លោក Pompeo ថា​សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​សន្ទនា​ជាមួយ​អ៊ីរ៉ង់

  • Michael Bowman

លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ស៊្វីស នៅ​ក្នុង​ក្រុង Bellinzona ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋបាល​លោក Trump នៅ​តែ​រក្សា​ការ​យក​ចិត្តទុកដាក់​លើ​​បញ្ហា​អ៊ីរ៉ង់​ និង​ប្រកាស​ថា ​ខ្លួន​ត្រៀម​លក្ខណៈ​រួចរាល់ហើយ​ដើម្បី​ធ្វើ​ការសន្ទនា​។ ​សភា​ស.រ.អា.​បាន​ស្តាប់​អំពី​ការ​លើកឡើង​ពី​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​​ បង្ក​ការ​គំរាម​កំហែង​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា។

ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​បាន​កំញើញ​ដាក់​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​ និង​ការព្រមាន​អំពី​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ដែល​អាច​កើតឡើង​មក​ រដ្ឋបាល​លោក Trump កំពុង​ស្នើ​ឲ្យ​មាន​ការសន្ទនា។ លោក Mike​ Pompeo​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា «យើង​រៀបចំ​ខ្លួន​រួចរាល់​ហើយ​ ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន។ យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​អង្គុយ​ចរចា​ជាមួយ​ពួកគេ។ ប៉ុន្តែកិច្ច​ខំ​ប្រឹងប្រែង​របស់​អាមេរិក​នៅ​តែ​បន្ត​ធ្វើ ​ដើម្បី​ទប់ទល់​នឹង​សកម្មភាព​អាក្រក់​របស់​អ៊ីរ៉ង់»។​

សុន្ទរកថា​របស់​លោក Pompeo នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ស្វ៊ីស​ តំណាង​ឲ្យផលប្រយោជន៍​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេសអ៊ីរ៉ង់​ និង​អាច​បម្រើ​ជា​ប្រយោជន៍​ដល់​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ។

ប្រទេស​អ៊ីរ៉ង់​នៅ​តែ​គ្មាន​ឆន្ទៈ​ធ្វើការ​សន្ទនា​ជាមួយ​សហរដ្ឋអាមេរិក​ ខណៈ​រដ្ឋបាល​លោក Trump នៅ​តែ​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​ប្រឆាំង​នឹង​រដ្ឋឥស្លាម​មួយ​នេះ។

នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ This Week progam ឬ​សប្តាហ៍​នេះ​របស់​សារព័ត៌មាន ABC រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ថ្លែង​ថា​ វីធី​ធ្វើការ​របស់​លោកប្រធានាធិបតី Donald Trump ប្រហែល​ជា​អាច​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​ទីផ្សារ​អចនទ្រព្យ​ ប៉ុន្តែ​វាមិនមាន​លទ្ធផល​នៅក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ទេ។ លោក Mohammad Javad Zarif បាន​ថ្លែង​ថា «ខ្ញុំ​ធ្លាប់​បាន​និយាយ​អំពី​បញ្ហា​នេះ​ពី​មុន​រួច​ហើយ។ ការគំរាមកំហែង​ដាក់​អ៊ីរ៉ង់​គ្មាន​ប្រយោជន៍​ទេ។ ពលរដ្ឋ​អ៊ីរ៉ង់​មិន​ដែល​ភ័យ​ខ្លាច​ទេ។ ការ​គោរព​គ្នា​ប្រហែល​ជា​អាច​ដោះស្រាយ​បញ្ហា​បាន»។

លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែង​បន្ថែម​ទៀត​ លោក​ចង់​ទុក​ឲ្យ​លោក​ប្រធានាធិបតី Trump​ បន្ត​ទស្សន៍ទាយ​អំពី​អ្វី​ដែល​អ៊ីរ៉ង់​ប្រហែល​ធ្វើ ឬ​ប្រហែល​ជា​មិន​ធ្វើ ​ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​ រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​នឹង​មិន​បញ្ឈប់​ប្រតិបត្តិ​របស់​ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​ពែក​ទេ។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ​បាន​បញ្ជាក់​ដូច្នេះ​ថា «យើង​មាន​ហេតុផល​ដែល​ហៅ​តំបន់​នេះ​ថា​ជា​ឈូង​សមុទ្រ​ពែក។ ប្រសិន​បើ​កង​កម្លាំង​យោធា​អ៊ីរ៉ង់​ចូល​ទៅ​ឆ្នេរ​សមុទ្រ​នៅ​រដ្ឋកាលីហ្វញ៉ា​ ឬ​ចូល​ទៅ​ឆ្នេរសមុទ្រ​នៅ​រដ្ឋហ្វ្លរីដា​វិញ​ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងម៉េច? តើ​អ្នកត្រូវ​ដោះស្រាយ​ដូចម្តេច?»។

រដ្ឋបាល​លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​អន្តរជាតិ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ដែល​មាន​ឈ្មោះ​ថា​ផែនការ​សកម្មភាព​រួមគ្នា។ លោក Pompeo បាន​ថ្លែង​ថា​គោលដៅ​សំខាន់​របស់​អាមេរិក​គឺ​មិន​ផ្លាស់ប្តូរ។ រដ្ឋមន្ត្រី​ការបរទេស​ លោកMike Pompeoបាន​ថ្លែង​ថា «យើង​កំពុង​ធ្វើ​ការងារ​ដើម្បី​ធានា​ថា​ អ៊ីរ៉ង់​នឹង​មិន​ក្លាយ​ជា​កន្លែង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ»។

កាល​ពី​ខែ​មុន លោក Pompeo បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិកសភា​ទាំងអស់​ ដែល​ទើប​វិលត្រឡប់​ចូល​ធ្វើការ​នៅរដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ បន្ទាប់​ពី​សម្រាក​មួយ​អាទិត្យ។ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​នាក់​បាន​សរសើរ​ដល់​រដ្ឋបាល​លោក Trump ដែល​បាន​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់ ខណៈ​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា​ សេតវិមាន​អាច​ធ្លាក់​ទៅក្នុង​ជម្លោះ​យោធា​ដ៏​មហន្តរាយ​មួយ​ទៀត​នៅ​តំបន់​មជ្ឈិមបូព៌ា៕​

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា