កម្រងរូបភាព៖ ជនភៀសខ្លួនខ្មែរម្នាក់ចែករំលែករូបថតដ៏កម្រពីជំរំជនភៀសខ្លួនខ្មែរនៅវៀតណាម
លោក គួជ មាលីវ (ឆ្វេង) គឺជាជនភៀសខ្លួនខ្មែរម្នាក់ ដែលបានភៀសខ្លួនទៅរស់នៅក្នុងជំរំ Minh Tan 1 ឬដែលត្រូវបានស្គាល់ថាជំរំ 979A នៅប្រទេសវៀតណាម។ នៅទីនោះ លោកបានបង្រៀនភាសាអង់គ្លេសដល់ជនភៀសខ្លួនខ្មែរដទៃទៀត។ ក្នុងរូបថតនេះ លោក គួជ មាលីវ ថតរូបជាមួយកូនប្រុសទាំងពីរនាក់របស់លោក និងលោក Richard Tchung ដែលគ្រូបង្រៀនភាសាបារាំងដល់កូនប្រុសលោក នៅមុខផ្ទះរបស់លោក ដែលមានអសយដ្ឋានលេខ ៣២ នៃប្លុក B1 នៅជំរំ Minh Tan 1 កាលពីឆ្នាំ ១៩៨៩។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ លោក គួជ មាលីវ (កណ្តាល) ថតរូបជាមួយស្ត្រីជនភៀសខ្លួនខ្មែរមួយក្រុម ដែលបានរៀនភាសាអង់គ្លេសពីលោក នៅមុខផ្ទះរបស់លោក មុនពេលលោកនិងក្រុមគ្រួសារបានធ្វើដំណើរភៀសខ្លួនមករស់នៅទីក្រុង Montreal ប្រទេសកាណាដា នៅឆ្នាំ ១៩៨៩។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ លោក គួជ មាលីវ (បន្ទាប់ស្តាំបង្អស់) ថតរូបជាមួយជនភៀសខ្លួនខ្មែរមួយក្រុមទៀត ដែលបានរៀនភាសាអង់គ្លេសពីលោក នៅមុខផ្ទះរបស់លោក មុនពេលលោកនិងក្រុមគ្រួសារធ្វើដំណើរភៀសខ្លួនមករស់នៅទីក្រុង Montreal ប្រទេសកាណាដា នៅឆ្នាំ ១៩៨៩។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតសខ្មៅនេះ លោក គួជ មាលីវ (កណ្តាលពីខាងឆ្វេង) ថតរូបជាមួយជនភៀសខ្លួនខ្មែរមួយក្រុមដែលបានរៀនភាសាអង់គ្លេសពីរូបលោក នៅក្នុងឱកាសប្រារព្ធពិធីចូលឆ្នាំថ្មីតាមប្រតិទិនច័ន្ទគតិ នៅជំរំ Minh Tan 1 ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៥។ ជនភៀសខ្លួនភាគច្រើននៅជំរំនេះ រួមទាំងលោក គួជ មាលីវ ផង គឺជាពលរដ្ឋខ្មែរកាត់ចិន។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ លោក គួជ មាលីវ ថតរូបជាមួយជនភៀសខ្លួនខ្មែរមួយក្រុម ដែលបានរៀនភាសាអង់គ្លេសពីរូបលោក នៅក្បែរចម្ការអំពៅដែលបានដាំដោយជនភៀសខ្លួនខ្មែរនៅជំរំ Minh Tan 1 ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៥។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ អ្នកហាត់ការ៉ាតេមួយក្រុមដែលជាជនភៀសខ្លួនខ្មែរថតរូបជុំគ្នា នៅជំរំ Minh Tan 1 ឬជំរំ 979A ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៥។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតដែលមិនដឹងពីកាលបរិច្ឆេទពិតប្រាកដ ជនភៀសខ្លួនខ្មែរមួយក្រុមដែលជាកូនសិស្សរៀនភាសាអង់គ្លេសប្រចាំប្លុក E នៃជំរំ Minh Tran 1 ប្រទេសវៀតណាម ថតរូបជុំគ្នាក្នុងពិធីជប់លៀងមួយ។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
លោក លឹម ហៃ (ឈរកណ្តាល) ថតរូបជាមួយជនភៀសខ្លួនខ្មែរផ្សេងទៀតនៅជំរំ Minh Tan ឬជំរំ 979A ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម។ ជំរំនេះដំណើរការដោយមានក្រុមប្រឹក្សាគ្រប់គ្រងជាជនភៀសខ្លួនខ្មែរ។ ក្រុមប្រឹក្សានេះមើលការខុសត្រូវ និងដោះស្រាយបញ្ហាក្នុងជំរំ ហើយរាយការណ៍ឲ្យរដ្ឋាភិបាលវៀតណាម។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ ក្រុមប្រគុំតន្រ្តីមួយក្រុម ដែលជាជនភៀសខ្លួនខ្មែរ កំពុងប្រគុំភ្លេង នៅក្នុងឱកាសជួបជុំគ្នាមួយនៅជំរំ Minh Tan 1 ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៩។ ក្រុមតន្ត្រីនេះត្រូវបានដឹកនាំដោយលោក លឹម ហៃ ដែលជាជនភៀសខ្លួនខ្មែម្នាក់នៅជំរំនេះ។ ក្រោយមក លោកបានភៀសខ្លួនទៅរស់នៅប្រទេសនូវែលហ្សឺឡង់។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ អ្នកស្រី Maryane (ស្តាំបង្អស់ជួរលើ) ដែលជាគ្រូបង្រៀនភាសាបារាំង ថតរូបជាមួយកូនសិស្សមួយក្រុមដែលជាជនភៀសខ្លួនខ្មែរ រស់នៅក្នុងជំរំ Minh Tan 1 ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៥។ ក្រៅពីរៀនភាសាអង់គ្លេស ជនភៀសខ្លួនខ្មែរខ្លះនៅជំរំនេះ ក៏បានរៀនភាសាបារាំង ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើអន្តោប្រវេសន៍ទៅប្រទេសបារាំង ដោយពួកគេសង្ឃឹមថានឹងបានទៅរស់នៅទីនោះជាមួយសាច់ញាតិរបស់ពួកគេ។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
នៅជំរំ Minh Tan 1 ប្រទេសវៀតណាម ជនភៀសខ្លួនខ្មែររស់នៅទីនេះចូលចិត្តលេងកីឡាវាយប៉េងប៉ុង។ ក្នុងរូបថតនេះគឺស្ត្រីជនភៀសខ្លួនខ្មែរមួយក្រុមដែលចូលចិត្តលេងកីឡាវាយប៉េងប៉ុង។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ជនភៀសខ្លួនខ្មែរមួយក្រុមបានថតរូបជុំគ្នា នៅពីក្រោយប្លុក C នៃជំរំ Minh Tan 1 ឬជំរំ 979A នៅប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៩។ ជំរំនេះត្រូវបានបែងចែកជាបួនប្លុក រួមមានប្លុក A, B, C, និងប្លុក D។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ កីឡាករបាល់បោះពីរក្រុម ដែលជាជនភៀសខ្លួនខ្មែរ បានថតរូបជុំគ្នាក្រោយការហ្វឹកហាត់ នៅជំរំ Minh Tan 1 ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៥។ ប្លុកនីមួយៗនៃជំរំនេះ មានក្រុមកីឡាករបាល់បោះមួយដែលតំណាងឲ្យប្លុករបស់ខ្លួន ហើយការប្រកួតភាគច្រើនធ្វើឡើងនៅថ្ងៃចុងសប្តាហ៍ ដែលមានមនុស្សជាច្រើននៅជំរំមកទស្សនា។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ ស្ត្រីពីរនាក់បានថតរូបនៅមុខការសែនទេវតា នៅជំរំ Minh Tan 1 ប្រទេសវៀតណាម មុនពេលពួកគេធ្វើអន្តោប្រវេសន៍ទៅរស់នៅក្នុងប្រទេសកាណាដា កាលពីឆ្នាំ ១៩៨៩។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតដែលមិនដឹងពីកាលបរិច្ឆេទពិតប្រាកដ ជនភៀសខ្លួនខ្មែរមួយក្រុមចូលរួមពិធីជប់លៀងមួយ នៅក្នុងថ្នាក់រៀនភាសាអង់គ្លេស នៅជំរំ Minh Tan 1 ប្រទេសវៀតណាម។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)
ក្នុងរូបថតនេះ ជនភៀសខ្លួនខ្មែរមួយក្រុមបានធ្វើដំណើរទៅទស្សនាចម្លាក់ប្រាសាទមួយ នៅខេត្ត Tay Ninh ប្រទេសវៀតណាម កាលពីឆ្នាំ ១៩៨៥។ នៅជំរំ Minh Tan 1 ប្រទេសវៀតណាម ជនភៀសខ្លួនខ្មែរមានសេរីភាពច្រើនក្នុងការធ្វើដំណើរ បើធៀបនឹងជនភៀសខ្លួនខ្មែរជាច្រើននាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ។ (រូបថតផ្តល់ឲ្យដោយលោក គួជ មាលីវ)