បើអ្នកបានចូលក្នុងហាងលក់នំដូណាត់ជាច្រើននៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា អ្នកនឹងកត់សម្គាល់ឃើញប្រអប់ខ្ចប់នំពីរពណ៌ មួយគឺពណ៌ស និងមួយគឺពណ៌ផ្កាឈូក។ ប្រអប់ពណ៌ផ្កាឈូកត្រូវបានអាជីវករលក់នំដូណាត់ដែលភាគច្រើនជាជនភៀសខ្លួនខ្មែរ យកមកប្រើប្រាស់ដោយសារតែវាមានតម្លៃថោកជាងប្រអប់ពណ៌ស។ នេះបើតាមការពន្យល់របស់អ្នកស្រី Phung Huynh ដែលជាសិល្បៈករផ្នែកគំនូរ និងសាស្ត្រាចារ្យផ្នែកសិល្បៈនៅមហាវិទ្យាល័យ Los Angeles Valley។
កាលពីពេលថ្មីៗនេះ អ្នកស្រីបានយកប្រអប់ខ្ចប់នំដូណាត់ពណ៌ផ្កាឈូកនេះ មកធ្វើជានិមិត្តរូបតំណាងឲ្យការចងចាំនិងឧទ្ទិសដល់ដំណើរជីវិតរបស់ជនភៀសខ្លួនខ្មែរពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅក្នុងពិព័រណ៍ «Donut Whole at Self Help Graphics & Art» នៅទីក្រុង East Los Angeles ដែលបានដំណើការកាលពីចន្លោះខែមីនាដល់ខែឧសភា ឆ្នាំ ២០២២។ អ្នកស្រី Phung Huynh បានគូររូបគំនូរដែលអ្នកស្រីបានចងចាំកាលពីវ័យកុមារ រូបឪពុកម្តាយរបស់អ្នកស្រី រូបជនជាតិខ្មែរ និងវៀតណាមមួយចំនួន នៅលើប្រអប់ខ្ចប់នំដូណាត់ពណ៌ផ្កាឈូកនេះ ដែលជាស្នូលដ៏សំខាន់នៃពិព័រណ៍មួយនេះរបស់អ្នកស្រី។
សាស្ត្រាចារ្យផ្នែកសិល្បៈអាមេរិកាំងរូបនេះ ដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិវៀតណាម បានរៀបរាប់ប្រាប់វីអូអេក្នុងសម្តីដើម ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«វាជារឿងមិនគួរឲ្យនឹកស្មានដល់ ដែលនំដូណាត់និងប្រអប់ពណ៌ផ្កាឈូក ដែលមើលទៅដូចជាមានភាពផ្អែមល្ហែម ទន់ភ្លន់ និងសប្បាយរីករាយ ប៉ុន្តែអ្នកដែលធ្វើការនៅពីខាងក្រោយនំដូណាត់នោះ គឺជាជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខ្មែរ ដែលបានរួចផុតពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ក្នុងប្រទេសរបស់ខ្លួន ហើយថែមទាំងបានឆ្លងកាត់ការឈឺចាប់ ទុក្ខវេទនា ការចាកចេញពីក្រុមគ្រួសារ និងតស៊ូបង្កើតជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកនេះ»។
![រូបថតបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្រី Phung Huynh កាលពីពេលអ្នកស្រីនៅតូច នៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ក្នុងឆ្នាំ ១៩៧៨។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)](https://gdb.voanews.com/01a10000-0aff-0242-b35b-08da84f1771a_w1080_h608_b_s.jpg)
រូបថតបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្រី Phung Huynh កាលពីពេលអ្នកស្រីនៅតូច នៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ក្នុងឆ្នាំ ១៩៧៨។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
អ្នកស្រី Phung Huynh ជាកូនស្រីរបស់អ្នករស់រានមានជីវិតម្នាក់ ពីរបបខ្មែរក្រហម ហើយអ្នកស្រីនិងក្រុមគ្រួសារ បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៨។ អ្នកស្រីបានកើតនៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ ១៩៧៧ ពីរឆ្នាំបន្ទាប់ពីឪពុករបស់អ្នកស្រី ដែលជាជនជាតិខ្មែរនៅខេត្តកំពត បានភៀសខ្លួនទៅប្រទេសវៀតណាម ហើយបានកសាងជីវិតគ្រួសារជាមួយម្តាយរបស់អ្នកស្រី ដែលជាជនជាតិវៀតណាម។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រីបានរៀបរាប់ថា បទពិសោធន៍និងការធំលូតលាស់ក្នុងសង្គមអាមេរិក ដែលមានវប្បធម៌ផ្ទុយស្រឡះពីវប្បធម៌របស់ឪពុកម្តាយអ្នកស្រី មុនពេលអ្នកស្រីនិងក្រុមគ្រួសារបានភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅសហរដ្ឋអាមេរិក បានជំរុញឲ្យអ្នកស្រីមើលឃើញពីភាពចាំបាច់នៃការចងចាំប្រវត្តិសាស្ត្រស្តីពីអំពើប្រល័យពូជសាសន៍ និងរឿងរ៉ាវតស៊ូជម្នះឧបសគ្គរបស់ជនភៀសខ្លួនខ្មែរ នៅសហរដ្ឋអាមេរិក។
អ្នកស្រី Phung Huynh បានថ្លែងថា៖ «សិល្បៈអាចជួយដល់ការចងចាំ ហើយគោលគំនិតនៃការចងចាំមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់មិនឲ្យមានការកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍បែបនេះ»។
ដូចគ្នានឹងក្រុមគ្រួសាររបស់ជនភៀសខ្លួនខ្មែរ និងជនភៀសខ្លួននៃជាតិសាសន៍ផ្សេងៗទៀតដែរ ក្រុមគ្រួសាររបស់អ្នកស្រី Phung Huynh បានប្រឈមនឹងភាពលំបាកជាច្រើន នៅក្នុងការប្រកបរបរចិញ្ចឹមជីវិត និងកសាងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក នៅពេលដែលក្រុមគ្រួសាររបស់អ្នកស្រីបានភៀសខ្លួនទៅជំរំក្នុងប្រទេសថៃ រហូតទទួលសិទ្ធិមករស់នៅជាជនភៀសខ្លួននៅសហរដ្ឋអាមេរិក នាឆ្នាំ ១៩៧៨ នៅរដ្ឋ Michigan មុនពេលគ្រួសាររបស់អ្នកស្រីបានផ្លាស់ទៅរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ ១៩៨១។
ក្នុងឋានៈជាជនភៀសខ្លួនដោយសារសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ ជនភៀសខ្លួនខ្មែរជាច្រើននាក់ រួមទាំងគ្រួសាររបស់អ្នកស្រី Phung Huynh ត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ទម្រាំពួកគេខ្លះអាចមានលទ្ធភាពប្រកបមុខរបរសមរម្យ ទទួលបានឱកាសរៀនសូត្រទទួលបានជំនាញ ឬឱកាសបង្កើតអាជីវកម្មនានា ដូចជាហាងលក់នំដូណាត់ជាដើម។ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ានេះ អាជីវកម្មលក់នំដូណាត់ស្ទើរតែ ៩០ ភាគរយជាកម្មសិទ្ធិរបស់អតីតជនភៀសខ្លួនខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ។
អ្នកស្រី Phung Huynh បានថ្លែងប្រាប់វីអូអេក្នុងសម្តីដើមថា៖ «ខ្ញុំចង់ឲ្យប្រអប់ដូណាត់ពណ៌ផ្កាឈូកនេះ តំណាងដល់រឿងរ៉ាវជាច្រើន។ ខ្ញុំមិនចង់ឲ្យរឿងរ៉ាវទាំងអស់នោះ [របស់ជនភៀសខ្លួន] ត្រូវបានបំភ្លេចនោះទេ»។
អ្នកស្រី Phung Huynh កាលពីកុមារី ថតរូបជាមួយក្រុមគ្រួសាររួមមានឪពុកម្តាយ ជីដូនជីតា បងប្រុស ប្អូនស្រី និងប្អូនប្រុសពៅដែលទើបនឹងកើត នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ ១៩៨៦។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
អ្នកស្រី Phung Huynh សិល្បៈករផ្នែកគំនូរ និងសាស្ត្រាចារ្យផ្នែកសិល្បៈនៅមហាវិទ្យាល័យ Los Angeles Valley នៅក្នុងស្ទូឌីយោរបស់អ្នកស្រី។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
អ្នកស្រីក៏សង្ឃឹមថា ស្នាដៃសិល្បៈរបស់អ្នកស្រី នឹងជួយចែករំលែករឿងរ៉ាវនៃជីវិតតស៊ូក្នុងរបបខ្មែរក្រហមនិងជីវិតប្រកបដោយការតស៊ូជម្នះឧបសគ្គក្នុងសហរដ្ឋអាមេរិករបស់ជនភៀសខ្លួន ទៅដល់កូនៗរបស់ពួកគេ ក្មេងៗជំនាន់ក្រោយ និងជនភៀសខ្លួនដទៃទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្តាយ ដែលបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តដោយសារសង្គ្រាមនិងអំពើព្រៃផ្សៃ និងកូនចៅរបស់ពួកគេ ដែលមិនដឹងពីប្រវត្តិដើមកំណើតរបស់ឪពុកម្តាយខ្លួន។
ក្នុងនាមជាម្តាយម្នាក់ដែរ អ្នកស្រី Phung Huynh បានថ្លែងថា៖
«ខ្ញុំគិតថា វាជាការលំបាកសម្រាប់ឪពុកម្តាយរបស់ពួកគេ ក្នុងការនិយាយដល់រឿងរ៉ាវជូរចត់ទាំងអស់នោះ ដោយសារតែពួកគេមិនចង់ឲ្យកូនដឹងឮរឿងរ៉ាវដ៏សែនជូរចត់នេះ។ ម្យ៉ាងទៀត នៅពេលដែលពួកគេនិយាយដល់រឿងរ៉ាវទាំងអស់នោះ ពួកគេមានអារម្មណ៍ដូចជាកំពុងរស់នៅក្នុងហេតុការណ៍នោះម្ដងទៀតអ៊ីចឹង។ សម្រាប់ពួកគេ ភាពស្ងៀមស្ងាត់ គឺជាកន្លែងដែលមានសុវត្ថិភាព។ ប៉ុន្តែខ្ញុំគិតថា ភាពស្ងៀមស្ងាត់នោះមានគ្រោះថ្នាក់សម្រាប់កូនៗរបស់ពួកគេ។ វិធីដែលខ្ញុំអាចធ្វើបាន គឺជួយប្រាប់រឿងរ៉ាវរបស់ឪពុកម្ដាយ[ដែលជាជនភៀសខ្លួន] និងជួយកូនៗរបស់ពួកគេឲ្យបានយល់»៕