របាយការណ៍៖ ពលរដ្ឋ​រស់នៅ​តំបន់​ក្រីក្រ​នៅ​ភ្នំពេញ​កំពុងប្រឈម​នឹង​ផល​វិបាក​នៃ​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង

រូបឯកសារ៖ កម្មករ​នាំគ្នា​ប្រមូល​សំរាម​ដែល​ត្រូវបាន​ដាក់​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។

ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ដែលមិនមានប្រសិទ្ធភាព​បាន​គំរាមកំហែង​ដល់​និរន្តរភាព​បរិស្ថាននិង​សុខភាព​សាធារណៈ​នៅ​រាជធានីភ្នំ​ពេញ​ ជាពិសេស​ក្នុង​តំបន់​ក្រីក្រ​ ទីដែល​មិនមាន​វិធីសាស្ត្រ​ត្រឹមត្រូវនៅក្នុងការ​ទុក​ដាក់​កា​កសំណល់ ហើយកាលវិភាគសម្រាប់ការ​ប្រមូល​សំរាមរបស់អ្នក​ផ្តល់សេវាកម្ម​ក្នុងការ​ប្រមូល​កាក​សំណល់​ក៏មិន​ទៀងទាត់។ នេះ​បើតាម​របាយ​ការណ៍​ស្រាវជ្រាវមួយរបស់​សមាគម​អង្គការ​ធាង​ត្នោត​ស្តីពី​៖ «ការ​គ្រប់​គ្រង​សំរាម សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤» ដែល​វីអូអេ​ទទួល​បាន។

បើតាម​របាយការណ៍នេះ នៅរាជធានីភ្នំពេញ​ បញ្ហា​ប្រឈម​នៃ​ការ​ចោល​សំរាម​សំណល់​រឹង​ ដោយ​អនុវត្ត​ការ​ទុក​ដាក់សំរាម​មិនត្រឹម​ត្រូវ​គ្មានការ​ញែក​សំរាម​ ពេល​វេលា​បញ្ចេញចោល​មិន​ត្រឹមត្រូវ​ និង​ការ​ប្រមូលមិនទៀង​ទាត់​ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ប្រជាពលរដ្ឋ​ ជាពិសេស​ទីតាំងលំនៅដ្ឋាន​ក្រីក្រ។ លើស​ពីនេះ​ ​ការ​យល់​ដឹង​ជា​សាធារ​ណៈ​ពី​ការបែងចែក​សំរាម​សំណល់រឹង​ក៏​នៅ​មានកម្រិតទាប​ ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះ​ស្រាយ​។

ប្រធាន​គម្រោង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត​ អ្នក​ស្រី គាំ ចាន់រស្មី ប្រាប់​វីអូអេនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា គោលបំណង​នៃ​ស្រាវជ្រាវគឺដើម្បី​លើក​កម្ពស់​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​ឲ្យ​មាន​ប្រសិទ្ធភាពនិង​សមធម៌​នៅ​ក្នុង​ទីក្រុង ដោយ​ផ្តល់​នូវ​ផែនទី​បង្ហាញ​ផ្លូវច្បាស់លាស់​សម្រាប់​អ្នក​ធ្វើគោលនយោបាយនិង​អ្នក​ពាក់ព័ន្ធ​នានា​ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​កំពុង​ប្រឈម។

អ្នក​ស្រីថ្លែងថា របាយការណ៍​ស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​ចំនួន​បី​រួមមាន៖​ «កង្វះ​កន្លែង​ទុកដាក់ឬ​ចោល​សំរាម​សំណល់រឹង។ ចំណុច​ទី ២​ យើង​ឃើញ​ថា​ ការ​យល់​ដឹង​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ​និង​ការ​អនុលោម​តាម​ការ​បែងចែក​សំរាម​ សំណល់រឹង​នៅ​មាន​កម្រិតទាប ហើយចំណុច​សំខាន់​ចុង​ក្រោយ​នោះ ​គឺ​ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​អ្នក​ផ្តល់​សេវា​ប្រមូល​សំរាម​ និង​អ្នក​ប្រើប្រាស់​សេវា​ប្រមូល​សំរាម​ ដោយសារតែ​ឃើញ​ថា​ អ្នក​បញ្ចេញ​សំរាម​ គាត់​អត់​ដឹង​ពេល​វេលា​ច្បាស់លាស់​ក្នុង​ការ​បញ្ចេញ ​ហើយ​មិន​ទទួល​បាន​ព័ត៌មាន​។ ហើយ​អ្នក​ប្រមូល​សំរាម​ក៏​មិន​ទៀងទាត់​ក្នុង​ការ​ចុះ​ប្រមូល​ក្នុង​មូលដ្ឋាន​ផង​ដែរ [...] ជាក់ស្តែង​ការ​គ្រប់​គ្រង​សំណល់រឹង​ក្នុង​ទីក្រុង​នេះ​ យើង​មើល​ឃើញ​ថា ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ»។

បើតាម​អ្នកស្រី​ គាំ ចាន់​រស្មី​ អង្គការ​សមាគម​ធាងត្នោត​នឹង​បន្តចូលរួម​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​សម្អាតនិង​បែងចែក​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បរិស្ថាន​ស្អាត សុខភាពល្អ​ និង​ស្នើឲ្យ​គ្រប់​ភាគី​ទាំងអស់​ពិនិត្យ​មើល​ការ​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​ធាងត្នោត ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន។

អ្នកស្រី​ថ្លែងថា៖ «STT (អង្គការ​សមាគម​ធាងត្នោត) សង្ឃឹមថា រាជរដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរទទួល​ស្តាប់​ក៏​ដូច​ជា​ពិនិត្យ​មើល​លើ​ការស្រាវជ្រាវ​របស់​យើង​ទៅ​លើ​បញ្ហា​គ្រប់គ្រង​សំរាម​សំណល់​រឹងនេះ​ផង​ដែរ​។ ខ្ញុំ​គិតថា បញ្ហា​សំរាម​សំណល់រឹង​នេះ​ វា​ជា​បញ្ហា​រួម​មិន​ចំពោះ​តែ​អង្គការ​សមាគម​ធាងត្នោត​ទេ គឺ​ជា​បញ្ហា​ទាំង​អស់​គ្នា»។

យោងតាមរ​បាយការណ៍​ដែល​មាន​កម្រាស់​ ៤១ ​ទំព័រ​របស់​អង្គការ​សមាគម​ធាង​ត្នោត ក្រុម​អ្នកសិក្សាស្រាវជ្រាវ​បាន​ប្រមូល​ទំហំ​សំណាកដើម្បីវិភាគ​ពី​ការ​គ្រប់​គ្រង​សំរាម សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ទីតាំង​ចំនួន​ ១៤ ដែល​ជា​ទីតាំង​លំនៅ​ដ្ឋាន​ក្រីក្រ​ និង​ទីតាំង​លំនៅ​ដ្ឋាន​ទូទៅ​។ ទីតាំង​ទាំងនោះស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន ​៦ រួមមានខណ្ឌ​ចំការមន ខណ្ឌ​មានជ័យ ខណ្ឌ​ឫស្សីកែវ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ដង្កោនិង​ខណ្ឌ​ច្បារអំពៅ​។

រូបឯកសារ៖ គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅ​ផ្សារ​អូរឬស្សី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០២១ ។

ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ទីតាំង​ចោល​សំរាមសំណល់រឹង អ្នក​ផ្តល់បទសម្ភាសន៍ ១២៨នាក់ ក្នុង​ចំណោម ២០៣នាក់ បញ្ជាក់​ថា ​ពួកគេ​មិន​មាន​ទីតាំង​សម្រាប់​ចោល​សំរាម​សំណល់រឹង​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ក្នុងនោះ​ចំនួន​ ៧៥ នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​ទូទៅ​ និង​ចំនួន​ ៥៣ នាក់​ មក​ពី​ទីតាំងលំនៅដ្ឋាន​ក្រីក្រ​។ ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ដូចជា​ការ​ចោល​សំរាមសំណល់រឹង​មិន​បាន​ត្រឹមត្រូវ​បណ្តាលឲ្យ​មាន​ជម្លោះ​អ្នក​ជិត​ខាង​និង​អ្នកជិត​ខាង​ ការ​វេចខ្ចប់​សំរាម​សំណល់រឹង​មិន​បាន​ត្រឹមត្រូវ​ ការ​ចោលសំរាមសំណល់រឹង​លើ​ដី​ទំនេរ​របស់​អ្នកដទៃ​ និងការ​ប្រមូល​មិន​ស្អាត​របស់​បុគ្គលិក​ប្រមូល​សំរាម​សំណល់រឹង​។ នេះ​បើតាម​របាយការណ៍​។

បើតាម​របាយការណ៍ដដែល​ កង្វះ​កន្លែង​ទុកដាក់​ ឬ​ចោល​សំរាម​មាន​ចំនួន​ ២៦%​ កង្វះ​ទីតាំង​ចោល​សំរាម​បែប​នេះអាច​បណ្តាល​ឲ្យ​មាន​ការ​ចោល​សំរាម​អាណាធិបតេយ្យ​នៅ​តាម​ទីសាធារណៈ ដែល​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ផ្នែក​សុខភាព និងប៉ះពាល់​ដល់​បរិស្ថាន​។ ការ​យល់​ដឹង​ជា​សាធារណៈ​និង​ការ​អនុលោម​តាម​ការ​បែងចែក​សំរាម​សំណល់រឹង​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ព្រោះ​មាន​តែ​អ្នក​ផ្តល់​បទ​សម្ភាសន៍ ៣១% ​ប៉ុណ្ណោះ​ ដែល​បាន​ញែកសំរាមសំណល់រឹងតាម​ប្រភេទ​សើម​និង​ស្ងួត​ជា​ទៀង​ទាត់​។

របាយការណ៍​នេះ​ក៏​បាន​សិក្សា​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សំរាមសំណល់រឹង​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ផ្តោត​លើ​ភាពខុស​គ្នា​រវាង​ទីតាំង​លំនៅ​ដ្ឋានក្រីក្រ​និង​ទីតាំង​លំនៅ​ដ្ឋាន​ទូទៅ​ ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ភ្លាមៗនិង​ផ្តល់​អាទិភាព​ដល់​ទីតាំង​លំនៅ​ដ្ឋាន​ក្រីក្រ​ដែល​ងាយ​រងគ្រោះ និង​ពង្រឹង​រចនាសម្ព័ន្ធ​អភិបាលកិច្ចដើម្បី​ធានា​ការ​គ្រប់គ្រង​សំរាមសំណល់រឹង​ប្រកប​ដោយ​សមធម៌​ និង​និរន្តរភាព​ សម្រាប់​ទាំងអស់​គ្នា​នៅ​ក្នុង​រាជធានីភ្នំពេញ​។

នៅ​ក្នុងការ​ចងក្រង​របាយការណ៍​ចុងក្រោយនេះ​ អ្នកសិក្សា​ស្រាវជ្រាវរបស់​អង្គការ​សមាគ​មធាង​ត្នោត​បាន​រក​ឃើញ​ភាព​មិន​ស៊ីសង្វាក់​គ្នា​នៃ​ការ​ផ្តល់​សេវាកម្ម​ប្រមូល​សំរាម​ផង​ដែរ ដោយ​ជាង ៧០% នៃ​អ្នក​ផ្តល់​បទ​សម្ភាស៍​បាន​លើក​ឡើង​ពី​ភាព​មិន​ទៀងទាត់​រវាង​ការ​បញ្ចេញ​សំរាម និង​ប្រមូល​សំរាម​ឲ្យ​ត្រូវ​តាម​កាល​វិភាគ​ប្រមូល​សំរាម​។ មូលហេតុ​ចម្បងៗដែលបណ្តាល​ឲ្យមានបញ្ហានេះ​ គឺ​ដោយសារ​តែ​ផ្លូវតូច​មិន​អាច​ឲ្យ​ឡានដឹក​សំរាម​ចូល​មក​ប្រមូល​សំរាម​បាន និង​ពេលវេលា​ប្រមូល​សំរាម​មិន​ច្បាស់លាស់​។ បន្ថែម​ពី​នេះ​ ការ​ចូលរួម​ជា​សា​ធារណៈ​ក្នុង​កម្មវិធី​គ្រប់គ្រង​សំរាម​សំណល់រឹង​មាន​កម្រិតទាប​ ដោយ​មាន​អ្នក​ផ្តល់​បទសម្ភាសន៍មាន​ត្រឹមតែ​ ៣៣% ប៉ុណ្ណោះ​ ដែល​បាន​ដឹង​ពី​កាល​វិភាគ​ប្រមូល​សំរាម​ នៅ​ក្នុង​តំបន់​របស់​ពួកគេ​។

ជា​ដំណោះ​ស្រាយ អាជ្ញាធរពាក់​ព័ន្ធត្រូវកែសម្រួល​មួយចំនួន រួម​មាន​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​បន្ទាន់​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​មាន​ផ្លូវតូច​ចង្អៀត​ និង​មិន​ទាន់​មាន​កន្លែង​ទុក​ដាក់​សំរាមឬ​ចោល​សំរាម ដើម្បី​ពង្រីក​សមត្ថភាព​ប្រមូល​សំរាម​។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ផ្តល់​ជូន​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពេលវេលា​ ជាក់​ស្តែង​លើ​កាលវិភាគ​ប្រមូល​សំរាម​ និង​ការ​តាមដាន GPS នៃ​រថយន្ត​ប្រមូល​សំរាម​ក៏​អាច​បង្កើន​គណនេយ្យភាពនិង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​សំរាម​ផង​ដែរ។

អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​លោក ​កើត ឆែ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​ឲ្យ​អ្នក​សារព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​ (វីអូអេ) សួរ​ទៅ​អ្នក​ស្រី ​ដោ សម្ផស្ស ​នាយិកា​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ និង​ជា​អ្នក​នាំពាក្យ។ ប៉ុន្តែ​អ្នកស្រី ដោ សម្ផស្ស បដិសេធ​ផ្តល់​ការ​អត្ថាប្បាយ​ដោយ​ឲ្យ​វីអូអេ​សួរ​ទៅ​អង្គការ​សមាគម​ធាងត្នោត​វិញ​។

ទោះជា​យ៉ាងណា​ក្តី​ ទាក់​ទិនការ​គ្រប់​គ្រង​សំរាមនេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពីដើម​ឆ្នាំ​ ២០២៤ ​បាន​ណែ​នាំ​ដល់​ប្រជា​ពលរដ្ឋ​អំពី​ការ​ទុក​ដាក់​សំរាម​និង​សំណល់​រឹង​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដោយ​មាន​ការ​កំណត់​ប្រភេទ​ថង់​ច្រក​សំរាម​សើម​និង​ស្ងួត។​ ជាមួយ​នឹង​ការ​ណែនាំនេះ រដ្ឋបាល​រាជធានី​បានព្រមាន​ពីការ​ផាក​ពិន័យ​ចំពោះ​សកម្មភាពល្មើស​នឹង​ការ​គ្រប់​គ្រង​សំរាមសំណល់​រឹងនៅទី​ប្រជុំ​ជនក្នុងរាជធានី​ភ្នំពេញ និង​ចាត់​វិធានការរដ្ឋបាល​ចាំបាច់​ផ្សេងៗ​ទៀត​ ដូច​ជា​ផ្អាក​ការ​ធ្វើ​អាជីវ​កម្ម​ជា​បណ្តោះ​អាសន្ន​តាម​ការ​ចាំបាច់ ចំពោះ​អ្នក​មិន​ស្តាប់​តាម​ការ​ណែនាំ។ ​

បើ​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​ទី​ប្រជុំ​ជន​ មាត្រា​ ៣៩ ​ចែង​ថា​ ការ​មិន​អនុវត្ត​តាម​ការ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក្រុង​ ស្រុក ​ខណ្ឌ ​ក្នុង​ការ​ញែក​និង​ការ​វេច​ខ្ចប់​ដោយ​ឡែក​នូវ​សំរាម​សំណល់​រឹង​ទី​ប្រជុំ​ជន​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ ឬ​កែ​ច្នៃ​បាន ​ត្រូវ​ទទួល​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់ចន្លោះ​ពី​ ១​ម៉ឺន​រៀល​ ទៅ​ដល់​ ២០​ម៉ឺន​រៀល។ ​ក្នុង​ករណី​មិន​រាង​ចាលត្រូវ​ទទួល​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ទ្វេដង​នៃ​ប្រាក់​ពិន័យ​អន្តរ​ការណ៍​លើក​មុន៕