នគរបាល​ជាតិ​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រាយ​ការណ៍​ករណី​ចាប់​ក្មេង​ដើម្បី​វែកមុខ​ជន​ល្មើស

ក្រុម​ថ្នាក់​ដឹកនាំ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។ (រូបថត​ដកស្រង់​ពី​ទំព័រហ្វេសប៊ុក​របស់​អគ្គស្នងការ​ស្នងការដ្ឋាន​នគរបាល​ជាតិ)

អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​ប្រកាស​ឲ្យ​មាន​ការ​សហការ​ស្រាវជ្រាវ​រក​ករណី​បាត់​ក្មេង ដែល​តែង​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​បង្ហោះ​តាម​បណ្តាញ​សង្គម​ជា​ច្រើន​ករណី។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។​

​លោក​នាយ​ឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ​ ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​មាន​ព័ត៌មាន​ ​និង​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ក្មេងៗ​ ​ជា​ច្រើន​ករណី។​ ​លោក​បញ្ជាក់​ថា​ ស្ទើរ​តែ​គ្រប់​ករណី​ទាំង​អស់​ហាក់​មិន​មែន​ជា​ការ​ចាប់​ជម្រិត​ ​ឬ​ជួញ​ដូរ​សរីរាង្គ​ណាមួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ ​ការ​ចាប់​នោះ​ហាក់​មាន​បំណង​ធ្វើ​ឲ្យ​មាន​ការ​ផ្អើល​ឆោឡោ​ ​ដោយ​មិន​មាន​មូលហេតុច្បាស់​លាស់​នៅ​ឡើយ។​

ទោះជាយ៉ាង​ណា​ នាយ​ឧត្តម​សេនីយ៍ ​គៀត ច័ន្ទថារិទ្ធ អះអាង​ថា​ ​សមត្ថ​កិច្ច​នឹង​ស្រាវជ្រាវ​ដើម្បី​បំបាត់​រាល់​បញ្ហា​ដែល​បាន​និង​កំពុង​កើត​ឡើង​ ​បើទោះបី​ករណី​ទាំង​នោះ​ជាការ​បង្អើល​ធ្វើ​ឲ្យ​មាន​ចលាចល​សង្គម​ ឬ​ក៏ជា​ករណី​បទ​ឧក្រិដ្ឋ​ក៏​ដោយ។​

នាយ​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ​ ​អ្នកនាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ មាន​ប្រសាសន៍​ថា៖​

«យើង​ខ្ញុំ​កំពុងតែ​ពិចារណារឿង​នេះ​ក្នុង​នាម​ជា​កង​កម្លាំង​ គឺ​ទី១ ​ត្រូវ​តែ​ស្រាវជ្រាវ​មើល​ថា ​តើ​រឿង​ហ្នឹង​វា​ពិត​ ឬ​ក៏​មាន​អ្នក​បង្ក​បញ្ហា​ដើម្បី​បំពុល​ចលាចល​សង្គម។​ ​ទី២​ ត្រូវ​រក​ឲ្យ​ឃើញ​ប្រសិន​ជា​បំពុល​ត្រូវ​រក​ឲ្យ​ឃើញ​អ្នក​បំពុល។​ ​ទី៣​ ​បើ​សិន​ជា​មាន​សកម្មភាព​ឧក្រិដ្ឋ​ ​គឺត្រូវ​រក​ឲ្យ​ឃើញ​ជន​ល្មើស​ដើម្បី​ផ្តន្ទាទោស​ ហើយ​ដើម្បី​បំបាត់​បញ្ហា​ហ្នឹង»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​គេ​ឃើញ​មាន​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​តាម​សារ​ព័ត៌មាន​មួយ​ចំនួន​អំពី​ករណី​បាត់​ក្មេង។ ករណី​ខ្លះ​ត្រូវ​បាន​បង្ហោះ​ថា​ ​បាត់​នៅ​តាម​សាលា​រៀន​ ខ្លះ​បង្ហោះ​ថា​ បាត់​នៅ​តាម​ទីសាធារណៈ​ ​ឬ​នៅ​ក្បែរ​ផ្ទះ​ជា​ដើម។ ​ការ​បង្ហោះ​ទាំង​នោះ​អះអាង​ថា ក្មេង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាប់​យក​ទៅ។

តួយ៉ាង​ដូច​ករណី​ក្មេងស្រី ​ដែល​ជា​សិស្ស​សាលា​ទួល​ស្វាយ​ព្រៃម្នាក់​ ត្រូវ​បាន​ជន​មិនស្គាល់​មក​កុហក​ថា​ ម្តាយ​ក្មេងស្រី​នោះ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​បាន​ឌុប​យក​ក្មេង​ស្រី​នោះ​ចេញ​ទៅបាត់។​ ​ប៉ុន្តែ​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ ​ក៏​មាន​អ្នក​រត់​ម៉ូតូ​កង់បី​ម្នាក់​បាន​ដឹក​ក្មេង​ស្រី​ម្នាក់​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ​ចំណែក​ករណី​មួយ​ទៀត ​ដែល​លោក​គៀត ច័ន្ទ​ថារិទ្ធ​ បញ្ជាក់​ថា​ ចៅ​របស់​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​ចាប់​ទៅ​ប្រហែល​ជា​៥០​ម៉ែត្រ​ពីផ្ទះ។ ប៉ុន្តែ​ត្រូវ​បាន​ជននោះ​ទុក​ចោល​ឲ្យ​ដើរ​ត្រឡប់​មកផ្ទះ​វិញ ​ដោយ​ខ្លួន​ឯង​ ​ដោយ​គ្មាន​មូលហេតុ។

លោក ​យ៉ង់ គឹមអេង​ ​នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព​ បាន​សាទរ​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ការ​រាយការណ៍​ពី​បញ្ហា​អសន្តិសុខ​ ​និង​ស្វែង​រក​ដំណោះ​ស្រាយ​របស់​សមត្ថ​កិច្ច។ ទោះ​ជា​យ៉ា​ណា ​លោក​ថា​ ​រដ្ឋាភិបាល​គួរ​បង្កើន​វិធាន​ការ​បង្ការ​ឲ្យ​បាន​ច្រើន​ ​តាម​រយៈ​ការ​ពង្រាយ​កម្លាំង​ការពារ​នៅ​តាម​សាលារៀន និង​តំបន់​មួយ​ចំនួន ​ដែល​ងាយ​នឹង​កើត​មាន​បញ្ហា​ ​ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ករណី​ទាំង​នោះ។​

លោក​បញ្ជាក់​ថា៖​

«គួរ​តែ​មាន​កម្លាំង​អន្តរាគមន៍​អី​ដែល​អាច​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ​ហើយ​ជាពិសសេ​គឺជួយ​ដល់​ក្មេង​ហ្នឹង។​ ​បើសិន​ជា​បញ្ហា​ហ្នឹង​នៅ​តែ​កើត​មាន​ ​ប្រហែល​ជា​ឪពុក​ម្តាយ​ហ្នឹង ​មាន​ការ​រារែក​ក្នុង​ការ​ឲ្យ​កូន​ទៅ​សាលា។ ជាពិសេស​អ្នក​ដែល​រវល់​មែន​ទែន​ហ្នឹង ​ដែល​មិន​អាច​ជូន​កូន​ទៅ​សាលា​បាន ​អាច​ឲ្យ​កូន​ឈប់​រៀន​ ​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់។ ចំពោះ​បញ្ហា​នេះ​គួរតែ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវ​តែ​ឲ្យ​មាន​ការ​ចូល​រួម​អន្តរាគមន៍​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ចូលរួម​តាំងពី​ឃុំ​សង្កាត់​អីហ្នឹង​ ​ធ្វើ​យ៉ាងណា​ជួយ​ពង្រឹង​សន្តិសុខ​ ​ជាពិសេស​នៅ​តាម​សាលា​រៀន​អី​ជាដើម​ហ្នឹង»។​

​សេចក្តី​ប្រកាស​របស់​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​ក្រសួង​មហា​ផ្ទៃ​ ​ដែល​ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​ថា​ ប្រជា​ពលរដ្ឋ​អាច​រាយ​ការណ៍​ជា​បន្ទាន់​ ប្រសិន​បើ​បាន​ដឹង​ ​ឬ​ឃើញ​ករណី​សង្ស័យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សង្គម​ណា​មួយ។​ ​ទូរស័ព្ទ​ទាំង​ពីរ​ខ្សែ​នោះ​មាន​លេខ​ ០៣១ ២០១ ២៣៤៥ ​និង​លេខ​ ០៣១ ៦០១ ២៣៤៥។

លោក​នាយឧត្តម​សេនីយ៍ ​គៀត ច័ន្ទថារិទ្ធ​ ​អ្នកនាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​បន្ថែម​ថា​ ​សមត្ថកិច្ច​កំពុង​ពង្រឹង​កម្លាំង​ក្នុង​ការ​ស្រាវជ្រាវ​ ​និង​បង្រ្កាប​ ​ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហការ​រវាង​ប្រជា​ពល​រដ្ឋ​ ​តាមរយៈ​ការ​ប្រកាស​លេខ​ទូរស័ព្ទ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាក់ទង ​ពេល​មាន​បញ្ហា​អសន្តិសុខ​ណា​មួយ​ ​រួម​ទាំង​ករណី​ចាប់​ក្មេង​ ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​តែ​បារម្ភ​ផង​នោះ៕