ជារៀងរាល់រសៀលថ្ងៃសៅរ៍ នៅក្នុងបន្ទប់មួយនៃការិយាល័យរបស់មូលនិធិនយោបាយមួយរបស់អាល្លឺម៉ង់នៅភ្នំពេញ កៅអីត្រូវបានគេរៀបជាទម្រង់ក្រចកសេះ។ នៅទីនោះមនុស្សម្នារប្រមាណជា៥០នាក់បានម្រមូលផ្ដុំគ្នា ហើយនិយាយគ្នាពីនេះពីនោះ។
ជាយថាហេតុ បន្ទប់នោះក្លាយទៅជាកន្លែងដេញដោលនយោបាយយ៉ាងរស់ររើក។ បើទោះណាជាមាន «វប្បធម៌សន្ទនា» រវាងអ្នកនយោបាយក្តី ប៉ុន្តែគេកម្រនឹងឃើញមានការពិភាក្សាដេញដោលបែបនេះកើតឡើងនៅប្រទេសកម្ពុជាណាស់។ នេះជាកាហ្វេនយោបាយ ជាវេទិកាដែលអ្នកតាមដានបញ្ហាសង្គមនិយាយថា វាបានជួយបង្កើតនូវវប្បធម៌ពិភាក្សាក្នុងចំណោមយុវជនខ្មែរ។
លោកអ៊ូ រិទ្ធី សហស្ថាបនិករបស់កាហ្វេនយោបាយ បានប្រាប់វីអូអេថា អ្នកចូលរួមភាគច្រើនជាយុវជនកម្ពុជាដែលមាននិន្នាការនយោបាយផ្សេងៗគ្នា។ លោកបានបន្តថា ពួកគេមានឱកាសក្នុងការបញ្ចេញទស្សនៈនិងពិភាក្សាអំពីនយោបាយនិងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ទំនាក់ទំនងអន្តរជាតិ គោលនយោបាយសាធារណៈ ហើយនឹងបញ្ហាសង្គមផងដែរ។
កាហ្វេនយោបាយត្រូវបានផ្ចុងផ្ដើមគំនិតឡើងដោយលោកអ៊ូ រិទ្ធីនៅឆ្នាំ២០១១ នៅពេលដែលលោកបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌាផ្នែកវិទ្យាសាស្រ្តនយោបាយ។ លោកបានពន្យល់ថា លោកដាក់ឈ្មោះថា កាហ្វេនយោបាយ ដោយសារតែលោកចង់ទប់ស្កាត់នូវនិន្ននាការរបស់យុវជនដែលជាទូទៅតែងតែសេពនូវគ្រឿងស្រវឹងនៅពេលដែលពួកគេជួបជុំគ្នា។ ដូច្នេះហើយបានជាលោកយកកាហ្វេជាមធ្យោបាយនៅពេលពួកគេជួបជុំគ្នាពិភាក្សា ជាជាងប្រើប្រាស់គ្រឿងស្រវឹង។
លោកបានបញ្ជាក់ថា៖ «ដំបូងឡើងយើងជជែកពិភាក្សាគ្នាតែរឿងនយោបាយ និងប្រវត្តិសាស្រ្តទេ។ ហើយយើងបានរៀនពីគ្នាច្រើនណាស់ក្នុងការពិភាក្សារបស់យើង»។
លោកបានបន្ថែមថា៖ «បន្ទាប់មកនៅចុងឆ្នាំ២០១២ យើងបានគំនិតថ្មីមួយទៀតគឺអញ្ជើញអ្នកជំនាញ និងវាគ្មិនឲ្យមកចែករំលែកចំណេះដឹងរបស់ពួកគេ»។
ការពិភាក្សានេះមានការអញ្ជើញចូលរួមរបស់អ្នកជំនាញ និងវាគ្មិនជាច្រើនរូបដែលមានជំនាញផ្សេងៗគ្នាដែលក្នុងនោះមានទាំងនិស្សិតមកពីសាកលវិទ្យាល័យ Oxford, Harvard, Cambridge, ព្រះសង្ឃ សកម្មជនស្រ្តី គ្រូបង្រៀន មន្រ្តីស្ថានទូតនានា និងអ្នកវិភាគសង្គមជាដើម។
អំឡុងពេលពិភាក្សាគ្នារយៈ៣ម៉ោងនេះ ទាំងវាគ្មិនទាំងអ្នកចូលរួមគឺផ្ដល់ឱកាសឲ្យបញ្ចេញទស្សនៈ និងជជែកវែកញែកដេញដោលគ្នាបាន។
លោករិទ្ធីបានមានប្រសាសន៍ថា៖ «យើងជឿថា ការពិភាក្សាគឺមានសារៈសំខាន់ណាស់ ពីព្រោះយើងជឿជាក់ថា ដើម្បីឲ្យមានការផ្លាស់ប្តូរ និងកសាងប្រជាធិបតេយ្យ យើងត្រូវការកត្តាពីរយ៉ាង វប្បធម៌នៃការពិភាក្សា ជជែកដេញដោល និងការសរសេរប្លុក។ ដូច្នេះហើយបានជាយើងជួបជុំពិភាក្សាគ្នាជារៀងរាល់ថ្ងៃហ្នឹង ហើយយើងក៏បានបង្កើតជាគេហទំព័រមួយសម្រាប់ឲ្យសមាជិករបស់យើងសរសេរផងដែរ»។
លោកបានបន្តឲ្យដឹងទៀតថា គុណតម្លៃនៃការពិភាក្សានេះគឺថា យុវជនអាចអនុវត្តនូវការធ្វើនយោបាយ ភាពជាអ្នកដឹកនាំ ពិភាក្សាពីគំនិតនៃគោលនយោបាយនានា ដែលនឹងអាចជួយពួកគេ ដែលនឹងក្លាយជាអ្នកដឹកនាំប្រទេសទៅថ្ងៃអនាគតស៊ាំទៅនឹងវប្បធម៌នៃការពិភាក្សាគ្នា។
គាត់បន្ថែមថា៖ «គ្មានសាលាដែលបានបង្រៀនយើងអញ្ចឹងទេ។ ខ្ញុំយល់ថា រឿងនេះល្អណាស់សម្រាប់អ្នកដែលចង់ក្លាយជាអ្នកនយោបាយ នៅពេលអនាគត។ មុនដំបូង ពួកគេនឹងរៀនធ្វើការបញ្ចុះបញ្ចូលសមាជិកដទៃ (អ្នកដែលចូលរួម)»។
យុវតីវឌ្ឍនាជានិស្សិតឆ្នាំទី២នៃវិទ្យាស្ថានភាសាបរទេស ដែលបានចូលរួមក្នុងកាហ្វេនយោបាយតាំងពីឆ្នាំ២០១៣មក បានប្រាប់ VOA ថា វេទិកានេះបានផ្ដល់ឱកាសឲ្យនាងបានរៀន និងដឹងពីស្ថានការណ៍ដែលកំពុងកើតឡើង ក៏ដូចជាផ្តល់ឱកាសក្នុងការពិភាក្សាពីបញ្ហានានាដែលជាក្តីកង្វល់របស់ខ្លួន ដូចជារឿងព្រំដែន បញ្ហាស្រ្តី ក៏ដូចជាការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
យុវតីវឌ្ឍនា ដែលបានសរសេរអត្ថបទចំនួន៣ផ្សាយក្នុងគេហទំព័ររបស់កាហ្វេនយោបាយនេះ បានលើកឡើងបន្ថែមថា៖
«ពីព្រោះវាគ្មិនដែលអញ្ជើញមកកាហ្វេនយោបាយគឺជាអ្នកជំនាញ បានជាខ្ញុំយល់ថា ព័ត៌មានដែលគាត់បានផ្ដល់ឲ្យនោះ មិនអាចរកបានទេនៅក្នុងសៀវភៅ ឬមិនមានបង្រៀននៅសាលាទេ»។
ក្រៅពីមានការរៀបចំកិច្ចពិភាក្សាប្រចាំសប្តាហ៍ និង blog (គេហទំព័រផ្ទាល់ខ្លួន) កាហ្វេនយោបាយក៏មាន Facebook Group ផងដែរ ដែលអនុញ្ញាតឲ្យអ្នកនៅក្នុងក្រុមនោះលើកឡើងពីបញ្ហាណាមួយ ហើយពួកគេពិភាក្សាគ្នានៅទីនោះ។ កាហ្វេនយោបាយមានគម្រោងនឹងពង្រីកខ្លួន ដោយចង់ឲ្យមានការចូលរួមពីប្រជាជនខ្មែរទូទៅ។
លោកកែម ឡី ជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បាននិយាយថា ប្រទេសកម្ពុជាពីមុនមកមិនធ្លាប់មានអ្វីដូចដែលកាហ្វេនយោបាយបានធ្វើនាពេលនេះទេ។
លោកបានថ្លែងសរសើរដល់ក្រុមកាហ្វេនយោបាយនេះថា៖ «យុវជនក្មេងៗដែលជាអ្នកគាំទ្រគណបក្សនយោបាយនានាអាចចូលរួមជាមួយគ្នា ខណៈដែលអ្នកគាំទ្រដែលជាមនុស្សចាស់មិនចង់ជួបពិភាក្សាគ្នាទេ»។
យុវជនតារារ័ត្នជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានចូលរួមក្នុងកាហ្វេនយោបាយដែរនោះ បាននិយាយថា ការចូលរួមជាមួយកាហ្វេនយោបាយនេះ បានជួយឲ្យតារារ័ត្នកសាងទំនាក់ទំនងជាមួយមនុស្សជាច្រើន ហើយក៏បានចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ជាមួយអ្នកផ្សេងទៀតផង។
តារារ័ត្នបានបន្ថែមថា៖ «វាជួយឲ្យយុវជនបានបង្ហាញសមត្ថភាពរបស់ពួកគេ ក៏ដូចជាកសាងទំនុកចិត្តលើខ្លួនឯងផងដែរ។ ខ្ញុំបានចូលរួមជាមួយកាហ្វេនយោបាយបានចំនួនពីរដង ខ្ញុំបានអភិវឌ្ឍជំនឿលើខ្លួនឯងដូចជាហ៊ាននិយាយ និងហានបញ្ចញគំនិតរបស់ខ្ញុំនៅមុខយុវជនផ្សេងទៀតជាដើម»៕