ស្របពេលដែលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យមន្រ្តីបក្សប្រឆាំងចំនួន១១៨រូបចូលធ្វើនយោបាយវិញបាន នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបង្ហាញវិធីបីយ៉ាងដល់មន្រ្តីគណបក្សសង្គ្រោះជាតិដែលកំពុងរងការព្យួរសិទ្ធិធ្វើនយោបាយទាំង១១៨រូប ក្នុងការស្នើឲ្យមានការលើកលែងបម្រាមនោះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានអំណាច ក៏បានឌឺដង និងព្រមានវាយខ្នោះលោក សម រង្ស៊ី ប្រសិនបើមេដឹកនាំក្រុមជំទាស់រូបនេះហ៊ានជាន់ដីខ្មែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ លោកនាយករដ្ឋមន្រ្តីលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ អាចចូលធ្វើនយោបាយវិញនោះ បានឆ្លងផុតព្រឹទ្ធសភានៅសប្តាហ៍នេះ ដែលលោកថាវិសោធនកម្មច្បាប់នេះធ្វើឡើងសម្រាប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា។ លោកបន្តថា វិសោធនកម្មច្បាប់នេះ មិនអាចឲ្យអ្នកនយោបាយដែលមានទោសអាចរួចទោស ឬអ្នកនយោបាយដែលជាប់បម្រាមធ្វើនយោបាយអាចរួចផុតពីបម្រាមដោយស្វ័យប្រវត្តិបាននោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍មកហើយនោះបន្ថែមថា អ្នកជាប់បម្រាមនយោបាយទាំងនោះ ត្រូវស្នើសុំឲ្យមានការលើកលែងម្តងម្នាក់ ដោយការស្នើអាចធ្វើឡើងតាមរយៈការស្នើទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើទៅនាយករដ្ឋមន្រ្តី ដើម្បីបន្តស្នើទៅព្រះមហាក្សត្រ។ ជម្រើសទី២ ត្រូវស្នើទៅនាយករដ្ឋមន្រ្តីផ្ទាល់ និងជម្រើសទីបី គឺស្នើទៅព្រះមហាក្សត្រដើម្បីសុំឲ្យមានការលើកលែង។
លោកនាយករដ្ឋមន្រ្តីក៏បានព្រមានមន្រ្តីបក្សប្រឆាំងដែលជាប់បម្រាម តែបានប្រកាសថាមិនស្នើសុំសិទ្ធិធ្វើនយោបាយវិញយ៉ាងដូច្នេះថា៖
«អ្នកដែលមិនសុំ អ្នកក៏នឹងមិនបានចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ដែរ។ អ្នកជ្រើសរើសទៅរវាងម្ខាងអ្នកសុំ អ្នកនឹងបានសិទ្ធិធ្វើនយោបាយពីឥឡូវ រៀបចំកម្លាំងដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២។ ប៉ុន្តែបើសិនជាអ្នកនៅជាប់បម្រាម អ្នកហ៊ានធ្វើនយោបាយ អ្នកនឹងទទួលទោសបន្ថែមទៀត។ អ្នកគិតមើលទៅចំណេញខាតនៅកន្លែងណាអ្នកគិតមើលទៅ»។
លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ និងជាជនម្នាក់ដែលត្រូវបានព្យួរសិទ្ធិនយោបាយដែរនោះ ប្រាប់ VOA នា រសៀលថ្ងៃពុធនេះថាលោក រួមនឹងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត នឹងមិនស្នើឲ្យមានការលើកលែងណាមួយឡើយ។ លោកបន្ថែមថា ការព្យួរសិទ្ធិធ្វើនយោបាយរបស់មន្រ្តីទាំង១១៨រូប គឺធ្វើឡើងជាកញ្ចប់ ដូច្នេះលោកថាការលើកលែងបម្រាមនោះ ក៏ត្រូវតែធ្វើឡើងជាកញ្ចប់ដោយឥតលក្ខខណ្ឌផងដែរ។
លោកបញ្ជាក់ថា៖
«បើសិនជាច្បាប់ហ្នឹងចេញហើយ ហើយតម្រូវឲ្យដាក់ម្នាក់ៗអញ្ចឹងជាបុគ្គលឯកជនមួយៗនេះ ខ្ញុំបារម្ភក្រែងលោអត់មានអ្នកដាក់ស្នើសិទ្ធិនយោបាយមកវិញ។ ហើយបើសិនជាអត់មានអ្នកដាក់ស្នើទេ ច្បាប់នឹងធ្វើហើយមិនបានជាប្រយោជន៍ដោះស្រាយនយោបាយទេ»។
នៅព្រឹកនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសដោយឯកបក្ស ក៏បានប្រកាសត្រៀមខ្នោះនិងពន្ធនាគារដើម្បីដាក់លោក សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ នៅពេលដែលលោក សម រង្ស៊ី ចូលមកក្នុងប្រទេសកម្ពុជាវិញផងដែរ។
លោកបញ្ជាក់ដោយមិនចំឈ្មោះ តែសំដៅលើលោក សម រង្ស៊ី ថា៖
«ខ្ញុំបានប្រាប់អាកាសចរណ៍ស៊ីវិល កុំហាមឃាត់ក្នុងការដឹកអាចង្រៃនេះចូលស្រុក ព្រោះយើងត្រូវដាក់ខ្នោះវា ព្រោះយើងតាមចាប់វាយូរហើយចាប់មិនបាន ឥឡូវវាមកឲ្យយើងចាប់ហើយ រឿងអីវាមិនស្រួល។ សូមអញ្ជើញចូលមក ខ្ញុំក៏បានត្រៀមខ្លួនហើយដែរ ប៉ុន្តែបើសិនអ្នកឯងមិនមកក្រោយថ្ងៃ ០១ ខែ មីនា ដែលជាឱសានវាទនៃការភ្នាល់ គឺអ្នកឯងជាសត្វឆ្កែសុទ្ធ»។
លោក សម រង្ស៊ី ជាអតីតប្រធានគណបក្សប្រឆាំងដែលកំពុងរងបណ្តឹង និងការកាត់ទោសជាច្រើនករណី ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗនៃរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា លោក សម រង្ស៊ី បានបបួលលោក ហ៊ុន សែន ភ្នាល់ថា បើលោក កឹម សុខា មិនត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះចន្លោះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ក្រោមសម្ពាធសហគមន៍អន្តរជាតិទេនោះ លោកនឹងចូលខ្លួនឲ្យរដ្ឋាភិបាលចាប់ឃុំ។ ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឆ្លើយតបទៅលោក សម រង្ស៊ី ដោយយកតំណែងជានាយករដ្ឋមន្ត្រីរបស់លោកជាថ្នូរនឹងការភ្នាល់គ្នា។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី តែរហូតមកដល់ល្ងាចថ្ងៃពុធនេះមិនទាន់មានការឆ្លើយតបនៅឡើយ។
កាលពីឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល ដោយចោទថាគណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តុលាការនេះក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ម្នាក់ៗរយៈពេល៥ឆ្នាំ។
នៅមុនការរំលាយគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ ក៏ត្រូវបានចាប់ឃុំខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិដូចគ្នា។ បច្ចុប្បន្នលោក កឹម សុខា កំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោយពីត្រូវបានបញ្ជូនចេញពីការឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងដកហូតសិទ្ធិនយោបាយមន្រ្តីទាំង១១៨នាក់ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះការបោះឆ្នោតជាតិកាលខែ កក្កដា ឆ្នាំ ២០១៨ យ៉ាងភ្លូកទឹកភ្លូកដី និងដឹកនាំប្រទេសដោយឯកបក្ស។
ការណ៍នេះធ្វើឲ្យរដ្ឋាភិបាលកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ថាកំពុងធ្វើឲ្យខ្ទេចខ្ទីលទ្ធិប្រជាធិបតេយ្យ។ខណៈបស្ចិមប្រទេសធំៗមួយចំនួន ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាព និងនយោបាយឡើងវិញ ជាថ្នូរនឹងការមិនដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតលើកម្ពុជា។
យ៉ាងណាក្តី មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង បានប្រកាសថា ការរំលាយគណបក្សប្រឆាំង ការព្យួរសិទ្ធិនយោបាយមន្រ្តីគណបក្សនេះទាំង១១៨រូប ព្រមទាំងការចាប់ខ្លួនលោក កឹម សុខា ជាដើម គឺធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕