អាជ្ញាធរ​កម្ពុជា​ចាប់ឃាត់​ខ្លួន​ពលករ​ខុស​ច្បាប់​វៀតណាម​និង​ចិន

ក្រសួង​​មហាផ្ទៃ​​នៃប្រទេសកម្ពុជា។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់ឃាត់​ខ្លួន​ជនជាតិ​បរទេស​ចំនួន​ ២១៤ ​នាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​ក្នុង​នោះ​មាន ​ជនជាតិ​វៀតណាម​ចំនួន​ ១៣១​នាក់​និង​ជនជាតិ​ចិន​ចំនួន​៨៣​នាក់​បន្ទាប់​ពី​ធ្វើ​រដ្ឋបាល​នៅ​ទីកន្លែង​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ។

លោក ឧត្តមសេនីយ៍ទោ ​អ៊ុក ហៃសីលា ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន ​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​គេហទំព័រ​ប៉ូលិស​ជាតិ​កម្ពុជា​ថា៖

«ពួកគេ​ភាគច្រើន​សុទ្ធសឹង​តែ ​ជា​ពលករ​ ចំណាក​ប្រទេស ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ ហើយ​មួយ​ចំនួន​ធំ ​គឺ​ជា​ជនជាតិ​វៀតណាម‍»។

លោក​បន្ថែម​ថា​ក្នុង​ចំណោម​ពលករ​ទាំង​ចំនួន​ ២១៤ ​នាក់​មាន​តែ​ ៣៥​នាក់​ទេ​ដែល​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ​ ប៉ុន្តែ​ជា​លិខិត​ឆ្លងដែន ​ដែល​មាន​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​ មិនមែន​សម្រាប់​ធ្វើ​ការងារ​ទេ។

ពលករ​ចំណាក​ស្រុក​ខុសច្បាប់​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​កាន់​ នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ដើម្បី​សាកសួរ​នាំ​បន្ថែម៕