សាលាដំបូងរាជធានីភ្នំពេញបន្តសាកសួរលោក ម៉ិច ដារ៉ា ដែលត្រូវបានចោទពីបទញុះញង់ជុំវិញការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គមអំពីការបំផ្លិចបំផ្លាញនៅភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមមេធាវី និងអ្នកការពារសិទ្ធិមនុស្ស។
លោក ឌុច ពិសិដ្ឋ មេធាវីការពារក្តីលោក ម៉ិច ដារ៉ា បញ្ជាក់ឱ្យវីអូអេដឹងថា ចៅក្រមស៊ើបនៅតុលាការក្រុងភ្នំពេញបន្តសាកសួរកូនក្តីរបស់លោកបន្ថែមទៀតនៅរសៀលថ្ងៃពុធនេះ។ ទោះយ៉ាងណា លោកយល់ថា ការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់កូនក្តីជាទម្រង់នៃការសម្តែងមតិចំពោះស្ថានភាពសង្គម ដោយគ្មានធាតុផ្សំនៃការញុះញង់នោះឡើយ។
លោកថ្លែងថា៖ «យើងនឹងព្យាយាមធានាថា អ្វីដែលលោក ដារ៉ា គាត់បានសរសេរ គាត់បានបង្ហោះហ្នឹងគឺដូចថា ក្នុងក្របខណ្ឌសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់ ហើយគាត់មិនបានទៅ ញុះញង់ ឬក៏វាយប្រហារបុគ្គលណាទេ ព្រោះយើងមើលខ្លឹមសារនៃការបង្ហោះហ្នឹងទៅ ក៏គាត់អត់មានទៅវាយប្រហារអ្នកណាដែល ជាអារម្មណ៍នៃការយល់ឃើញចំពោះសង្គមរបស់គាត់។ អ៊ីចឹង យើងគិតថា វាជាក្របខណ្ឌសិទ្ធិសេរីភាពដែលគាត់បញ្ចេញមតិ ដែលគាត់ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ»។
លោក ម៉ិច ដារ៉ា ត្រូវគេស្គាល់ថាជាអ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ឬ online scams និងធ្លាប់ទទួលបានពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីប្រធានបទដ៏រសើបទាំងនោះ។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៤ និងពេលជាបន្តបន្ទាប់។ ការចោទប្រកាន់នេះទទួលរងការរិះគន់ជាបន្តបន្ទាប់ថា ជា «ការបំភិតបំភ័យ និងបំបិទសំឡេង»អ្នកសារព័ត៌មានក្នុងប្រទេស។
មុនពេលការចាប់ខ្លួនលោក ម៉ិច ដារ៉ា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រដ្ឋបាលស្រុកបាភ្នំបានចេញឃ្លីបវីដេអូមួយលើបណ្តាញសង្គមហ៊្វេសប៊ុក ដោយច្រានចោលការបង្ហោះរូបភាពចំនួនពីរសន្លឹករបស់លោក ម៉ិច ដារ៉ា ដែលបង្ហាញអំពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញភ្នំក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមរយៈវីដេអូមានរយៈពេលជិតបួននាទី រដ្ឋបាលស្រុកបាភ្នំ ថ្លែងថា ការបង្ហោះរបស់លោក ម៉ិច ដារ៉ា មានចរិតញុះញង់ បំផ្លើសការណ៍ពិត ព្រោះគ្មានការបាត់បង់ភ្នំឈើកាច់ ក្នុងស្រុកបាភ្នំនោះទេ តែមានការអភិវឌ្ឍបន្ថែមនៅទីនោះ។
នាយកប្រតិបត្តិសមាគមខេមបូចាលោក ណុប វី ប្រាប់វីអូអេថា លោកទទួលដំណឹងថា លោកម៉ិច ដារ៉ា នឹងត្រូវបានសាកសួរបន្ថែមដោយចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ។ ទោះបីស្ថិតក្នុងដំណាក់កាលស៊ើបសួរនេះក្តី លោកសង្ឃឹមថា ចៅក្រមនឹងពិចារណាសម្រេចឱ្យអ្នកកាសែតរូបនោះបានស្ថិតនៅក្រៅឃុំ។
លោកថ្លែងថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែមានក្តីសង្ឃឹមមួយថា តុលាការលោកនឹងពិនិត្យមើលឡើងវិញចំពោះករណីនៃការចោទប្រកាន់លើលោក ម៉ិច ដារ៉ា ហើយសម្រេចឱ្យគាត់បាននៅក្រៅឃុំ និងទម្លាក់ចោលនូវការចោទប្រកាន់ចំពោះលោក ម៉ិច ដារ៉ាបាទ»។
ស្រដៀងគ្នានេះដែរ នាយកទទួលបន្ទុកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត យល់ថា តុលាការគួរពិចារណាឱ្យលោក ម៉ិច ដារ៉ា បានស្ថិតនៅក្រៅឃុំ រង់ចាំការជំនុំជម្រះក្តី ក្រោមហេតុផលអ្នកកាសែតឯករាជ្យរូបនោះ បានផ្តល់ហេតុផលគ្រប់គ្រាន់ចំពោះសំណើសុំនៅក្រៅឃុំរបស់លោក ដោយសារលោកកំពុងមានបញ្ហាសុខភាព។
លោកថ្លែងថា៖ «បើតាមលក្ខខណ្ឌរបស់គាត់ដាក់ស្នើសុំនៅក្រៅឃុំ ខ្ញុំគិតថា វាគ្រប់គ្រាន់នឹងការឱ្យនៅក្រៅឃុំបណ្តោះអាសន្នហ្នឹងទៅហើយ។ អ៊ីចឹង ការឃុំខ្លួនបន្តទៀតក៏វាអត់អីចំណេញដែរសម្រាប់កម្ពុជា»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បាននៅឡើយទេ។
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា គឺលោក ឌុច ពិសិដ្ឋ បានបញ្ជាក់ ឱ្យវីអូអេដឹងកាលពីពាក់កណ្តាលខែតុលានេះថា ក្រុមមេធាវីបារម្ភពីសុខភាពរបស់លោក ដារ៉ា ដោយសារលោកមានជំងឺហឺត និងជំងឺតានតឹងផ្លូវចិត្តខ្លាំង។ លោកថា មេធាវីនឹងដាក់សំណើទៅតុលាការ ស្នើឱ្យលោក ម៉ិច ដារ៉ា ស្ថិតនៅក្រៅឃុំ ដើម្បីថែរក្សាសុខភាព និងដើម្បីអាចមើលថែម្តាយចាស់ជរានៅផ្ទះ៕