សមត្ថកិច្ច​បន្ត​ស្រាវ​ជ្រាវ​ករណី​វាយ​ដំ​លោក នី ណាក់ ខណៈ​មិន​ទាន់​រក​ឃើញ​ជន​សង្ស័យ

លោក នី ណាក់ កំពុង​ព្យាបាល​របួស ក្នុង​គ្លីនិក​ព្យាបាល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយដំ  ហើយ​រូប​ថត​នេះ ថត​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃបានឱ្យ​ដឹងថា​ ការ​សន្និ​ដ្ឋាន​បឋម​របស់​សមត្ថ​កិច្ច​ជំនាញ​លើការ​វាយ​ដំ​សកម្ម​ជន លោក នី ណាក់ ​គឺ​ជា​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយ​ចេតនា​ចង់​យក​ទ្រព្យ​សម្បត្តិ ​ខណៈ​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ស្វះ​ស្វែង​តាម​ចាប់ក្រុម​ជន​ដៃ​ដល់។ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ប៉ូលិស​មិន​ទាន់​ឃាត់​បាន​ជន​សង្ស័យ​នៅ​ឡើយ​ទេ។

លោក ទូច សុឃៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា​ ការ​វាយ​ដំ​លើ​លោក នី ណាក់ ​តាម​ដង​ផ្លូវ​ដោយ​ក្រុម​មិន​ស្គាល់​អត្ត​សញ្ញាណ គឺ​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​បឋម​ថា ​ជា​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ក្នុងចេតនាចង់​យក​ទ្រព្យ​សម្បត្តិ​ ព្រោះជន​បង្ក​មាន​គ្នា​ច្រើន​ឬ​ជា​ក្រុម និង​មាន​ឧបករណ៍​គ្រោះ​ថ្នាក់​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។

លោក​ថ្លែង​ថា៖ ​«ចាំ​មើល​នៅ​ពេល​ដែល​យើង​ក្រសោប​បាន​នៅ​ពេ​លខាង​មុខ​នោះ ​ថាតើ​ពួក​គាត់​នឹង​ឆ្លើយបែប​ណា អំពី​បំណង​ពិត​ប្រាកដ​រ​បស់​គាត់​ទើប​យើង​អាចនិយាយ​បាន​តា​មផ្លូវ​ច្បាប់​ថា​ វា​ជា​ករណី​ស្អី ​និង​ចេតនា​ទុច្ចរិតបែប​ណា​ឱ្យ​ពិត​ប្រាកដ។ គ្រាន់​តែ​ថា​ជា​បឋ​ម​នេះ​ គឺ​យើង​មើល​ទៅលើ​កត្តា​សត្យា​នុម័តិ​ បាន​ន័យ​ថា​ មើល​អំពើ​ប្រព្រឹត្ត​ជាក់​ស្តែង​ គឺ​ជា​ការ​ប្រើអំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ​ហើយ​ក្នុង​នោះ ​អាច​មាន​ចេតនា​មួយចង់​យក​ទ្រព្យ​សម្បត្តិ​ សម្ភារ​របស់​ជន​រង​គ្រោះ​អាច​ថា​ម៉ូតូ ​អី​ជា​ដើម»។

បើ​តាម​លោក ​ទូច សុឃៈ ​ក្រោយ​កើត​ហេតុ​កាល​ពី​ថ្ងៃ​អង្គារ ភ្លាមៗ​នោះ អង្គភាព​អគ្គស្នង​ការ​ដ្នាន​នគរ​បាល​ជាតិ ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ និង​អធិការ​ដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ​រួម​ទាំង​កម្លាំង​ប៉ុស្តិ៍​នៅ​កន្លែង​កើត​ហេតុ​ បាន​ធ្វើ​ការ​ងារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ចុះប្រមូល​ព័ត៌​មាន​ជុំវិញ​កន្លែង​កើត​ហេតុ ពិនិត្យ​រាល់​វត្ថុ​តាង​នានា​ រួម​ទាំងមធ្យោបាយ​ផ្សេង​ៗ ​ដែល​អាចគ្រប់​គ្រង​មុខ​សញ្ញា​បាន​ ដូច​ជាកាមេរ៉ា​សុវត្ថិ​ភាព​តាម​ដង​ផ្លូវ។​ លោក​បន្ត​ថា​ មក​ដល់​ថ្ងៃ​សុក្រ​នេះ​ សមត្ថកិច្ច​ពាក់​ព័ន្ធ​កំពុង​ស្វះ​ស្វែង​តាម​រក​ជន​បង្ក​ទាំង​នោះ។

លោក​បញ្ជាក់​ថា៖ «មក​ដល់​ពេល​នេះ ​គឺ​សមត្ថកិច្ច​ជំនាញ​នៅ​បន្ត​ធ្វើការ​ស្រាវ​ជ្រាវ​យោង​តាម​ជំនាញ ហើយ​នឹង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ ពីព្រោះ​ការ​ស្រា​វ​ជ្រាវ​លើ​ករណី​មួយ​ៗ ​ជាពិសេស​ករណី​ព្រហ្ម​ទណ្ឌ​គឺ​យើង​ត្រូវ​ការ​ពេល​វេលា ពី​ព្រោះ​រឿង​ខ្លះ​ វា​មានលក្ខណៈ​ស្មុគ​ស្មាញ ដោយ​ក្រុម​ជន​បង្ក​ មាន​ឧបាយ​ក​ល​ទុច្ចរិត និង​មាន​ផែន​ការ​ទុក​ជា​មុន ​ដែល​នាំឱ្យ​យើងក៏​មាន​ការ​លំបាក​នៅ​ក្នុង​ការស្វែង​រក​មុខ​សញ្ញា​ដែរ»។

​លោក នី ណាក់ ​សកម្មជន​សង្គម​មួយ​រូប ​ដែល​ធ្លាប់​ជាប់​ពន្ធនា​គារ ​និង​តែងតែ​រិះ​គន់​អំពី​ភាព​អវិជ្ជមាន​សង្គម ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​វាយ​ដំ​លើ​រាង​កាយ ​និង​ក្បាល​យ៉ាង​ដំណំ ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ នៅ​ពេល​លោក និង​ភរិយា​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ​នៅ​ជិត​វត្ត​ព្រែក​ប្រា ​ខណ្ឌ​ច្បារ​អំពៅ ​រាជធានី​ភ្នំពេញ។

ភរិយា​របស់​ លោក នី ណាក់ ​ធ្លាប់​ប្រាប់​វីអូអេថា ​មនុស្ស​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​មក​ធាក់​ម៉ូតូ​របស់​អ្នកស្រី ​និង​ស្វាមី​ពី​ក្រោយ ​កាល​ពី​ម៉ោង​ប្រមាណ​ ១​រសៀល​ថ្ងៃ​ទី​ ១២​ ខែ​កញ្ញា​ រួច​ពួក​គេ​រត់​មក​វាយ​ លោក នី ណាក់​ ដោយ​សំដៅ​ត្រង់​ក្បាល ​ហើយ​ប្រើ​ដំបង​ដែក​ បើ​ទោះ​បី​ជា​ស្វាមី​អ្នក​ស្រី​ព្យាយាម​រត់​ចូល​ទៅ​កន្លែង​លក់​និង​ទិញ​អេត​ចាយ​ក៏​ដោយ។​

​រហូត​មក​ដល់​ថ្ងៃសុក្រនេះ ​ក្រុម​គ្រួសារ​របស់​លោក ​នី ណាក់ ​មិន​ទាន់​ទទួល​បាន​តម្រុយអ្វី​ពី​សមត្ថកិច្ច​នៅ​ឡើយ​ទេ ​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។ នេះ​បើ​តាម​អ្នកស្រី សុខ ស៊ី​ណែត ដែល​ជា​ភរិយា​របស់​ លោក នី ណាក់។

អ្នកស្រី សុខ ស៊ីណែត ប្រាប់​វីអូអេ​ថា ​នេះ​មិន​មែន​ជា​ករណី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​អ្វី​នោះ​ទេ​ តែ​វា​ជា​ករណី​វាយ​សម្លាប់​តែ​ម្តង​ ព្រោះ​អ្នកស្រី​ និង​ស្វាមី​មិន​បាន​បាត់បង់​របស់​របរ​អ្វី​នោះ​ទេ ​សូម្បី​តែ​លុយ​កាក់ ​ទូរសព្ទ ​និង​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​នោះ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «សម្រាប់​បង គឺ​មើល​ឃើញសកម្ម​ភាព​ផ្ទាល់​ គឺ​ពួកគេ​ប៉ុន​ប៉ងសម្លាប់​ប្តី​បង​ ធ្វើ​មនុស្ស​ឃាត។ ​បង​និង​ស្វាមី​អត់​មាន​បាត់​អ្វី​ទាំង​អស់​ ទ្រព្យ​សម្បត្តិ​ដូច​ជា មាន​លុយ​កាក​មួយ​ចំនួន​នៅ​ក្នុង​កាបូប ទូរសព្ទ ​ហើយ​និ​ងម៉ូតូ ​គឺ​នៅ​ទាំង​អស់​ និយាយ​ទៅទ្រព្យ​សម្បត្តិ ​ដែល​មាន​ក្នុង​ខ្លួន​ គឺ​អត់​មាន​បាត់​បង់​ទេ។

អ្នក​ស្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ជន​ដៃ​ដល់​ឱ្យ​ខាង​តែ​បាន​ ព្រោះទាំង​ទីតាំង​កើត​ហេតុ និង​តាម​ដង​ផ្លូវ​សុទ្ធ​តែ​មាន​កាមេរ៉ា​សុវត្ថិភាព ។

នៅ​ថ្ងៃ​សុក្រនេះ លោក នី ណាក់ ​មិន​ទាន់​បាន​ចេញ​ពី​គ្លីនិក​ព្យាបាល​ត្រឡប់​ទៅ​ផ្ទះ​វិញទេ​ ព្រោះ​ស្ថាន​ភាព​របស់​លោកទើប​តែ​ធូរ​បន្តិច​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​ភរិយា​។

លោក យី សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ដែល​បាន​តាម​ដាន​ជុំវិញ​ករណី​ហិង្សា​នេះ​ ថ្លែង​ថា​ នៅ​ពេល​អាជ្ញាធរ​មិនរក​ឃើញ ​និងចា​ប់​ជន​បង្ក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ទេ ​នោះ​នឹងធ្វើ​ឱ្យ​និទណ្ឌភាពកាន់​តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ជា​ការ​កត់​សម្គាល់ ​ដែល​ការ​ប្រើ​ហិង្សា​កន្លង​មក​ ពី​ក្រុម​ជន​ស៊ីវិល ​មក​លើ​មនុស្ស​ណា​ដែល​រិះ​គន់​ ក៏​ដូច​ជា​សកម្មជន​របស់​គណបក្ស​នយោបាយ ​ដែល​មាន​និន្នាការ​ប្រឆាំង​ គឺ​ហាក់​ដូច​ជា​រដ្ឋាភិបាល ក៏​ដូចជា​សមត្ថកិច្ច​ អត់​សូវ​អើ​ពើ​ក្នុង​ការ​ស្រាវជ្រាវ ​វែក​មុខ​រក​ឃាតក​ទេ។ អ៊ីចឹង​ហើយ​ដែល​ធ្វើ​ឱ្យ​និទណ្ឌភាព​ ចេះ​តែ​កើត​ច្រើន​ឡើង​ៗ ​ដែល​ធ្វើ​ឱ្យ​ភាព​អនាធិបតេយ្យ​ នៃ​ការ​បង្ក​ហិង្សាមក​លើ​អ្នក​ដែល​ស្លូត​ត្រង់ ​មក​លើ​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​ មិន​ត្រូវ​បា​នយក​ចិត្ត​ទុក​ដាក់​ពី​សមត្ថ​កិច្ច»។

លោក​ យី សុខ​សាន្ត ​កត់​សម្គាល់​ថា​ នៅ​ក្នុងករណី​ហិង្សា​លើ​សកម្ម​ជន​សង្គម ​និង​នយោ​បាយ​បែប​នេះ អាជ្ញាធរកម្រ​រក​ឃើញ​ជន​ប្រព្រឹត្ត៕