កម្ពុជានិងវៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនង ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងហាណូយ

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងជំនួបមួយនាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម នៅក្រុងហូជីមិញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម។ ​នេះជា​ដំណើរ​ទស្សនកិច្ច​មួយ ក្រោយ​លោក​បាន​ឡើង​កាន់​អំណាច​ជាង​៣ខែ។

ដំណើរ​ទស្សន​កិច្ច​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១១-១២​ ខែ​ធ្នូ ឆ្នាំ​២០២៣ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា​នឹង «បង្ហាញ​ពីការ​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនង​ដ៏​យូរអង្វែង ​ឈរ​លើ​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ និង​ស្ថិរភាព​យូរអង្វែង» រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ទីក្រុង​ហាណូយ​នា​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន ម៉ាណែត បាន​ជួប​ជា​មួយនាយក​រដ្ឋមន្រ្តី​វៀតណាម លោក​ ផាម​ មិញ​ ជិញ (Pham Minh Chinh) ដើម្បី​ពិភាក្សា​ការងារ ក្នុង​នោះ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ផង​ដែរ រួម​មាន​អនុស្សរណៈ​នៃ​ការយោគយល់គ្នា​ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុស្សរណៈ​នៃការ​យោគយល់គ្នា​ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាងវិទ្យាស្ថានជាតិ​ការទូត និង​ទំនាក់ទំនង អន្តរជាតិ និង​បណ្ឌិត្យ​សភា​ការទូតវៀតណាម និង​អនុស្សរណៈនៃ​ការយោគយល់​គ្នារវាង​សភា​ពាណិជ្ជកម្មកម្ពុជា​និងសភាពាណិជ្ជកម្ម​វៀតណាម។

បើ​តាម​ព័ត៌មាន​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​វៀត​ណាម​បាន​គូស​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឲ្យ​«ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-វៀតណាម នឹង​កាន់​តែរីក​ចម្រើនរឹង​មាំ ស្រប​តាមស្មារតី​នៃភាព​ជាអ្នក​ជិត​ខាង​ល្អ មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់​ជ្រុយ​ជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង»។ នាយករដ្ឋមន្រ្តី​វៀតណាម​ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា ​កម្ពុជា​«នឹង​កាន់​តែ​អភិវឌ្ឍខ្លាំង​ក្លា»ទៅ​មុខ​បន្ថែមទៀត ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត ក៏​បាន​សម្ដែង​ការ​គួរ​សម​ជា​មួយ​អគ្គ​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រធាន​រដ្ឋ និង​ប្រធាន​រដ្ឋ​សភា​នៃសាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម​ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការ​បទេស​កម្ពុជា ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​វិស័យ​នា​ៗ រួម​មាន​អប់រំ​ ពាណិជ្ជកម្ម​ វិនិយោគ​ ការ​ត​ភ្ជាប់​ ​ទេសចរណ៍​ វប្បធម៌ សន្តិសុខ ការពារ​ជាតិ កិច្ចការ​ព្រំដែន និង​បញ្ហា​អ​នុ​តំបន់​និង​អន្ត​ជាតិ៕