អ្នកជំនាញពាណិជ្ជកម្មនិងអ្នកវិភាគនានាបានព្រមានកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសមីយ៉ាន់ម៉ាអាចធ្លាក់ចុះខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានដាក់ប្រទេសក្នុងស្ថានភាពអាសន្នមក។
ចាប់តាំងពីឆ្នាំ ២០១៣ មក សហរដ្ឋអាមេរិកនិងមីយ៉ាន់ម៉ាមានទំនាក់ទំនងពាណិជ្ជកម្មជាប្រចាំនៅក្រោមកិច្ចព្រមព្រៀងមួយ ដែលបានបញ្ចប់ការដាក់ទណ្ឌកម្មជាច្រើនឆ្នាំរបស់សហរដ្ឋអាមេរិកលើប្រទេសមីយ៉ាន់ម៉ា។
បើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារជំរឿនសហរដ្ឋអាមេរិក ប្រទេសទាំងពីរបានធ្វើពាណិជ្ជកម្មទំនិញជាមួយគ្នាក្នុងទឹកប្រាក់ប្រហែល ១ ពាន់ ៣ រយលានដុល្លារកាលពីឆ្នាំ ២០២០ ដែលបានកើនឡើងពីចំនួន ១ ពាន់ ២ រយលានដុល្លារកាលពីឆ្នាំ ២០១៩។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ឧស្សាហកម្មដែលទំនងជានឹងរងប៉ះពាល់ គឺឧស្សាហកម្មស្បែកជើង។ បើយោងតាមក្រុមហ៊ុន Panjiva ឧស្សាហកម្មសំលៀកបំពាក់និងស្បែកជើងមានចំនួនប្រហែល ៤១% នៃការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសមីយ៉ាន់ម៉ា។
ក្រុមហ៊ុនសំលៀកបំពាក់ LL Bean, H&M និង Adidas ស្ថិតក្នុងចំណោមក្រុមហ៊ុនអាមេរិកាំង ដែលពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសមីយ៉ាន់ម៉ា។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួននឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្ដើមគ្រប់គ្រងប្រទេសនេះមក៕