ស្រ្តីម្នាក់ដែលត្រូវប៉ូលិសចរាចរណ៍វាយនឹងអាយកូមឲ្យរបួសក្បាល ដេរយ៉ាងតិច៣ថ្នេរ ក្នុងហេតុការណ៍បើកម៉ូតូមិនពាក់មួយសុវត្ថិភាព កាលពីយប់ថ្ងៃពុធ បានទាមទាររកយុត្តិធម៌ ខណៈនគរបាលរាជធានីភ្នំពេញបានផ្តល់ជម្រើសនៃការសម្របសម្រួលផ្តល់សំណងព្យាបាល ដោយមិនបាច់ប្តឹងទៅតុលាការ។
ហេតុការណ៍នៃការវាយស្រ្តីនឹងអាយកូម កើតឡើងនៅវេលាម៉ោងជាង៧យប់ កាលពីថ្ងៃទី៨ ខែកញ្ញា ក្នុងខណ្ឌ៧មករា នៅជិតស្តុបអាងទឹកអូឡាំពិក នៅពេលដែលស្រ្តីរូបនោះជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង ដោយមានប្អូនប្រុសជីដូនមួយ ជាអ្នកបើកម៉ូតូ ហើយពួកគេទាំងពីរនាក់មិនពាក់មួកសុវត្ថិភាពដូចគ្នា។
ពួកគេបានឃើញនគរបាលចរាចរណ៍ ហើយព្យាយាមជិះគេច ប៉ុន្តែត្រូវបាននគរបាលម្នាក់ចេញមកស្ទាក់ចាប់ ទាំងម៉ូតូកំពុងបើកបរ រហូតដល់មានការប្រើអាយកូមវាយត្រូវក្បាលស្រ្តីដែលជិះពីក្រោយ និងធ្លាក់ពីលើម៉ូតូភ្លាម។ នេះបើតាមជនរងគ្រោះ។
អ្នករងរបួសក្បាល កញ្ញា ងន ស្រីនិច អាយុ២២ឆ្នាំ ដែលជាអាជីវករលក់ដូរនៅផ្សារទួលសង្កែ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាប្អូនជីដូនមួយដែលជាអ្នកបញ្ជាម៉ូតូមានការភ័យខ្លាច នៅពេលឃើញនគរបាលចរាចរណ៍កំពុងដាក់ប៉ារាស់ត្រួតពិនិត្យចរាចរណ៍នាពេលយប់។
កញ្ញារៀបរាប់ថា៖ «និយាយទៅគាត់មិនសូវយល់ពីច្បាប់ទម្លាប់ គាត់ក្មេងអញ្ចឹង... គាត់អត់(បាន)គិតច្រើនគាត់ដឹងតែពីគេច(ព្រោះ)គាត់ភ័យ។ ប៉ុន្តែខ្ញុំអ្នកអង្គុយក្រោយ ខ្ញុំអត់ដឹងអីទេ ខ្ញុំក៏ប្រាប់ដែរថាអូនចូលទៅ(អូនឯងចូលទៅអស់ប៉ុន្មានអស់ទៅ ពីព្រោះគាត់អត់ដែលចេញយប់ទេគាត់ខ្លាចចាប់អញ្ចឹងទៅ រញ៉េរញ៉ៃវែងឆ្ងាយម៉ាក់គាត់រករឿងអញ្ចឹង»។
កញ្ញា ស្រីនិច ឲ្យដឹងទៀតថានៅរសៀលថ្ងៃព្រហស្បតិ៍នេះ កញ្ញាទៅពិនិត្យរបួសបន្តទៀត ខណៈការប្តឹងផ្តល់យ៉ាងណា គឺអាស្រ័យលើឪពុកម្តាយបងប្អូនរបស់កញ្ញា ដែលបានជួបនគរបាលនៅអធិការខណ្ឌ៧មករា។ ប៉ុន្តែកញ្ញាចង់បានភាពយុត្តិធម៌ និងសំណង ដើម្បីយកមកមើលរបួស ដែលកញ្ញាព្រួយបារម្ភថាខ្លាចមានបញ្ហាសុខភាព នៅថ្ងៃក្រោយទៀត។
កញ្ញាបន្តថា៖ «ខ្ញុំជាមនុស្សស្រី វាយដំខ្ញុំតាមផ្លូវសាធារណៈ ហើយ គាត់ជាមនុស្សប្រុសធ្វើមិនដឹងធ្វើអីអញ្ចឹង។ អញ្ចឹងខ្ញុំបាត់បង់កិត្តិយសហើយខ្ញុំត្រូវការកិត្តិយសខ្ញុំមកវិញ ភាពយុត្តិធម៌ ហើយសំណងមើលជំងឺរបស់ខ្ញុំទៅថ្ងៃមុខព្រោះក្បាលខ្ញុំឡើងប៉ល់ហើយ»។
កញ្ញាបន្ថែមថា៖ «បើតាមសាច់ដេរ គេដេរច្រើនថ្នេរ ពីព្រោះដេរហើយក្បាលយើងអត់ដុះសក់អញ្ចឹងវាទៅជាឆែប។ ដល់ពេលគាត់ឃើញខ្ញុំមនុស្សស្រី គាត់ដេរឲ្យតែបីថ្នេរទេ ប៉ុន្តែរបួសហ្នឹង អត់សូវ(ងាយ)ជាបន្តិចប៉ុន្តែយើងឧស្សាហ៍ព្យាបាលលាងរបួសជាដើមអញ្ចឹងទៅ»។
កញ្ញា ស្រីនិច ក៏ចង់ឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ចរាចរណ៍ ដោយគ្រាន់តែអប់រំនិងពិន័យទៅតាមច្បាប់និងកុំវាយដំអ្នកធ្វើដំណើរមិនគោរពច្បាប់ចរាចរណ៍បែបនេះ។
ក្រោយហេតុការណ៍នេះកើតឡើង ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយមានការបញ្ជាពីលោក នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។
សេចក្តីបំភ្លឺឲ្យដឹងថាប៉ូលិសចរាចរណ៍ដែលមានឈ្មោះ ម៉ាត់ ពិសី ត្រូវបានឃាត់ខ្លួន។ សមត្ថកិច្ចនឹងឲ្យមន្ត្រីបង្កជួបជាមួយក្រុមគ្រួសារជនរងគ្រោះ«ចរចាគ្នារឿងសំណងថ្លៃព្យាបាល»។
សេចក្តីបំភ្លឺឲ្យដឹងថា៖ «បើជនរងគ្រោះមិនសុខចិត្តសមត្ថកិច្ចនឹងអនុវត្តបន្តដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់»។
ប្រសិនបើជនរងគ្រោះចរចាត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង មន្ត្រីនោះក៏នៅតែត្រូវរងវិន័យកងកម្លាំងដែរ។ ចំពោះអ្នកបើកបរល្មើសច្បាប់គេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។ នេះបើតាមសេចក្តីបំភ្លឺ។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅម៉ោង១២កន្លះនាថ្ងៃព្រហស្បតិ៍ សមត្ថកិច្ចនៅខណ្ឌ៧មករា បានសាកសួរនិងប្រមូលភស្តុតាងបន្ថែមដែលមានទាំងអ្នកបង្ក ជនរងគ្រោះ និងអ្នកបើកបរម៉ូតូផ្ទាល់។ ហើយប្រសិនបើរកឃើញថាសមត្ថកិច្ចបានប្រព្រឹត្តកំហុសជាក់ស្តែង នោះនឹងប្រឈមនឹងផ្លូវច្បាប់ ប៉ុន្តែទាក់ទងវិន័យអង្គភាពបែបណា លោកក៏មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
លោកថ្លែងថា៖ «បើយើងរកឃើញថាមានកំហុសជាក់ស្តែងមែន យើងអត់មានការលើកលែងទេ យើងអនុវត្តទៅតាមនិតីវិធីច្បាប់។ ហើយចំពោះអ្នកដែលបើកបរម៉ូតូ ដូចគ្នាគឺគាត់បើកបរម៉ូតូល្មើសច្បាប់គេចវេះពីការត្រួតពិនិត្យរបស់សមត្ថកិច្ចបែបហ្នឹងក៏យើងអនុវត្តតាមជាក់ស្តែងដែរ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាលោកចង់ឃើញស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងប្រកបដោយតម្លាភាព។ ប្រសិនមានការសម្របសម្រួលគ្នាក្នុងការបញ្ចប់រឿង វានឹងធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «បើសិនជាគ្រាន់តែថាដោះស្រាយតាមបែបសម្របសម្រួលនឹងទទួលរងនូវការរះគន់ច្រើនហើយវាធ្វើឲ្យបាត់ទំនុកចិត្តក្នុងការអនុវត្ត(ច្បាប់) ពីព្រោះមន្ត្រីដែលអនុវត្តច្បាប់ ត្រូវដើរតួនាទីជាគំរូសម្រាប់ឲ្យពលរដ្ឋក្នុងការអនុវត្តច្បាប់។ បើមន្ត្រីអនុវត្តច្បាប់ គាត់អនុវត្តច្បាប់តាមបែបហិង្សា ហើយត្រូវបានសម្របសម្រួល ដែលគ្រាន់ជាការដោះស្រាយសមរម្យសម្រួលជាសំណងហើយបញ្ចប់រឿងបែបហ្នឹងវា(ជា)និទណ្ឌភាពមួយ ហើយវាធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៃកងកម្លាំងដទៃទៀត»។
លោក អំ សំអាត ក៏ជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕