សម្តេច​ប៉ាប​យាង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​ចាប់​ផ្ដើម​​ពី​ប្រទេស​អេក្វាទ័រ

សម្តេចប៉ាប ​Francis គ្រវីដៃស្វាគមន៍​ហ្វូងមនុស្ស​ នៅ​ពេល​ព្រះអង្គ​ឡើង​ជិះ​លើ​រថយន្ត​ធ្វើដំណើរ​ក្នុងឧទ្យា​ Samanes Park ជា​កន្លែង​ដែល​ព្រះ​អង្គនឹង​ប្រារព​ពិធី​ធំមួយ​ជា​មួយ​មហា​ជន​អ្នក​គាំទ្រ​ ក្នុងទីក្រុង​ Guayaquil ប្រទេស​អេក្វាទ័រ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២១០៥។

ពួក​អ្នកកាន់​គ្រិស្តសាសនា​និកាយកាតុលិក​ រាប់សែននាក់​បាន​ប្រមូលផ្តុំ​គ្នានៅ​ក្នុង​ប្រទេស​អេក្វាឌរ​ (Ecuador) កាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​ស្តាប់​ពិធី​សូត្រធម៌​ប្រារព្ធ​មួយ​ដោយ​សម្តេច​ប៉ាប Francis ដែល​បាន​ចាប់​ផ្តើម​ព្រះរាជទស្សនកិច្ច​បីថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​មាន​ពិធី​សូត្រធម៌​នៅ​កណ្តាល​វាល​មួយ​ក្នុង​ក្រុង Guayaquil ជា​ក្រុង​កំពង់ផែ​នៅផ្នែក​និរតី​នៃ​ប្រទេស​នេះ។

សម្តេច​ប៉ាប​អង្គនេះ​ដែល​មាន​ព្រះជន្ម៧៨​ព្រះវស្សា​ បានធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ដល់​រដ្ឋធានី Quito ជា​កន្លែង​ដែល​ព្រះអង្គ​ឈប់​សំចត​ទី​មួយ​នៃ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ក្នុង​ទ្វីប​អាមេរិកឡាទីន។

ពួកឥស្សរជន​ខាង​រដ្ឋាភិបាល​និងខាង​ព្រះវិហារ​គ្រិស្តសាសនា​បាន​ទៅ​ទទួល​ស្វាគមន៍​ព្រះអង្គ អមដោយ​ក្រុម​កុមារ​និង​មនុស្ស​ពេញ​វ័យ​ដែល​បាន​គ្រវីទង់​សម្តេចប៉ាប​និង​ឈរ​នៅ​សងខាង​ព្រំក្រហម​វែង​មួយ។​

គេរំពឹង​ថា​ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​កាន់​រដ្ឋធានី​វិញ​នៅ​ថ្ងៃអង្គារ​ដើម្បីប្រារព្ធ​ពីធី​សូត្រធម៌​ជា​សាធារណៈ​មួយ​ទៀត​នៅ​ក្នុង​ឱទ្យាន​ Bicentennial Park នៅ​មុន​ពេល​ព្រះអង្គ​បន្ត​ព្រះ​រាជដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ បូលីវី (Bolivia) និងប្រទេស​ប៉ារ៉ាហ្គីណេ (Paraguay)៕