង់​ EBA

រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃអគារដែលកំពុងសាងសង់នៅកោះពេជ្រ ដែលគេមើលឃើញពីទន្លេចតុមុខ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ បាន​ព្រមាន​ថា កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​ បើ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ដែល​ផ្ដល់​ដោយ​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​ឬ European Union (EU) កំពុង​ពិចារណា​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» ឬ Everything But Arms (EBA) ដែល​កម្ពុជា​ទទួល​បាន​តាំងពី​ឆ្នាំ​២០០១ បើ​សិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​ស្តា​ស្ថានការណ៍​មក​ដូច​ដើម​វិញ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយ​របស់ ​EU ថា​ត្រូវ​ព្យួរ​ EBA ឬ​យ៉ាងណា នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ស្ថិត​ក្នុង​រង្វង់​៧​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៩។ លទ្ធភាព​នៃ​ការ​ដកចេញ​ភាព​អនុគ្រោះ​ពាណិជ្ជ​កម្ម​ក្រោម​ប្រព័ន្ធ​ EBA នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​IMF ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

មូល​និធិ​ IMF ​បាន​សរសេរ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា​៖

«ការ​ព្យួរ[ឋានៈ​អនុគ្រោះ​ពន្ធ​ EBA]​នឹង​នាំ​ទៅ​រក​ការ​ធ្លាក់​ចុះ​ជា​អចិន្ត្រៃយ៍​នៃ​ផលិត​ផល​ ​និង​ការងារក្នុង​ឧស្សាហកម្ម​កាត់​ដេរ​សម្រាប់​រយៈពេល​វែង​»។

មូលនិធិ ​IMF ក៏​បាន​ព្យាករណ៍​ថា​ ការ​នាំទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប​នឹង​ធ្លាក់​ចុះ​ប្រមាណ​១៣​ភាគរយ​ ជា​ចំនួន​ស្មើនឹង​ការ​ថយ​ចុះ​៥​ភាគរយ​នៃ​ការ​នាំចេញ​សរុប។ ហើយ​ផលប៉ះពាល់​នេះ​ នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ឬ GDP ​ថយ​ចុះ​កម្រិត៣​ភាគរយ​ នៅ​ឆ្នាំ​ដំបូង​ដែល​កម្ពុជា​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ឲ្យ​សហភាព​អឺរ៉ុប។

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រំពឹង​ថា​នឹង​ស្ថិត​នៅ​៦,៨​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ទំហំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​សំលៀកបំពាក់​ទៅ​សហភាព​អឺរ៉ុប​ ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា។ នេះ​បើ​យោង​តាម ​IMF។

បើ​យោង​តាម​របាយការណ៍​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេ​បាន​ក្នុង​អត្រា​៦,៥​ភាគរយ ​ដែល​កំណើន​នេះ​ថម​ថយ​ បើ​ធៀប​ទៅ​នឹង​កំណើន​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​អាច​សម្រេច​បាន​៧,១​ភាគរយ។

គួរ​បញ្ជាក់​ថា សហភាព​អឺរ៉ុប បានរក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​នោះ​មាន​ការ​ចាប់​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដាក់​ឃុំឃាំង ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ ​និង​ការហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

ទោះជា​យ៉ាងណា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​លើក​ឡើង​ថា លោក​មិន​ខ្វល់​នឹង​ការ​គំរាម​កំហែង​របស់​សហ​ភាព​អឺរ៉ុប​លើ​ប្រព័ន្ធអនុគ្រោះ​ពន្ធ​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នឹង​បន្ធូរបន្ថយ​ឥទ្ធិពល​ទណ្ឌ​កម្ម​នេះ៕

កែ​តម្រូវ៖ អត្ថបទ​នេះ​ត្រូវ​បាន​កែ​សម្រួលឡើង​វិញ។ លទ្ធភាព​នៃ​ការ​ព្យួរ​ EBA នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​ ឬ GDP ​ថយ​ចុះ​កម្រិត៣​ភាគរយ​នៅ​ឆ្នាំ​ដំបូង។