អាជ្ញាធរ​កម្ពុជា​​ចេញ​បំរាម​​មិន​ឱ្យ​​មេធាវី​អាមេរិក​ម្នាក់​ចូល​កម្ពុជា ​ក្រោម​ហេតុផល​មាក់​ងាយ​​តុលាការ

រូបឯកសារ៖ សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

មេធាវី​ជនជាតិ​អាមេរិកាំង​លោក​ Jared Genser ​ជាមិត្តភក្តិ​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កញ្ញា​សេង ធារី​ប្រតិកម្ម​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញដែល​ហាម​មិន​ឱ្យ​គាត់​ចូល​ប្រទេស​កម្ពុជា​ពេញ​មួយ​ជីវិត​នោះ​ថា​ ជា​រឿង​គួរ​ឱ្យ​ក្រៀម​ក្រំ​ក្រោម​ហេតុផល​ថា​លោក​មិន​បាន​បង្ហាញកាយ​វិការ​មិន​សម​គួរ​ណា​មួយ​មក​លើ​រដ្ឋ​អំណាច​កម្ពុជា​ទេ​។

ការហាម​ឃាត់​របស់​រដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​មេធាវី​អន្តរជាតិ​លោក Jared Genser ចូលមក​កម្ពុជា​នេះ​កើតមាន​ឡើង​បន្ទាប់​ពីលោក​បាន​មក​ចូលរួម​ឃ្លាំមើល​សវនាការ​កាត់​សេចក្តី​សំណុំរឿង​ញុះញង់ និង​រួម​គំនិត​ក្បត់របស់កញ្ញា​សេង ធារី​ ដែល​បាន​ធ្វើ​ឡើងកាល​ពីដើម​ខែធ្នូ​ឆ្នាំ​២០២១​។

ក្នុងការ​ឆ្លើយ​តប​របស់​លោក​តាម​សារអ៊ីមែល​លោក Jared Genser បាន​បញ្ជាក់​ថាគាត់​ត្រូវ​បានរដ្ឋាភិបា​ល​ទីក្រុង​ភ្នំពេញ​ហាម​មិន​ឱ្យ​ចូលទឹក​ដី​ប្រទេសកម្ពុជា​អស់​មួយជីវិត។ ប៉ុន្តែ​ការណ៍​នេះ​មិនមែន​ជារឿង​គួរ​ឱ្យភ្ញាក់ផ្អើល​ទេ​តែ​ក៏ជា​ការ​បង្ហាញ​អំពីការ​ភ័យ​ខ្លាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ចំពោះ​មតិ​រិះគន់​។ ​

ភ្លាម​ៗ​ក្រោយ​មានប្រតិកម្ម​ពី​លោកJared Genser យ៉ាង​ដូច្នេះ​លោក​នាយឧត្តមសេនីយ៍​ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថាអកប្បកិរិយា​របស់លោក​Jared Genserដែល​បង្ហាញ​ភាព«ច្រងេងច្រងាង»ទៅ​លើ​តុលាការ​កម្ពុជានោះ​មិន​អាច​ទទួលយក​បាន​ទេ ហើយ​មេធាវី​អាមេរិកាំង​រូប​នេះក៏បាន​បំពាន​សំណើ​របស់​គាត់ដែល​ថាចូល​មក​កម្ពុជា​ជា​ទេសចរតែបែរ​ជា​មក​ចេញ​មុខ​ការ​ពារ​ជន​ជាប់​ចោទ។ លោក​ថ្លែង​ថា៖

«​ប៉ុន្តែពេលចូល​ស្រុក​ខ្មែរ​មិន​មែន​ជា​ទេសចរ​ទៅ​ធ្វើ​ជា​ស្អី​ជើង​កាង​មេធាវី​ទៅការ​ពារ​ជន​ជាប់​ចោទ​អី​ណា​ស្ថិត​ក្នុង​នីតិវិធីរបស់តុលាការ​កម្ពុជា​ដែលជា​ស្ថាប័នមួយឯករាជ្យ​របស់​ជាតិ​មួយ​មាន​អធិបតេយ្យ​ភាព​ត្រឹម​ត្រូវ​មាន​ឯករាជ្យ​ភាព​ត្រឹមត្រូវមាន​បូរណភាព​ទឹក​ដី​ត្រឹម​ត្រូវ​មាន​ច្បាប់​គ្រប់​គ្រង​គ្រប់​សព្វ​ទទួល​ស្គាល់​ដោយអន្តរជាតិ​ទៀតស្មើមុខ​ស្មើមាត់​នឹង​គេ​នឹង​ឯង»។

លោក​បន្ថែមថា៖ «​មិនត្រឹមតែ​ប៉ុណ្ណឹង​សកម្មភាព​របស់​ជន​ហ្នឹង​ច្រងេង​ច្រងាង​មិន​អាច​ទទួល​យក​បាន​ថែម​ទាំង​មើល​ស្រាល​ដល់​ស្ថាប័ន​តុលាការ​របស់​កម្ពុជា​ផង មើល​ស្រាល​ស្ថាប័ន​ផ្សេង​ៗរបស់​រដ្ឋ​កម្ពុជា​ផង។​សកម្មភាព​ដ៏​គួរ​ឱ្យ​ខ្ពើម​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ ដូច្នេះ​ក្នុង​នាម​ជា​អ្នកអនុវត្តន៍​ច្បាប់​របស់​កម្ពុជា​បាន​ប្រើ​ប្រាស់​នូវ​ច្បាប់​របស់​កម្ពុជា​ដើម្បី​ហាម​ឃាត់​ជន​ហ្នឹងអត់​ឱ្យ​ចូល​កម្ពុជា​ជា​រៀង​រហូត»។

​បន្ថែមពី​លើ​បញ្ហានេះ​លោក កែវ វណ្ណថន​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង មហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ដែរថា​នៅ​ថ្ងៃសុក្រ​ថា​ចាប់តាំងពី​ក្រសួង​បាន​ប្រកាស​មក​គឺ​ខាង​ប៉ូលិស​អន្តោប្រវេសន៍​បាន​ចាប់​អនុវត្ត​ភ្លាម​ដែរ។

បើតាម​សារអ៊ីមែល​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិកលោកJared Genser បានផ្តល់​ការ​អត្ថាធិប្បាយ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បម្រាម​រូបគាត់​មិន​ឱ្យ​ចូល​កម្ពុជា​ដោយ​គ្មានហេតុផល ។

លោក​ផ្តល់​ការ​អត្ថាធិប្បាយ​ជា​ភាសាអង់​គ្លេស​និង​ត្រូវ​ប្រែ​សម្រួល​ជាខេមរភាសា​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​ហាម​ឃាត់មិន​ឱ្យត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​អស់​មួយជីវិត​។ សម្រាប់​ខ្ញុំ​នេះគឺ​ជា​ការ​បក​ស្រាយ​ដ៏សោះ​កក្រោះ​នៃ​ការ​ភ័យខ្លាច​របស់​លោក​ហ៊ុន សែន​ដែល​មាន​ការរិះគន់​ដែល​គេអាចជឿ​បាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​»។

លោក Jared Genser ​ដែល​ជា​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​អះអាង​ថា​ ការ​ហាម​ឃាត់​នេះ​រឹតតែ​ធ្វើ​ឱ្យ​គាត់​មាន​លទ្ធភាព​ជួយ​កញ្ញា​សេង ធារី​ និង​សា្តរ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ជូន​ដល់​ប្រទេស​កម្ពុជា។ មេធាវីរូបនេះ​ បាន​លើក​ឡើង​ទៀត​ថា លោក​មិន​បាន​ធ្វើ​ការ​ប្រមាថ​តុលាការ​កម្ពុជា​ទេ។

លោក Jared Genser បាន​ថ្លែងថា៖

«​ខ្ញុំ​បាន​ទៅចូលរួម​សវនាការ​របស់​កញ្ញា​សេង ធារីក្នុងនាម​ជាមិត្ត​ភក្តិ​ខណៈ​ខ្ញុំ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ទេ។ ហើយ​ទីពីរ​ ខ្ញុំ​គ្មាន​ពេល​ឯណា​ទៅ​គំរាម​កំហែង​និង​ជេរស្តី​តុលាការ​ទេ។ ខ្ញុំគ្រាន់​តែនិយាយ​យ៉ាង​សាមញ្ញថា​ការ​ចោទប្រកាន់​និង​សវនាការ​ប្រឆាំង​នឹង​កញ្ញា​សេង ធារី​ បំពាន​កាតព្វកិច្ច​កម្ពុជា​ក្រោម​ច្បាប់​អន្តរជាតិ​ហើយ​ខ្ញុំបាន​សង្កត់​ធ្ងន់​ថា​ប្រសិន​បើ​គាត់​ត្រូវ​បាន​គេ​ផ្តន្ទាទោស​ទាំង​ខុស​ឆ្គង​នោះផល​វិបាក​ជាច្រើន​នឹង​មាន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា»។​

ការ​ដាក់​បម្រាមរបស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មិន​ឱ្យ​លោក Jared Genser ជាន់ទឹក​ដី​កម្ពុជា​នោះ​ជាករណី​ទីពីរ​បន្ទាប់​ពី​លោក​ Alex Gonzalez-Davidson ដែល​ត្រូវរដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៥​ បន្ទាប់ពីជន​បរទេស​សញ្ជាតិ​អេស្ប៉ាញរូបនោះ​បានធ្វើ​សកម្មភាព​ជាមួយ​សកម្មជន​បរិស្ថាន​ក្នុង​ស្រុក​ទប់ស្កាត់​អាជីវកម្មបូមខ្សាច់ក្នុងខេត្តកោះកុង និងការ​ប្រឆាំង​គម្រោងកសាង​ទំនប់វារីអគ្គិសនី​ក្នុងតំបន់​អារ៉ែងនៅក្នុង​ខេត្តជាប់​ប្រទេ​សថៃ​មួយនេះ​។

នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាល​លោក​ ហ៊ុន សែន ក៏​បាន​ដាក់​អ្នកនយោបាយ​ខ្មែរ​អូស្ត្រាលី គឺលោកហុង លីម ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍​ (non persona grata) មិន​ឱ្យ​ចូល​កម្ពុជា​ផង​ដែរ​ក្រោយ​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​រូប​នេះ​ហៅ​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ថា​ជា​«របប​តិរច្ឆាន»។

អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទិ្ធមនុស្ស​អាដហុក​លោក​ស៊ឹង សែន​ករុណា​ យល់​ថា​ការ​ហាម​មិន​ឱ្យ​លោក Jared Genser ចូលក្នុង​ប្រទេស​កម្ពុជា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​ក្នុង​ក្រសែភ្នែករបស់​ប្រទេស​លោក​សេរី ដូច​ជា​សហរដ្ឋ​អាមេរិក​និងសហភាព​អឺរ៉ុប​ដែល​ខិតខំ​ជួយប្រទេស​កម្ពុជា​ទាំង​ក្នុង​វិស័យ​សង្គម​និងសេដ្ឋកិច្ច​។

បើតាម​លោក​ស៊ឹង​ សែនករុណា​ លោក Jared Genser ហាក់​ដូច​ជា​មិនបាន​បង្ហាញ​កាយវិការ​គឃើ្លន​ណាមួយ​ដូចការ​ចោទប្រកាន់​របស់​ភាគី​កម្ពុជា​ទេ​នៅពេល​គាត់​ចូលរួម​ឃ្លាំមើល​សវនាការ​របស់​កញ្ញា​សេង ធារី ដែល​ជាមេធាវីពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយរូប​ផងនោះ។ លោក​កត់​សម្គាល់ថា លោកJared Genser ជា​មេធាវី​ការ​ពារ​សិទ្ធិមនុស្សទទួលស្គាល់​ដោយ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិប​តេយ្យ​ដោយ​សារ​គាត់​មាន​វិជ្ជា​ជីវៈ​ជា​អ្នកច្បាប់ច្បាស់​លាស់​មិន​មែន​ចេះតែ​និយាយ​អីតាម​តែ​ការ​នឹក​ឃើញ​ទេ។

«យើង​មាន​ការ​ព្រួយ​បារម្ភ​។ យើង​ទទូច​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ឬក៏​អ្នកនយោបាយ​ពិនិត្យមើលឡើង​វិញ​អំពី​ផល​ប៉ះពាល់​មក​ដល់​ផល​ប្រយោជន៍​របស់​សង្គម​ជាតិ​យើង​ហ្នឹង​គឺ​ទុកផល​តម្កល់​ផល​ប្រយោជន៍​សង្គម​ជាតិ​យើង​ជា​ធំ​អា​នោះ​ទើប​មាន​ការ​គាំទ្រ​មាន​ការ​សាទរ​ពីប្រជាពលរដ្ឋ​របស់​ខ្លួន​»។

លោក Jared Genser មាន​សាវតា​ធ្លាប់​ជា​ស្មា​ក្ដី​ឱ្យ​បុគ្គល​បរទេស​ល្បីៗ​មួយ​ចំនួន រួម​មាន សកម្ម​ជន​សិទ្ធិ​មនុស្ស​ចិន​ជា​ជ័យលាភី​ណូបែល​ពិភពលោក Liu Xiaobo អ្នក​នយោបាយ​ម៉ាឡេស៊ី Anwar Ibrahim អតីត​ប្រធានា​ធិបតីឆែក Václav Havel និង​អតីត​ប្រធានា​ធិបតី​ម៉ាល់ឌីវ Mohamed Nasheed ជាដើម។

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ភ្លាមៗ​ក្រោយ​ពីចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​នោះដែរ​កញ្ញា​សេង ធារី​ចាត់ទុក​ថា​វិធានការ​ចុងក្រោយ​នេះ​គឺ​ជា​«ការប៉ុនប៉ង​ព្យាយាម​មួយលើក​ទៀត​ក្នុង​ការ​ដាក់​នាង​ឲ្យ​នៅ​ឯការ​ពី​បណ្តា​មិត្តភក្តិ​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល» និង​ជា​ការគំរាម​កំហែង​និង​យាយី​រំខាន​ដល់​នាង​ដោយសារ​មាន​ការចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​លើ​សកម្មភាព​តស៊ូមតិ​របស់​នាង​ប្រឆាំង​នឹង​ការបិទសិទ្ធិ​សេរីភាព​អ្នករិះគន់​រដ្ឋាភិបាល​ដោយ​មិនព្រម​នៅស្ងៀម។

កញ្ញា​សេង ធារី​បាន​បញ្ជាក់​ថា៖

«របប​នេះ​ចង់​ឲ្យ​ខ្ញុំ​គេច​ខ្លួន​ចង់​ឲ្យ​ខ្ញុំ​នៅ​ស្ងៀម។ ខ្ញុំ​មិនព្រម​ទេ»។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ក្នុង​សម្លៀក​បំពាក់​អប្សរា ចាកចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

​សំណុំរឿង​របស់​កញ្ញា​សេង​ធារី​ដែល​កំពុង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​លើក​មក​ជំនុំ​ជម្រះ​នោះជា​សំណុំ​រឿង​ក្បត់​ជាតិ​មួយ​ដ៏​ធំ ព្រោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​សកម្ម​ជន មន្ត្រី និង​អ្នកគាំទ្រ​គណ​បក្ស​សង្គ្រោះជាតិ​យ៉ោងហាច​ណាស់១៤០នាក់​។​សំណុំរឿងនេះ​ក៏​មានជាប់​ពាក់​ព័ន្ធ​នឹង​ផែន​ការ​វិលត្រឡប់ចូលកម្ពុជា​មិន​បាន​សម្រេច​របស់​លោក​សម រង្ស៊ីកាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ផងដែរ​។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទៅលើ​វិធាន​ការ​ទិដ្ឋាការរបស់​កម្ពុជា​លើ​លោកJared Genser ប៉ុន្តែ​ថា សហរដ្ឋ​អាមេរិក​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុក​ដាក់​លើ​ដំណើរការសវនាការ​របស់​កញ្ញា​សេង ធារី។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ស្ថាន​ទូត។

លោក​Chad Roedemeier ​បាន​ប្រាប់វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​សុក្រ​ថា៖

«រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​យ៉ាង​ជាប់លាប់​សវនាការ​ដែលកំពុង​បន្តរបស់​កញ្ញា​សេង​ធារី ព្រមទាំង​នីតិវិធីផ្សេង​ទៀត​ដែលមាន​គោលដៅ​លើ​សកម្មជន​សង្គមស៊ីវិល និង​មេដឹកនាំ​នយោបាយ​ជំទាស់»។​

លោក​បន្ថែម​ថា​សេរីភាពបញ្ចេញមតិ​ និង​ការ​ជួបជុំ​សិទ្ធិដើម្បី​ប្រមូល​ផ្តុំដោយសន្តិវិធី​សេរីភាព​សារព័ត៌មាន​និង​សង្គម​ស៊ីវិល​រស់រវើក​ហើយនិង​ការ​អត់ឱន​ឱ្យទស្សនរិះគន់​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​អភិបាល​កិច្ច​បែបប្រជាធិបតេយ្យ។ លោកលើក​ឡើង​ថា៖​

«​យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​តម្កល់​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា​និងការ​ពារ​សិទ្ធិទាំងអស់នោះ​ដូច​ដែល​បាន​ចែង​ជា​ផ្លូវការ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា»៕

សេចក្តី​រាយការណ៍​បន្ថែម​ដោយ ម៉ែន គឹមសេង