ពលរដ្ឋ​សាទរ​លទ្ធផល​តេស្ត​​ចុង​ក្រោយ​មិន​មាន​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​បន្ថែម​ទៀត ពាក់ព័ន្ធ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី

សកម្មភាពអ្នកហាត់ប្រាណនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាថ្ងៃទី១នៃការបើកឡើងវិញ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ធីតា វីន/វីអូអេ)

ប្រជា​ពល​រដ្ឋ​និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួននៅ​រាជធានី​ភ្នំពេញ បាន​សាទរ​ចំពោះ​លទ្ធផលអវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្ត​លើក​ទី​៤​រកជំងឺ​កូវីដ​១៩ ក្នុង​ចំណោមអ្នក​ធ្វើ​ចត្តាឡី​ស័ក​ដែលពាក់​ព័ន្ធ​នឹងរដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី។ រដ្ឋមន្ត្រី​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​ថៃ ក្រោយ​លោក​បាន​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ អ្នក​ជាប់​ពាក់​ព័ន្ធ​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ​និង​ប្រយោល​ជា​មួយ​រដ្ឋមន្ត្រីការ​បរទេស​ហុងគ្រី​ចំនួន ១៤​២២​នាក់​ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ជា​លើក​ទី​៤ ជា​លទ្ធ​ផល​ គឺ​អវិជ្ជ​មាន​វីរុស​កូវីដ​១៩​ទាំង​អស់​គ្នា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន កាល​ពី​យប់​ថ្ងៃ​ពុធ ​ក៏​បាន​ប្រកាស​ឲ្យ​បើក​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា គឺ​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ។ ចំណែក​រោង​ភាព​យន្ត ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក ​សារមន្ទីរ​ ពិធី​រៀប​ការ ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​សាសនា នឹង​បើក​ដំណើរ​ឡើង​វិញ​ជា​ធម្មតា។

លទ្ធ​ផល​ធ្វើ​តេស្ត​លើក​ទី​៤​នេះ ដែល​ជា​ការ​តម្រូវ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ធានា​ថា​មិន​មាន​ជំងឺ​កូវីដ​១៩ គឺ​ជា​ការ​ទន្ទឹង​រង់​ចាំ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែលប្រកប​របរ​អាជីវ​កម្ម ដើម្បី​ពួកគេ​អាច​រក​ស៊ី​ឡើង​វិញ។

លោក​ ប៉ិច ​បូឡែន ​អគ្គ​នាយក​ក្រុម​ហ៊ុន ​Westline​ Education ​Group ​ដែល​គ្រប់គ្រង​សាលា​រៀន​ Westline ​មាន​ប្រសាសន៍​ថា​ នេះ​ពិត​ជា​ដំណឹង​គួរ​ឲ្យ​រីក​រាយ​បំផុត ដែល​លោកបាន​ទន្ទឹង​រង់​ចាំ​ទាំង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ជាង​១០​ថ្ងៃ​កន្លង​មក​នេះ ។

លោកបន្ត​ថា ​សាលា​រៀន​របស់​លោក ​នឹង​បើក​ឲ្យ​សិស្ស​ចូល​រៀន​ឡើង​វិញ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ភ្លាមៗ​ហាក់​បី​ដូច​ជា​ទំហំ​នៃ​ការ​ចាប់​ផ្តើម​ការ​បារម្ភ​ចង់​ធំ​ជាង​កាល​ពី​ខែ​៣ ​[ខែមីនា]​ ផង។ តែ​ឥឡូវ​ ធូរ​មែន​ទែន​ អា​ហ្នឹង ​គឺ​ជា​ដំណឹង​ដែល​ល្អ​បំផុត ​ដែល​យើង​អាច​ដំណើរ​ការ​បាន​នៃ​ការ​សិក្សា​របស់​សិស្ស ​វា​អាច​ត្រឡប់​មក​ដូច​ដើម​វិញ»។

កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ​បាន​ប្រកាស​ម្តង​ហើយឲ្យ​សាលា​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ផ្អាក​ការ​សិក្សា​មួយ​រយៈ ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩។ ក្រសួង​អប់រំ​ ក៏​បាន​ចាប់​ផ្តើម​ឲ្យ​សាលា​បើក​ដំណើរ​ការ​ដំណាក់​កាល​ដំបូង​ក្នុងខែ​សីហា​ ដោយ​បង្រៀន​ផ្ទាល់​ខ្លះ​និងតាម​អន​ឡាញ​ខ្លះ។ ការ​បើក​ដំណើរ​ការ​សាលា​ទើប​តែ​បាន​មួយ​រយៈ ​រដ្ឋាភិបាល​ក៏​ប្រកាស​ឲ្យផ្អាក​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ក្រោយ​ពេល​ដែល​មាន​មនុស្ស​ម្នាក់​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ ក្រោយ​ពី​បាន​ប៉ះពាល់​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​បើក​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ​ហង់​ ជួន ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា មាន​ប្រសាសន៍​ថា​ ទោះ​មាន​ការ​បើក​សាលា​រៀន​ឡើង​វិញ​ទាំង​កូន​សិស្ស ​ឪពុក​ម្តាយ​ ម្ចាស់​គ្រឹះ​ស្ថាន​អប់រំ​ទាំង​អស់​ ត្រូវ​ចូល​រួម​ប្រកាន់​ភ្ជាប់​អនាម័យ​ឲ្យបាន​ត្រឹមត្រូវ​ តាម​ស្តង់ដារ​សុវត្ថិភាព​ ជា​ពិសេស​សាលារៀន​ឯកជន ​ត្រូវ​ដាក់​សិស្ស​ក្នុង​មួយថ្នាក់ ​មិន​ឲ្យលើស​២៥​នាក់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ​គឺ​ថា​ទោះ​បី​ជា​យើង​បើក​ឲ្យដំណើរការ​គ្រឹះ​ស្ថាន​សិក្សា​ឡើង​វិញ​នៅ​ទី​ក្រុង​ភ្នំពេញ ​និង​ខេត្ត​កណ្តាល ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ​វិច្ឆិកា​ក្តី ​ក៏​យើង​ទាំង​អស់​គ្នា​ត្រូវ​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្តង់ដារ​សុវត្ថិភាព​អនា​ម័យ ​ដែល​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​និង​ក្រសួង​សុខា​ភិបាល ​បាន​ដាក់​ចេញ»។

ជា​មួយ​គ្នា​នេះ​ដែរ​ កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​ រដ្ឋា​ភិបាល​ក៏​សម្រេច​ឲ្យ​ផ្អាក​បណ្តោះ​អាសន្នផង​ដែរ​នូវ​កន្លែង​ប្រមូល​ផ្តុំ​មួយ​ចំនួន រួម​មាន​ការប្រគំតន្ត្រី ​កន្លែងច្រៀងកម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរហ្គាឌិន​ ក្លឹបហាត់ប្រាណ ​កាស៊ីណូ និង​កន្លែង​ប្រារព្ធ​ពិធី​សាសនា​ជាដើម ។ ប៉ុន្តែ​នៅ​ពាក់​កណ្តាល​ខែ​សីហា​ រោង​ភាពយន្ត ​និង​រោង​សិល្បៈ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ។ ប៉ុន្តែ​កន្លែង​ទាំង​នោះ​ត្រូវ​បាន​ឲ្យផ្អាក​ម្តង​ទៀត ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា​នេះ​ដែរ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩​នេះ។

ថ្ងៃទី១នៃការបើកដំណើរការឡើងវិញរបស់រោងភាពយន្តនៅក្នុងផ្សារទំនើបអ៉ីអ៊ន១ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ធីតា វីន/វីអូអេ)

លោក​ ជី ​សិលា​ ម្ចាស់​រោង​ភាពយន្ត​ Major ​Cineplex​ និង​ជា​ម្ចាស់​អាជីវ​កម្ម​លើ​មុខ​របរមួយ​ចំនួន​ទៀត មាន​ប្រសាសន៍​ថា​ រយៈ​ពេល​ជាង​១០​ថ្ងៃនៃ​ការ​ផ្អាក​លើក​ទី​ពីរ​នេះ ពិត​ជា​មាន​ហានិភ័យ​ខ្ពស់​បំផុត ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​អាជីវកម្ម​ជា​ច្រើន។

លោក​បន្ត​ថា​ការ​អនុញ្ញាត​ឲ្យបើក​ដំណើរ​ការ​រោង​ភាព​យន្ត​ឡើង​វិញ​ភ្លាមៗ ​និង​កន្លែង​មួយ​ចំនួន​ទៀត​ គឺ​ជា​សញ្ញាល្អមួយ​សម្រាប់​ការ​ងើប​ឡើង​របស់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​[រដ្ឋាភិបាល] ក៏​យល់​ពី​ស្ថាន​ភាព​សង្គម​ ហើយ​ក៏​គាត់​យល់​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ដែរ​។ ​វា​ជា​រឿង​មួយ​ដែល​ប្រពៃ​មែន​ទែន ​ពី​ព្រោះ​ភ្លាម​ៗ​ឡើង​ គឺ​ខាង​ក្រសួង​សុខា​ភិបាល ​ក៏​បាន​ចេញ​លិខិត​១​ភ្លាម​ៗ​ដែរ​ ដែល​ប្រកាស​ឲ្យ​បើក​ដំណើរ​ការ​រោង​ភាព​យន្ត​ សារៈ​មន្ទីរ​ឡើង​វិញ​។​ ការងារ​មួយ​ចំនួន ​គឺ​យើង​ត្រូវ​ការ​សម្រេច​ចិត្ត​លឿន​ធ្វើ​ឲ្យ​បាន​រហ័ស។ អ៊ីចឹង សេដ្ឋកិច្ច​ក៏​ដូច​គ្នា​ដែរ​ឲ្យតែ​យើង​ចេះ​ប្រែប្រួល​ទៅ​តាម​ស្ថានការណ៍»។

ការ​ប្រកប​របររបស់​ប្រជា​ពលរដ្ឋ​ ទើប​តែ​ចាប់​ផ្តើម​ងើប​ឡើង​វិញ​បាន​បន្តិច​ ក្រោយ​ពី​ស្ងប់ស្ងាត់ជំងឺ​កូវីដ​១៩​នេះ អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​មក​វិញ​យ៉ាង​ខ្លាំង​ម្តង​ទៀត ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ កាល​ពី​ដើម​ខែ​វិច្ឆិកា។

កំពុង​អង្គុយ​លើ​រម៉ក​កង់​បី​ តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ លោក​ សឿន ​សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ​កាល​ពី​មិន​មាន​ជំងឺ​កូវីដ​១៩ លោក​អាចរក​ចំណូល​បាន​៧​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ។ ប៉ុន្តែពេល​មាន​ជំងឺ​កូវីដ១៩ ចំណូល​របស់​លោក ​បានធ្លាក់​មក​ត្រឹម​៣ម៉ឺនរៀល​ បន្ទាប់​មក ​ក៏​បាន​កើន​ឡើង​៥ម៉ឺន​រៀល​វិញ។ តែ​នៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​នេះ​ម្តង​ទៀត​ ចំណូល​របស់​លោក​ ក៏​បាន​ធ្លាក់​មក​ត្រឹម​២​ម៉ឺន​រៀលវិញ​ក្នុង​មួយ​ថ្ងៃ។ លោកបន្ត​ថា ​លោកពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​ចំណូល​ម្តង​ទៀត ក៏​ប៉ុន្តែ ​ពេល​នេះ​ស្ថានភាព​ល្អ​ប្រសើរ​ ដូច្នេះ​លោក​សង្ឃឹម​ថា ​ប្រាក់​ចំណូល​របស់​លោក​នឹង​កើន​ឡើង​វិញ។

លោក​ថ្លែង​ប្រាប់​VOA​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​ ខ្ញុំ​អរ​ ដោយ​សារ​យើង​អត់​មាន​កំណើន​ការ​ឆ្លង​ហ្នឹង​ច្រើន។ ​សង្ឈឹម​ថា​ សេដ្ឋកិច្ច​យើង​ នឹង​ដើរ​ ហើយ​ប្រជា​ពលរដ្ឋ​អាច​រក​ស៊ី​ទទួល​ទាន​ធ្វើ​តាម​ជំហាន​របស់​គាត់ ​ដើម្បី​កាត់​បន្ថយការ​លំបាក​ផ្សេងៗ»។

អ្នកស្រី សាត គន្ធណារី អ្នកលក់ម្ជូរនៅតាមផ្លូវក្នុងទីក្រុងភ្នំពេញ។ (ធីតា វីន/វីអូអេ)

ចំណែក​អ្នក​ស្រី​ សាត ​គន្ធ​ណា​រី ​ជា​អ្នក​លក់​ម្ជូរ​នៅ​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ ​ក៏បាន​បង្ហាញ​អារម្មណ៍​អបអរ​យ៉ាង​ខ្លាំង ​នៅ​ពេល​ដឹង​ថា ​មិន​មាន​អ្នក​ឆ្លង​ថ្មី ដែល​ពាក់​ព័ន្ធនឹង​រដ្ឋមន្ត្រីការ​បរទេស​ហុង​គ្រី។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​អរ​ណាស់ ​ហើយ​រីក​រាយ​ទៀត​ ដោយ​សារ​វា​អត់​មាន​ការ​ឆ្លង។ អ៊ីចឹង ​សាលា​បើក​ឡើង​វិញ កូន​ខ្ញុំ​បាន​ចូល​រៀន​ត្រឹមត្រូវ​វិញ។ ​ចំណូល​ខ្ញុំ​ មួយ​ថ្ងៃ​បាន​៤​ ទៅ​៥​ម៉ឺន​ដែរ។ ដល់​ពេល​ផ្ទុះ​រយៈ​ក្រោយ​នេះ​មក ​ធ្លាក់​ដល់​បាតដាល​តែ​ម្តង​ ស្ងាត់​ឈឹង។ តាំង​ពី​ព្រឹក​រហូត​ដល់​ស្មាន​នេះ​ ទើប​តែ​បាន​លុយ​៦​ពាន់​រៀល​ហើយ ​ស្ងាត់​អ៊ីចឹង​ហើយ​បើ​យប់​មិញ​ទៅ​លក់​ពោត​លីង​ទៀត​ បាន​លុយ​តែ​៣​ពាន់​រៀល​គត់។ លើក​មុន​សៅរ៍​ អាទិត្យ​អី ​ពួក​ខ្ញុំ​អាច​រក​ចំណូល​ពី​៥​ ទៅ​១០​ម៉ឺន។ ហើយ​ខ្ញុំ​បន់​ឲ្យតែ​អា​កូវីដ​ចង្រៃ​ហ្នឹង ​ឲ្យវា​ចប់​ទៅ ​ឲ្យពួក​ខ្ញុំ​ស្រួល​រក​ស៊ី​វិញ»។

ក្លឹបកម្សាន្តដូរឈ្មោះមកជាភោជនីយដ្ឋាន បានបើកដំណើរការឡើងវិញ នៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ធីតា វីន/វីអូអេ)

កាល​ពី​យប់​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​ឲ្យបើក​ដំណើរ​ការ​អាជីវកម្ម​ឡើង​វិញ ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋបន្ត​ការពារ​ខ្លួនពី​ជំងឺ​កូវីដ​១៩។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រយ័​ត្ន​នៅ​តែ​ប្រយ័ត្ន​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​បិទ​ដង្ហើម​សេដ្ឋ​កិច្ច ​និង​ចលនា​សេដ្ឋ​កិច្ច​សង្គម​ផ្សេង​ទៀត​ដែរ​ទេ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ហ្នឹង។ ពិនិត្យ​មើល​គ្រាន់​តែ​ជួយ​សម្រួល​ ដើម្បី​ឲ្យរម្លឹក​បង​ប្អូន​ជា​និច្ច​ជា​កាល​ប្រុង​ប្រយ័ត្ន ​ដូច​ជា​ការ​វាស់​កម្តៅ ​ការ​លាង​ដៃ​ គម្លាត​សុវត្ថិភាព​ជា​ដើម»។

បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន៣០៤​នាក់ ​ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​ចំនួន​២៩១​នាក់។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ទៀត​ថា​ការ​ធ្វើ​តេស្ត​អ្នក​ប៉ះ​ពាល់​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី ​ដោយ​ផ្ទាល់​និង​ប្រយោល មាន​ប្រមាណ​ជា​១.៨០០​នាក់ ដែល​ក្នុង​នោះ​មនុស្ស៤​នាក់ មាន​ឆ្លង​កូវីដ​១៩ គឺ​ជន​ជាតិ​ខ្មែរ​៣​នាក់ និង​បរទេស​ម្នាក់ ​ជាឯក​អគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំកម្ពុជា។ ក្នុង​ចំណោម​អ្នក​ទាំង​៤​នោះ មាន​ម្នាក់​បាន​ជា​សះ​ស្បើយ​ហើយ៕