លោក ហ៊ុន សែន ជំរុញ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​អនុវត្ត​ចំណុច​ឯកភាព​ទាំង ៥

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និងមេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing (ស្តាំ) ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ពួកគេ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្រ្តី​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ បង្ហាញ​«ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង»​អំពី​អំពើ​ហិង្សា​ដែល​បន្ត​កើត​មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​និង​ស្នើ​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង​៥​ចំណុច ​ដែល​មេ​ដឹកនាំ​អាស៊ាន​ បាន​ឯកភាព​ កាលពី​ខែ​មេសា​ ឆ្នាំ​មុន។​

ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​ក្នុង​ជំនួប​លើក​ទីពីរ​ ដែល​ធ្វើ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ​កាល​ពី​ថ្ងៃពុធ ​រវាង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក ​Min Aung Hlaing ​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹកនាំ​ជាប់​ឆ្នោត​ កាលពី​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​មុន។​

លទ្ធផល​នៃ​ជំនួប​ខាង​លើ​នេះ ​រួម​មាន​ការ​ជំរុញ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ ការ​ស្នើ​ឲ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា​សម្រប​សម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ានទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ ការ​បញ្ឈប់​អំពើ​ហិង្សា ​និង​គោរព​តាម​បទ​ឈប់​បាញ់​គ្នា ​និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​នាំ​យក​ជំនួយ​មនុស្ស​ធម៌​ទៅ​ដល់​ប្រជាជន​មីយ៉ាន់ម៉ា។ នេះ​ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​ក្រសួង​ការ​បរទេស ​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ​កម្ពុជា​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​អំពើ​ហិង្សា​ដែល​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​…»។​

វីអូអេ​ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​កម្ពុជា​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​

កាលពី​ថ្ងៃទី​៧ ​ខែ​មករា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ​ដោយ​ជួប​ជាមួយ​មេ​ដឹកនាំ​យោធា។ ​ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​នេះ​ ត្រូវ​បាន​រិះគន់​ថា​ មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ទៀត ​និង​បង្ហាញ​ការ​ទទួល​ស្គាល់​មេដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​លោក ​គិន ភា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បញ្ហា​មីយ៉ាន់ម៉ា​ បាន​បង្ក​ជា​ឧបសគ្គ​មួយ​ចំនួន​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​ ដោយ​សារ​បញ្ហា​នេះ ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អាស៊ាន​ ស្រប​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​មេ​ដឹកនាំ​អាស៊ាន​លើ​យន្តការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

យ៉ាង​ណាក្តី​ លោក​សង្កត់ធ្ងន់​ពី​សារៈ​សំខាន់​នៃ​ការ​ជំរុញ​លើ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ និង​សុច្ឆន្ទៈ​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​ខ្លួន។​

លោក​ថ្លែង​ថា៖​ «បញ្ហា​នេះ​ គឺ​វា​ចំណុះ​លើ​មេ​ដឹកនាំ​យោធា​ភូមា​ខ្លួន​ឯង​ផ្ទាល់​ថា​ តើ​មាន​ការ​ប្តេជ្ញា​ចិត្ត ​សុឆន្ទៈ ​និង​ភាព​ស្មោះត្រង់​កម្រិត​ណា​នៅ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​កុងសង់ស៊ីស​ទាំង​៥​ចំណុច​ ដែល​មេ​ដឹកនាំ​យោធា​ភូមា​លោក ​Min Aung Hlaing ​ខ្លួន​ឯង​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​មេ​ដឹកនាំ​ដទៃ​ទៀត»។​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(Asian Vision Institute) ​លោក​ ឈាង វណ្ណារិទ្ធ ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ផង​ដែរ​ថា​ ទោះ​បី​ជា​មាន​ការ​សម្រប​សម្រួល​ពី​កម្ពុជា​ក៏​ដោយ ​ក៏ស្ថានភាព​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ នឹង​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ​ ប្រសិន​បើ​មេ​ដឹកនាំ​យោធា​ មិន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ។​

លោក​ថ្លែង​ថា៖​ «អាហ្នឹង​វា​ទាមទារ​ឲ្យ​មាន​ភាព​ស្មោះត្រង់​ ឲ្យ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ពី​របប​សឹក​យោធា​ដែរ។ កម្ពុជា​ និយាយ​ឲ្យ​ចំ​ ខំប្រឹង​ជួយ​អស់​ហើយ។ ​អ៊ីចឹង ​ប្រសិន​បើ​របប​សឹក​យោធា​មិន​ជួយ​ខ្លួន​ឯង​ទេ ​មិន​ដឹង​ជា​ធ្វើ​ម៉េច​ទេ។ ​ អ៊ីចឹង ​វា​អាច​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​យូរ​ឆ្នាំ​ ហើយ​វិបត្តិ​សេដ្ឋកិច្ច​ វិបត្តិ​នយោបាយ​ នៅ​តែ​បន្ត​ ហើយ​ប្រជាជនភូមា​ខ្លួន​ឯង​ទេ​ ដែល​ជា​អ្នក​ទទួល​ផល​លំបាក​ខ្លាំង»។​

លោក​បន្ត​ថា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ កម្ពុជា ​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ យ៉ាង​ហោចណាស់​លើ​ផ្នែក​មនុស្ស​ធម៌​ ប្រសិន​បើ​ ទោះ​បី​ជា​ មិន​អាច​ទប់ស្កាត់​នូវ​អំពើ​ហិង្សា ​ឬ​រក្សា​បទ​ឈប់​បាញ់​គ្នា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​នោះ​ក៏ដោយ។​

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥ ​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាពអត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា​ នឹង​មិន​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឡើយ​ ប្រសិន​បើ​មិន​មាន​ការ​វិវឌ្ឍ​ ៥​ ចំណុច ​ដែល​មេ​ដឹកនាំ​អាស៊ាន​បាន​ឯក​ភាព​គ្នា ​កាល​ពី​ខែ​មេសា ​ឆ្នាំ​មុន។​ លោក ​ហ៊ុន សែន ​ធ្លាប់​អះអាង​ថា ​លោក​នឹង​ព្យាយាម​នាំ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ឡើង​វិញ ​ដោយ​ថា ​អាស៊ាន​ត្រូវ​មាន​១០​ប្រទេស។​

ក្រោយ​ពី​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​បាន​ការពារ​ថា​ ការ​ចរចា​របស់​លោក​ជាមួយ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ គឺ​ផ្តោត​លើ​ចំណុច​ទាំង​ ៥ ​ដែល​បាន​ឯក​ភាព​គ្នា​ កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​លោក​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​នេះ​ ជា​ការ​«បើក​ផ្លូវ»​សម្រាប់​ដំណោះ​ស្រាយ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។​

គួរ​កត់​សម្គាល់​ផង​ដែរ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ហ៊ុន សែន ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ ស្រាប់​តែ​មាន​ការ​កាត់​ទោស​ឱ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត ​គឺ​អ្នកស្រី ​Aung San Suu Kyi​ ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ ​និង​ការ​ប្រើ​ប្រាស់​យន្ត​ហោះ​ក្នុង​ប្រតិបត្តិការ​យោធា៕