នៅក្នុងសវនាការដែលគ្រោងនឹងធ្វើនៅថ្ងៃទី៦ ខែកុម្ភៈខាងមុខនេះ នៅក្នុងរដ្ឋកាលីហ្វញ៉ា ក្រុមមេធាវីក៏នឹងស្នើបញ្ចូលឈ្មោះលោកញ៉យ ចំរើន ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតទៅក្នុងបណ្តឹង រួមគ្នាជាមួយនឹងលោកមាជ សុវណ្ណារ៉ា និងភរិយាប្រឆាំងនឹងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកអ៊ុច បូ សមាជិកក្រុមមេធាវីដើមបណ្តឹងនេះបានបញ្ជាក់ប្រាប់វីអូអេថា៖
«ចំណុចយើងដាក់ពាក្យស្នើសុំ ទីមួយ គឺយើងដាក់ឯកឧត្តម ញ៉យ ចំរើន ចូលជាអ្នកដើមបណ្តឹងដែរ។ ហើយទីពីរ ពួកយើងស្នើសុំឱ្យពួកយើងឈ្នះជាស្វ័យប្រវត្តិដោយសារពីមុនមកដោយសារចុងចោទទីពីរ គឺរាជរដ្ឋាភិបាលកម្ពុជាអវត្តមាន»។
ក្រុមគ្រួសារលោកមាជ សុវណ្ណារ៉ា ដែលមានរូបលោកផ្ទាល់ ប្រពន្ធឈ្មោះជេមី មាជ និងកូនស្រីចំនួនបីនាក់ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ក្នុងនាមជាពលរដ្ឋខ្មែរអាមេរិកាំងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ពីបទល្មើសចំនួន៧ ក្នុងនោះរួមមានការធ្វើទារុណកម្ម អំពើភេរវកម្មអន្តរជាតិ ការវាយធ្វើបាប និងការឃុំឃាំងដោយខុសច្បាប់ជាដើម។
រដ្ឋាភិបាលកម្ពុជាដែលតំណាងដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានទទួលលិខិតរបស់ដើមបណ្តឹងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ប៉ុន្តែមិនបានចាត់តំណាងមកការពារខ្លួនក្នុងរយៈពេល៣០ថ្ងៃដែលច្បាប់បានកំណត់ទេ។
នៅពេលដែលវីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីស្ថានទូតកម្ពុជាលោកជុំ ប៊ុនរ៉ុង ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបង្វែរសំណួរទៅស្ថានកុងស៊ុលកិត្តិយសនៅទីក្រុងឡុងប៊ិច។ នៅពេលដែលវីអូអេ ទាក់ទងទៅលោកហួត គឹមឆា អគ្គកុងស៊ុលកិត្តិយសប្រចាំទីក្រុងឡុងប៊ិច លោកបានបង្វែរសំណួរនេះទៅមេធាវីរបស់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត។
នៅពេលដែលវីអូអេព្យាយាមទាក់ទងមេធាវីលោកហ៊ុន ម៉ាណែត តាមទូរស័ព្ទ និងអ៊ីម៉េលពីសំណុំរឿងលោកហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជានេះលោកចន ភឺសែលដែលជាមេធាវីមិនបានឆ្លើយតបវិញទេ។
លោកអ៊ុច បូ យល់ថា ការរក្សាភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលកម្ពុជាដោយសារតែសវនាការនេះនឹងធ្វើឱ្យរដ្ឋាភិបាលត្រូវឆ្លើយនឹងសំណួរដ៏ពិបាកៗជាច្រើននៅពេលសវនាការ។
«ខ្ញុំជឿជាក់ថាឯកឧត្តមប្រាក់ សុខុន ហើយនឹងជាពិសេសអគ្គតេជោហ៊ុន សែន ដែលពួកគាត់កាន់អំណាចយូរហើយ ហើយពួកគាត់មានបញ្ញាខ្ញុំជឿថា គាត់បានសួរហើយបានពិគ្រោះជាល្អិតល្អន់ផងជាមួយមេធាវីល្បីៗក្នុងពិភពលោក ហើយគេប្រហែលជាជូនឱវាទទៅគាត់ថា ត្រូវធ្វើម៉េចធ្វើយ៉ាងម៉េច ហើយមិនមែនពួកគាត់ព្រងើយកន្តើយទេ។ ខ្ញុំជឿអីចឹង បានជាគេអវត្តមានដោយគេមានមូលហេតុរបស់គេ»។
លោកញ៉យ ចំរើន ដែលជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងអ្នកតំណាងរាស្ត្រគង់ សភា បានរងការវាយដំច្រំធាក់យ៉ាងឃោរឃៅដោយក្រុមបាតុករដែលចូលរួមដោយអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីខែតុលា ឆ្នាំ២០១៥នៅក្បែរមន្ទីររដ្ឋសភាជាតិកម្ពុជា។
លោក ម័រតុន សក្លា និងលោកណាហ្សារ៉េត ហេយស្បឺក មេធាវីដើមបណ្តឹងបានផ្តល់ហេតុផលថា ការបញ្ចូលលោកញ៉យ ចំរើន នៅក្នុងសំណុំរឿងនេះនឹងជួយពង្រឹងការគាំទ្រដល់ការចោទប្រកាន់ និងផ្តល់មូលដ្ឋានច្បាប់ និងភស្តុតាងបន្ថែមទៀតប្រឆាំងនឹងចុងចម្លើយពាក់ព័ន្ធនឹង«អំពើភេរវកម្មអន្តរជាតិ»។ នេះបើតាមញត្តិដាក់ជូនតុលាការដែលវីអូអេ ទទួលបានពីគេហទំព័ររបស់តុលាការ។
អ្នកស្រីជេមី មាជ ដើមបណ្តឹងរដ្ឋប្បវេណីសម្តែងការរីករាយ ដែលបានលោកញ៉យ ចំរើន ចូលរួមជាដើមបណ្តឹង។
«រឿងដាក់ពាក្យបណ្តឹងដែលថា ឱ្យលោកញ៉យ ចំរើន ចូលជាដើមបណ្តឹងជាមួយគឺខ្ញុំរីករាយហើយនឹងសប្បាយចិត្ត នៅពេលដែលគាត់ស្ម័គ្រចិត្តចូលរួមជាមួយនឹងពួកយើង»។
អ្នកស្រីជេមី បញ្ជាក់ថា អ្នកស្រីចង់ឱ្យសំណុំរឿងនេះចប់លឿនដែរ ហើយសង្ឃឹមថា ដំណើរការសំណុំរឿងហ្នឹងអត់លើសពី២ឆ្នាំទេ ហើយក្រៅពីសំណងនានាដែលមាននៅក្នុងបណ្តឹងរដ្ឋប្បវេណីនេះ អ្នកស្រីក៏ចង់ឱ្យដោះលែងស្វាមីមកវិញ។
«យើងសង្ឃឹមថា នឹងដំណើរការសំណុំរឿងនេះឱ្យចប់បានលឿន ហើយអ្វីដែលយើងចង់បានគឺចង់បានឱ្យអ្នកដែលនៅជាប់ពន្ធនាគារ និងគ្រួសាររបស់ខ្ញុំ ហើយនឹងស្រុកខ្មែរមានសេរីភាព មានសិទ្ធិច្បាប់ត្រឹមត្រូវ កុំឱ្យថាដោះហើយចាប់វិញ ដោះហើយចាប់វិញ។ យើងអត់ចង់បានអីចឹងទេ»។
លោកញ៉យ ចំរើន បានមកដល់រដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍មុន ដើម្បីជួបជាមួយនឹងមេធាវីរបស់លោក ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមសវនាការនៅថ្ងៃទី៦ ខែកុម្ភៈខាងមុខ។
លោកបញ្ជាក់ថា ក្តីសង្ឃឹមថានឹងទទួលបានយុត្តិធម៌តាមរយៈតុលាការក្នុងទីក្រុងភ្នំពេញគឺហាក់នៅឆ្ងាយ។
«យើងឃើញហើយលទ្ធផលតុលាការខ្មែរហ្នឹងមានស្តង់ដាពីរ ហើយគ្រាន់តែខាងគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងយើងហ្នឹងគ្រាន់តែសម្តែងមតិដូចមាជ សុវណ្ណារ៉ា សម្តែងមតិប៉ុន្មាននាទីហ្នឹងកាត់ទោសគាត់ឱ្យជាប់គុក២០ឆ្នាំ ប៉ុន្តែចំណែកអ្នកវាយដល់តំណាងរាស្ត្រទៀត ហើយវាយកណ្តាលថ្ងៃត្រង់ជាអង្គរក្សនាយករដ្ឋមន្ត្រីទៀតគេកាត់ទោសបួនឆ្នាំ ប៉ុន្តែជាប់ទោសតែមួយឆ្នាំទេ ហើយក្រោយពីចេញពីពន្ធនាគារ ស្រាប់តែឡើងឋានៈតែម្តង។ ចឹងគឺថាអយុត្តិធម៌ ហើយម្យ៉ាងទៀតអយុត្តិធម៌ច្រើនណាស់ ស្រុកខ្មែរដូចរំលោភដីធ្លីយកដីធ្លីគ្នា ហើយចាប់ដាក់គុកគឺថាអយុត្តិធម៌។ ចឹងមកប្តឹងសហរដ្ឋអាមេរិកនេះ គឺថាចង់ឃើញពន្លឺយុត្តិធម៌»។
ក្រុមមេធាវីដើមបណ្តឹងរៀបរាប់ថា ការដែលលោកញ៉យ ចំរើន សម្រេចដាក់បណ្តឹងរួមគ្នានេះមានផលប្រយោជន៍ច្រើនដោយសារ ទី១លោកអាចពិបាកប្រគល់ដីការកោះទៅជនចុងចម្លើយ ដែលពេលនេះដឹងខ្លួន ហើយនឹងប្រហែលជាមិននៅចាំទទួលដីកាកោះថ្មីទេ ទី២ សន្សំថវិកា ទី៣ កុំឱ្យមតិមហាជនមើលឃើញថា ជនរងគ្រោះបែកបាក់គ្នា។
លោកអ៊ុច បូ សមាជិកក្រុមមេធាវីយល់ថា នៅក្នុងសវនាការខាងមុខនេះ ចៅក្រមនឹងយល់ព្រមតាមសំណើរបស់ដើមបណ្តឹងក្នុងការបញ្ចូលលោកញ៉យ ចំរើន ព្រោះវាជាសិទ្ធិតាមនីតិវិធីរបស់តុលាការ ដែលអាចធ្វើបានតែម្តងក្នុងបណ្តឹងមួយ។
លោកញ៉យ ចំរើន បញ្ជាក់ថា លោកនឹងរក្សាបណ្តឹងនេះរហូតដល់ទីបញ្ចប់ហើយនឹងមិនដកថយដោយសារសម្ពាធនយោបាយអ្វីទេ។
«ខ្ញុំអត់មានគម្រោងក្នុងការដកពាក្យបណ្តឹងទេ ហើយការប្តឹងនេះ គឺប្តឹងក្នុងនាមឯកជនរបស់ខ្ញុំផ្ទាល់ ក្នុងនាមខ្ញុំជាខ្មែរអាមេរិកាំងដែលខ្ញុំប្តឹង។ អីចឹងអត់មានពាក់ព័ន្ធនឹងគណបក្ស អត់មានប្តឹងក្នុងនាមគណបក្សទេ»។
នៅក្នុងហេតុការណ៍ដោយឡែកមួយទៀតចៅក្រម Jaqueline Chooljian ក៏បានកំណត់យកថ្ងៃទី៣១ ខែមករា ដើម្បីបើកសវនាការលើការទាមទាររបស់ភាគីលោកមាជ សុវណ្ណារ៉ា និងភរិយា ឱ្យអង្គភាពប៉ូលិសប្រចាំទីក្រុងឡុងប៊ិច ប្រគល់វីដេអូពីហេតុការណ៍ហិង្សានៅភោជនីយដ្ឋានឡាលូន ក្នុងពេលលោកហ៊ុន ម៉ាណែត ចូលរួមពិធីជប់លៀងនៅទីនោះ។
វីដេអូនេះនឹងបន្ថែមភស្តុតាងដាក់បន្ទុកដល់បណ្តឹងប្រឆាំងនឹងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមញត្តិរបស់ក្រុមមេធាវីដែលវីអូអេទទួលបាន៕
រាយការណ៍បន្ថែមដោយលោកសុខ ខេមរា