Your browser doesn’t support HTML5
លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទថាការបោះឆ្នោតនេះជាជំហានវិជ្ជមានមួយធំដែលពលរដ្ឋគួរតែសប្បាយរីករាយនិងសាទរដោយសារវាបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាធំដុំអ្វីកើតឡើង។
យ៉ាងណាក៏ដោយលោកអ៊ូវីរៈបានស្នើសុំឱ្យគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ«បន្ធូរបន្ថយសំដីនិងការនិយាយស្តីណាដែលប៉ះពាល់ទៅនឹង ស្ថិរភាពនៅ ពេលបច្ចុប្បន្ននេះ» ក្នុងខណៈពេលដែលកំពុងជាប់គាំងលើវិធីដោះស្រាយយ៉ាងណាដើម្បីឱ្យភាគីទាំងពីរទទួលស្គាល់លទ្ធផលឆ្នោត។
លោកវីរៈបានបញ្ជាក់ថាការលើកឡើងពីបាតុកម្មគឺជាការនិយាយលឿនពេកព្រោះ នៅមិនទាន់ប្រើប្រាស់អស់យន្តការអហិង្សានៅឡើយទេ។ លោកបានបញ្ជាក់ថាគណបក្សប្រជាជនដែលជាគណបក្សចាស់ទុំត្រូវជំរុញការសម្របសម្រួលដោយលូកដៃទៅរកគណបក្សប្រឆាំងមុនដើម្បីជៀសវាងអំពើហិង្សាណាមួយដែលអាចខូចប្រយោជន៍ជាតិ។
លោកបានសង្កេតឃើញថាមានបញ្ហាជាច្រើនគឺមន្ត្រី គណបក្សប្រជាជនមានចូលរួមពាក់ព័ន្ធក្នុងការលួចបន្លំសន្លឹកឆ្នោតជាប្រព័ន្ធហើយបើមិនមានការលួចបន្លំទេអាចនឹងផ្លាស់ប្តូរលទ្ធផលឆ្នោតដែលនាំឱ្យគណបក្សសង្គ្រោះជាតិឈ្នះយ៉ាងច្បាស់។
យោងតាមលទ្ធផលដែលផ្សាយដោយគណបក្សប្រជាជនកម្ពុជាគឺគណបក្សកាន់អំណាចទទួលបានអសនៈចំនួន៦៨ហើយគណបក្សប្រឆាំងទទួលបានតែ៥៥ប៉ុណ្ណោះ។ នេះជាការបាត់បង់អសនៈចំនួន២២ដែលគណបក្សកាន់អំណាចមានរហូតដល់៩០។
កត្តាដែលនាំឱ្យគណបក្សប្រជាជនធ្លាក់ចុះប្រជាប្រិយ៍ភាពយ៉ាងខ្លាំងដោយសារបានទទួលជោគជ័យហើយបានភ្លេចខ្លួន ហើយធ្វើខ្លួនដូចជាជិះសេះដ៏លឿនលែងដៃនិងធាក់មនុស្សតាមផ្លូវទៀត។ នេះបើតាមការប្រៀបធៀបរបស់លោកអ៊ូ វីរៈ។
កត្តាចំពោះមុខដែលអាចជៀសវាងភាពជាប់គាំងនៅក្រោយពីការបោះឆ្នោតគឺត្រូវធ្វើកំណែទម្រង់ជាប្រព័ន្ធ លើគ.ជ.ប បើមិនដូច្នេះទេអាចនឹងទៅជាហិង្សានៅពេលក្រោយ និងបន្ទាប់មកទៀតត្រូវធ្វើការកែទម្រង់ប្រព័ន្ធទូរទស្សន៍មិនឱ្យមានការធ្វើសេចក្តីរាយ ការណ៍ដោយមិនមានការទទួលខុសត្រូវដូចពេលបច្ចុប្បន្នទេ៕