របាយការណ៍​អង្គការ​សិទ្ធិមនុស្ស៖ ទីក្រុង​ភ្នំពេញ នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាង​មុន បើ​លុប​បឹង​ទំពុន

រូបឯកសារ៖ ស្រ្តីម្នាក់បីកូនដើរកាត់ទឹកជំនន់ បង្កមកពីការបាក់ទំនប់ព្រែកត្នោត សង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។ (វីអូអេ)

របាយ​ការណ៍​បន្ថែម​ថា៖​ «ការ​បាត់​បង់​បឹង​ទំពុន​ជា​ផល​លំបាក​ដល់​ជម្រក​ត្រី​ក្នុង​ទន្លេ​មេគង្គ​ និង​ទន្លេបាសាក់»។​

បឹង​សំខាន់​មួយ​របស់​ទីក្រុង​ភ្នំពេញ​ គឺ​បឹង​ទំពុន​ ឬ បឹ​ង​ជើងឯក ​បាន​និង​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ​ ដោយសារ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​និង​លំនៅដ្ឋាន​ថ្មីៗ​ ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ថា​ ទីក្រុង​ភ្នំពេញ​ នឹង​កាន់​តែ​ប្រឈម​ជំនន់​ទឹក​ភ្លៀង។​ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤​ ដែល​ស្រាវជ្រាវ​និង​សិក្សា​អំពី​ការប្រែ​ប្រួល​ជាច្រើន​នៃ​ស្ថាន​ភាព​នៅ​ជុំវិញ​និង​នៅ​លើ​ផ្ទៃ​បឹង​ទំពុន​ដែល​មាន​ទំហំ​យ៉ាង​ហោច​ណាស់​១.៥០០​ ហិកតា។​

របាយ​ការណ៍​នេះ​ ចង​ក្រង​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បណ្តាញ​យុវជន​កម្ពុជា​ អង្គការ​សមធម៌​កម្ពុជា​ អង្គការ​សមាគម​ធាង​ត្នោត​ ដែល​មាន​ចំណង​ជើង​ថា​ «ការ​បាត់​បង់​បឹងទំពុន៖​ ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​សង្គម​ និង​សិទ្ធិ​មនុស្ស​ពី​ការ​បំផ្លិច​បំផ្លាញ​តំបន់​បឹងទំពុន​ឬជើង​ឯក»។ ​អង្គការ​ទាំង​នោះ​បាន​ពិនិត្យ​លើ​ទិដ្ឋភាព​ជាច្រើន​ ពាក់​ព័ន្ធ​នឹង​ការ​រួញតូច​នៃ​ផ្ទៃ​បឹង​ បរិស្ថាន​ និង​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​បឹង​ទំពុន​នោះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង​ក្រង​របាយ​ការណ៍​នេះ​ បាន​ទាមទារ​ឲ្យ​ «ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន​ ឬ ជើងឯក»។​

បឹង​ទំពុន​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​មានជ័យ​ ជាប់​ក្រុង​តាខ្មៅ​ ស្ថិត​ក្នុង​ចំណោម​បឹង​ប្រមាណ​ចំនួន​២៦ ​ដែល​ត្រូវ​បាន​ចាក់​ដី​លុប​បំពេញ​ទាំង​ស្រុង​ ឬ ​ត្រូវ​បាន​ចាក់​ដី​លុប​បំពេញ​ដោយ​ផ្នែក។​

តាម​រយៈ​ការ​ស្រាវជ្រាវ​នេះ ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្ទង់​មតិ​ប្រជា​ពលរដ្ឋ​ចំនួន​៤៦៩​ គ្រួសារ​ ដែល​កំពុង​រស់​នៅ ឬ​ប្រើប្រាស់​តំបន់​បឹង​នេះ​និង​ទន្លេ។ ​បទ​សម្ភាសន៍​និង​ការ​ប្រមូល​ទិន្នន័យ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​ឧសភា​ ឆ្នាំ​២០២០។​

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​ច័ន្ទ​នេះ​បង្ហាញ​ថា ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ទំនង​ជា​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​នៅ​តំបន់​ទំពុន ​ ដោយ​ក្រុមហ៊ុន​អាយអិនជី​ ហូលឌីង ​(ING Holdings) ​ដែល​មាន​លោក​ឧកញ៉ា ​អ៊ឹង ប៊ុនហ៊ូវ ​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល ​និង​សាជីវកម្ម​ឯកជន​ផ្សេង​ទៀត ​រួម​មាន​ក្រុមហ៊ុន​ជីបម៉ុង​ អ៊ីអនម៉ល​ អ័រគីដេវីឡា ​និង​បុរីប៉េងហួត​ជាដើម។​

របាយ​ការណ៍​កម្រាស​៧១​ទំព័រ​ បាន​រៀបរាប់​ថា​ នៅ​ឆ្នាំ​២០០៤​ គម្រោង​អាយអិនជី​ស៊ីធី​(ING City)​ បាន​និង​កំពុង​បំផ្លាញ​បឹង​ទំពុន​ ហើយ​បន្ត​គំរាម​កំហែង​ដល់​ជីវភាព​រស់​នៅ​និង​លំនៅដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​បឹង​ និង​ជីវចម្រុះ​កំពុង​បន្ត​បាត់​បង់។​

របាយ​ការណ៍​បញ្ជាក់​ថា៖​ «ប្រជា​ពលរដ្ឋ​ជាង​មួយ​លាន​នាក់​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ អសន្តិសុខ​ស្បៀង​ ការ​បំពុល​ទឹក​ក្នុង​ទន្លេ​មេគង្គ​ ទន្លេ​បាសាក់​ដោយ​ទឹក​ស្អុយ​ ដែល​មិន​បាន​ចម្រោះ​ត្រឹមត្រូវ​ និង​ជា​ការ​បំពុល​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ ដល់​ប្រជា​ពលរដ្ឋ»។ ​របាយ​ការណ៍​កត់​សម្គាល់​ទៀត​ថា​ តំបន់​បឹងទំពុន​ គឺ​ជា​«តំបន់​ការ​ពារ​ទឹក​ជំនន់​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ​ ក៏​ដូច​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​តែមួយ​គត់​របស់​ទីក្រុង។​ បច្ចុប្បន្ន​គម្រោង​អាយ អិន ជី ​ស៊ីធី​និង​ក្រុមហ៊ុន​ដទៃ​ទៀត​កំពុង​តែ​ចាក់​ដី​និង​ខ្សាច់​បំពេញ​បឹង​និង​បង្កើត​ជា​តំបន់​អចលន​ទ្រព្យ»។​

លោក ​អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ ប្រាប់​វីអូអេ​ថាសង្គម​ស៊ីវិល​មាន​ការ​បារម្ភថា​ការ​បណ្តេញ​ចេញ​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ​ ប្រសិន​បើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​អគារ​ចេះ​តែ​រីកធំ​នៅ​តំបន់​បឹង​ទំពុន។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​យើង​មើល​ទៅ​ថា​បឹង​ហ្នឹង​ អាច​៩០​ភាគរយ​នឹង​ត្រូវ​បាន​លុប​ នៅ​សល់​ជាង​១០០​ហិកតា។​ អ៊ីចឹង​ប្រហែល​ជា​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​លំនៅដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ដែល​គាត់​រស់​នៅ​ ជុំវិញ​បឹង​ហ្នឹង​ ទៅ​អនាគត។​ អាហ្នឹង​ហើយ​ ដែល​យើង​ព្រួយ​បារម្ភ​ ខ្លាច​មាន​ការ​បណ្តេញ​ចេញ​ទៀត​ ដូច​បឹង​ ​ដូច​នៅ​បឹង​កក់ ​ដូច​អី​ជា​ដើម»។​

ចំណែក​លោក​ សឿង សារ៉ន​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត​ យល់​ថា ​អ្នក​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​នា​សម័យ​បច្ចុប្បន្ន​នេះ​ គួរ​ងាក​ទៅ​ពិចារណា​ការ​ផ្តល់​យោបល់​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​ គឺ​លោក ​វណ្ណ មូលី វណ្ណ​ ដែល​បាន​និយាយ​នៅ​ពេល​លោក​នៅ​មាន​ជីវិត​ថា​ការ​ចាក់​បំពេញ​ដី​ក្នុង​ផ្ទៃទឹក​ដើម្បី​ការ​សាង​សង់​នោះ​ មិន​មែន​ជា​ជម្រើស​ល្អ​ទេ ខណៈ​កម្ពុជា​មាន​ផ្ទៃ​ដី​ពាក់​កណ្តាល​ និង​ទឹក​ពាក់​កណ្តាល។​

«អ្នក​អភិវឌ្ឍ​ក្រុង ​ឬ​ក៏​អ្នក​ឌីហ្សាញ​ (រចនា)​ ក្រុង​ហ្នឹង​គួរតែ​ ពិចារណា​លើ​ចំណុច​ហ្នឹង​ដែរ​ ព្រោះ​យើង​ត្រូវ​មាន​ តុល្យភាព​រវាង​ផ្ទៃ​ទឹក​ ហើយ​និង​ដី​គោក​ ដើម្បី​ធានា​ថា​ វា​មិន​មាន​ផល​ប៉ះពាល់​ ជា​ពិសេស​គឺ​ទឹក​ជំនន់​ក្នុង​ទីក្រុង​បាទ»។​

ផ្ទៃ​បឹង​ជាង​៩០​ភាគ​រយ​នឹង​ត្រូវ​បំផ្លាញ​ ដោយ​ការ​កាត់​ដី​ថ្មីៗហើយ​បែង​ចែក​ទៅ​ឱ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នានា​ តាម​រយៈ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​ចន្លោះ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៩។​ផ្ទៃ​តំបន់​បឹង​ទំពុន​ដែល​ពីមុន​មាន​ទំហំ​យ៉ាង​ហោច​ណាស់​១.៥០០​ហិកតា ​ត្រូវ​គេ​គ្រោង​កាត់​មក​នៅ​ត្រឹម​ទំហំ​១០៧​ហិកតា​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​បាត់បង់​បឹង​ទំពុន។​

របាយ​ការណ៍​បន្ថែម​ថា៖​ «រាជធានី​ភ្នំពេញ​ មិន​ទាន់​មាន​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អុយ​នៅ​ឡើយ​ទេ ​ ហើយ​ការ​បាត់​បង់​បឹង​ទំពុន​ជា​ផល​លំបាក​ដល់​ជម្រក​ត្រី​ក្នុង​ទន្លេ​មេគង្គ​ និង​ទន្លេបាសាក់។​ បរិមាណ​ទឹក​ស្អុយ​ជា​ច្រើន​នឹង​មិន​ត្រូវ​បាន​សម្អាត​ ហើយ​ទឹក​កាន់​តែ​កខ្វក់»។​

លោក ​មេត មាសភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​សារ​ជាប់​ប្រជុំ។​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​អាយអិនជី​ ហូលឌីង​(ING Holdings)​ បាន​នៅ​ឡើយ​ទេ​នៅថ្ងៃ​ច័ន្ទ​នេះ។​

បឹង​ទំពុន​ គឺ​មាន​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ផង​ដែរ​ ដែល​កំពុង​រស់​នៅ​និង​ប្រើប្រាស់​តំបន់​នេះ​ សម្រាប់​ការ​នេសាទ។​នេះ​បើ​តាម​របាយ​ការណ៍​នេះ។ ​ របាយ​ការណ៍​នេះ​សង្កត់ធ្ងន់​ថា៖ ​«ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ គឺ​ប្រាកដ​ជា​អាច​កើត​ឡើង​សម្រាប់​ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​តំបន់​បឹង​ទំពុន...​ការ​ផ្លាស់​ទីលំនៅ​ជា​ច្រើន​ ទំនង​ជា​កើត​មាន​នៅ​ទីតាំង​តាម​បណ្តោយ​ប្រឡាយ​ ដែល​ត្រូវ​ពង្រីក​ដើម្បី​ឲ្យ​ទឹក​ហូរ​ចេញ​ពី​បឹង​ទៅ​ទន្លេ​បាសាក់»។​

របាយ​ការណ៍​បង្ហាញ​ថា ​ គ្រួសារ​ភាគ​ច្រើន​ដែល​រស់​នៅ​លើ ​ឬ​ ជុំវិញ​បឹង​មិន​មាន​ប្លង់​កម្ម​សិទ្ធិ​ឡើយ ​ហើយ​សហគមន៍​មួយ​ចំនួន​ចាប់​ផ្តើម​ទទួល​ការ​គំរាម​កំហែង​នៃ​ការ​បណ្តេញ​ចេញ​ដោយ​មិន​មាន​ការ​ពិគ្រោះ​យោបល់។ ​ របាយ​ការណ៍​រក​ឃើញ​ផង​ដែរ​ថា​ ផល​ប៉ះពាល់​អវិជ្ជមាន​នឹង​កើត​មាន​កាន់តែ​ធ្ងន់​ធ្ងរ​មក​លើ​គ្រួសារ​ទាំង​នេះ​ ដោយ​«ពួក​គេ​មាន​បំណុល​ច្រើន​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​អ្នក​ផ្តល់​កម្ចី​ឯក​ជន​ ដែល​អាច​បង្ខំ​ឲ្យ​ជីវភាព​របស់​ពួកគេ​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​តែ​អាក្រក់»៕