កម្រងរូបភាព​ល្បីៗ​សម្រាប់​ឆ្នាំ​២០១៦

ជាមួយ​នឹង​ថ្ពាល់​ដិតដាម​ដោយ​ទឹកភ្នែក លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​និយាយ​រំឮក​ពី​សិស្ស​បឋមសិក្សា​ថ្នាក់​ទី​មួយ​ចំនួន​ ២០នាក់ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​​ក្នុង​ឆ្នាំ​២០១២ នៅ​ឯ​សាលា​បឋមសិក្សា Sandy Hook Elementary School ស្រប​ពេល​លោក​ថ្លែង​នៅ​បន្ទប់​ East Room នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី០៥ ខែ​មករា ឆ្នាំ​២០១៦ អំពី​វិធានការ​ដែល​រដ្ឋបាល​លោក​នឹង​ចាត់ឡើង​ដើម្បី​កាត់​បន្ថយ​អំពើហិង្សា​ដោយ​កាំភ្លើង។

ទារក​អាយុ​បួនខែ​ ដែល​បាន​កើត​ជាមួយ​នឹង​ទំហំ​ក្បាល​តូច​ខុស​ធម្មតា​ ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ម្តាយ​ពី​មុខ​ផ្ទះ​របស់​ពួកគេ​នៅ​ក្រុង Olinda ជិត​ក្រុង Recife ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ 

ស្រ្តី​រង​របួស​ម្នាក់​មើល​ទៅ​កាមេរ៉ា ស្របពេល​ដែល​ស្រ្តី​ម្នាក់​ទៀត​និយាយ​​ទូរស័ព្ទ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ចំនួន​ពីរ​លើក​នៅ​ព្រលានយន្តហោះ​ក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី២២ ខែ​មិនា ឆ្នាំ​២០១៦។ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​ព្រលានយន្តហោះ​នោះ និង​ស្ថានីយរថភ្លើង​ក្រោមដី ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៣០នាក់ និង​បង្ក​ឲ្យ​ជាង​ ២០០នាក់​ទៀត​រងរបួស។

ទារិកា Udai Faisal ដែល​រងគ្រោះ​ពី​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ត្រូវ​បាន​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ Al-Sabeen ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៦។ ទារិកា​ Udai បាន​ស្លាប់​នៅ​ថ្ងៃ​ទី២៤ ខែ​មិនា។ គ្រោះទុរភិក្ស​បាន​ក្លាយ​ជា​សោកនាដកម្ម​មួយ​ដោយសារ​តែ​ជម្លោះ​នៅ​ក្នុង​ប្រទេស​យេម៉ែន និង​បាន​រីករាល​ដាល​ចាប់​តាំង​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ ធ្វើ​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស និង​ការ​បំបិទ​ផ្លូវ​នាវាចរណ៍​ មួយ​ឆ្នាំ​មុន​ក្តី។

បុរស​ម្នាក់ជាប់​នៅ​ក្នុង​បំបែកបាក់បែក​នៃ​ស្ពាន​អាកាស​កំពុង​សាងសង់​មួយ​ បន្ទាប់​ពី​ស្ពានអាកាស​នោះ​បាន​រលំ​នៅ​ក្រុង​ Kolkata ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី៣១ ខែ​មិនា ឆ្នាំ​២០១៦។

ប៉ូលិស​បង្រ្កាប​បាតុកម្ម​កេនយ៉ា​ទាត់ធាក់​បាតុករ​ម្នាក់​នៅ​តំបន់​កណ្តាល​ក្រុង​ណៃរ៉ូប៊ី កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​វាយដំ​ទៅ​លើ​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​អំឡុងពេល​បាតុកម្ម​មួយ​ ទាមទារ​ឲ្យ​បាន​ការ​លុបចោល​អាជ្ញាធរ​បោះឆ្នោត​ពាក់ពន្ធ​នឹង​ភាពលម្អៀង និង​អំពើពុករលួយ។

បាឡុង​សម្ពាធ​ខ្យល់​យក្ស​របស់​អង្គការ​ណាសា​ត្រូវ​បាន​តៀម​ដើម្បី​បង្ហោះ​ចេញ​ពី​ព្រលានយន្តហោះ Wanaka នៅ​កោះ​ South Island ប្រទេស​នូវែល​សេឡង់ កាល​ពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៦។

ប៉ូលិស​ម្នាក់​មាន​ដៃ​ស្រោប​ដោយ​ឈាម ខណៈពេល​ដែល​ខ្លួន​ព្យាយាម​រាំរាំង​បាតុករ​ ដែល​ជា​ជនពិការ​ មិន​ឲ្យ​ទៅ​ដល់​វិមាន Plaza Murillo ក្នុង​ក្រុង​ La Paz ប្រទេស​បូលីវី កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៦។ ក្រុមបាតុករ​បាន​ដង្ហែក្បួន​ទៅ​កាន់​វិមាន​នោះ​ដើម្បី​ទាមទារ​ការ​តម្លើង​ប្រាក់សំណង​លើ​ពិការភាព​ពី​រដ្ឋាភិបាល។

បំណែក​រថយន្ត​ឆាបឆេះ​នៅ​កន្លែង​រងការ​វាយប្រហារ​ភេរវកម្ម​នៅ​សណ្ឋាគារ Ambassador Hotel បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់បែក​ពី​រថយន្តមួយ​កាល​ពី​ថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ​២០១៦ ពី​ជាន់​លើ​នៃ​សណ្ឋាគារ​នោះ​ ដែល​មាន​សមាជិក​សភា​មួយ​ចំនួន​ស្នាក់​នៅ ដោយ​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន និង​បន្ត​ដោយ​ការ​ប្រយុទ្ធ​គ្នា​នឹង​កាំភ្លើង។

បុរស​ម្នាក់​សរសេរ​សារ​រំលែក​ទុក្ខ​នៅ​លើ​ក្តារ​ខៀន​មួយ ដើម្បី​រំឮកវិញ្ញាណក្ខន្ធ​សមាជិក​សភា​មក​ពី​គណបក្ស Labour Party លោក Jo Cox ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទីលាន Parliament Square ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៦។

អ្នកដំណើរ​ឱបគ្នា ស្រប​ពេល​ដែល​ពួកគេ​រង់ចាំ​នៅ​ខាង​ក្រៅ​ព្រលានយន្តហោះ Ataturk នៅ​ក្រុង​អ៊ីស្តង់ប៊ូល កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០១៦ បន្ទាប់​ពី​មាន​ការ​ជម្លៀស ក្រោយ​ពី​​មាន​ការ​ផ្ទុះ។ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ត្រូវ​បាន​គេ​សង្ស័យ​ថា នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នៅ​ព្រលានយន្តហោះនោះ ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ម្ភៃនាក់ និង​បង្ក​ឲ្យ​មួយចំនួន​ទៀត​រងរបួស។ នេះ​បើ​យោងទៅ​តាម​មន្រ្តី​តួកគី។ 

បាតុករ​ម្នាក់​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​ជនស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ Alton Sterling ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្រ្តី​ប៉ូលិស​ក្រុង​ Baton Rouge ក្នុង​ក្រុង​ Baton Rouge រដ្ឋ Louisiana កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​២០១៦។ 

រូបថត​បង្ហាញ​ពី​យន្តហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ Solar Impulse ២ បើក​ដោយ​លោក Andre Borschberg អំឡុងពេល​យន្តហោះ​នោះ​ហោះហើរ​ពី​លើ​ពីរ៉ាមីត Giza កាល​ពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦ មុនពេល​ចុះចត​នៅ​ក្រុងគែរ ប្រទេស​អេហ្ស៊ីប។

សាកសព​តម្រៀប​ពេញដី​ បន្ទាប់​ពី​រថយន្តដឹកទំនិញ​មួយ​បាន​បុករះ​ហ្វូងមនុស្ស​នៅ​ថ្ងៃ​បុណ្យ​ជាតិ Bastille Day ក្នុង​ក្រុង​ Nice ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៦។

រថក្រោះ​មួយ​នៅ​នឹង​មួយ​កន្លែង ស្របពេល​ដែល​ប្រជាពលរដ្ឋ​តួកគី​ព្យាយាម​បញ្ឈប់​រថក្រោះ​នោះ ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៦។ កងកម្លាំង​ប្រដាប់​អាវុធ​តួកគី បាន​និយាយ​ថា ពួកគេ «បាន​ចូលគ្រប់គ្រង​ប្រទេស​ពេញលេញ» ហើយ​ប្រធានាធិបតី​តួកគី​បាន​ឆ្លើយ​ទៅ​វិញ ដោយ​កោះហៅ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ទៅ​តាម​ដងផ្លូវ​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល។

ស្រ្តី​ម្នាក់​អោប​សាកសព​ប្តី​របស់ខ្លួន​ដែល​ត្រូវ​បាន​សម្លាប់​ អំឡុងពេល​ការ​បង្រ្កាប​គ្រឿងញៀន ក្នុង​ក្រុង Pasay City ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០១៦។

រូបថត​ចេញ​ពី​វីដេអូ​ផ្តល់​ឲ្យ​ដោយ​ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី Aleppo Media Center (AMC) បង្ហាញ​ពី​កុមារា​ម្នាក់​អង្គុយ​នៅ​ក្នុង​រថយន្ត​សាមុយ បន្ទាប់​ពី​ត្រូវបាន​យកចេញ​ពី​អគារ​មួយ​ដែល​រងការ​វាយប្រហារ​តាម​អាកាស នៅ​ក្រុង Aleppo កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៦។

កម្អែល​ភ្លើង​ពី​ភ្លើង​ឆេះព្រៃ​តាម​បណ្តោយ​ផ្លូវ Lytle Creek Road ជិត​ក្រុង Keenbrook រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។

រូបថត​ពី​អាកាស​បង្ហាញ​ពី​អគារ​ដែល​រងការ​ខូចខាត​នៅ​ក្រុង Amatrice ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី​កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៦។ គ្រោះរញ្ជួយដី​ទំហំ​ប្រាំ​មួយ​រ៉ិចទ័រ បាន​កើត​ឡើង​នៅ​ម៉ោង ០៣ និង ៣៦នាទី​ ព្រឹក​ ម៉ោង​ក្នុង​ស្រុក ហើយ​លំញ័រ​រញ្ជួយ​បានរីករាលដាល​ពាសពេញ​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី។ 

ក្មេងស្រី​បាតុករ​ម្នាក់​សម្លឹង​មុខ​ប៉ូលិស​បង្រ្កាប​បាតុករ​អំឡុងពេល​បាតុកម្ម​​រំឮក​ខួប​រដ្ឋប្រហារ​យោធា​ឆ្នាំ​ ១៩៧៣ នៅ​ក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

បាតុករ​ម្នាក់​ជាមួយ​នឹង​មុខ​លាប​ពណ៌​បៃតង អង្គុយ​នៅ​លើ​ភ្លើងស្តុប​ ស្របពេល​ដែល​ប៉ូលិសបង្រ្កាប​បាតុកម្ម​បារាំង​​រក្សា​សណ្តាប់ធ្នាប់​ អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ពលកម្ម​ដ៏​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​បារាំង នៅ​ក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។

ប៉ូលិស​បង្រ្កាប​បាតុកម្ម​ធ្វើការ​បាញ់​គ្រាប់បែក​ប្រកាំង​ដាក់​ក្រុម​និស្សិត​ធ្វើការ​តវ៉ា​នៅ​មហាវិទ្យាល័យ University of Witwatersrand ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង កាល​ពី​ថ្ងៃ​ទី០៤ ខែ​តុលា ឆ្នាំ​២០១៦។ ក្រុម​អាជ្ញាធរ​ធ្វើការ​ព្យាយាម​ដាក់​ឲ្យ​មហាវិទ្យាល័យ​នោះ​ដំណើរការ​ឡើងវិញ បន្ទាប់​ពី​មាន​បាតុកម្ម​អស់រយៈពេល​រាប់​សិប​សប្តាហ៍​កន្លងមក។ 

ក្រុម​ជនចំណាកស្រុក​ព្យាយាម​ទាញ​ទារក​មួយ​ចេញ​ពី​ទឹក​ ស្របពេល​ដែល​ពួកគេ​រង់ចាំ​ការ​ជួយសង្រ្គោះ​ពី​សំណាក់​អង្គការ​ក្រៅរដ្ឋាភិបាល Proactiva Open Arms នៅ​សមុទ្រ​មេឌីទែរ៉ានេ ចម្ងាយ​ប្រមាណ ១២ ម៉ាយ​ ភាគ​ខាង​ជើង​ប្រទេស​លីប៊ី កាល​ពី​ថ្ងៃ​ទី០៤ ខែ​តុលា ឆ្នាំ​២០១៦។

ប្រតិបត្តិការ​រៀប​ចំ​សម្អាតឡើង​វិញ​​​បន្ទាប់​ពី​ព្យុះសង្ឃរា Hurricane Matthew ក្នុង​ក្រុង Jeremie ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នាំ​២០១៦។ 

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton និយាយ​អំឡុងពេល​ការ​ជជែកដេញដោល​ដណ្តើម​តំណែង​ប្រធានាធិបតី​ទីពីរ​នៅ​មហាវិទ្យាល័យ Washington University ក្នុង​ក្រុង St. Louis រដ្ឋ Missouri កាល​ពី​ថ្ងៃ​ទី០៩ ខែ​តុលា ឆ្នាំ​២០១៦។

ផ្សែង​ផុល​ចេញ​ពី​អណ្តូង​ប្រេង​ដុត​បញ្ឆេះ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម​ មុនពេល​ពួកនោះ​រត់ភៀសខ្លួន​ចេញ​ពី​តំបន់​ប្រេង Qayyara ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​ស្រែក​ និង​កាន់​បដា អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ជាប់ឆ្នោត​របស់​លោក​ Donald Trump កាល​ពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន។ .

ក្រុម​អ្នកជួយសង្រ្គោះ​លើក​សាកសព​ជនរងគ្រោះ​ពី​ឧប្បត្តិហេតុធ្លាក់​យន្តហោះ​នៅ​ក្នុង​តំបន់​ភ្នំ La Union ជាយក្រុង Medellin ប្រទេស​កូឡុំប៊ី កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ យន្តហោះនោះ​កំពុង​​ដឹក​កីឡាករ​ក្រុមបាល់ទាត់​ប្រេស៊ីល Chapecoense ដើម្បី​ទៅ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់
Copa Sudamericana ជាមួយ​នឹង​ក្រុម Atletico Nacional របស់​ប្រទេស​កូឡុំប៊ី នៅ​ពេល​ដែល​យន្តហោះ​បាន​ធ្លាក់។

កោដ្ឋ​ដាក់​ធាតុ​របស់​មេដឹកនាំ​គុយបា​លោក​ Fidel Castro ត្រូវ​បានដឹកឆ្លងកាត់​ដង​ផ្លូវ​នានា​នៅ​ក្រុង​ឡាហាវ៉ាន ដោយ​ចាប់ផ្តើម​ពី​ការ​ហែក្បួន​រយៈពេល​បួនថ្ងៃ​ នៅប្រទេស​គុយបា កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

ប្រជាជន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​កងល្បាត​ជាតិ​វេណេស៊ុយអេឡា ស្របពេល​ដែល​ពួកគេ​ព្យាយាម​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​កូឡុំប៊ី​តាម​ស្ពាន Franciso de Paula Santander ក្នុង​ក្រុង Urena​ ប្រទេស​វេណេស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ 

ប្រជាពលរដ្ឋ​ដុតទៀន​នៅ​កន្លែងរំឮកវិញ្ញាណក្ខន្ធ​មួយ​ពី​មុខ​វិហារ Kaiser-Wilhelm-Gedaechtniskirche ក្នុងក្រុង​ប៊ែរឡាំង កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ​២០១៦។ រថយន្ត​ដឹកទំនិញ​ធុនធំ​មួយ​បាន​បុករះ​ចូល​ផ្សារលក់​របស់របរ​ថ្ងៃ​បុណ្យ​ណូអែល ដោយ​បាន​សម្លាប់​មនុស្ស ១២​នាក់​និង​បង្ក​ឲ្យ​ជិត ៥០​នាក់​ទៀត​រងរបួស។