រាជធានី​ភ្នំពេញ​ប្រែ​ស្ងប់​ស្ងាត់ ខណៈ​បិទ​រាំង​ខ្ទប់​​​បង្ការ​ការ​ឆ្លង​​​ជំងឺ​កូវីដ​១៩

ទិដ្ឋភាពនៃការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បន្ទាប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបិទខ្ទប់រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែខ្លាំង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ភ្នំពេញ — រាជ​ធានី​ភ្នំពេញ​ដែល​ធ្លាប់​តែ​អ៊ូអរ ប្រែ​ក្លាយ​ជា​ទីក្រុង​ដែល​ស្ងប់​ស្ងាត់ បន្ទាប់​ពី​រដ្ឋា​ភិបាល​បិទ​ខ្ទប់​ទីក្រុង មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទប់​ស្កាត់ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ដែល​កំពុង​ឆ្លង​ក្នុង​ប្រទេស​ធ្ងន់​ធ្ងរ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ។

ទីក្រុង​ដែល​មាន​មនុស្ស​កកកុញ ចរា​ចរណ៍​ស្ទះ​ស្ទើរ​តែ​រាល់​ថ្ងៃ​ ប្រែ​ក្លាយ​ជា​ស្ងប់​ស្ងាត់ ជំនួស​ដោយ​សំឡេង​រថយន្តពេទ្យ​ដឹក​អ្នក​ជំ​ងឺ។

កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ ១៥ ខែ​មេសា ការបិទ​ខ្ទប់​ទី​ក្រុង​ភ្នំពេញនិង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​រយៈ​ពេល​២​សប្តាហ៍ បាន​ចាប់​ផ្តើម។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា​ ការ​បិទ​នេះ​មិន​ប៉ះ​ពាល់​ដល់​ការ​ទិញ​ស្បៀង​អាហារ​របស់​ពលរដ្ឋ​នោះ​ទេ បើ​ទោះ​មាន​ការ​កម្រិត​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ខាង​ក្រៅ​ដោយ​សេរី​ដូច​មុន។

មុន​ពេល​បិទ​ទីក្រុង​ជា​ផ្លូវការ សារ​ជា​សំឡេង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្រុក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ទីផ្សារ កាល​ពី​ល្ងាច​ថ្ងៃពុធ ទី​ ១៤ ខែ​មេសា​។ ការ​ប្រជៀត​ដណ្តើម​គ្នា​ទិញ​ស្បៀង​ទុក​នោះធ្វើ​ឲ្យទំនិញ​មួយ​ចំនួន​ឡើង​ថ្លៃ​ទ្វេ​ដង។ ប្រជាពលរដ្ឋ​ក៏​ភ្លេច​ការរក្សា​គម្លាត​សុវត្ថិភាព។

អ្នកស្រី គុណ សោភ័ណ អ្នកលក់មាន់នៅផ្សារទួលទំពូង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។ (ធីតា វីន /វីអូអេ)

អ្នក​ស្រី គុណ ​សោ​ភ័ណ ​អាយុ​ ៦៣ ​ឆ្នាំ​ ជា​អ្នក​លក់​មាន់​នៅ​ផ្សារ​ទួល​ទំពូង ឲ្យ​ដឹង​ថា​ កាល​ពីល្ងាច​ថ្ងៃ​ពុធ ​អ្នកស្រីលក់​មាន់​អស់​ប្រហែល​ ១៥ ​គីឡូក្រាម ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​ ដែល​ជា​ការ​លក់​អស់​លឿន​បំផុត ចាប់​តាំង​ពី​អ្នក​ស្រីប្រកប​របរ​នេះ​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ។

អ្នកស្រី​ប្រាប់​ VOA ​ថា៖ «ជ្រួល​ច្របល់​ឡើង​ចង់​ខ្លាច​មនុស្ស។ មនុស្ស​ច្រើន​ហើយ​ៗ​ មនុស្ស​ប្រជៀត​គ្នា មនុស្ស​ណែន​តែ​ម្តង​តម្រៀប​គ្នា​ដូច​ម្រាម​ដៃ​ចឹង។ ​ម្សិល​មិញ​មក​ទិញ​គ្រប់​គ្នា​ ហើយ​យើង​មាន​ដឹង​អី​មាន​ប៉ុន្មាន​លក់​ប៉ុណ្ណឹង លក់​ធម្មតា​ចឹង ​ស្រាប់​តែ​មួយ​សន្ទុះ​មក​ដូច​ឃ្មុំ​ ហើយ​ចេះ​ឆ្ងល់​លក់​ដាច់​ម្លេះ​ លក់​២​ម៉ឺន[រៀល] គេ​យក​ហើយ​អត់​ឲ្យ​ធ្វើ​ទៀត​អ៊ូ​អរ​មែន​ទែន​ដាច់​ណាស់ ស្អី​ក៏​ដាច់​ៗ ​មិន​មែន​ត្រឹម​តែ​មាន់​ទេ​ បន្លែ​អី​ដាច់​អើយ​ៗ»។

សេចក្តី​សម្រេច​បិទ​ទីក្រុងឲ្យ​ដឹង​ថា ​អាជីវ​កម្ម​ដែលជាតម្រូវ​ការ​ចំ​បាច់​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​លក់​ម្ហូបអាហារ នៅ​បន្ត​ដំណើរ​ការ​ជា​ធម្មតា។ សមាជិក​ក្នុងគ្រួ​សារ​មួយ​អាច​ចេញ​ពី​ផ្ទះ​បាន មិ​ន​ឲ្យ​លើស​ពី ​២ ​នាក់ និង​មិន​ឲ្យ​លើស​៣​ដង​ក្នុង​ ១ ​សប្តាហ៍ ដើម្បី​ទិញ​ម្ហូប​អាហារ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចំបាច់ ក្នុង​ទី​តាំង​ជិត​បំផុត​ដែល​ខ្លួន​រស់​នៅ​។

នៅ​ថ្ងៃ​ទី​ ១៥ ​និង​ ១៦​ ខែ​មេសា ​ផ្សារ​បន្លែ​មួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​បើក​ដំណើរ​ការ​ជា​ធម្មតា។ បន្លែ ​ត្រី ​សាច់ ​គ្រឿង​សមុទ្រ​នៅ​តែ​មាន​លក់​មិន​ខ្វះ ក៏​ប៉ុន្តែ​ឡើង​ថ្លៃ​ខ្លះ។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ។ ចំណែក​ការ​ដើរ​ទិញ​ម្ហូប​អាហារ ក៏​មាន​ការ​ថម​ថយ។

អ្នក​ស្រី ​កៃ​ ទី​វ៉ា​ អាយុ​ ៣៨ ​ឆ្នាំ ជា​អាជីវករ​លក់​សាច់​គោ​នៅ​ផ្សារ​ដើម​គ និយាយ​ថា​ សាច់​គោដែល​អ្នកស្រី​ទិញ​មក​លក់ ឡើង​ ២ ពាន់​រៀល​ក្នុង​ ១ ​គីឡូ​ក្រាម ដោយ​សារ​ចូល​ឆ្នាំ​ខ្មែរ​ ដូច្នេះ​អ្នក​ស្រី​ក៏លក់​ដំឡើង​ថ្លៃ​តាម​នោះ​ដែរ។ អ្នកស្រី​បន្ត​ថា​ ការ​សម្រុក​មក​ទិញ​សាច់​បន្លែ គឺ​មាន​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

«ពួក​គាត់​សម្រុក​មក​ផ្សារ​ទិញ​ហ្នឹង​ ហើយ​នៅ​ផ្សារ​យើង​ប្រជ្រៀត​ខ្លាំង​ ឃើញ​គាត់​បុក​មក​ទិញ​ចឹង​ បុក​មក​ទិញ​ប្រហែល​ម៉ោង ​៥កន្លះ ម៉ោង​៦។ ព្រឹក​មិញ​ធម្មតា​ មាន​ភ្ញៀវ​លើកយក​មក​លក់​នៅ​ផ្សារ​ផ្សេង​ៗ​ ហើយ​បើ​អ្នក​ទិញ​ធម្មតា​ ទិញ​តិច​ៗ​ទេ ​១​គីឡូ ​២​គីឡូ​កន្លះ​គីឡូ​ប៉ុណ្ណោះ។​ ចាស​ នៅ​តែមាន​អត់​ខ្វះ​ទេ​ ប្រជា​ពល​រដ្ឋ​មិន​បាច់​ភ័យ​ថា ​ខ្លាច​អត់​ម្ហូប​អី​ទេ ឲ្យ​តែ​ផ្សារ​យើង​នៅ​តែ​បើក​យើង​នៅ​មាន​លក់»។

សុខ ស្រីរ័ត្ន អ្នកលក់បន្លែនៅផ្សារដើមគរ នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រនៅភ្នំពេញ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

ជា​មួយ​គ្នា​នេះ​ដែរ កញ្ញា ​សុខ ​ស្រី​រ័ត្ន​ អាយុ​ ២១ ​ឆ្នាំ​ ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​ដើម​គ​ដែរ​ បាន​ឲ្យដឹង​ថា​ បន្លែ​ភាគ​ច្រើន​ឡើង​ថ្លៃ​ទ្វេ​គុណ​ពី​ម្ចាស់​ដើម​បោះ​ឲ្យ​លក់​ ដោយ​សារ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ពិបាក​។

«គេ​ថា​ឡាន​ពិបាក​ចូល​ ការ​នាំ​ចូល​ពិបាក​តាម​ផ្លូវ​ចង់​និយាយ​ថា​ យើង​ទៅ​យក​ពី​កន្លែង​គេ​មក ក៏​រៀង​ដណ្តើម​គេ​យក​មក​លក់​ដែរ​ មិន​មែន​ស្រួល​ដូច​មុន​ទេ ​តែ​បើ​ចំណេញ​ធំ​បំផុត​ ២ ​ទៅ ​៣ ​ពាន់​ច្រើន​បំផុត អត់​ដល់​ ៤ ​ទៅ ​៥ ​ពាន់​ ដូច​ការ​គេ​គិត​លើ​យើង​ទេ»។

ដោយ​ឃើញ​ពី​ការ​សម្រុក​ទិញ​ស្បៀង​អាហារ អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​លក់​ទំនិញ​ឡើង​ថ្លៃ​នៅ​ពេល​នេះ។

យុវជន លាង​ សារ៉ាត់ ​អាយុ​ ២២ ​ឆ្នាំ​ ជា​អ្នក​ដឹក​ជញ្ជូនអាហារ​ខ្ចប់​ ដែល​បាន​មក​ទិញ​ម្ហូប​នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​ និយាយ​ថា ទំនិញ​មួយចំនួនក្នុង​ផ្សារ ឡើង​បន្តិច​បន្តួច​។ លោក​និយាយ​ថា​ លោកគាំ​ទ្រ​ចំណាត់ការ​បិទ​ខ្ទប់​ទីក្រុង​ជា​បណ្តោះ​អាសន្ន ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

«ខ្ញុំ​យល់​ឃើញ​ថា ​បើ​យើង​ធ្វើដូច្នេះ​ វា​ល្អ​ ដោយ​សារ​កុំ​ឲ្យវា​រី​ក​រាល​ដាល​ជំងឺ​កូវីដ​ ដោយ​សារ​វ៉ាក់​សាំង​ក៏​វា​ចេញ​មក​ដែរ។ តែ​ប្រហែល​ជា​ប៉ុន្មាន​ទៀត ​តែ​យើង​ចាក់​អស់​ គឺ​វា​លែង​នឹង​ឆ្លង​ទៀត​ហើយ។ ដូច​ថា​មី ​ត្រីខ​វា​ឡើង​ បើ​អីវ៉ាន់​ខ្លះ​វា​អត់​ឡើង​ទេ ​តែ​បើ​ម្សិល​ឮ​ថា​បិទ​ក្រុង​ថ្ងៃ​ហ្នឹង​ គឺ​ឡើង​តែ​ម្តង​ឡើង ​ហើយ​រក​ទិញ​អត់​បាន​ទៀត»។

ក្រៅ​ពី​ការ​ចរា​ចរ​របស់​ប្រជា​ពល​រដ្ឋក្នុង​ការ​ទិញ​ម្ហូប​អាហារ រថយន្ត​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ ដែល​បំពេញ​ការងារ​នៅ​តាម​ផ្លូវ និង​រថយន្ត​ពេទ្យ​ដឹក​អ្នក​ជំងឺ​កូវីដ​១៩ ក៏​មានភាព​សកម្ម​ផង​ដែរ។ ​ចំណែក​ផ្ទះ​របស់​ប្រជាពលរដ្ឋនិង​ហាង​ប្រកប​របរដែល​មិន​មែនជា​តម្រូវ​ការ​ចំ​បាច់​ប្រចាំ​ថ្ងៃ ក៏​បាន​បិទ​ទ្វារ​។

ការ​ប្រកាស​បិទ​រាជ​ធានី​ភ្នំពេញ​នេះ​ធ្វើ​ឡើង​នៅ​យប់​ទី​មួយ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ជា​ទូ​ទៅ​ប្រជា​ពល​រដ្ឋ​កាន់​ព្រះ​ពុទ្ធ​សាសនា​តែង​តែ​ទៅ​វត្ត​ ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឈ និង​ឧទ្ទិសទៅ​អ្នក​ដែល​បាន​ចែក​ឋាន​។ ក៏​ប៉ុន្តែ​ទី​វត្ត​អា​រាម​ក៏​ប្រែ​ជា​ស្ងប់​ស្ងាត់​ផង​ដែរ។

ទិដ្ឋភាពវត្តបុទុមវតីនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រនៅភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ផ្លូវ​ធំ​សំខាន់​ៗ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​មាន​បើក​ដំណើ​រការ​ខ្លះ ក៏​ប៉ុន្តែ​ផ្លូវ​តូច​ៗ​ភាគ​ច្រើន​បាន​បិទ​ដំណើរ​ការ​ ដោយ​មាន​ចង​ខ្សែ​ឃាំង​និង​ដាក់​រនាំង​ដែក​ជា​ដើម​។ កម្លាំងសមត្ថ​កិច្ច​ជា​ច្រើន​បាន​យាម​កាម​នៅ​តាម​ដង​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​។ ប៉ុន្តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឆ្លង​កាត់​កន្លែង​ហាម​ឃាត់ ប្រសិន​បើ​ពួកគេ​មាន​លិខិត​បញ្ជាក់​ពី​កន្លែង​ការងារ។

លោក​ ស ​ថេត​ ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​រយៈ​ពេល​ ២ ​ថ្ងៃ​កន្លង​មក​នេះ ប្រជា​ពលរដ្ឋ​បាន​ចូល​រួម​អនុវត្តបាន​យ៉ាង​ល្អ​ តាម​វិធាន​ការ​របស់​រដ្ឋា​ភិបាល​។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា​ ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ អាច​ធ្វើ​ឲ្យ​ការ​ឆ្លង​ជំងឺ​កូវីដ​ធ្លាក់​ចុះ​។

លោក​ថ្លែង​ថា៖ «ច្រក​ទាំង​ប្រាំ​បី​ប្រាំ​បួនច្រក​ដែល​ចូល​រាជ​ធានី​ភ្នំពេញ​ យើង​ត្រូវ​បិទ​ទាំង​អស់​ហើយ​ខាង​ក្នុង​មួយ​ចំនួន​ធំ​ទៀត ​រវាង​ខណ្ឌទៅ​ខណ្ឌ ក៏​យើង​ត្រូវ​បិទ​ដែរ។ ក៏​ប៉ុន្តែ​វា​បិទ​ហ្នឹង​មិន​មែន​ទាំង​ស្រុង​ ១០០%​ នោះ​ទេ។ វា​អាច​មាន​ករណី ​ដែល​យើង​អនុញ្ញាត​ឲ្យគាត់​ចេញ​ចូលបាន។ យល់​គាត់​យល់ ​ភាគ​ច្រើន​ៗ​ភាគ​រយ​ខ្ពស់ មិន​មាន​អ្នក​ណា​ទៅ​ប្រឆាំង ឬ​ក៏​ទៅ​អុក​ឡុក​អី​ទេ​ គ្រាន់​តែ​គាត់​សុំ​ទៅ​នេះ​ទៅ​នោះ​អញ្ចឹង ដោយ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន»។

លោក​បណ្ឌិត មាស ​នី ​អ្នក​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ថ្លែង​ថា ​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​មួយ​រយៈ ជា​ការ​ប្រសើរ​ ហើយ​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​គឺ​ជា​កាតព្វ​កិច្ច​របស់​ពលរដ្ឋ​ទាំង​អស់គ្នា។ ក៏​ប៉ុន្តែ​លោក​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​សំឡេងរបស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ​មុន​ការ​ប្រកាស​បិទ​ក្រុង​ជា​ផ្លូវការ បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​រដ្ឋ។

លោក​ប្រាប់ ​VOA ​ថា៖ «នៅ​ពេល​សារ​បែក​ធ្លាយ​ជា​សំឡេង​របស់​សម្តេច​ គ្រាន់​តែ​ឲ្យត្រូវ​បិទ​ទី​ក្រុង​ភ្នំពេញ​ពី​យប់​នេះ​ទៅរ​ហូត​ដល់​រ​យៈ​ពេល ​២ ​អាទិត្យ​ ហើយ​អ្នក​ទទួល​បាន ​គឺ​ទទួល​បាន​តែ​ប៉ុណ្ណឹង​ទេ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ហ្នឹង​តក់​ក្រហល់ ​ដើម្បី​ស្ទុះ​ទៅ​រក​ខ្លាច​ក្រែង​គេ​អត់​ឲ្យលក់​ដូរ​ អី​អញ្ចឹងក្រោយ​មក​ក៏​ឃើញ​មាន​ការ​ផ្សាយ​អំពី​លក្ខខណ្ឌ​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​អំឡុង​ពេល​បិទ​ទៅ​បាន​ មនុស្សហ្នឹង​នាំ​គ្នា​ស្ងាត់​ស្ងៀម​មក​វិញ​។ នេះ​គឺ​ជា​មេរៀន​ដែល​រដ្ឋា​ភិបាល​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​តិច​ពេល​ក្រោយ»។

គួរ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ មនុស្ស​ ២៦២​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុបក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ បាន​កើន​ដល់ ​៤.៩៣៨ នាក់។ ក្រសួង​បញ្ជាក់​ថា​ ករណី​ស្លាប់នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៣៨ ​នាក់៕