ក្រោយពីបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន បានការពារថា ការចរចាជាមួយមេដឹកនាំយោធា គឺផ្តោតលើចំណុចព្រមព្រៀងចំនួន ៥ ដែលបានឯកភាពគ្នា កាលពីពេលកន្លងទៅ ហើយលោកចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការ«បើកផ្លូវ»សម្រាប់ដំណោះស្រាយក្នុងក្របខណ្ឌអាស៊ាន។
ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសេរីសោភណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងសម្តីដើមថា៖ «គម្ពីររបស់ខ្ញុំយកទៅធ្វើការសន្ទនាជាមួយនឹងថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ទីមួយ កុងសង់ស៊ីស (ការមូលមតិ) ៥ ចំណុចរបស់អាស៊ាន ទីពីរធម្មនុញ្ញរបស់អាស៊ាន ប៉ុណ្ណឹងទេ។ គម្ពីររបស់ខ្ញុំគឺ អត់ទៅណាឆ្ងាយពីអាស៊ាននោះទេ។ ពេលវេលាមកមិនទាន់ដល់ គឺខ្ញុំអត់ទាន់ធ្វើសកម្មភាពទេ។ ខ្ញុំ គ្រាន់តែបោះសារ»។
កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
កាលពីថ្ងៃទី៧ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដែលលោកនិយាយថា ជាទស្សនកិច្ចដើម្បីស្តារសន្តិភាពឡើងវិញ បន្ទាប់ពីការដណ្តើមអំណាចរបស់ក្រុមយោធា ក៏ប៉ុន្តែក្រុមអ្នករិះគន់និយាយថាទស្សនកិច្ចនេះ គ្រាន់តែព្យាមយាមផ្តល់ភាពស្របច្បាប់ដល់ការដណ្តើមអំណាចរបស់យោធាតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីលទ្ធផលចំនួន៣នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា រួមមានការពន្យារពេលបទឈប់បាញ់គ្នា ការផ្តល់ជំនួយមនុស្សធម៌ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។
លោក ហ៊ុនសែន ក៏បានបញ្ជាក់ថា បញ្ហាមីយាន់ម៉ាមិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើជាប្រធានអាស៊ាននោះទេ។ វា នឹងបន្តទៅដល់ប្រទេសឥណ្ឌូណេស៊ី នៅពេលប្រទេសនេះ ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
លោក ហ៊ុន សែន បានហៅអ្នកវាយប្រហារជាពាក្យសម្តីលើរូបលោកថា ជា«ក្រុមជ្រុលនិយម» ដែលមានទាំងប្រជាជនមីយ៉ាន់ម៉ា និងខ្មែរផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំមិនប្រកាន់ទោស អូសដំណើរជាមួយនឹងបងប្អូនមីយ៉ាន់ម៉ានោះទេ។ មានដុតរូបថតខ្ញុំមានជាន់រូបថតខ្ញុំ មានគូសស្អីៗ។ ប៉ុន្តែ អ្នកត្រូវឃើញថា ជីវិតរបស់អ្នក នឹងត្រូវបានសង្រ្គោះពីភ្នក់ភ្លើងសង្រ្គាម ដោយតួនាទីរបស់អាស៊ាន»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខរដ្ឋទីមួយដែលបានបំពេញទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អង់សាន ស៊ូជី (Aung San Suu Kyi)។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះកាលពីថ្ងៃទី៧ ខែមករា រដ្ឋាភិបាលកម្ពុជា បានហៅលោក Min Aung Hlaing មេដឹកនាំយោធាដែលធ្វើរដ្ឋប្រហាររយៈពេលមួយឆ្នាំមកហើយ នោះជា«ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា»។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធិ ចាត់ទុកការអនុវត្តនូវចំណុចឯកភាពគ្នារបស់អាស៊ាន កាលពីកន្លងទៅ និងការឲ្យមានដំណើរទស្សនកិច្ចរបស់ប្រេសិតអាស៊ានជាដើម ជាការជំរុញមួយឆ្ពោះទៅរកការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយាន់ម៉ា ពីព្រោះអស់រយៈពេលប្រមាណមួយឆ្នាំមកនេះ មិនទាន់មានផ្លែផ្កាណាមួយនោះទេពីអាស៊ាន។
លោកថ្លែងថា៖ «អ៊ីចឹងធ្វើយ៉ាងម៉េចអនុវត្តឲ្យបានប្រសិទ្ធភាពគោលការណ៍៥ចំណុចហ្នឹង។ ហើយអនុវត្តបាន វាអាស្រ័យទៅលើភាពស្មោះត្រង់របស់របបសឹកយោធា ហើយនឹងកិច្ចសហប្រតិបត្តិការពីរបបសឹកយោធាហ្នឹង ពីព្រោះថា គេជាអ្នកកាន់អំណាច ជាអ្នកកាន់កូនសោរហ្នឹង។ គេអាចឲ្យភាគីអាស៊ានជួបភាគីពាក់ព័ន្ធហ្នឹងដល់កម្រិតណា នៅពេលណា យើងពុំទាន់ដឹងនៅឡើយទេ។ អ៊ីចឹង អាហ្នឹងគ្រាន់តែជាជំហានមួយវិជ្ជមានតែប៉ុណ្ណោះ ក្នុងជំហានវែងឆ្ងាយទៅមុខទៀត ក្នុងការដោះស្រាយបញ្ហាវិបត្តិនៅភូមានេះ»។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេនៅថ្ងៃចន្ទថា ទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះអាស៊ាន គឺជា«ការចេញដំណើរដ៏ល្អមួយ» ឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅប្រទេសមីយាន់ម៉ា បើទោះបីលោកសង្កត់ធ្ងន់ថា មានបញ្ហាក្នុងស្រុកមួយចំនួនដែលត្រូវដោះស្រាយក្នុងពេលជាមួយគ្នាផងដែរ។
«នៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ។ ហើយបញ្ហាមួយចំនួននេះក៏ត្រូវបានរិះគន់ដោយបណ្តាអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ។ ដូច្នេះហើយអាចជាដំណើរទស្សនកិច្ចផ្តួចផ្តើមរកដំណោះស្រាយវិបត្តិនៅភូមាមែន ប៉ុន្តែវាជាដំណើរមួយដែលមានការរិះគន់គួរសម។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ខ្ញុំគិតថា វាជាជំហានដ៏ល្អសម្រាប់ដោះស្រាយវិបត្តិនៅភូមា»។
សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ចុះកាលពីថ្ងៃទី៩ ខែមករាឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន គឺជា«ការប៉ុនប៉ងដ៏គឃ្លើននិងប្រកបដោយគ្រោះថ្នាក់មួយ»ដើម្បីទាញយកគម្រោងផែនការចេញពីយន្តការសមូហភាពរបស់អាស៊ាននៅក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការណ៍បន្ថែមដោយសំដៅទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ថា «កំពុងតែធ្វើរដ្ឋប្រហារមួយទៀតនៅក្នុងអាស៊ាន ដែលគំរាមកំហែងឲ្យមានការបែកបាក់នៅក្នុងអាស៊ានផ្ទាល់»៕