តើ​កម្ពុជា​គួរ​ដាក់​កំហិត​អត្រា​ការប្រាក់​ដែរ​ឬ​ទេ?

រូបឯកសារ៖ ​អ្នក​ប្តូរ​ប្រាក់​ម្នាក់​កំពុង​រាប់​សាច់​ប្រាក់​ក្រដាស​មួយរយរៀល​ទៅកាន់​អតិថិជន​របស់​ខ្លួន នៅ​ទីក្រុងភ្នំពេញ កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១១។

ប្រាក់​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនេះ​មាន​ប្រហែលជា​២០ភាគរយ នៃ​ប្រាក់​កម្ចី ដែល​ផ្តល់​ដោយ​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​កម្ចី​ទ្រង់ទ្រាយ​តូច​ជាង​ធនាគារ ដោយ​ផ្តល់​សេវា​បាន​ច្រើន​ទាំង​ទីប្រជុំជន និង​ជនបទ។

វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការ​រីកចំរើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​មាន​ការ​កើនឡើង​នៃ​ចំនួន​ធនាគារ សេវាហិរញ្ញវត្ថុ ប្រាក់បញ្ញើរ ​ការ​ផ្តល់​ប្រាក់​កម្ចី និង​ចំនួន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ប្រាក់​កម្ចី​ទ្រង់ទ្រាយ​តូច។

ប្រាក់​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនេះ​មាន​ប្រហែលជា​២០ភាគរយ នៃ​ប្រាក់​កម្ចី ដែល​ផ្តល់​ដោយ​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​កម្ចី​ទ្រង់ទ្រាយ​តូច​ជាង​ធនាគារ ដោយ​ផ្តល់​សេវា​បាន​ច្រើន​ទាំង​ទីប្រជុំជន និង​ជនបទ ក៏ប៉ុន្តែ​យក​ការប្រាក់​ខ្ពស់​ជាង​ធនាគារ​ពាណិជ្ជ ពោលគឺ ការ​ប្រាក់សំរាប់កំចីខ្លះ​អាច​ដល់​ជាង​៣០ភាគរយ​ក្នុង​មួយ​ឆ្នាំ បើ​ធៀប​នឹង​ការប្រាក់​ប្រមាណ​១០ភាគរយ​ដោយ​ធនាគារ​ពាណិជ្ជ។

មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា គួរ​មាន​កំហិត​លើ​អត្រា​ការប្រាក់​យក​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពីព្រោះ​វា​មាន​កម្រិត​ខ្ពស់​ដែល​អាច​ប៉ះពាល់​សកម្មភាព​សេដ្ឋកិច្ច សក្តានុពល​អាជីវកម្ម​ខា្នតតូច និងមធ្យម ក៏ដូចជា​ភាពក្រីក្រ។ ក៏ប៉ុន្តែ សំណួរ​គឺ​ថាតើ​កម្ពុជា​គួរ​មាន​ការ​កំហិត​លើ​អត្រា​ការប្រាក់​ដែរ​ឬ​ទេ។

លោក ហេង ឌីណា ដែល​ជា​សមាជិក​មួយ​រូប​នៃ​សមាគមន៍​សេដ្ឋកិច្ច​កម្ពុជា បាន​បញ្ជាក់​ថា៖​«ជាទូទៅ កម្ចី​កាន់​តែ​តូច មាន​ការប្រាក់​កាន់​តែ​ខ្ពស់ បើគិត​ជា​ការប្រាក់​ក្នុង​មួយ​ឆ្នាំ។ ជាឧទាហរណ៍ សម្រាប់​ធនាគារ​ពាណិជ្ជ ការប្រាក់​សម្រាប់​កម្ចី​ទិញផ្ទះ​អាច​ស្ថិត​ក្នុង​រង្វង់​១០ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ចំពោះ​មីក្រូហិរញ្ញវត្ថុ​វិញ ការប្រាក់​សម្រាប់​កម្ចី​ជាក្រុម ដែល​អតិថិជន​ចង​ជា​ក្រុម​ដើម្បី​ខ្ចី​នោះ និង​ដែល​មាន​ទំហំ​ប្រហែល​ពីរលាន​រៀល ឬ៥០០ដុល្លារ​សម្រាប់​អតិថិជន​ម្នាក់ គឺ​ស្ថិត​ក្នុង​រង្វង់​៣២ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ការប្រាក់​សម្រាប់​កម្ចី​កាន់តែ​ធំ​សម្រាប់​អាជីវកម្ម​អាច​ទាប​ជាង​នេះ។ ជា​ឧទាហរណ៍ វា​ស្ថិត​ក្នុង​រង្វង់​២០ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​កម្ចី​ទំហំ​២០លានរៀល ឬ​៥០០០ដុល្លារ។ ក្រៅពីនេះ កម្ចី​ដែល​ផ្តល់​ដោយ​ហាង​បញ្ចាំ ឬ​អ្នក​ឲ្យ​ខ្ចី​ក្រៅផ្លូវការ​ ដូចជា​អ្នក​ចង​ការ​ជាដើម មាន​ការប្រាក់​កាន់តែ​ខ្ពស់​ពោលគឺ​រង្វង់​៥ភាគរយ​ក្នុង​មួយ​ខែ ឬ​៦០ភាគរយ​ក្នុង​មួយ​ឆ្នាំ‍»។

មាន​មតិ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា អត្រា​ការប្រាក់​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់។ ប៉ុន្តែ ប្រសិន​បើ​ធៀប​នឹង​ទសវត្សរ៍​មុន ការប្រាក់​នៅ​កម្ពុជា​យើង​មាន​ការថយ​ចុះ​ច្រើន។ លោក​ ហេង​ ឌីណា បាន​លើក​ឡើង​ថា៖ ‍« ពេល​មើលលើ​អត្រា​ការប្រាក់ គេក៏ត្រូវ​មើល​ពី​ទំហំនិងរយះពេល​នៃ​កម្ចីដែរ។ ជាធម្មតា ការ​គណនា​ភាគរយ​អាច​ឃើញ​ធំ នៅពេល​ដែល​ទំហំ​កម្ចី​តូច។ ឧទាហរណ៍ ការប្រាក់​សម្រាប់​កម្ចី​៥០០ដុល្លារ គឺ​ស្ថិត​ក្នុង​រង្វង់​៣២ភាគរយ​ក្នុង​មួយ​ឆ្នាំ ឬ​២.៧ភាគរយ​ក្នុង​មួយ​ខែ ឬ​ប្រហែលជាង​១៣.៥ ដុល្លារ​ក្នុង​មួយ​ខែ។ ក៏ប៉ុន្តែ អត្រា​ផល​ចំណេញ​ដែល​បាន​ពី​ការ​ប្រើប្រាស់​កម្ចី​នោះ​អាច​មាន​ភាគរយ​ខ្ពស់​ដែរ‍។ ឧទាហរណ៍ ប្រសិនបើ​អាជីវក​ប្រើ​ទុន​៥០០ដុល្លារ​ហើយអាច​រក​ចំណេញ​សល់​បានតែ​៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ នោះ​អត្រា​ចំណេញគឺ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ត្រូវ​នឹង​២៦ភាគរយ​ក្នុង​មួយ​ខែ ឬ​ជាង​៣០០ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ន័យ​នេះ ការប្រាក់​វា​មិន​ខ្ពស់​ទេ បើធៀប​នឹង​អត្រា​ចំណេញ។ »

កំហិត​ការប្រាក់​គឺជា​កម្រិត​ការប្រាក់​មួយ ដែល​រដ្ឋាភិបាល​មួយ​អាច​កំណត់​ជា​កម្រិត​អតិបរមា ដែល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​យក​ពី​អតិថិជន។ ជាឧហរណ៍ នៅ​ប្រទេស​ខ្លះ ដូចជា​នៅ​ប្រទេស​ថៃ រដ្ឋ​កំណត់​មិន​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​យក​ការប្រាក់​លើសពី​៣៦ភាគរយ​ទេ។ កំហិត​ការប្រាក់​នោះ​មាន​គោលបំណង​ច្រើន ដូចជា​ដើម្បី​ការពារ​អតិថិជន​កុំ​ឲ្យ​លង់ខ្លួន​នឹង​បំណុល​ដែល​មាន​ការប្រាក់​ខ្ពស់ និង​ការ​កេងប្រវ័ញ្ច ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ទ្រព្យសម្បត្តិ ដីធ្លី​ជាដើម។ នៅ​ប្រទេស​ខ្លះ ​ដូចជា​នៅ​ប្រទេស​ឥណ្ឌា រដ្ឋ​កំហិត​ការប្រាក់​សម្រាប់​កម្ចី​ទៅ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទាំង​នេះ។

លោក ហេង ឌីណា បាន​បញ្ជាក់​ថា៖ «កំហិត​ការប្រាក់​ទាំងនេះ​តែងតែ​មាន​បំណង​ល្អ និង​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​នយោបាយ ។ ប៉ុន្តែ​បទពិសោធន៍​ក្នុង​បណ្តា​ប្រទេស​ភាគ​ច្រើន ដូចជា​នៅ​ទ្វីប​អាហ្រិក និង​ទ្វីប​អាមេរិក​ត្បូង​ បាន​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ច្រើន ដូចជា​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​កំហិត និង​ការ​រាំងស្ទះ​ដល់​ការ​រីកចំរើន​វិស័យ​ហិរញ្ញវត្ថុ ក៏ដូចជា​ការ​កាត់​បន្ថយ​ភាពក្រីក្រ។ ផ្ទុយ​នឹង​បំណង​ល្អ កំហិត​ទាំង​នោះ​ភាគច្រើន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​អ្នក​ក្រ និង​អាជីវកម្ម​ខ្នាត​តូច ដោយសារ​ការ​ដាក់​កំហិត​មិន​ត្រឹមត្រូវ និង​ការ​អនុវត្ត​មិន​បាន​ល្អ‍»។

លោក ហេង ឌីណា បាន​បន្ត​ថា នៅក្នុង​បរិបថ​អភិវឌ្ឍ និង​ស្ថាប័ន​នាពេល​បច្ចុប្បន្ន លោក​គិត​ថា កម្ពុជា​មិនគួរ​ដាក់​កំហិត​ការប្រាក់​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​នោះទេ។ ទោះបីជា​មាន​ទស្សនៈ​ដែល​ថា កំហិត​ការប្រាក់​គួរ​ស្ថិត​ក្នុង​កម្រិត​មួយ ដែល​មិន​អាច​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំណេញ​ខ្លាំង​ពេក និង​មិន​ឲ្យ​ខាត ក្តី ក៏​ជាក់ស្តែង​ការ​អនុវត្ត​នៃ​កំហិត​ការប្រាក់​មាន​ភាពលំបាក ហើយ​ភាគច្រើន​ពុំមាន​ប្រសិទ្ធភាព ពីព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អ្នក​ផ្តល់​ប្រាក់​កម្ចី​ អាច​បង្កើន​ថ្លៃ​កម្ចី​ផ្សេងៗ តាមរយៈ​បង្កើន​ថ្លៃ​កម្រៃ​ជើងសារ និង​ប្រតិបត្តិការ បន្ថែមពី​លើ​ការប្រាក់‍។

លោក ឌីណា បាន​បញ្ជាក់​ថា៖ «នៅពេល​ដែល​កំហិត​ការប្រាក់​មាន​កម្រិត​ទាប​ពេក នោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ដក​សាខារ និង​សេវា​របស់​ខ្លួន​ចេញ​ពី​តំបន់ ដែល​មាន​ថ្លៃ​ប្រតិបត្តិការ​ខ្ពស់ ដែល​ករណី​នេះ​អាច​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅ​តំបន់​ទាំងនេះ។បន្ថែម​លើ​នេះ ការ​ប្រកួត​ប្រជែង​ក្នុងការ​ផ្តល់​សេវា និង​កម្ចី​ក្នុង​តំបន់​នោះ​ទៀត​សោធន៍ ក៏​មាន​ការ​ថយ​ចុះ ហើយ​អតិថិជន​នឹង​ទៅ​ខ្ចី​អ្នក​ចង​ការ​ក្រៅ​ផ្លូវការ ដែល​យក​ការប្រាក់​ខ្ពស់​ជាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ទៀត»។

រូបឯកសារ៖ អតិថិជន​ម្នាក់​ដើរ​ចេញ​ពីទូរ​ដាក់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខាង​ត្បូង​វិមាន​ឯក​រាជ្យ កាល​ពី​ថ្ងៃទី ៨ សីហា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)

នៅពេល​ដែល​មាន​កំហិត​ការប្រាក់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​បង្កើន​ទំហំ​កម្ចី​ ដើម្បី​បន្ទាប​ការប្រាក់ ហើយ​ភាគច្រើន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ងាកចេញ​ពី​អតិថិជន ដែល​មាន​ចំណូល​ទាប​ទៅ​រក​អតិថិជន ដែល​មាន​ចំណូល​ខ្ពស់ ដែល​មាន​សមត្ថភាព​សម្រាប់​កម្ចី​ទំហំ​ធំ។ ការ​ងាក​ចេញ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន ដែល​មាន​ចំណូល​ទាប និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​នៅតាម​ជនបទ។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​លោក ហេង ឌីណា។ លើសពីនេះ ការ​បង្កើន​ទំហំ​កម្ចី​លឿន​ពេក ដែល​ខ្ពស់​ជាង​សមត្ថភាព​កម្ចី​របស់​អតិថិជន និង​កម្លាំង​សេដ្ឋកិច្ច ក៏​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ឥណទាន ពោលគឺ​បំណុល​មិន​ដំណើរការ​អាច​កើន​ឡើង ដែល​កត្តា​នេះ​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ។

សំណួរ​មួយ​ទៀត​សួរ​ថា​ បើ​ពុំ​ដាក់​កំហិត​ការប្រាក់ តើ​កម្ពុជា​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​បន្ទាប​ការប្រាក់ និង​ការពារ​អតិថិជន។ លោក ហេង ឌីណា បាន​បកស្រាយ​ថា ជាជាង​ការ​ដាក់​កំហិត​ការប្រាក់ ការ​ជំរុញ​ប្រកួតប្រជែង​រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​លើក​កម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ការ​គ្រប់គ្រង​ហរិញ្ញវត្ថុ​មាន​សារៈសំខាន់។

ការ​ប្រកួត​ប្រជែង​អាច​ធ្វើឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនេះ ​រិះរក​បង្កើត​ផលិតផល និង​សេវាហិរញ្ញវត្ថុ​ផ្សេងៗ ដើម្បី​ទាក់ទាញ​អតិថិជន​អាច​តាមរយៈ​ បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​បន្ថយ​ហានិភ័យ ឬ​ធ្វើ​យ៉ាងណា​ឲ្យ​សេវាល្អ និង​ការប្រាក់​ទាប​ជាងគេ​ជាដើម។

លោក​ ហេង ឌីណា បាន​លើក​ឡើង​ថា៖ «ការប្រាក់នឹងចុះទាបជាងបច្ចុប្បន្ន ប្រសិនបើ ទី១ ការប្រាក់នៃ​កម្ចីដែល​អ្នក​វិនិយោគផ្តល់​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជាចុះទាបជាងមុន។ ហើយ​នេះ​អាស្រ័យ​លើ​កម្រិត​ហានិភ័យ​របស់​ប្រទេស​កម្ពុជា​យើង​ទាំង​មូល ជាពិសេស​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន​និង​អនាគត ។ទី២ ការ​កើន​ឡើង​នៃ​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែល​អាស្រ័យ​លើ​កម្រិត​ការ​ប្រកួត​ប្រជែង​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ទំហំ​កម្ចី និង​ការ​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ»។

ការ​យល់ដឹង​ហិរញ្ញវត្ថុ​របស់​អតិថិជនក៏​មាន​សារៈសំខាន់​ដែរ។

លោក ហេង ឌីណា បាន​បញ្ជាក់​ថា៖ «ការ​យល់​ដឹង​នេះ​សំដៅលើ​ការ​យល់ដឹង​ពី​ចេះ​គិតគូរ មុននឹង​ខ្ចី​ការ​ប្រើប្រាស់​កម្ចី និង​ការ​យល់ដឹង​ពី​សិទ្ធិ និង​កាតព្វកិច្ច​ជា​អតិថិជន ដូចជា​ថា​តើ​ការប្រាក់​សម្រាប់​កម្ចី​ក្នុង​ទំហំ​មួយ​ វា​សមស្រប​ទៅតាម​អាជីវកម្ម ឬ​ចំណូល​ដែរ​ឬ​ទេ ហើយ​ថាតើ​ការ​ចាយវាយ ឬ​ការ​ទិញ​សម្ភារៈ​ វា​សមស្រប​នឹង​ចំណូល និង​ធនធាន​ដែល​ខ្លួន​មាន​ដែរ​ឬទេ ឬ​ថាតើ​អាជីវកម្ម​របស់​បុគ្គល​ម្នាក់​អាច​មាន​ហានិភ័យ​អ្វីខ្លះ ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គាត់​ជាដើម‍»។

លោក​ថា ការ​លើក​កម្ពស់​ការ​យល់ដឹង​នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​អប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ពិភាក្សា​ក្នុង​គ្រួសារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ដោយ​បញ្ជ្រាប​ការ​យល់ដឹង​ហិរញ្ញវត្ថុ​ពី​ថ្នាក់​មូលដ្ឋាន ការ​ពន្យល់​ណែនាំ​ដល់​អតិថិជន​ថ្មី និង​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ជំរុញ​ការ​យល់ដឹង​អំពី​ប្រភេទ​កម្ចី ឬ អំពី​ព័ត៌មាន​ស្តីពី​គ្រឹះស្ថាន និង​បុគ្គល​ដែល​មាន​លក្ខណៈ​កេងប្រវ័ញ្ច។

ក្រៅពីនេះ ដើម្បី​ការពារ​អតិថិជន​ពី​ការ​កេងប្រវ័ញ្ច លោក​ ឌីណា ឲ្យ​ដឹង​ថា និយត្តករ​មាន​តួនាទី​សំខាន់ ក្នុងការ​ធ្វើការ​អង្កេត តាមដាន និង​ចាត់​វិធានការ​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​អ្នក​ចង​ការ ដែល​ផ្តល់​កម្ចី​ក្នុង​លក្ខណៈ​កេងប្រវ័ញ្ច តាមរយៈ​ការប្រាក់​ខ្ពស់​ហួសហេតុ ឬ​តម្លៃ​សេវាកម្ម​ពុំ​សមរម្យ។ ដូច្នេះ ការ​សហការ​គ្នា​ររវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​ជាតិ ក្រសួង​មហាផ្ទៃ និង​អជ្ញាធរ​មូលដ្ឋាន​ដើរ​តួនាទី​យ៉ាង​សំខាន់៕