រាល់ពេលដែលខ្លួនបញ្ចេញសំឡេងសម្ដែងការមិនពេញចិត្តនឹងឥរិយាបថរបស់រដ្ឋាភិបាលកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុបជាច្រើនជាន់ថ្នាក់ តែងបង្ហើរនូវសម្ដីផ្សារភ្ជាប់ជានិច្ចនូវភាពអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជារាប់ពាន់លានដុល្លារ ចូលទៅកាន់ទីផ្សាររបស់ខ្លួន និងការប្រព្រឹត្តិរបស់ទីក្រុងភ្នំពេញ ថាស្ថិតក្នុងគន្លងប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សដែរឬអត់។ ទោះជាយ៉ាងណា អ្នកវិភាគបញ្ចេញយោបល់ខុសគ្នា ចំពោះអនាគតនៃការអនុគ្រោះផ្នែកពន្ធគយសម្រាប់ទំនិញកម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប។
របបគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបោះជំហាននយោបាយដ៏ធំមួយ កាលពីឆ្នាំ២០១៧ កន្លងទៅ រហូតឈានទៅដល់ការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ដៃគូប្រជែងនយោបាយដ៏ស្វិតស្វាញរបស់ខ្លួនដាក់ពន្ធនាគារ និងការហាមប្រាមក្រុមអ្នកនយោបាយជំទាស់ប្រមាណជាង១០០នាក់ មិនឱ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។
សកម្មភាពបង្ក្រាបយ៉ាងចាស់ដៃបែបនេះកើតមានឡើងចំពេលដែលមានការរឹតត្បិតលើលំហនយោបាយ និងសង្គមស៊ីវិលនិងសារព័ត៌មានមិនចំណុះគណបក្សកាន់អំណាច បានរុញប្រទេសកម្ពុជាឱ្យចូលទៅក្នុងស្ថានភាពមួយដែលត្រូវប្រឈមមុខផ្ទាល់នឹងប្រទេសគោលដៅទីផ្សាររួចពន្ធធំៗ រួមមានសហរដ្ឋអាមេរិក និងជាពិសេសសហភាពអឺរ៉ុប ដែលជាអ្នកផ្ដល់នូវការអនុគ្រោះពន្ធដល់ទំនិញរបស់កម្ពុជាក្រោមក្របខ័ណ្ឌពាណិជ្ជកម្ម «អ្វីក៏បានវៀរលែងតែអាវុធ» (EBA)។
គម្រោងក្របខ័ណ្ឌពាណិជ្ជកម្ម «អ្វីក៏បានវៀរលែងតែអាវុធ» (EBA) ត្រូវបានផ្ដល់ជូនដោយសហភាពអឺរ៉ុប ទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានាទូទាំងពិភពលោក ដើម្បីជំរុញភាពប្រកួតប្រជែងក្នុងការនាំចេញ ដែលក្នុងចំណោមប្រទេសទាំងនោះ ក៏រួមមានប្រទេសកម្ពុជាផងដែរ។ រដ្ឋអំណាចនៅភ្នំពេញក៏ដឹងច្បាស់អំពីសារៈសំខាន់នៃ EBA ដែរ។
នៅក្នុងរបាយការណ៍មួយធ្វើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែធ្នូកន្លងទៅ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន់ សូរស័ក្តិ បានរ៉ាយរ៉ាប់ជូនបុរសខ្លាំងនៃកម្ពុជាអំពីសារៈសំខាន់នៃការអនុគ្រោះពន្ធចំពោះពាណិជ្ជកម្ម និងដង្ហើមនៃការនាំចេញ របស់សេដ្ឋកិច្ចដ៏រស់រវើករបស់កម្ពុជា។
ពេញមួយឆ្នាំ២០១៦ ប្រព័ន្ធអនុគ្រោះពន្ធ EBA បាននាំឱ្យកម្ពុជាចំណេញប្រាក់ពន្ធ៦៧៦លានដុល្លារ មិនចាំបាច់បង់ជូនសហភាពអឺរ៉ុបឡើយ ក្នុងការនាំចេញសរុបក្នុងតម្លៃ៦.២ពាន់លានដុល្លារទៅកាន់ទីផ្សារដ៏ធំមួយនេះ។ នេះបើតាមលិខិតរបស់លោក ប៉ាន់ សូរស័ក្ដិ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដែលបានបែកធ្លាយមកដល់ប្រព័ន្ធផ្សព្វផ្សាយ នាពេលក្រោយមក។
មិនត្រឹមតែប៉ុណ្ណោះ លោក ប៉ាន់ សូរស័ក្ដិ បានផ្ដល់ជាយោបល់ដល់លោក ហ៊ុន សែន ថាគួរមានការបញ្ចុះបញ្ចូលបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុបនានា ដោយលៃយ៉ាងណាកុំឱ្យមានការអាក់ខានដោយប្រការណាមួយ ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធ ទៅកាន់ទីផ្សារប្រទេសអភិវឌ្ឍទាំង២៨នេះ។
ការបារម្ភនិងការឱ្យយោបល់របស់លោក ប៉ាន់ សូរស័ក្តិ មិនមែនជារឿងចៃដន្យទេ។ ទាំងសហភាពអឺរ៉ុប និងទាំងសហរដ្ឋអាមេរិក បានបញ្ចេញសម្ដីធំសម្ដីតូចដាក់កម្ពុជា ជុំវិញសំណុំរឿងបង្ក្រាបនយោបាយដ៏ជំពាក់ជំពិន ដែលរហូតមានការចោទសហរដ្ឋអាមេរិកថាបានគាំទ្រគម្រោងការផ្លាស់ប្ដូររបបនយោបាយនៅទីក្រុងភ្នំពេញទៀតផង។
ក្រោយពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្ដឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន សហភាពអឺរ៉ុប បានប្រកាសផ្អាកជំនួយដល់កិច្ចការកំណែទម្រង់ការបោះឆ្នោត ខណៈដែលអាមេរិក ក៏បានធ្វើដូចគ្នា ហើយថែមទាំងដាក់ចេញនូវការរឹតបន្តឹងទិដ្ឋាការដល់ឥស្សរជននយោបាយនៃបក្សកាន់អំណាចទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ សភាអឺរ៉ុប ដែលជាស្ថាប័នមួយផ្សេងទៀតនៃសហភាពអឺរ៉ុប បានដាក់ចេញនូវសេចក្ដីសម្រេចមួយប្រាប់ជូនគណៈគ្រប់គ្រងរបស់ប្លុកក្នុងទីក្រុងប្រ៊ុចសែលឱ្យពិនិត្យពិច័យ រកមើលនីតិវិធីព្យួរក្របខ័ណ្ឌអនុគ្រោះពន្ធបណ្ដោះអាសន្នសិន បើសិនជារដ្ឋាភិបាលខ្មែរមិនបន្ធូរដៃ បែរត្រឡប់ក្រោយ បង្អង់ការបង្ក្រាបផ្នែកនយោបាយទេនោះ។
លោក Stephen Higgins ស្ថាបនិកនៃក្រុមហ៊ុនផ្ដល់ប្រឹក្សាអាជីវកម្ម Mekong Strategic Partners បាននិយាយថា ការដកចេញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA មុខជានឹងផ្ដល់នូវព្យុះបោកបក់ជាខ្លាំងដល់វិស័យកាត់ដេររបស់កម្ពុជា។
អ្នកវិភាគផ្នែកពាណិជ្ជកម្មរូបនេះ បានប្រាប់ VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមទាំងស្រុងថា៖
«ការកើនឡើងយ៉ាងគំហុកនៃកម្រិតបន្ទាត់ប្រាក់ឈ្នួលអប្បបរមាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានផ្ដល់ផលប៉ះពាល់រួចទៅហើយដល់ឧស្សាហកម្ម[វាយនភណ្ឌ]នៅប្រទេសកម្ពុជា។ ម្ល៉ោះហើយការដកចេញនូវសម្បទាន EBA ទំនងជាល្មមគ្រប់គ្រាន់ក្នុងការរុញរោងចក្រមួយចំនួនធំទៅដល់ស្ថានភាពដែលត្រូវបិទទ្វារ»។
តាំងតែពីឆ្នាំ២០១៣ នៅពេលដែលការសន្យាដំឡើងប្រាក់ខែរបស់គណបក្សសង្គ្រោះជាតិ បាននាំសំឡេងគាំទ្រភ្លូកទឹកភ្លូកដីដល់គណបក្សជំទាស់មួយនេះពីសំណាក់កម្មករ កម្មការិនីរោងចក្រកាត់ដេរ កាលពីការបោះឆ្នោតរដ្ឋសភាអាណត្តិទី៥ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានអន្តរាគមន៍ក្នុងការចរចាដំឡើងប្រាក់ខែជាបន្តបន្ទាប់ រហូតដល់១៧០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០១៨នេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បាននិយាយថា ប្រព័ន្ធអនុគ្រោះពន្ធ EBA «មានសារៈសំខាន់ណាស់» សម្រាប់ភាពប្រកួតប្រជែងនៃវិស័យវាយនភណ្ឌកម្ពុជា ដ្បិតអីវាបានផ្ដល់ការលើកទឹកចិត្តផ្នែកទីផ្សារដល់អ្នកបញ្ជាទិញធំៗ ឱ្យកុម្ម៉ង់ផលិតផលពីរោងចក្រក្នុងប្រទេសកម្ពុជា។
តំណាងវិស័យឯកជនរូបនេះ បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«បើសិនជាមិនមានប្រព័ន្ធអនុគ្រោះ EBA ទេ កម្ពុជានឹងបាត់បង់ក្នុងកម្រិតដ៏ជាក់ច្បាស់មួយនូវភាពប្រកួតប្រជែងរបស់ខ្លួន ជ្រៀតចូលទៅកាន់ទីផ្សារនៃសហគមន៍អឺរ៉ុប ពីព្រោះថា ជាមួយនឹងកាតព្វកិច្ចពន្ធគយដែលត្រូវបង់នេះ ទំនិញទៅពីកម្ពុជា នឹងមានតម្លៃកាន់តែថ្លៃ»។
យ៉ាងណាក្ដី លោក កាំង ម៉ូនីកា បានបង្ហាញក្ដីសង្ឃឹមយ៉ាងដូច្នេះថា៖
«ខ្ញុំនៅតែសង្ឃឹមថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនត្រូវបានដកចេញ ឬព្យួរនោះទេ។ ... សហភាពអឺរ៉ុប ជានិច្ចជាកាល មកទល់នឹងបច្ចុប្បន្នកាលនេះ តែបានលើកតម្កល់ជាធំនូវតម្លៃនៃយុទ្ធសាស្ត្រក្នុងការផ្ដល់នូវការលើកទឹកចិត្តឱ្យមានដំណើរការសន្សឹមៗនៃដំណោះស្រាយ ទៅលើរាល់បញ្ហានានា តាមរយៈកិច្ចសន្ទនា និងការអង្កេត ជាជាងបោះជំហានឆៅៗទៅដកចោលនូវការអនុគ្រោះពន្ធតែម្ដង»។
ម៉្យាងផ្សេងទៀត ដំណើរទៅកាន់ការព្យួរនូវប្រព័ន្ធអនុគ្រោះពន្ធEBA ប្រៀបបានដូចជាការបោះសន្ទូចរំលងភ្នំ ដោយហេតុថាវាត្រូវការឆ្លងកាត់ការសម្រេចចិត្តជាច្រើនដំណាក់កាល ដោយប្រព័ន្ធការិយាធិបតេយ្យជាច្រើនស្រទាប់របស់សហគមន៍អឺរ៉ុប ដែលនាំឱ្យអ្នកតាមដានមួយចំនួនមើលឃើញថា ហាក់ដូចជាមិនអាចទៅរួច។
លោកបណ្ឌិត Bradley Jensen Murg អ្នកជំនាញផ្នែកសេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ Seattle Pacific University បាននិយាយថា សហភាពអឺរ៉ុបខ្លួនឯង ក៏កំពុងជួបនឹងភាពស្ពឹកស្រពន់ ដើរអូសជើងនឹងបញ្ហាខ្លួនឯងរួមមាន ដំណើរចាកចេញពីសមាហរណកម្មរបស់ចក្រភពអង់គ្លេស និងការរីកធំធាត់នៃចលនាអភិរក្សបែបស្ដាំនិយម ដែលនាំឱ្យសហភាពអឺរ៉ុបខ្លួនឯងថមថយកម្លាំងពលំ ក្នុងការដើរតួនាទីជាតួអង្គសំខាន់មួយលើឆាកអន្តរជាតិ នៅលើបញ្ហាផ្សេងៗ ដូចជាបញ្ហាប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
សាស្ត្រាចារ្យរូបនេះ បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«ខ្ញុំជឿជាក់ថាការដាក់ទណ្ឌកម្មតម្រង់មុខព្រួញទៅចំបុគ្គល ដោយយកវិធីសាស្ត្រតាមអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ វាហាក់ដូចជាទំនងជាកើតឡើងជាង ហើយក៏នឹងជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពជាងវិធានការនានាផ្សេងទៀតផងដែរ»។
លោក Bradley Jensen Murg បានបន្ថែមថា ការកាត់ជំនួយ ក៏នឹងមិនបង្កជាផលរមាស់អ្វីដល់រដ្ឋអំណាចទីក្រុងភ្នំពេញដែរ ព្រោះថារាល់អវត្តមាននៃជំនួយហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប សុទ្ធតែអាចត្រូវបានជំនួសប៉ះប៉ូវដោយប្រទេសចិន ដែលកាន់តែក្លាយជាសម្ព័ន្ធមិត្តជិតស្និទ្ធចាក់ទឹកមិនលិចរបស់កម្ពុជា។
នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រី ប៉ាន់ សូរស័ក្ដិ បាននិយាយថា សម្រាប់ឆ្នាំ២០១៨នេះ នឹងមិនមានអ្វីជាការបារម្ភសម្រាប់ការបិទប្រព័ន្ធអនុគ្រោះពន្ធនោះទេ ដ្បិតអីរាល់ការបញ្ជាទិញនានា ត្រូវបានធ្វើរួចជាស្រេចដើម្បីកុម្ម៉ង់ផលិតផលរបស់កម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុបដោយរួចពន្ធ។
លោក សេក សុផល អ្នកស្រាវជ្រាវនៅ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន បាននិយាយថា កាលវេលានៃការបង្ក្រាបនយោបាយនៅកម្ពុជា មានកម្រិតស៊ីមេទ្រីល្មមសហគមន៍អន្តរជាតិមិនអាចធ្វើអ្វីទាន់ ខណៈដែលការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៨ នឹងរំកិលមកដល់នៅចុងខែកក្កដាខាងមុខ។
លោកបាននិយាយថាទណ្ឌកម្មសេដ្ឋកិច្ច នឹងមិនមានប្រសិទ្ធភាពនោះទេ ខណៈដែលកម្ពុជានៅមានច្រកដង្ហើមចេញចូលផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិន ប្រទេសរុស្ស៊ី និងបណ្ដារដ្ឋជាសមាជិកអាស៊ាន ដែលនៅក្បែរខាង។
«អ្វីដែលគណបក្សកាន់អំណាចគាត់ចង់បាន គឺការធានាឱ្យមានការនៅក្នុងអំណាចបន្តទៀត បន្ទាប់ពីការបោះឆ្នោត២០១៨។ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ គាត់អាចនឹងមានការចរចា ហើយផ្ដល់សម្បទាន ស្ថានការណ៍អាចប្រសើរឡើងវិញ»។
អ្នកវិភាគរូបនេះ បាននិយាយថា ការណ៍ដែលសភាអឺរ៉ុបលើកឡើងពីសំណើសុំត្រឹមឱ្យមាន«ការព្យួរជាបណ្ដោះអាសន្ន»នៃប្រព័ន្ធអនុគ្រោះពន្ធ បង្ហាញថាក្រុមប្រទេសនៅអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមថានឹងមានដំណោះស្រាយនយោបាយមួយនៅកម្ពុជារវាងភាគីពាក់ព័ន្ធនានា។
VOA មិនអាចទាក់ទង ស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្នើសុំសេចក្ដីអធិប្បាយបានទេកាលពីសប្ដាហ៍កន្លងទៅ។
កម្ពុជាស្ថិតក្នុងចំណោមប្រទេស៤៩ទូទាំងពិភពលោក ដែលទទួលបានបុព្វសិទ្ធិនៃការអនុគ្រោះពន្ធ EBA នាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបដោយរួចរនាំងពន្ធគយ។ នៅអាស៊ីអាគ្នេយ៍ មានប្រទេសតែបួនប៉ុណ្ណោះដែលទទួលបានសិទ្ធិពិសេសនេះរួមមាន កម្ពុជាខ្លួនឯង ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
ក៏ប៉ុន្តែ អ្នកវិភាគក៏បានលើកឡើងដែរថា អនាគតយ៉ាងណាយ៉ាងណីនៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប សម្រាប់កម្ពុជា វាអាចនឹងស៊ីសងទៅលើសុខភាពនៃទំនាក់ទំនងការបរទេសរវាងភាគីរដ្ឋអំណាចភ្នំពេញ និងនៅប្រ៊ុចសែល។
លោក Bradley Jensen Murg បានសរសេរបន្ថែមក្នុងសារអេឡិចត្រូនិកមកកាន់ VOA ក្នុងន័យដើម យ៉ាងដូច្នេះថា៖
«ខណៈដែលវាមិនទៅជិតកម្រិតធ្ងន់ធ្ងរដូចជាការធ្លាក់ចុះនៃទំនាក់ទំនងខ្មែរអាមេរិកាំងយ៉ាងណាក្ដី យើងអាចនឹងរំពឹងមើលឃើញថានឹងមានបញ្ហាស្រដៀងគ្នារះឡើងនាំឱ្យស្រអាប់ទំនាក់ទំនងកម្ពុជាជាមួយសហភាពអឺរ៉ុប។ ក្នុងរយៈពេលខ្លី វាពិបាកណាស់ សម្រាប់អ្នកវិភាគក្នុងការរំពៃមើល ប្រកបដោយសុទិដ្ឋិនិយមនៃការវិវឌ្ឍប្រសើរឡើងនៃទំនាក់ទំនងក្នុងពេលឆាប់ៗនេះ»។
ស្របពេលនឹងការបង្ក្រាបនយោបាយកាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋមានស្មារតីជាតិនិយម ប្រឆាំងការលូកដៃពីបរទេស និងទាមទារឱ្យមន្ត្រីជំនាញការអ្នកតាក់តែងយុទ្ធសាស្ត្រគោលនយោបាយរបស់លោក រៀបចំផែនការសេដ្ឋកិច្ចខ្លួនទីពឹងខ្លួន និងធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងអ្វីដែលលោកហៅថា ដើម្បីធានាឯករាជភាពផ្នែកសេដ្ឋកិច្ចរបស់ប្រទេស៕