តុលាការ​នឹង​ប្រកាស​សាលក្រម​ករណី​លោក​ សម រង្ស៊ី​ ​រឿង​សមគំនិត​ក្លែង​ឯកសារ​សាធារណៈ​​នៅ​ចុង​ខែ​ធ្នូ

សាលាតំបូងរាជធានីភ្នំពេញកោះហៅអ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រី និងកុមាររបស់សមាគមអាដហុក (ADHOC) នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦ ប៉ុន្តែអ្នកស្រីបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ មុនកាលកំណត់តាមដីកាកោះហៅ។ (ឡេង ឡែន/VOA)

លោក​ ​សំ សុគង់​ ​មេធាវី​តំណាង​ឱ្យ​លោក​ ​សម រង្ស៊ី​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​សវនាការ​ថា យោង​តាម​ភស្តុតាង​ ​និង​សាក្សី​ដែល​មាន​នៅ​ក្នុង​សវនាការ​ ​កូនក្ដី​របស់​លោក​គឺ​ ​លោក​ សម រង្ស៊ី មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​នោះ​ទេ។ ទោះ​យ៉ាងណា​ ​លោក​ថា​ ​លោក​ពុំមាន​សង្ឃឹម​ថា​ ​សាលក្រម​នៅ​ចុង​ខែធ្នូ​នោះ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​នោះទេ​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​សាលក្រមសំណុំ​រឿងពាក់ព័ន្ធ​នឹងករណី​សមគំនិត​ក្លែង​ឯកសារ​សាធារណៈ​របស់ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​លោក​ ​សម រង្ស៊ី​ ​និង​អ្នកកាន់​ទំព័រ​ហ្វេសប៊ុក​ (Facebook)​ ​របស់​លោក​២​នាក់ទៀត​ ​នៅ​ថ្ងៃ​ទី​២៧​ ​ខែធ្នូ​ ឆ្នាំ​២០១៦​ខាង​មុខ។​

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ ​សម រង្ស៊ី​ ​និង​ជំនួយការ២នាក់​ទៀត​ឈ្មោះ​ អ៊ឹង ជុងលាង​ ​ហៅម៉ាប់ និង​ឈ្មោះ ​សម្បត្តិ សត្យា​ ​ឬ​សត្យា​សម្បត្តិ​ ​ត្រូវ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុងភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ ​និង​ក្លែង​ឯកសារ​សារធារណៈ។​

ករណី​នេះជា​សំណុំ​រឿង​ដែល​ត្រូវ​បំបែក​ចេញ​ពី​សំណុំ​រឿង​របស់​លោក​ ​ហុង សុខហួរ​ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​កាល​ពី​ខែសីហា​ ​ឆ្នាំ​២០១៥​ ​ក្រោយ​ពេល​លោកបង្ហោះ​វីដេអូដែល​ ​លោក​ធ្វើ​ការ​អត្ថាធិប្បាយ​ ​លើ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ឆ្នាំ​១៩៧៩។​ ​វីដេអូនោះ​ត្រូវ​បាន​គេ​បង្ហោះ​ ​នៅ​លើ​ទំព័រ Facebook​ ​របស់​លោក​ សម រង្ស៊ី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ជា​ឯកសារ​ក្លែងក្លាយ។​

នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​លើ​ករណី​លោក​ ​សម រង្ស៊ី ​និង​ជំនួយ​ការ​២​នាក់​ ​ដោយ​ពុំ​មាន​វត្តមាន​ ​ចុងចោទ​ទាំង​៣​រូប ​ដោយ​ពួក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។​

ក្រៅពី​អាន​ចម្លើយ​សារភាព​ពីមុនៗរបស់​លោក​ ហុង សុខហួរ​ ចៅក្រម​ ​និង​មេធាវី​បាន​ធ្វើ​ការ​សាកសួរ​លោក ហុង សុខហួរ​ ​ដែល​ជា​សាក្សីតែ​ម្នាក់គត់​នៅ​ក្នុង​សវនាការ។​ ​លោក​ ​ហុង សុខហួរ​ ​ត្រូវ​បាន​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​លោក​បង្ហោះ​វីដេអូ​ស្ដីពី​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​នោះ​ ​ដំណើរការ​នៃ​ការ​យក​ឯកសារ​នោះ​ទៅ​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ ​ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​នេះ។​

ក្រោយ​ពី​ការ​សួរ​ដេញដោល​រយៈពេល​ជិត​២ម៉ោង​ ​ភាគី​តំណាង​អយ្យការ​លោក​ ​សៀង សុខ​ ​បាន​ស្នើ​ឱ្យតុលាការ​រក្សាការ​ចោទប្រកាន់​អ្នក​ទាំង​៣​ពីបទ​សម​គំនិត​ដោយ​លោក​អះអាង​ថា​ ​មុន​ពេល​បង្ហោះវីដេអូ​ ​មាន​ការ​កាត់ត​ជាមុន​ ដោយ​លោក​ថាមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចុងចោទ​ទាំង​៣។​

​ចំណែក​មេធាវី២​រូបដែល​តំណាង​ឱ្យ​លោក​ ​សម រង្ស៊ី​ ​និង​ជំនួយ​ការ​ទាំង​២​នាក់​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទលើ​កូនក្ដី​របស់​លោក​ដោយ​ធ្វើ​ការ​បញ្ជាក់​ថា​ភស្តុតាង​ និង​សាក្សី​ ​គឺ​ពុំ​មាន​ចំណុច​ណា​ដែល​ដាក់​បន្ទុក​លើ​កូនក្ដី​របស់​ខ្លួន​ពី​បទ​សមគំនិត​នោះ​ទេ។​

បន្ទាប់​ពី​សេចក្ដី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​ ​និង​មេធាវី​ ​លោក​ ​លាង សំណាត់​ ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បាន​ប្រកាស​បិទ​សវនាការ​ ​ដោយ​ប្រកាស​ថា​ ​សាលក្រម​នៃ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ​ឆ្នាំ​២០១៦​ ​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក។​

លោក​ ​សំ សុគង់​ ​មេធាវី​តំណាង​ឱ្យ​លោក​ ​សម រង្ស៊ី​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​សវនាការ​ថា យោង​តាម​ភស្តុតាង​ ​និង​សាក្សី​ដែល​មាន​នៅ​ក្នុង​សវនាការ​ ​កូនក្ដី​របស់​លោក​គឺ​ ​លោក​ សម រង្ស៊ី មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​នោះ​ទេ​។​ ​ទោះ​យ៉ាងណា​ ​លោក​ថា​ ​លោក​ពុំមាន​សង្ឃឹម​ថា​ ​សាលក្រម​នៅ​ចុង​ខែធ្នូ​នោះ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​នោះទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ជា​បទពិសោធ​ ​រឿង​របស់​ឯកឧត្ដម​ សម រង្ស៊ី ជា​ច្រើន​នៅ​តុលាការ​នេះ​គឺ​ភាគ​ច្រើន​កម្រ​បាន​យុត្តិធម៌​ណាស់​ ​ភាគ​ច្រើនមាន​ការ​ផ្ដន្ទាទោស​ ឬកាត់ទៅ​ឱ្យ​មាន​ទោស​ ​ទោះ​បី​ជា​ពេល​ខ្លះ​យើង​ប្រឹងប្រែង​ ​ខាង​ក្រុម​មេធាវី​ការពារ​ប្រឹងប្រែង​ក្នុង​ការ​បង្ហាញភស្តុតាងដោះបន្ទុក​ ​ឬ​មាន​ភស្តុតាង​ដោះ​បន្ទុក​ក៏​ដោយ​ ​ក៏​នៅ​តែ​មិន​ទទួល​បាន​ជោគជ័យ​ ​ឬ​ក៏​មិន​លទ្ធផល​ដូចការ​រំពឹង​ទុក​របស់​មេធាវី​ទេ»។​

លោក​ សំ សុគង់​ លើក​ឡើង​ផង​ដែរ​ថា ក្នុង​សវនាការ​នា​ថ្ងៃ​នេះ​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សួរ​សាក្សី​គឺ​ដូច​ជា​ការ​សួរ​ជន​ជាប់ចោទ​ទៅ​វិញ​ ​ដោ​យសារ​តែ​ចៅក្រមសួរ​ពី​អង្គហេតុ​ ​ឬ​មូលហេតុ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ ​ច្រើន​ជាង​សំណួរ​ពាក់ព័ន្ធ​នឹង​បទ​សម​គំនិត។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​សម រង្ស៊ី​ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​លោក​ចាត់ទុក​រឿង​នេះ​ថា​ជា​រឿង​នយោបាយ។​ ​លោក​ហៅ​តុលាការ​ថាជា​ ​«តុលាការ​អាយ៉ង»​ ​ដោយ​ចាំតែ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​បញ្ជា​អ្នក​ដឹកនាំ​នយោបាយ​ដែល​ចង់​កម្ចាត់​គូ​ប្រកួត​របស់​ខ្លួន​ប៉ុណ្ណោះ។​

លោក​ សម រង្ស៊ី​ ​សរសេរ​បន្ត​ថា​ ​ឯកសារ​ដែល​លោក​ ​ហុង សុខហួរ បាន​បង្ហោះ​នោះ​ត្រូវ​បាន​ចែកចាយ​នៅ​លើ​អ៊ីនធឺណិត​យូរយារ​មក​ហើយ។ ​លោក​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ដូចនេះ​ថា​៖​ ​«តើ​ហេតុ​អ្វី​បាន​ជា​តុលាការ​អាយ៉ង​ ​និង​អ្នក​ដឹកនាំ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ ​មិនទៅរករឿងអង្គការ និង​ក្រុម​ផ្សេងៗ​ ​នៅ​ក្រៅ​ប្រទេស​ ​ដែល​គេ​បាន​បង្ហោះ​ទូទាំង​ពិភព​លោក​ ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ នូវ​ឯកសារ​ដែល​លោក​ ​ហុង សុខហួរ​ ទើប​តែ​បាន​យក​មក​បង្ហោះ​ ​តាម​ក្រោយ​គេ​នេះ​»។​

A widely shared photo on Cambodian social media, Cambodian opposition leader Sam Rainsy and Prime Minister Hun Sen take a selfie to affirm their culture of dialogue at a dinner between the two families at Cambodiana Hotel in Phnom Penh, Sunday, July 12, 2

លោក​ ​សម រង្ស៊ី​ ​អះអាង​ទៀត​ថា​ ​នៅថ្ងៃទី​១១ ខែសីហា ២០១៥ ពេលដែលលោក ហុង សុខហួរ បង្ហោះ​ឯកសារ​ពាកព័ន្ធ​នឹង​សន្ធិសញ្ញាព្រំដែន​កម្ពុជា​វៀតណាម​នោះ​ ​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​រហូត​ដល់​ថ្ងៃទី​១៦​ ​ខែ​សីហា​ ​ឆ្នាំ​ដដែល​ទើប​លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ​ដោយ​មិន​បាន​ពាក់ព័ន្ធ​អ្វី​នៅ​ក្នុង​ការ​បង្ហោះ​ឯកសារ​នេះ​នោះ​ទេ។​

លោក​ ​លី សុផាន់ណា​ ​ព្រះរាជ​អាជ្ញា​រង​ ​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ VOA តាម​បណ្ដាញ​សង្គម​ ​Whatsapp​ ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ ​តុលាការ​ជំនុំជម្រះ​ដោយពិនិត្យ​ទៅ​លើ​អង្គហេតុ អង្គច្បាប់​ ​និង​ភស្តុតាង​ ​ដើម្បី​មាន​មូលដ្ឋាន​ចេញ​សាលក្រម​។ ​លោក​បន្ត​ថា​ ​មេធាវី​ការពារ​ជនជាប់​ចោទ​ ​ឬ​ជន​ជាប់​ចោទ​ខ្លួនឯង​ដែល​ត្រូវ​បាន​សម្រេច​ផ្ដន្ទាទោស​តែងតែ​និយាយ​ថា​មិន​យុត្តិធម៌​សម្រាប់​ខ្លួន​ជានិច្ច​នៅ​ពេល​តុលាការ​សម្រេច​ដាក់ទោស។​

លោក​សរសេរ​បន្ត​ក្នុង​ន័យ​ដើម​ដូចនេះថា​៖​ ​«ជនជាប់ចោទ​មាន​សិទ្ធិប្ដឹង​នឹង​សេចក្ដី​ ​សម្រេច​របស់​តុលាការ​តាម​នីតិវិធី​ ​ហើយ​ត្រូវ​ជៀសវាង​នូវ​ការ​បកស្រាយ​ឬ​អត្ថាធិប្បាយ​ណាមួយ​ដែល​បាន​ដាក់​សម្ពាធ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ដែល​បញ្ញត្តិ​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​»​។

លោក​ អំ សំអាត ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ ​ចាត់ទុក​រឿងក្ដី​ប្រឆាំង​លោក​ ​សម រង្ស៊ី​ ​និង​ជំនួយការ​របស់​លោកនេះថាជា​រឿង​នយោបាយ​ ​ហើយ​តុលាការ​នឹងមិន​អាច​ផ្ដល់​យុត្តិធម៌​ដល់អ្នក​ទាំង​នោះ​បាន​ទេ។​ ​ទោះយ៉ាង​ណា​ ​លោក​ថាស្ថានភាព​នយោបាយ​នា​ពេល​នេះ​មាន​ភាព​ប្រសើរ​ឡើង បន្ទាប់ពី​មាន​ការ​លើក​លែង​ទោស​លោក​ កឹម សុខា​ ​និង​មន្ត្រី​បក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា​៖​ ​«ប្រសិន​ជា​អ្នក​នយោបាយឬ​ក៏​គណបក្ស​នយោបាយ​ហ្នឹង​គាត់​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​នយោបាយ​ ​អ៊ីចឹង​អ្នកទាំង​អស់​ហ្នឹង​ ​ទោះ​បី​ជា​មាន​ការ​កាត់​[ទោស]​ដោយ​តុលាការ​ក៏​ដោយ​ ​តាម​វិធី​ណា​ក៏​ដោយ​នឹង​អាច​ឈានទៅដល់​ការ​លើកលែង​ទោស​ជា​បន្តបន្ទាប់​បាទ»។​

លោក​ ​អំ សំអាត​ ​បន្ត​ថា​ ​លោក​ស្វាគមន៍​ការណ៍ដែល​អ្នក​នយោបាយ​ងាក​ទៅរក​ការ​ចរចា​គ្នា​ដែលឈាន​ដល់​ការ​ដោះលែង​អ្នកជាប់ពន្ធនាគារមួយ​ចំនួន។ ​ទោះ​យ៉ាងណា​ ​លោក​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ទាំង​អស់​បញ្ឈប់​ការយក​សកម្មជន​សិទ្ធិមនុស្ស​ ​គណបក្ស​នយោបាយ​ ​សកម្មជន​ដីធ្លី​ ​និង​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ៕​