គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​ឃុំសង្កាត់​ ចង់​ឃើញ​អ្នក​សង្កេត​ការណ៍​សកម្ម​ក្នុង​ការ​តាមដាន​លទ្ធផល​បោះឆ្នោត

រូបឯកសារ៖ បុរសម្នាក់ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

ភ្នំពេញ — ​ប៉ុន្មាន​ថ្ងៃ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ចាប់​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៧ ​ស្ថាប័ន​ ដែល​ភាគច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ បាន​ប្រកាស​ជា​សាធារណៈ​ថា ពួកគេ​នឹង​ដាក់​អ្នក​អង្កេត​ការណ៍​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ តែ​មិន​មាន​ការ​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​នោះ​ទេ ក្រោម​ហេតុ​ផល​ «បរិយាកាស​នយោបាយ»​ ដែល​មិន​មាន​ការ​ប្រែប្រួល​ណា​មួយ​ជា​ដុំ​កំភួន​នៅឡើយ​នោះ។

អង្គការ​ទាំង​ ១៧​ ដែល​សម្រេច​ថា​ ​មិន​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ដំណើរការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​មូលដ្ឋាន​នោះ រួម​មាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ ​ខុមហ្រ្វែល (Comfrel) គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​និកហ្វិច​ (Nicfec) ​ និង​អង្គការ​តម្លា​ភាព​កម្ពុជា​ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ជាដើម។

គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​សម្រេចចូលរួម​ការ​បោះឆ្នោត​បាន​សម្តែង​ការ​សោកស្តាយ​ក៏​ដូច​ជា​ការខកចិត្ត​ដែល​ក្រុម​អង្គការ​ឯករាជ្យ​ទាំងនោះ​ បង្ហាញ​ឆន្ទៈ​ដាក់​ត្រឹមតែ​អ្នក​អង្កេត​ការណ៍​ តែ​មិន​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ លោក ​សុន ឆ័យ​ ដែល​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការណ៍ដែល​អង្គការ​ខុមហ្វ្រែល​ ក៏ដូច​ជា​អង្គការ​សង្គមស៊ីវិល​ឯទៀត​ មិន​ធ្វើ​ការ​តាមដាន​ ពិនិត្យ​ និង​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ដំណើរ​ការ​បោះឆ្នោត​ និង​បាន​ងឿង​ឆ្ងល់​អំពី​ហេតុផល​នៅ​ពីក្រោយការ​សម្រេច​ចិត្ត​របស់​អង្គការ​សង្គមស៊ីវិលថា​ ជា​ការ​សម្រេច​ដោយ​មាន​ការ​ភ័យ​ខ្លាច​ ឬ​ក៏​រង​ការ​ដាក់​សម្ពាធ​ពី​ភាគី​ណា​មួយ។

​អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះ​បន្ត​ថា​ បើ​សិន​ក្រុម​អង្គការ​ឯករាជ្យ​ទាំងនោះ​មិន​តាម​ឃ្លាំមើលនិង​វាយ​តម្លៃ​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​នោះ​ទេ ​ភាព​ស្មុគស្មាញ​និង​ផលវិបាក​ផ្សេងៗ​ អាច​នឹង​លេចឡើង​នៅ​ចំពោះ​មុខ​គណបក្សរបស់​លោក​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ ថា​តើ​ការ​បោះឆ្នោត​នោះ​ប្រកប​ទៅ​ដោយ​ភាព​សេរី​និង​យុត្តិធម៌​ដែរ​ឬក៏​អត់​នោះ​ ខណៈ​បក្ស​របស់​លោក​មិន​មាន​អ្នក​អង្កេត​ការណ៍​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អង្គារថា៖ «ព្រោះ​យើង​មាន​ការ​ស្តាយៗ​ថា បើ​សិន​ជា​ការ​បោះឆ្នោត​ខាង​មុខ​នេះ​មិន​មាន​អង្គការ​ឯករាជ្យ​តាម​ឃ្លាំ​មើល​ហើយ​វាយ​តម្លៃ​នោះ​ទេ វា​ជា​ការ​លំបាក​មួយ​សម្រាប់​ឱ្យ​គណបក្ស​នយោបាយ​សន្និដ្ឋាន​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថា​ តើ​វា​ត្រឹមត្រូវ វា​អាច​ទទួល​យក​បាន​ឬ​យ៉ាងណា»?

លោក​ សុន​ ឆ័យ​ ដែល​ជា​អតីត​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់នៅ​សភា​ជាតិ​ផង​នោះ​ ទទូច​ឱ្យ​ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំងនោះ​ធ្វើការ​តាមដាន​និង​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​ និង​បាន​ស្នើឱ្យ​អាជ្ញាធរ​កុំ​បង្កការ​គំរាមកំហែង ​ឬក៏​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ទម្រង់​ណា​មួយ​ទៅ​លើ​ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​រឿង​ដែល​សំខាន់​ យើង​អំពាវនាវ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ​ដែល​ជា​អ្នក​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល សូម​មេត្តា​កុំ​គាប​សង្កត់ កុំ​ធ្វើ​ការ​បំភិតបំភ័យ​លើ​អង្គការ​ទាំង​នេះ​លើ​កិច្ចការ​តាមដាន​ការ​បោះឆ្នោត»។

រូបឯកសារ៖ បុគ្គលិកត្រួតពិនិត្យការបោះឆ្នោតបំពេញការងារនៅមណ្ឌលបៅះឆ្នោតមួយ ដែលជាថ្នាក់រៀនក្នុងសាលារៀនមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ១៦ ខែ​ឧសភា ឆ្នាំ ២០២២ ដែល​វីអូអេ​ទទួល​បាន​ក្នុង​សប្តាហ៍​នេះ​ ការ​សម្រេច​ចិត្ត​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​នឹង​មិន​ធ្វើ​ការវាយ​តម្លៃ​ទៅ​លើ​លទ្ធផល​នៃ​ដំណើរ​បោះឆ្នោត​នោះ​ គឺ​ឈរ​លើ​សេចក្តី​ប្រកាស​ជា​សាធារណៈ​មួយ​ កាល​ពី​ថ្ងៃទី​ ១៦ ខែកក្កដា ឆ្នាំ​ ២០២១​ ដោយ​អង្គការ​សង្គមស៊ីវិល​ចំនួន​ ៦៤​ ស្ថាប័ន​ ដែល​បាន​ពណ៌នា​អំពី​កម្រិត​មិន​ប្រែប្រួល​ច្រើន​នៃ​ «លក្ខខណ្ឌ​អប្បបរមា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ ដោយ​សេរី​ និង​យុត្តិធម៌​ក្នុង​ឆ្នាំ​ ២០២២»។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិលពន្យល់​ថា លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា សិទ្ធិ​នយោបាយ និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត ឆន្ទៈ​អ្នក​បោះឆ្នោត​ និង​សិទ្ធិ​បោះឆ្នោត​ សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ក៏​ដូច​ជា​ឯករាជ្យ និង​អព្យាក្រឹតភាព​របស់​កងកម្លាំងប្រដាប់​អាវុធ មន្ត្រី​រាជការ និង​តុលាការ ហើយ​និង​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិលនិង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ គឺ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ​ជា​ដុំកំភួន​នោះ​ទេ ដូច​យ៉ាង​ គ.ជ.ប​ ត្រូវ​គេ​ដឹង​ថា​ គ្រប់គ្រង​ដោយ​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច​ ហើយ​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ក្រុម​ជំទាស់​នៅ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​ ឡឹក​ សុធារ ​បាន​កត់​សម្គាល់ថា ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នោះ​មាន​ភាព​សកម្ម​នៅ​ក្នុង​កិច្ចការ​បោះឆ្នោត​កន្លង​មក។

បើ​តាម​លោក ឡឹក​ សុធារ ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គួរ​ពិចារណា​ចូល​រួម និង​តាម​ដាន​ឱ្យ​បាន​សកម្ម​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ ពីព្រោះ​ថា​ ការ​បោះឆ្នោត​ជា​ចលករសំខាន់​សម្រាប់​ការ​ផ្លាស់​ប្តូរភាព​ជា​អ្នក​ដឹកនាំ​មួយ​ប្រកប​ដោយ​សន្តិវិធី។

លោក​និយាយ​ថា៖ «ក្នុង​នាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ចូលរួម​ គឺ​នៅ​តែ​ទទូច​ និង​ស្នើ​សុំ​ឱ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​រួម​ទាំង​ប្រជា​ពលរដ្ឋ អ្នក​សារព័ត៌មាន​ផងដែរ​ ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ។ ព្រោះ​យើង​ឃើញ​ថា ​មាន​តែ​ការ​បោះឆ្នោត​មួយ​គត់​ដែល​អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដោយ​សន្តិវិធី​ ហើយ​អាច​ជ្រើសរើស​យក​មេដឹកនាំ​ល្អ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណបក្ស​កម្ពុជា​និយម​ លោក ​យ៉ែម បុញ្ញឫទ្ធិ បាន​កត់សម្គាល់​ថា​ អង្គការ​ខុមហ្វ្រែល​ ក៏​ដូច​ជា​អង្គការ​ Nicfec ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ បាន​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​ការ​បោះឆ្នោត​យ៉ាង​សកម្ម​ និង​បង្ហាញ​លទ្ធផល​ជា​ទី​ពេញចិត្ត​ចំពោះ​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះឆ្នោត​មុនៗ។ លោក​បន្ថែម​ថា ការ​ចូលរួម​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ គឺ​ជា​រឿង​ចាំបាច់ដើម្បី​ជ្រោមជ្រែង​ដំណើរការប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បាន​លើក​ទឹក​ចិត្តក្រុម​អង្គការ​សង្គមស៊ីវិលទាំង​នោះ​ថា៖ «ដូច្នេះ​ការ​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​ហើយ​ពុំ​ធ្វើ​ការ​វាយ​តម្លៃ​ យើង​មាន​ការ​សោកស្តាយ​មែនទែន។ យើង​ជំរុញ​ គណបក្ស​កម្ពុជានិយម​ សូម​ជំរុញ​លើក​ទឹក​ចិត្ត​ ឱ្យ​អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ជាមួយការ​បោះឆ្នោត​ហ្នឹង​ សូម​ចូលរួម​ធ្វើ​ការ​សង្កេត​ការណ៍​ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​តថភាព​ជាក់ស្តែង​នៃ​ការ​ប្រព្រឹត្ត​ទៅ​ទាំង​មុន​ពេល​បោះឆ្នោត​ ទាំង​អំឡុង​ពេល​បោះឆ្នោត​ និង​ក្រោយ​ពេល​បោះឆ្នោត»។

មន្រ្តី​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល លោក​ កន សាវាង្ស​ បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានសម្រេច​ដាក់​អ្នក​អង្កេត​ការណ៍​ឱ្យ​គ្រាន់​តែ​បាន​ពិនិត្យ និង​តាមដាន​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ ដែល​អាច​កើតមាន​ឡើង​នៅ​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ​ ពន្យល់​បន្ថែម​ថា ​បរិយាកាស​នយោបាយ​ដែល​មិន​ទាន់​ប្រសើរ​ឡើង​ បាន​បង្ខំ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​ ដក​ថយ​មិន​ធ្វើ​ការ​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នោះ​ទេ។

លោក​ កន សាវាង្ស​ ថ្លែងថា៖ ​«រួម​ទាំង​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​របស់​យើង​កន្លង​មក យើង​បាន​ឯកភាព​ថា ​យើង​មិន​ធ្វើ​ការ​វាយ​តម្លៃ​ទេ​ ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ នៅ​ក្នុង​ការ​ដំណើរការ​ទាំង​មូល​ហ្នឹង​គឺ​ថា​ យើង​អត់​វាយតម្លៃ​ទេ ប៉ុន្តែ​យើង​នឹង​ពិនិត្យ​ចំណុច​ដែល​អាច​កើតមាន​ឡើង​នៅ​ក្នុង​ដំណើរការ​ហ្នឹង»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧​ បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​យក​អាសនៈ​ក្រុមប្រឹក្សា​ ជាង​ ១១.០០០ ​អាសនៈ​ ដែល​ពេល​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​អស់​ដោយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

រូបឯកសារ៖ ប៉េអឹមឈរជាជួរ មុនត្រូវបានបញ្ជូនទៅយាមល្បាតនៅតាមមណ្ឌលបោះឆ្នោតនានានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ប្រាប់​វីអូអេ​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ឬ​ក៏​ចាប់​អារម្មណ៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ទេ ហើយ​ថា​ការ​ចូល​រួម​ឬ​មិន​ចូលរួម​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​នោះ​ គឺ​ជា​ស្វ័យ​សម្រេច​របស់​អង្គការ​ទាំងនោះ​ ហើយ​ក៏​មិនពាក់ព័ន្ធ​ជាមួយ​នឹងបរិយាកាស​នយោបាយផង​ដែរ។

​លោក​និយាយ​ថា៖ «ខ្ញុំ​ដូច​ជា​គ្មាន​ការ​ចាប់​អារម្មណ៍​អី​ទេ​ គឺ​ថា គាត់​ចេញ​សេចក្តី​ថ្លែង​ថា ​ទោះ​បី​ថា​វា​មាន​លក្ខខណ្ឌ​ស្រាល​ជាង​លើក​មុន​ក៏ដោយ តែ​អា​នេះ​ជា​សិទ្ធិ​របស់​គាត់។ នៅ​ត្រង់​ថា គាត់​តាមដាន​ឬ​មិន​តាមដាន​ណា​នោះ​ គឺ​ជា​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​គាត់ ដែល​មានកំណត់​នៅ​ក្នុង​លក្ខន្តិកៈ​របស់​គាត់​ដែល​បាន​តម្កល់​ទុក​នៅ​ក្នុង​ក្រសួង​មាន​សមត្ថកិច្ច»។

ដោយ​ឡែក សហភាព​អឺរ៉ុប​បាន​បង្ហាញជំហរ​ស្រដៀង​គ្នា​ និង​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ ទាក់ទិន​ការ​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​ គ.ជ.ប​ លោក ប្រាជ្ញ ចន្ទ​ កាល​ពី​ថ្ងៃចន្ទ​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី​ Carmen Moreno ​បាន​សុំ​ការ​អនុញ្ញាត​ពី ​គ.ជ.ប.​ ដាក់​មន្ត្រី​របស់​ផងខ្លួនឱ្យ​បានចូល​រួម​សង្កេត​ និង​ពិនិត្យ​មើល​ការ​បោះឆ្នោត​ជាទូទៅ​នា​ពេល​ខាងមុខ​នេះ​ដែរ តែ​សហភាព​អឺរ៉ុប​នឹង​មិន​ធ្វើ​របាយការណ៍​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ដំណើរការ​បោះឆ្នោត​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប​ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែ​ឧសភា ឆ្នាំ២០២២។

អ្នក​វិភាគ​នយោបាយ​ លោក សេង​ សារី​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំង​នោះ គឺតាម​មិន​ទាន់​ការ​វិវត្ត​ស្ថានភាពនយោបាយ​នៅ​កម្ពុជា ពោល​គឺ​ពួកគេ​មិន​នឹក​ស្មាន​មាន​ប៉ូល​នយោបាយ​ដ៏​ធំ​មួយ​ដែល​អាច​ចូលរួមធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​ទេ។ ហេតុ​ដូច្នេះ​ ពួក​គេ​ក៏​មិន​អាច​ត្រៀម​ខ្លួន​ទាន់​ពេលវេលា​នោះ​ដែរ មិន​ថា​ផ្នែក​សម្ភារៈ ឬ​ក៏​កិច្ចការ​រដ្ឋបាល​ផ្សេងៗ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​រូប​នេះ​ស្នើ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ផ្តើម​ការពិភាក្សា​ជាមួយ​ម្ចាស់​ជំនួយ​ដើម្បី​អាច​កែប្រែ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​អាច​បើក​ផ្លូវ​ឱ្យ​ពួកគេចូល​រួម​សង្កេតការណ៍​ និង​ផ្តល់​ការ​សន្និដ្ឋាន​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ខាង​មុខ​នេះ។

លោក​និយាយ​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា សូម្បីតែអង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ពិបាក​នៅ​ក្នុង​ការ​បត់បែន​ទៅ​តាម​ស្ថានភាព​ហ្នឹង​ដែរ​ហ្នឹង​ចំណុច​ទី​ ១។ ចំណុច​ទី​ ២ ខ្ញុំ​គិត​ថា ​យ៉ាង​ហោច​ណាស់​ក៏​មាន​អង្គការ​សង្គម​ស៊ីវិល​មាន​វត្តមាន​នៅ​ក្នុង​ហ្នឹង​ដែរ។ អានេះ​វា​ជា​ការ​ចូលរួម​ចំណែក​មួយដ៏​ធំ។ ប៉ុន្តែ​បើ​សិន​ជា​អាច​ធ្វើ​ឱ្យ​បាន​ចប់​ចុង​ចង់​ដើម ហើយ​គាត់​អាច​ជជែក​ជាមួយ​ហ្នឹង​ម្ចាស់​ជំនួយ​មួយ​ចំនួន​ឱ្យ​មាន​ការ​បត់​បែន​ទៅ​លើ​ការ​ផ្តល់​នូវ​ថវិកា ដើម្បី​អាច​ប្រើប្រាស់​សម្រាប់​ការ​សង្កេតការណ៍​តាំង​ពី​ដើម​រហូត​ដល់​ចប់។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ដែល​ល្អ»។

គួរ​បញ្ជាក់​ផង​ដែរ​ អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៤ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ក្នុង​នោះ​មាន​អង្គការ​ខុមហ្រែ្វល និកហ្វិច និង​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​ទៀត​បាន​រួម​គ្នា​បង្កើត​បន្ទប់​ស្ថានការណ៍​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​លទ្ធផល​បោះឆ្នោត​ និង​វាយតម្លៃ​ស្ថានភាព​ជា​ទូទៅ​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត។

ក្នុង​ពេល​នោះ​ បន្ទប់​ស្ថាន​ការណ៍​បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន​ ​ដែល​បាន​កើត​ឡើង​មុន​ថ្ងៃ​បោះឆ្នោត​ ​ដូច​ជា​បរិយាកាស​ដែល​មាន​ការ​គាប​សង្កត់​ខាង​នយោបាយ​ ​ហិរញ្ញវត្ថុ​ឃោសនា​បោះឆ្នោត​ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ដែល​ខ្វះ​សមធម៌​ និង​ខ្វះ​តម្លាភាព​ ទី​លាន​ប្រជែង​នយោបាយ​ (Level of Playing Field) ​ដែល​ខ្វះ​សមភាព​ និង​បទ​បញ្ញត្តិ​បដិវាទ​ (controversial)​ ​ខ្លះ​នៃ​ក្របខ័ណ្ឌ​ច្បាប់​បោះឆ្នោត​និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​គណបក្ស​នយោបាយ។

ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប្រធាន​គណបក្ស​អំណាច និង​ជា​នាយករដ្ឋមន្ត្រី​គឺលោក ​ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជាង​ ៣០​ ឆ្នាំ​នោះ កើត​ក្តី​ខឹង​សម្បា​ និង​បាន​ស្តី​បន្ទោស​ខ្លាំងៗ​ថា ​បន្ទប់​ស្ថានការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​ បាន​ធ្វើ​ឱ្យ​អាប់អួរ​ស្ថានការណ៍​នយោបាយ។​ លោក​ ហ៊ុន​ សែន​ បាន​ដាក់​ការ​សង្ស័យ​ថា​ ​បន្ទប់​ស្ថាន​ការណ៍​នោះអាច​ជា​បណ្តាញ​នៃ​បដិវត្តន៍​ពណ៌​ ដែល​លោក​បាន​លើក​ឡើង​ជា​រឿយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក៕