ការ​ស្ទង់​មតិបង្ហាញ​ពីការ​បោះឆ្នោត​មាន​ការ​ប្រកៀក​គ្នា​​នៅ​ក្នុងការ​បោះឆ្នោត​ប្រជា​មតិ​ដ៏​ចម្រូង​ចម្រាស់​របស់​តួកគី

អ្នក​គាំទ្រ​រង់ចាំ​ការ​មកដល់​របស់ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ក្នុង​ការ​ជួប​ជុំ​ចុងក្រោយ​មុន​ធ្វើ​ប្រជាមតិ​ថ្ងៃអាទិត្យក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុលកាល​ពី​ថ្ងៃសៅរ៍​ទី​១៥ មេសា ២០១៧។

នៅ​ថ្ងៃ​អាទិត្យ​នេះ ​ជន​ជាតិ​តួកគី ​នឹង​បោះ​ឆ្នោត​ប្រជាមតិស្តីពីការ​ប្រែក្លាយ​ប្រទេសតួកគី​ឲ្យទៅជាកាន់​ដំណែងតាម​បែបនិតិប្រតិបត្តិចេញ​ពី​ប្រព័ន្ធ​តាម​បែប​សភា​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​ប្រសិនបើបាន​ទទួល​ការ​អនុម័ត មាត្រា​ទី​១៨​នៃ​កម្មវិធី​ធ្វើ​កំ​ណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ ​នឹង​ផ្តល់​អំណាច​យ៉ាង​ខ្លាំង​ទៅ​ឲ្យ​ប្រធានាធិបតី បង្កើត​ដំណែង​ប្រធានា​ធិបតីជាប់​ឆ្នោត​មួយ​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ពិភព​លោក។ ​អ្នកគាំទ្រ​ជជែក​ឲ្យ​ហេតុផល​ថា ​វាជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ទៅតាម​អ្វី​ដែល​ពួកគេ​ហៅថា ​ការ​គំរាម​កំ ហែង​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន​ដែល​ប្រទេស​តួកគី​កំពុង​ប្រឈម។ អ្នក​ប្រឆាំង​ព្រមាន​ថា ​វិធានការ​នេះ​នឹង​ប្រែក្លាយ​ប្រទេស​តួកគី​ឲ្យ​ទៅ​ជា​អត្តា​ធិបតេយ្យ។

ប្រធានាធិបតី​តួកគីលោក​ Recep Tayyip Erdogan ដែល​បាននាំ​មុខ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រជាមតិ​នោះ ជជែក​ឲ្យ​ហេតុផល​ថា ​ការ​ធ្វើ​កំណែ​ទម្រង់​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​នឹង​មាន​ស្ថិរភាព​ខាង​នយោបាយ​និងមាន​ប្រសិទ្ធិ​ភាព​បន្ទាប់​ពី​រដ្ឋប្រហារ​មិនបាន​ទទួល​ជោគជ័យ​កាល​ពី​ខែ​កក្កដាឆ្នាំ​ទៅ​ហើយ​នឹងការ​បន្តការ​គំរាម​កំហែង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​បះបោរKurds ឬ PKK។ កំណែ​ទម្រង់​ដ៏​ធំ​ចាប់​តាំង​ពីការ​ស្នើ​ផ្តល់​អំណាច​ដល់​ប្រធានា​ធិបតី​រហូត​ដល់​ការតែងតាំង​រដ្ឋ​មន្រ្តី ការ​កំណត់​ថវិកា ការ​ចេញ​ច្បាប់​តាម​រយៈ​ក្រិត្យ​ច្បាប់ ការរំលាយ​សភា​ហើយ​នឹង​ការ​ប្រកាស​ក្នុង​ស្ថានភាព​អាសន្ន។ នាយក​រដ្ឋ​មន្ត្រី​និង​គណរដ្ឋ​មន្រ្តី​ក៏នឹង​ត្រូវ​លុប​ចោល​ដែរ។

ទោះបី​ក្រុម​ចម្រុះ​នៃ​គណបក្ស AK ​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​និង​គណបក្ស​ជាតិ​និយម MHP បាន​ទទួលសន្លឹក​ឆ្នោត​ជាង​៦០ភាគរយ​ក្នុង​ការ​បោះឆ្នោតកាល​ពី​អតីតកាល​ក៏ដោយ ការ​ស្ទង់មតិ​ភាគ​ច្រើន​បង្ហាញ​ថា ​លោក​បាន​នាំមុខ​បន្តិច​បន្តួច​តែប៉ុណ្ណោះ៕