ក្រោយពីបានប្រកាសអំពីសោដនាដកម្ម និង ជួយផ្តល់ថវិការដល់ជនរងគ្រោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាលោកកំពុងធ្វើដំណើរទៅត្រួតពិនិត្យមើល ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយផ្ទាល់នៅកន្លែងបាក់អគារនៅខេត្ត ព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ។ យ៉ាងតិចមានមនុស្សចំនួន១៩នាក់ ដែលធ្វើការនៅក្នុងសំណង់ អគារនោះ បានស្លាប់ និង ២៤នាក់ទៀតរងរបួស ក្រោយពីអគារចិនមួយកន្លែងបាន បាក់ស្រុតកាលពីថ្ងៃសៅរ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញដំណើរទៅ កាន់ខេត្តព្រះសីហនុឬកំពង់សោមដោយផ្ទាល់ ក្រោយពេលលោកបានវិលត្រឡប់មក ពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ដែលជាកន្លែងមេដឹកនាំអាស៊ាន បានចូលរួមសម្តែងមរណទុក្ខចំពោះការបាក់រំលំអគារនេះ។
ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តប្រតិបត្តិការរុករកជនរងគ្រោះបាត់ខ្លួនបន្ថែមទៀតពីគំនរ បាក់ស្រុតអគារ៧ជាន់ ដែលត្រូវអាជ្ញាធរអះអាងថាសាងសង់គ្មានច្បាប់ ហើយត្រូវគេ គិតថានៅមានអគារសង់អត់ច្បាប់ច្រើនទៀតនោះ។ គេគ្មានឃើញអ្នកទទួលខុសត្រូវចំពោះបញ្ហានេះនៅឡើយទេ ក្រៅពីអាជ្ញាធរបានឃាត់ខ្លួនជនជាតិចិន៤នាក់ដើម្បី សាកសួរ។