រដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន នឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅសប្ដាហ៍ក្រោយអំពីវិធីទប់ទល់នឹងជំងឺកូវីដ១៩ និងការពង្រឹងកិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមប្រទេសទាំង ៤ នេះ បានរួមគ្នាបង្កើតក្រុមយុទ្ធសាស្ត្រមួយ ដែលគេស្គាល់ថា «Quad» ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីទប់ទល់នឹងប្រទេសចិន និងលើកកម្ពស់ទស្សនៈវិស័យរបស់ពួកគេ អំពី «តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ការពិភាក្សានៅថ្ងៃទី ៦ ខែតុលាខាងមុខនេះ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Marise Payne និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar។
លោក Motegi បានប្រកាសថា លោកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចតុភាគីនេះ ដែលជាកិច្ចប្រជុំដូចគ្នានេះដែរលើកទីពីរ បន្ទាប់ពីកិច្ចប្រជុំលើកទីមួយបានធ្វើឡើងនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។
លោក Motegi បានបញ្ជាក់ក្នុងសន្និសីទកាសែតជាប្រចាំដូច្នេះថា៖ «វាជាពេលវេលាត្រឹមត្រូវសម្រាប់រដ្ឋមន្ត្រីការបរទេសដែលមានគំនិតដូចគ្នាទាំងនេះជួបប្រជុំគ្នានៅក្នុងទីក្រុងតូក្យូ ដើម្បីពិភាក្សាទល់មុខ និងផ្ដោះផ្ដូរយោបល់គ្នាអំពីវិធីទប់ទល់នឹងបញ្ហានានាដែលលេចឡើងពីការរាតត្បាតនៃជំងឺកូវីដ១៩ និងកិច្ចការក្នុងតំបន់ផ្សេងៗទៀត»៕